២៨​ឆ្នាំក្រោយ ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​តែ​មាន​បញ្ហា

រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

២៨​ឆ្នាំ​ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ក្រុម​អ្នក​ឃ្លាំមើល​​យល់​ថា​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​យល់​ថា កម្ពុជា​កំពុង​ពុះពារ​យ៉ាង​ខ្លាំង​ដើរ​តាម​គោលការណ៍​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។


ភ្នំពេញ — ថ្ងៃទី២៣ខែតុលាខាងមុខនេះ គឺជាខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបាននាំប្រទេសកម្ពុជាឲ្យវិលត្រឡប់មករកសន្តិភាពវិញ ក្រោយពីស្ថិតក្នុងសង្គ្រាមស៊ីវិលប្រទាញប្រទង់រវាងភាគីខ្មែរនានា។

ជិត​៣០​ឆ្នាំ​ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​នេះ ក្រុម​អ្នក​ឃ្លាំមើលយល់​ថា​ កម្ពុជា​នៅ​តែមាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ការ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ។

ប៉ុន្តែ​មន្ត្រី​រដ្ឋា​ភិបាល​និង​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ឃើញ​ផ្ទុយ​ពី​នេះ។

នៅ​ត្រង់​ចំណុច​«ក‍»​នៃ​មាត្រា​១៥ ​របស់​កិច្ច​ព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ២៣​តុលា ឆ្នាំ១៩៩១ ចែង​ថា កម្ពុជាធានា​ដល់​ការ​គោរព​និង​ប្រតិបត្តិ​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មួលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ រួម​ទាំង​គាំទ្រ​«ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ក្នុង​ការ​ធ្វើ​សកម្មភាព​ដែល​ជំរុញ និង​ការពារ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន» ដើម្បី​ធានា​ថា​ នយោបាយ​ និង​អំពើ​ប្រព្រឹត្ត​ក្នុង​អតីត​កាល​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​វិញ​ដាច់​ខាត​ និង​ចូលរួម​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​អន្តរជាតិ​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​ដល់​សិទ្ធិ​មនុស្ស។

រូបឯកសារ៖ ព្រះបាទនរោត្តម សីហនុ ថតរូបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងមេដឹកនាំគណបក្សនយោបាយធំៗនៅកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៨។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​នយោបាយ​មួយ​រូប​ លើក​ឡើង​ថា ​នេះ​ជា​គោល​ការណ៍​សំខាន់​សម្រាប់​ធានា​ដល់​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា។ ប៉ុន្តែ​គោល​ការណ៍នេះ​ហាក់​ដូច​ជា​មិន​ត្រូវ​បាន​គោរពនោះ​ទេ​ក្នុង​ស្ថាន​ភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

«កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង​ក៏​គេចែង​ដែរ​ថា​ តុលាការ​ឯករាជ្យ​ ដើម្បី​អនុវត្ត​សិទ្ធិ​មនុស្ស​ឲ្យ​បាន​នៅ​ប្រទេស​កម្ពុជា​ បាទ​ ចុះ​បើ​ឥឡូវ​គឺ​អា​ដែល​ ​ពឹង​ទៅ​រដ្ឋ​អំណាច​ វា​អត់​មាន​នរណា​ការពារ​ តែ​រដ្ឋ​អំណាច​ទៅ​ជា​ ចេញ​អា​ដែល​ដើរ​តួនាទី​ជា​អ្នក​បង្ក្រាប​ រួច​បាន​អ្នកណា​ទៀត​បាទ»។

​ការ​វាយ​តម្លៃ​របស់​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ ធ្វើ​ឡើង​ពីរថ្ងៃ​ប៉ុណ្ណោះ មុន​ខួប​២៨​ឆ្នាំ នៃកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ កិច្ច​ព្រម​ព្រៀង​ដែល​នាំ​ឲ្យ​កម្ពុជា​បង្រួប​បង្រួម​ភាគី​មាន​ជម្លោះប្រដាប់​អាវុធ​ និងបាន​ឈាន​ដល់​ការ​បោះ​ឆ្នោត​ដែល​រៀប​ចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៣ ។

ដោយឡែក​លោក​ស៊ឹង សែនករុណា​ អ្នកនាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​ Adhoc ​កត់​សម្គាល់​ថា​ សិទ្ធិ​នយោបាយ​ដែល​ជា​ផ្នែក​មួយ​ដ៏សំខាន់​ដែល​បាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ក៏​កំពុង​រង​ការ​ជាន់​ឈ្លី​ផង​ដែរ។

«បើ​យើង​មើល​មួយ​ភ្លែត​នៅ​ក្នុង​ជាទូទៅ​ ពាក់​ព័ន្ធ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សម្តែង​មតិ​ដែល​ពាក់​ព័ន្ធ​តែ​រឿង​ ការ​រស់​នៅ​អី​ ខ្ញុំ​គិត​ថា​ វា​មិនមែន​ មិន​មាន​អ្វី​ជា​ ខុស​ទាស់​អី​ទេ​ គឺ​អាច​ទទួល​យក​បាន​ ប៉ុន្តែ​បើ​សិទ្ធិ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បញ្ចេញ​មតិ​ ទៅ​លើ​ការ​រិះ​គន់​ ទៅលើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ ការ​រិះគន់​ផ្នែក​នយោបាយ​ ការ​បញ្ចេញ​សារ​ផ្នែក​នយោបាយ​អី​ទាំង​អស់​ហ្នឹង​គឺ​មាន​គំរាម​កំហែង»។

រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត នាថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

នៅ​មុន​ការ​មក​ដល់​នៃ​ខួប​ការ​ចុះកិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ២៣​ តុលា​ សកម្មភាព​បង្ក្រាប​លើសកម្មជន និង​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​បាន​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង។ រហូត​មក​ដល់​ថ្ងៃចន្ទ ​ទី​២១ ខែ​តុលា​នេះ​ មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើស​ពី​៥០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

បន្ថែម​លើ​នេះ​ មាន​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើន​ជាង​១៦០​ដែល​ភាគ​ច្រើន​ធ្លាប់​ជា​ សមាជិក​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ មេឃុំ​ និង​ចៅសង្កាត់​ ត្រូវ​បាន​តុលាការ​ និង​មន្ត្រី​នគរបាល​កោះ​ហៅ​មក​សួរ​ ក្នុង​សំណុំ​រឿង​បំពាន​សាលដីកា​របស់​តុលាការ​កំពូល។ តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

លោក​សឹង សែនករុណា កត់​សម្គាល់​បន្ថែម៖ «ការ​គាំទ្រ​ទៅលើ​នយោបាយ​វិញ​ គឺ​អត់​មាន​ទេ​ ពីព្រោះ​យើង​ឃើញ​ហើយ​ថា​ គណបក្ស​នយោបាយ​ដែល​មាន​កាន់​អំណាច​ហ្នឹង​ បាន​មានការ​ប្រើ​ប្រាស់​នូវ​ខាង​ប្រព័ន្ធ​យុត្តិធម៌​អី​ជា​ប្រព័ន្ធ​ហ្នឹង​ ធ្វើ​ទុក្ខ​បុក​ម្នេញ​ ហើយ​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ហ្នឹង​ វា​អត់​មាន​ស្មើភាព​គ្នា​ទេ»។

​មាន​ប្រទេស​ហត្ថលេខី​ក្នុង​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ចំនួន​១៨ប្រទេស។ ប្រទេស​ទាំង​នេះ​មាន​កាតព្វកិច្ច​ជួយ​ជំរុញ​ និង​លើកទឹក​ចិត្ត​ដល់​ការ​គោរព​ និង​ប្រតិបត្តិ​តាម​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​នៅក្នុង​កម្ពុជា​ «ដើម្បី​ជា​ពិសេស​ការពារ​ទប់​ទល់​នឹង​ការ​កកើត​ឡើង​វិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាថ្មី​ទៀត»។

លោក​អំ សំអាត​ ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​ ជម្លោះ​នយោបាយ​បាន​ងើប​ឡើងវិញ​ជា​ថ្មីទៀត​ បន្ទាប់​ពី​២៨ឆ្នាំ​ក្រោយ​នៃ​ការ​ចុះកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ជម្លោះ​ដែល​កើន​កំដៅ​កាន់​តែ​ស្រួចស្រាល់​ទៅ​ ក្រោយ​ការ​រំលាយ​គណបក្សសង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល។

លោក​អំ សំអាត យល់​ថា ជម្លោះ​នយោបាយ​ធ្វើ​ឲ្យ​កម្ពុជា​កំពុងស្ថិតនៅលើ​មាត់​ជ្រោះ​នៃ​ការ​របូត​ប្រព័ន្ធ​អនុ​គ្រោះពន្ធ EBA ​របស់​សហភាព​អឺរ៉ុប​ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​សហរដ្ឋ​អាមេរិក។

«អ៊ីចឹង​កម្ពុជា​យើង​គួរ​ងាក​រក​មួយ​ គេ​ហៅ​ថា​បញ្ចប់​នូវ​កម្តៅ​នយោបាយ​ ដោយ​ស្វែង​រក​កិច្ច​ចរចា​គ្នា​ ដើម្បី​ធ្វើការ​ដោះស្រាយ​ ព្រោះ​យើង​ឃើញ​ថា​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​បញ្ឈប់​សង្គ្រាម​ យើង​ធ្វើ​បាន​ ចុះ​គ្រាន់តែ​ស្វែង​រក​ដំណោះស្រាយ​ផ្នែក​នយោបាយ​ ដែល​ឡើង​កំដៅ​នេះ​ ហេតុ​អី​ ក៏​កម្ពុជា​ធ្វើ​អត់​បាន​បាទ»។

សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ហត្ថលេខី​មួយ​របស់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នៅ​មិន​ទាន់​មាន​ចំណាត់​ជាក់​លាក់​ច្បាស់​លាស់​នៅឡើយ​ ចំពោះ​ការ​ផ្តល់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ដល់​ការ​នាំចូល​ទំនិញ​របស់​កម្ពុជា​ចូល​ទីផ្សារ​អាមេរិក។ ក៏ប៉ុន្តែ​ ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​នេះ​ យូរៗ​ម្តង​បាន​រំឭក​ដល់​ការ​ចាប់ខ្លួន​ និង​ឃុំ​ខ្លួន​លោក កឹម សុខា​ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​កឹម សុខា ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំងក្នុង​គេហដ្ឋាន ក្រោម​ការ​ចោទ​ប្រកាន់​ថា​ លោក​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ ប៉ុងប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​ហ៊ុន សែន។​ សហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា «គ្មាន​មូលដ្ឋាន»។ ហើយការ​ចោទ​ប្រកាន់នេះ ​ជា​ឧបករណ៍​រំលាយ​គណបក្ស​ប្រឆាំង​ និង​ដក​ហូត​តំណែង​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​នេះ​ចំនួន​ជាង​៥០០០​នាក់​នៅ​ទូទាំង​ប្រទេស។ សកម្ម​ភាព​ទាំង​នេះ​ គឺជា​«ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ កត់​សម្គាល់​ថា​ កម្ពុជា​បាន​«ដើរ​កាន់​តែ​ឆ្ងាយ​ពី​គន្លង​នៃ​ការ​គោរព​សិទ្ធិមនុស្ស»​ ដែល​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ​ថ្លែងក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្នាក់ជាតិរបស់​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា ​រាជធានី​ភ្នំពេញ​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

ប៉ុន្តែ លោក​សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​មិន​បាន​មើល​ឃើញ​ថា​កម្ពុជា​កំពុង​មាន​បញ្ហា​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ។

លោក​សុខ ឥសាន​ ចាត់​ទុក​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​មាន​សារៈ​សំខាន់​ដល់​ដំណើរការ​កសាង​សន្តិភាព​ និង​អភិវឌ្ឍ​នៅ​កម្ពុជា ហើយ​រដ្ឋាភិបាល​បាន​ពុះពារ​យ៉ាង​ខ្លាំង​ដើរ​តាម​គោលការណ៍​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។​

«សព្វ​ថ្ងៃនេះ​ គ្មាន​អ្នក​ណា​ព្រួយ​បារម្ភ​អំពី​បញ្ហា​ចលាចល​ ឬ​មួយ​ក៏​រត់​ចូល​ត្រង់​សេ​ ដើម្បី​ទៅ​ពួន​ ពី​គ្រាប់​បែក​ ទម្លាក់​ពី​លើ​យន្តហោះ ឬ​មួយ​គ្រាប់​ផ្លោង​អី​ទេ។ គេ​រស់​នៅ​ដោយ​សប្បាយ​រីករាយ​ អ្នក​ណា​រកស៊ី​អី​ គេ​រក​ស៊ីហឹ្នង​ លក់​គុយទាវ​ លក់​គុយ​ទាវ​ អ្នកណា​គេ​ធ្វើការ​អី​ គេធ្វើ​ការ​ហ្នឹង​ ដោយ​សន្តិភាព​នៅ​ក្នុង​អារម្មណ៍​ ក៏​ដូច​ជា​នៅ​ក្នុង​រូបកាយ​ ក្នុង​ក្រុម​គ្រួសារ​របស់​គេ​ អត់​មាន​ខ្វល់​ខ្វាយ​ពី​រឿង​ អី​ថា​ ចលាចល​អី វា​អត់​មាន​សោះ ប្អូន​គិត​មើល»។

មន្ត្រី​នាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ លើក​ឡើង​ទៀត​ថា ជាមួយ​ការ​ប្តេជ្ញា​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ កម្ពុជា​ក៏​រក្សា​បាន​គោល​ជំហរ​រឹងមាំ​ក្នុង​កិច្ច​ការពារ​អធិបតេយ្យ​ និង​បូរណ​ភាព​ទឹក​ដី​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ​ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​នយោបាយ​កម្ពុជាកំពុង​«ទំនោរ»​ទៅ​រក​គន្លង​នៃ​ប្រទេស​ផ្តាច់​ការ បើ​ធៀប​នឹង​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។

​លោក​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​វាយបក​ភ្លាមៗដោយ​ច្រាន​ចោល​ការ​យល់​ឃើញ​ខាង​លើ​នេះ។

ទាំង​លោក​ជិន ម៉ាលីន និង​លោក​សុខ ឥសាន​ លើក​ឡើង​ថា កម្ពុជា​មិនបាន​បំពាន​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​នោះ​ទេ​ ហើយ​ថា​ ការ​រំលាយ​គណបក្សសង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧ ​គឺជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​តែប៉ុណ្ណោះ៕

កំណត់និពន្ធ៖ លោកអ្នកនាងអាចអានខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជាភាសាអង់គ្លេសបានទាំងស្រុងខាងក្រោមនេះ៖