ក្រុមអ្នកវិភាគបាននិយាយនៅថ្ងៃពុធនេះថា សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការប្រគល់ដីជាង១២ហិកតាទៅឲ្យអ្នកភូមិបឹងកក់ច្រើនរាប់រយគ្រួសារដែលប្រឈមនឹងការបណ្តេញចេញ បានទទួលផលចំណេញផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចពីសហគមន៍ជាតិ និងអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យចុះថ្ងៃទី១១ ខែសីហា ប្រគល់ដីទំហំ១២,៤៤ហិកតាដល់អ្នកភូមិ បឹងកក់ប្រមាណ១.០០០គ្រួសារសម្រាប់កសាងផ្ទះសម្បែង បន្ទាប់ពីធនាគារពិភពលោកបានបង្កកមូលនិធិដល់កម្ពុជាទាក់ទងនឹងការបណ្តេញអ្នកភូមិបឹងកក់ រហូតដល់រដ្ឋាភិបាលមានកិច្ចព្រមព្រៀងសមហេតុសមផលជាមួយអ្នកភូមិបឹងកក់។
លោក សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបញ្ជាក់ថា សេចក្តីសម្រេចនេះ បានចំណេញផ្នែកការទូត នយោបាយ សេដ្ឋកិច្ច ជំនួយហិរញ្ញវត្ថុ ពីធនាគារពិភពលោក និងសហគមន៍ផ្តល់ជំនួយអន្តរជាតិ។ លោកសំអឿន បានប្រាប់វីអូអេខ្មែរថា៖
«ការទទួលជំនួយធនាគារពិភពលោកមានជំនួយផង និងមានប្រាក់កម្ចីផង។ យើងត្រូវតែស្ថិតនៅក្រោមឥទ្ធិពលរបស់ធនាគារពិភពលោកច្រើន ហើយធនាគារពិភពលោកបានជួយយើងច្រើន។ ដូច្នេះរឿងអ្វីមិនចំណេញ។ ខ្ញុំថាសេចក្តីសម្រេចគឺជាការឆ្លាតវ៉ៃ។ សេចក្តីសម្រេចមួយនេះមានចំណេញច្រើនណាស់ គឺចំណេញទាំងនយោបាយ ចំណេញទាំងការទូត ចំណេញទាំងហិរញ្ញវត្ថុ ចំណេញទាំងសេដ្ឋកិច្ចទាំងអស់ ហើយចំណេញទាំងការទិញទឹកចិត្តពីប្រជាពលរដ្ឋ»។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានថ្លែងថា ប្រជាពលរដ្ឋបឹងកក់បានប្រើប្រាស់យន្តការអន្តរជាតិដើម្បីគាបសង្កត់រដ្ឋាភិបាលឲ្យផ្តល់ដី១២,៤៤ហិកតាដើម្បីធ្វើការអភិវឌ្ឍនៅនឹងកន្លែង។ លោកបន្តថា៖
«យើងយល់ឃើញថា ការសម្រេចចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ផ្តល់ដី១២,៤៤ហិកតានេះ គឺមានការដាក់សម្ពាធពីខាងអន្តរជាតិ ជាពិសេសអ្វីដែលជាទម្ងន់ខ្លាំងមែននោះ គឺប្រជាពលរដ្ឋបែរទៅរកអន្តរជាតិវិញ ដោយសារប្រជាពលរដ្ឋអត់ជំនឿទៅលើយន្តការរបស់រដ្ឋាភិបាល»។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការជំនួយពីធនាគារពិភពលោកដែលជាប្រភពគួរឲ្យជឿជាក់បានសម្រាប់ម្ចាស់ជំនួយផ្សេងៗទៀត ហើយរាល់អនុសាសន៍របស់ធនាគារពិភពលោកមានឥទ្ធិពលទៅលើម្ចាស់ជំនួយ និងប្រទេសទទួលជំនួយ។ លោកសុផល ថ្លែងថា៖
«ខ្ញុំយល់ឃើញថា សេចក្តីសម្រេចរបស់សម្តេចនាយកស្របទៅនឹងគោលបំណងរបស់ធនាគារពិភពលោកដែលបានទាមទារឲ្យប្រជាពលរដ្ឋនៅទីនោះ ទទួលបានកម្មសិទ្ធិដីធ្លីស្របទៅតាមគម្រោងផ្តល់កម្មសិទ្ធិដីធ្លីដែលធនាគារពិភពលោកបានជួយជាច្រើនឆ្នាំមកហើយ។ ធនាគារពិភពលោកមានឥទ្ធិពលមួយចំនួន។ ខ្ញុំជឿជាក់ថា មានហេតុផលច្រើននាំឲ្យមានការសម្រេចចិត្ត ហេតុផលខាងនយោបាយ ហេតុផលខាងសេដ្ឋកិច្ច ហេតុផលខាងសង្គមកិច្ច»។
លោក ចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះមានសម្ពាធពី ធនាគារពិភពលោក ប៉ុន្តែវាជាការបង្កើនជំនឿទុកចិត្តពីសហគមន៍អន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជានឹងធ្វើការបោះឆ្នោតនៅឆ្នាំ២០១២ និងឆ្នាំ២០១៣។ លោកបានប្រាប់វីអូអេខ្មែរថា៖
«យើងមើលឃើញថា ការលើកស្ទួយសិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងការចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ប៉ុន្តែរឿងទំនាស់ដីធ្លីមានច្រើន មិនមែនមានតែករណីបឹងកក់មួយទេ ត្រូវតែមានការផ្តល់ការដោះស្រាយឲ្យបានសមស្របស្មើភាពគ្នា»៕