កសិករមួយចំនួននៅខេត្តបាត់ដំបងខ្វះទឹកធ្វើស្រែ ខណៈជីវិតពួកគេពឹងផ្អែកលើកូនធ្វើការនៅប្រទេសថៃ

លោក មិត្ត ឈឿ អាយុ៦៥ឆ្នាំ ឈរ​នៅ​ក្បែរ​ដី​ស្រែ​របស់​លោក ដែល​ខ្វះ​ទឹក ក្នុង​ភូមិ​បឹង​រាំង ឃុំ​អូរម៉ាល់ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០។ (ស៊ុន ណារិន/VOA)

ដើម​ព្រីង​ ៤ ​ដើម​ នៅ​លើ​ដី​ជាង​ ១ ​ហិកតា​របស់​លោក ​មិត្ត ​ឈឿ ​ក្នុង​ខេត្ត​បាត់ដំបង​ មិន​ផ្លែ​ដូច​ឆ្នាំ​មុន​នោះ​ទេ ​ដោយ​សារ​ខ្វះទឹក។ ​កាល​ពី​ឆ្នាំ​មុន​ លោក​អាច​បេះ​ផ្លែ​ព្រីង​លក់ ​បាន​តម្លៃ​សរុប​ប្រមាណ​ ១ ​លាន​រៀល​សម្រាប់​រដូវ​វា​ផ្លែ។​ ប៉ុន្តែ​ឆ្នាំ​នេះ​ លោក​លក់​បាន​ប្រមាណ ​២០ ​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។ ​

ប៉ុន្តែ​ អ្វី​ដែល​លោក​កំពុង​ព្រួយ​បារម្ភ​ជាង​នេះ​ទៅ​ទៀត​គឺ​ដី​ស្រែ ​១,២​ ហិកតា ​របស់​លោក ​ដែល​ពេល​នេះ​មិន​មាន​ទឹក​ស្រោច​ស្រព ​ហើយ​លោក​មិន​ហ៊ាន​ព្រោះ​ស្រូវ​នៅ​ឡើយ​ទេ។

នៅ​ជិត​ដី​ស្ងួត​រីងរាំង​របស់​លោក​មិន​មាន​វាល​ស្រែ​ខៀវ​ស្រងាត់ ​ដូច​កាល​ពី​មុន​ទេ ​ឃើញ​តែ​ភ្នំ​សំពៅ​ពី​ចម្ងាយ។​ លោក ​មិត្ត ឈឿ​ អាយុ​ ៦៥ ​ឆ្នាំ​ បាន​សង់​ខ្ទម​ឈើ​ប្រហែល ​៣​ ម៉ែត្រ​បួន​ជ្រុង ​គ្រប​ដោយ​ប្លាស្ទិក​ ដើម្បី​ទុក​ជ្រក​ភ្លៀង​នៅ​ពេល​ខាង​មុខ។ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​លោក​ចេះ​តែ​រង់ចាំ​ទឹក​ភ្លៀង។​

លោក​ មិត្ត​ ឈឿ ​ដែល​មាន​កូន ​៦ ​នាក់ ​ថ្លែង​ប្រាប់​ VOA​ នៅ​ក្នុង​ខ្ទម​ក្បែរ​ដី​ស្រែ​ថា៖ ​«ភ្ជួរ​ដី​ចោល​នៅ​ហ្នឹង​ឯង​ចាំ​មើល​តែ​ភ្លៀង​ធ្លាក់​មួយ​មេ​មក​បាន​ព្រោះ ​បើ​ដី​វា​មិន​ដែល​ឆ្អែត​ទឹក​សោះ ​មិន​ដែល​ត្រូវ​ភ្លៀង​ឲ្យ​ឆ្អែត​ទឹក​ឲ្យ​ជិត»។​

លោក​ ឈឿ ​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​បឹងរាំង ​ឃុំ​អូរម៉ាល់ ​ខេត្ត​បាត់ដំបង​ មាន​ប្រសាសន៍​ថា ​ប្រជាជន​ខ្លះ​ហ៊ាន​ប្រថុយ​ប្រថាន​ក្នុង​ការ​ព្រោះ​ពូជ​ស្រូវ​ ដោយ​សារ​ពួក​គេ​មាន​ពូជស្រូវ​ច្រើន ​តែ​លោក​ថា ​លោក​មិន​ហ៊ាន​នោះ​ទេ ​ដោយ​សារ​ខ្លាច​ខាតបង់។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អ្នក​ខ្លះ​គេ​ហ៊ាន​ពូជ​គេ​ច្រើន​…​មិន​ដឹង​ទេ ​មិន​ហ៊ាន​ថា​ទេ​ បើ​ពូជ​ខ្ញុំ​មាន​សាគួរ​ទុក​តែ​មួយ​កន្លែង។​ បើ​ហ៊ាន​តែ​ព្រោះ ​ហើយ​វា​ខូច​ ដឹង​តែ​រក​ទិញ​គេ​ទៀត​ហើយ»។​

លោក​បន្ត​ថា៖ ​«វា​ក្រ​ធ្លាក់​ភ្លៀង។​ ឆ្នាំ​មុន​វា​រហ័ស​ធ្លាក់​ភ្លៀង។​ភ្លៀង​មុន​ចូល​ឆ្នាំ​អី​អ៊ីចឹង​ទៅ ​យើង​អាច​ព្រោះ​បាន។​ ដល់​ឆ្នាំ​នេះ ​មើល​មេឃ​ងងឹត​ចោលៗ​ គ្មាន​ដែល​ត្រូវ​ភ្លៀង​អី​ទេ ​ឲ្យ​ជោគ​ជាំ​ទេ​ម៉្លោះ​ហើយ​អត់​ហ៊ាន​ព្រោះ»។

លោក មិត្ត ឈឿ អាយុ៦៥ឆ្នាំ ផ្តល់បទសម្ភាសន៍ដល់ VOA នៅក្នុងខ្ទមមួយ នៅលើដីស្រែរបស់លោក ក្នុងភូមិបឹងរាំង ឃុំអូរម៉ាល់ ខេត្តបាត់ដំបង។ (ស៊ុន ណារិន/VOA Khmer)

ជីវិត​របស់​លោក ​មិត្ត ឈឿ​ ក៏​ពឹង​ផ្អែក​លើ​កូន​ ៤ ​នាក់ ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដែរ។ ​លោក​ខ្លាច​ខាត​បង់​ស្រូវ​ពូជ​នេះ ​ព្រោះ​លោក​ត្រូវ​ទុក​ប្រាក់​សង​លុយ​ដែល​ជំពាក់​ធនាគារ​អេស៊ីលីដា ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ហត្ថា​កសិករ។​ ក្នុង​មួយ​ខែ​ លោក​ត្រូវ​បង់​សរុប​ជាង ​២០០ ​ដុល្លារ​អាមេរិក ​ដែល​លុយ​នោះ​ត្រូវ​បាន​ជួយ​សង​ដោយ​កូន ​ដែល​ធ្វើ​ការ​ជា​កម្មករ​សំណង់ ​៣ ​នាក់​នៅ​ប្រទេស​ថៃ ​និង​កូនស្រី​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ​សាច់​មាន់ ​នៅ​ប្រទេស​ថៃ​ដែរ។ ​លោក​បន្ត​ថា ​ការ​ភ្ជួរ​ដី​ត្រៀម​ធ្វើ​ស្រែ​នេះ​ គឺ​កូនៗ​របស់​លោក​ជា​អ្នក​ជួយ​ពី​ប្រទេស​ថៃ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ប៉ុន​វា​អត់​មាន​សល់​លុយ​កាក់​….​អត់​មាន​សល់ ​…​គ្មាន​សល់។​ យើង​មក​យើង​បង់​ទៅ​ឲ្យ​គេ​ខ្លះ​ទៅ។ ​យើង​សល់​ខ្លះ ​ហូប​ខ្លះ​ទៅ។​ ខែ​ស្រែ ​វា​ទម្លាក់​មក​ទៅ។ ​អា​នេះ​គ្រាន់​តែ​ភ្ជួរ​ដី​ទី​នេះ ទីមួយ។​ ទីពីរ​ទៅ​គេ​រ៉ាប់​ជួយ​ចេញ​ម្នាក់​ជាង​ ១​ ពាន់​បាត ​ជួយ​ចេញ​ឈ្នួល​ភ្ជួរ»។​

អ្វី​ដែល​រឹត​តែ​សំណាង​ទៀត​នោះ ​គឺ​ជំងឺ​កូវីដ ​មិន​ប៉ះពាល់​ការងារ​កូន​របស់​លោក​ទាំង ​៤ ​នោះ​ទេ ​គឺ​ពួក​គេ​នៅ​តែ​អាច​មាន​លុយ​ផ្ញើ​មក​ស្រុក​កំណើត។ ​លោក​ប្រៀប​ធៀប​ថា ​ប្រសិន​បើ​កូន​ទាំង ​៤ ​នាក់​របស់​លោក ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ​កាល​ពី​ចុង​ខែ​មីនា ​ដូច​ពលករ​ខ្មែរ​ប្រមាណ​ ៩ ​ម៉ឺននាក់​ផ្សេង​ទៀត ​ នោះ​ជីវភាព​នឹង​ជួប​ការ​លំបាក។​

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​សប្បាយ​ចិត្ត​ដែល​កូន​មិន​បាន​មក​វិញ ​ពី​ព្រោះ​ការងារ​វា​ធ្វើ​ជាប់ ​ពី​ព្រោះ​យើង​រំពឹង​លើ​កូន។​ បើ​សិន​ជា​កូន​មក​វិញ​ ចប់​ហើយ!​ មិន​ដឹង​បាន​អី​ហូប​ទេ។​ អា​ទៅ​វិញ​គេ​មិន​ឲ្យ​ចូល។​ កាល​ដែល​វា​នៅ​ទីនោះ ​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​ដែល​មក។​ បើ​សិន​ជា​យើង​មកនេះ ស្រេច​បាត់។​ មិន​ដឹង​ទៅ​រក​អី»។​

ប្រជាជន​កម្ពុជា​រាប់​ម៉ឺន​នាក់​កំពុង​ប្រឈម​អត់​ការងារ​ធ្វើ ​ក្នុង​នោះ​មាន​ពលករ​ប្រមាណ ​៩ ​ម៉ឺន​នាក់ ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ហើយ​បាត់​បង់​ការងារ ​ហើយ​គ្រួសារ​ប្រឈម​ជំពាក់​បំណុល​គេ។ ​រហូត​មក​ដល់​ពេល​នេះ ​ពួក​គេ​មិន​អាច​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​បាន​ទេ។

បើ​តាម​លោក ​មិត្ត ឈឿ​ ​កសិករ​នៅ​តំបន់​របស់​លោក​ពឹង​ផ្អែក​លើ​ប្រភព​ទឹក​សំខាន់ ​គឺ​នៅ​អាង​កំពីង​ពួយ ​ដែល​មាន​ចម្ងាយ​ជាង ​១០ ​គីឡូ​ម៉ែត្រ​ពី​ដី​ស្រែ​របស់​លោក។ ​លោក​មាន​ប្រសាសន៍​ថា៖​ «ប្រភព​ទឹក​មាន​តែ​នៅ​អាង​កំពីង​ពួយ​ហ្នឹង​ឯង។​ យើង​សុំ​គេ​មក​តឹង​តែង​ណាស់! តាំង​ពី​វគ្គ​ពីរ​មក​ស្កក​ទាំង​អស់​….​ទឹក​អត់​គ្រប់»។

លោក​បន្ត ថា បើ​សិន​មានទឹកពី​អាង​កំពីង​ពួយ លោក​ត្រូវ​ចំណាយ​លុយ​រាប់​ម៉ឺន​ជួល​គេ​ទៀត ដើម្បី​តទុយោ​បូម​ទឹក​មក​ដាក់​ស្រែ។

លោក ទុយ អឿត ជា​កសិករ ឈរ​នៅ​ក្បែរ​ដី​ស្រែ​នៅ​ក្នុង​ភូមិ​បឹងរាំង ឃុំ​អូរម៉ាល់ ខេត្ត​បាត់ដំបង ដែល​ស្រែ​របស់​លោក​កំពុង​ប្រឈម​នឹង​កង្វះ​ទឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០។ (ស៊ុន ណារិន/VOA)

ឈរ​នៅ​លើ​ផ្លូវ​លំ ក្បែរ​ដី​ស្រែ​ប្រមាណ ​២ ហិកតា​ក្នុង​ឃុំ​អូរម៉ាល់ ​លោក​ ទុយ អឿត ​កសិករ​ម្នាក់​ទៀត​កំពុង​ដុត​ភ្លើង​នៅ​ក្បែរ​នោះ​ ដើម្បី​កុំ​ឲ្យ​សត្វ​កណ្តុរ​ឡើង​មក​ស៊ី​ស្រូវ​ ដែល​លោកទើ​ប​តែ​ព្រោះ​ ជា​ពិសេស​នៅ​ពេល​យប់។​ ប៉ុន្តែ​លោក​មិន​មាន​ជំនឿ​ ១០០​ភាគរយ ​ថា​ នឹង​មាន​ភ្លៀង​នោះ​ទេ។​ នោះ​មាន​ន័យ​ថា​ ការ​ព្រោះ​ស្រូវ​របស់​លោក​ប្រឈម​នឹង​ភាព​ប្រថុយ​ប្រថាន​ច្រើន។

ខណៈ​ឈរ​ក្បែរ​ផ្លូវ​ជិត​ដី​ស្រែ​របស់​លោកលោក ​ទុយ អឿត ​អាយុ​៦៥​ឆ្នាំ ​បាន​ថ្លែង​ប្រាប់​ VOA ថា៖ ​«ប្រថុយ! ​វា​ចូល​ខែ​វស្សា​ទៅ​ហើយ!​ ដល់​ខែ​ព្រោះ​ត្រូវ​តែ​ព្រោះ​ ក្រែង​លោ​វា​ធ្លាក់​ភ្លៀង​មក​ យើង​បាន ​ព្រោះ។​ យើង​ធ្វើ​ស្រែ​យើង​ពឹង​លើ​ទឹក​ភ្លៀង។ ​យើង​ត្រូវ​តែ​ធ្វើ​អ៊ីចឹង»។​

លោក​ថា​ លោក​នឹង​ខាត​ប្រហែល​ជាង ​៥០​ ម៉ឺន​រៀល​នា​ពេល​នេះ ​ប្រសិន​បើ​មិន​មាន​ភ្លៀង។​

លោក ​អឿត ​ក៏​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ ​អឿត មុនី​ អាយុ​ ៣២​ ឆ្នាំ ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ក្នុង​ហាង​អាហារ​មួយ​ដែល​ក្នុង​មួយ​ខែ​អាច​រក​ចំណូល​បាន​ប្រមាណ​ ១ ​ម៉ឺន​បាត។​ ថវិកា​ដែល​កូន​ផ្ញើ​ពី​ក្រៅ​ប្រទេស​មក​ខ្លះ ​លោក​យក​បង់​សង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់ ​ដែល​ក្នុង​មួយ​ខែ​បង់​ប្រហែល ​១៣០​ ដុល្លារ ​ហើយ​ត្រូវ​បង់​ប្រមាណ ​៤ ​ឆ្នាំ​ទៀត។​

ប៉ុន្តែ​កូន​ប្រុស​របស់​លោក​អឿត​មិន​មាន​សំណាង​ដូច​កូន​ប្រុស​លោក ​មិត្ត ឈឿ ​ទេ​ ដោយសារ​កូន​ប្រុស​ដែល​បាន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រមាណ ​៣ ​ឆ្នាំនោះ​ បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ ​ពេល​ជំងឺ​កូវីដ​រាតត្បាត​ ហើយ​មិន​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​បាន​ទេ។​ លោក​មាន​ប្រសាសន៍​ថា​ កូន​របស់​លោក​ផ្សេង​ទៀត​នឹង​ជួយ​បង់​សង​បំណុល​របស់​លោក​រាល់ខែ ​ប្រសិន​បើ​លោក​រក​ចំណូល​មិន​បាន​ពី​ការ​ធ្វើ​ស្រែ​ ដោយ​សារ​កង្វះ​ទឹកភ្លៀង។​

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ ចុះ​ថ្ងៃ​ទី​១៤ ​ខែ​មេសា ​អះអាង​ថា រដូវ​វស្សា​ឆ្នាំ​ ២០២០​ នឹង​ចូល​មក​ដល់​លឿន​ជាង​ឆ្នាំ ​២០១៩ ​តាម​ប្រក្រតី​ភាព​រដូវ​វស្សា ​ដែល​តែង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​ឧសភា​ ដោយ​មាន​បរិមាណ​ទឹក​ភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ​ ដែល​ស្មើ​ឬ​លើ​មធ្យម​ភាគ​ច្រើន​ឆ្នាំ​មក​នេះ។ ​នៅ​ក្នុង​ខែ​សីហា ​និង​ខែ​កញ្ញា ​ភ្លៀង​នឹង​អាច​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អ​លើ​ផ្ទៃ​ប្រទេស។​ កូន​រដូវ​ប្រាំង​អាច​នឹង​កើត​មាន​ឡើង​ក្នុង​សប្តាហ៍​ទី​ ២ ​នៃ​ខែ​កក្កដា​ រហូត​ដល់​ដំណាច់​ខែ​កក្កដា ​ឆ្នាំ ​២០២០។​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក។​

អភិបាល​ខេត្ត​បាត់ដំបង​លោក ​ងួន រតនៈ ​មាន​ប្រសាសន៍​ថា​ មក​ដល់​ពេល​នេះ​ភ្លៀង​មិន​ទាន់​ធ្លាក់​ដល់​តំបន់​ខ្លះ​នោះ​ទេ ​ហើយ​កន្លែង​ខ្លះ​ក៏​ពុំ​មាន​ប្រភព​ទឹក​ទៅ​ដល់​ដែរ។​ លោក​បន្ត​ថា​ ទឹក​នៅ​អាង​កំពីង​ពួយ​ទុក​សម្រាប់​ប្រើប្រាស់​ការ​ចិញ្ចឹម​សត្វ​ និង​ដាំណាំ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ប្រើ​ធ្វើ​ស្រែ ​អត់​ទាន់​ឲ្យ​ធ្វើ​ស្រែ​នៅ​ពេល​នេះ​ទេ។​ អាង​កំពីង​ពួយ​ទុក​ប្រើ​ប្រាស់​ដាំ​ដំណាំ​បន្តិច​បន្តួច ​និង​សត្វ ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។​ ប៉ុន្តែ​ធ្វើ​ស្រែ​អត់​ទាន់​ឲ្យ​ធ្វើ​ទេ ​ទឹក​កំពីង​ពួយ»។​

លោក​បន្ត​ថា៖​ «ស្រុក​ខ្លះ​មិន​ទាន់​មាន​ភ្លៀង​ខ្ញុំ​មិន​ហ៊ាន​ឃាត់​គាត់​ទេ។ ​ស្រែ​គាត់​ធ្លាប់​មាន​ទម្លាប់​របស់​គាត់ ​រឿង​ធ្វើ​ស្រែ»។

បើ​តាម​អភិបាល​ខេត្ត​ ដី​ធ្វើ​ស្រែ​នៅ​ខេត្ត​បាត់ដំបង​ ជាង ​៣០ ​ម៉ឺន​ហិកតា ​ក្នុង​នោះ​ដី​ជាង ​១០​ ម៉ឺន​ហិកតា​អាជ្ញាធរ​អាច​ធានា​ប្រភព​ទឹក​ផ្គត់​ផ្គង់​នៅ​រដូវ​វស្សា​ តាម​រយៈ​ប្រព័ន្ធ​ទឹក​ដែល​មាន​បច្ចុប្បន្ន។​

លោក​អភិបាល​ខេត្ត​បាត់​ដំបង​បញ្ជាក់​ថា ​អាជ្ញាធរ​ក៏​បាន​និង​កំពុង​ជួយ​ប្រជាជន​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​តាម​រយៈ​ការ​ផ្តល់​ពូជស្រូវ​ដល់​ពួក​គេ ​ហើយ​ជំរុញ​ឲ្យ​ពួក​គេ​ដាំ​បន្លែ​រយៈ​ពេល​ខ្លី ​ដែល​លោក​ថា​តម្រូវ​ការ​ក្នុង​ខេត្ត​នៅ​មាន​ច្រើន។​

ដី​ស្រែ​ក្នុង​ភូមិ​បឹងរាំង ឃុំ​អូរម៉ាល់ ខេត្ត​បាត់ដំបង កំពុង​ប្រឈម​នឹង​កង្វះ​ទឹក​ស្រោចស្រព ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០។ (ស៊ុន ណារិន/VOA)

កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​មេសា ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​បាន​ថ្លែង​ថា ​ដី​នៅ​កម្ពុជា​មាន​ច្រើន ​តែ​កសិករ​មិន​មាន​ទឹក​ប្រើប្រាស់​សម្រាប់​ការ​ដាំដុះ​របស់​ពួក​គេ។​

លោក​ថ្លែង​ថា៖ ​«ទឹក​អត់​ទៅ​មុខ​ទេ ​ដោះ​មិន​ទៅ​មុខ​តែម្តង។​ ហើយ​បើ​អត់​ទឹក​ណា៎​សម្រាប់​កម្ពុជា​បើ​និយាយ​ថា ​កម្ពុជា​ខ្វះ​ទឹក​អ្នក​ខ្លះ​គេ​សើច​វិញ​ទេ។ ​គេ​អាច​សើច​ព្រោះ​យើង​អត់​ចេះ​ចាត់​ចែង​ទឹក។ ​ប្រឡាយ​ដែល​យើង​ជីក​ចំណាយ​លុយ​ធំ ​ប៉ុន្តែ​អត់​ដែល​មាន​ទឹក​ប្រើ​ខែ​ប្រាំង​ទេ»។

លោក​ ថេង សាវឿន ​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​មាន​ប្រសាសន៍​កសិករ​ធ្វើ​ស្រែ​ពឹង​ផ្អែក​លើ​ទឹក​ភ្លៀង​ ដោយសារ​មិន​មាន​ប្រព័ន្ធ​ធារាសាស្រ្ត​គ្រប់គ្រាន់​សម្រាប់​ពួកគេ។​ លោក​បន្ត​ថា ​រដ្ឋាភិបាល​ត្រូវ​សាងសង់​ប្រព័ន្ធ​ធារាសាស្រ្ត​ «លក្ខណៈ​យុទ្ធសាស្រ្ត​យូរ​អង្វែង»​ សម្រាប់​កសិករ​ទើប​អាច​ធានា​ជីវភាព​របស់​ពួក​គេ​បាន។​

លោក​បន្ត​ថា ​កសិករ​បាន​យក​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដើម្បី​ធ្វើ​ស្រែ​ចម្ការ​ ដូច្នេះ​ការ​ធ្វើ​ស្រែ​មិន​បាន​ផល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ធ្លាក់​ខ្លួន​ក្រីក្រី​ថែម​ទៀត។​

លោក​ថ្លែង​ថា៖​ «កសិករ​ដើម្បី​បាន​ដើម​ទុន​សម្រាប់​ទិញ​ ឬ​ការ​ប្រើប្រាស់​ដើម្បី​ប្រកប​មុខ​របរ​កសិកម្ម​ គឺ​គាត់​ត្រូវ​តែ​ប្រើប្រាស់​លទ្ធភាព​របស់​គាត់​ក្នុង​ការ​ខ្ចី​បុល​ពី​ធនាគារ ​ឬ​ក៏​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន​ ហើយ​គាត់​ពឹង​ការ​សង​ត្រឡប់​ថវិកា​របស់​គាត់​វិញ​ នៅ​ពេល​ដែល​ពួក​គាត់​បាន​ទទួល​ផល។​ ប៉ុន្តែ​បើ​ករណី​គាត់​ជួប​ប្រទះ​គ្រោះ​រាំងស្ងួតដូច​នេះ ​ខ្ញុំ​គិត​ថា ​បំណុល​ដែល​គាត់​ជំពាក់​មីក្រូ​ហិរញ្ញ​វត្ថុ ​ឬ​ក៏​ធនាគារ​ ឬ​ក៏​ខ្ចី​បុល​ឯកជន ​កាន់​តែ​មាន​ការ​កើន​ឡើង»។

យោង​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ ​២០១៩ ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​មេសា ​ឆ្នាំ​ ២០២០​ ​ប្រជាជន​ជាង ​២ ​លាន​នាក់​ ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ហើយ ​ដែល​កម្ចី​បាន​ផ្តល់​ទៅ​តាម​ប្រភេទ​ជំនួញ​សំខាន់ៗ​ ក្នុង​វិស័យ​សេដ្ឋកិច្ច ​នោះរួម​មាន​ក្រុម​គ្រួសារ​ ៣៤,១ ​ភាគ​រយ​និង​កសិកម្ម​ចំនួន​ ១៩,៤ ​ភាគរយ។​

ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ ​១ ​លាន ​២ ​សែន​នាក់ ​កំពុង​រស់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ប៉ាន់​ប្រមាណ​ថា ​ពួក​គេ​ច្រើន​គួរ​សម​គឺ​ជា​ពលករ​មិន​ស្រប​ច្បាប់។

ដោយ​សារ​កូន ​៤ ​នាក់​របស់​លោក ​មិត្ត ឈឿ ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ​ពួក​គេ​បាន​ទុក​ចៅ​ ៥​ នាក់​ឲ្យ​លោក​និង​ភរិយា​ជួយ​មើល​ថែ។​

លោក ​មិត្ត ឈឿ​ ព្រួយ​បារម្ភ​អំពី​អនាគត​ចៅ​របស់​លោក ​ដោយ​លោក​ថា​ ពេល​ចូល​រៀន​វិញ​លោក​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ពួក​គេ។​ លោក​បន្ត​ថា ​លោក​ក៏​មិន​មាន​ដី​ចែក​ឲ្យ​កូនៗ​របស់​លោក​នោះ​ដែរ​ នៅ​ពេល​ណា​មួយ​ដែល​ពួក​គេ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​ «កូន​ច្រើន​យើង​ចែក​ក៏​វា​មិន​កើត​ មាន​តែ​ធ្វើ​ទៅ​ចែក​គ្នា​ហូប»៕