បរិមាណទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុក្នុងឆ្នាំ២០១៥ មានការកើនឡើង បើប្រៀបទៅនឹងឆ្នាំ២០១៤។ នេះបើយោងទៅតាមមន្ត្រីកំពង់ផែក្រុងព្រះសីហនុ និងមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោក លូ គឹមឈុន នាយកកំពង់ផែក្រុងព្រះសីហនុ មានប្រសាសន៍ថា បរិមាណទំនិញឆ្លងកាត់ផែឆ្នាំ២០១៥ មានចំនួន៣.៨០០.០០០តោន ដែលចំនួននេះមានការកើនឡើង៩,៩ % បើធៀបទៅឆ្នាំ២០១៤។
លោកបានបន្តថា ចំនួននាវានានាដែលបានចូលចតនៅកំពង់ផែក៏មានចំនួនកើនឡើងដែរ។
មាននាវាចំនួន ១.២៩២គ្រឿងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដែលចំនួននេះមានការកើនឡើង១៧% បើធៀបទៅនឹងឆ្នាំ២០១៤។ ចំណែកកប៉ាលទេសចរណ៍ចូលចតនៅកំពង់ផែក្រុងព្រះសីហនុក៏មានចំនួនកើនឡើងដែរ។ ក្នុងឆ្នាំ២០១៥ កប៉ាលទេសចរណ៍មានចំនួន៣៦គ្រឿង បើប្រៀបទៅនឹងឆ្នាំ២០១៤ ដែលមានចំនួន២៥គ្រឿង។
លោក លូ គឹមឈុន មានប្រសាសន៍ថា ទន្ទឹមនឹងការនាំចេញសម្លៀកបំពាក់ អង្ករ និងផលិតផលផ្សេងៗទៀត កម្ពុជាក៏នាំចូលវត្ថុធាតុដើម ដូចជា សម្ភារៈកាត់ដេរដែលភាគច្រើននាំចូលមកពីប្រទេសចិន និងប្រេងដែលភាគច្រើននាំមកពីប្រទេសសឹង្ហបុរី។
«ប្រទេសកម្ពុជាក៏មានការនាំចូលសម្ភារៈកាត់ដេរ ដែលភាគច្រើននាំចូលពីប្រទេសចិន ប្រេងឥន្ធនៈដែលនាំចូលមកពីប្រទេសសឹង្ហបុរី និងគ្រឿងចក្រសម្ភារៈសំណង់ដែលនាំមកពីប្រទេសផ្សេងៗ»។
លោកបានបន្ថែមថា ទំនិញដែលនាំចេញមាន ដូចជាអង្ករដែលត្រូវបាននាំចេញភាគច្រើនទៅបណ្តាប្រទសនៅទ្វីបអឺរ៉ុប និងអាស៊ី ហើយនឹងសម្លៀកបំពាក់ដែលភាគច្រើនត្រូវបាននាំចេញទៅទីផ្សារអឺរ៉ុប និងទីផ្សារសហរដ្ឋអាមេរិក។
លោកមានប្រសាសន៍ថា៖
«ទីផ្សារដែលធំអង្ករគឺនៅអឺរ៉ុប និងនៅអាស៊ីយើង។ ទំនិញជាខោអាវគឺទីផ្សារអឺរ៉ុបហើយនឹងទីផ្សារអាមេរិក»។
លោកសង្ឃឹមថា នៅក្នុងឆ្នាំ២០១៦នេះចំនួនទំនិញ ដែលនឹងត្រូវឆ្លងកាត់កំពង់ផែព្រះសីហនុនឹងបន្តកើនឡើង៧%។
លោក កែន រដ្ឋា អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ទំនិញនាំចេញទៅក្រៅប្រទេសសរុបមានការកើនឡើងប្រហែល១៥% ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០១៥នេះ បើប្រៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤។
លោកបន្ថែមថា ទំនិញដែលនាំចេញធំៗមាន ដូចជាសម្លៀកបំពាក់ដែលជាឧស្សាហកម្មមួយផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រហែលជាង៦០០.០០០នាក់។ បន្ថែមពីលើនោះទៀត ផលិតផលអង្ករ ផលិតផលកសិកម្ម និងផលិតផលផ្សេង ដែលត្រូវបាននាំចេញនោះក៏មានការកើនឡើងដែរ។
«នៅក្នុងហ្នឹងយើងឃើញថា ផលិតផលសំខាន់ៗដែលធំៗហ្នឹងយើងឃើញថា ដូចជាសម្លៀកបំពាក់កើនឡើងប្រហែល៦% ហើយអង្ករយើងកើនឡើងប្រហែលជា៤០% ហើយនឹងផ្សេងៗទៀតកើនឡើងប្រហែលជា៦៧%»។
លោកបានបញ្ជាក់ថា ការនាំចេញសម្លៀកបំពាក់គិតជាទឹកប្រាក់មានការកើនឡើងពី៤.៨១៨លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៤ ទៅដល់៥.០៩៨លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៥។ ហើយអង្ករមានការកើនឡើងពីជាង៣សែនតោន (៣៨.៧០៦១តោន) នៅក្នុងឆ្នាំ២០១៤ ទៅជាង៥សែនតោន(៥៣៨.៣៩៦ តោន) នៅក្នុងឆ្នាំ២០១៥។
លោកសង្ឃឹមថា នៅឆ្នាំ២០១៦ ការនាំចេញទំនិញនឹងបន្តកើនឡើង ក៏ប៉ុន្តែលោកថា ការកើនឡើងនេះមានការទាក់ទងនឹងការប្រែប្រួលតម្រូវការពិភពលោកផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងត្រូវគិតគូរទៅលើទីផ្សារពិភពលោកដែរ។ មានន័យថាបម្រែបម្រួលនៃទីផ្សារពិភពលោក ព្រោះទាំងអស់ហ្នឹងវានឹងកំណត់ការបញ្ជាទិញមកស្រុកខ្មែរយើង បើយើងនិយាយពី Garment (សម្លៀកបំពាក់)ក្តី យើងនិយាយពីអង្ករក្តី យើងត្រូវគិតគូរទីផ្សារពិភពលោកដែរព្រោះយើងនិយាយពីផលិតផលផ្សេងៗទៀតក្តីដែលកម្ពុជានាំចេញ។ អីចឹងយើងអាស្រ័យទៅលើទីផ្សារពិភពលោក។ តម្រូវការនៅលើពិភពលោក»។
លោកបន្ថែមថា ស្របពេលជាមួយគ្នានេះ ប្រទេសកម្ពុជានៅប្រឈមនឹងការខ្វះខាតឃ្លាំងស្តុកទំនិញមានគុណភាព ដូចជាឃ្លាំងស្តុកទុកអង្ករជាដើម។
«យើងកំពុងតែខិតខំច្រើន ព្រោះយើងត្រូវតែឆ្លើយតបបញ្ហាមួយចំនួន ដែលកម្ពុជាប្រឈមដែរទាក់ទងជាមួយនឹងឃ្លាំងស្តុកផ្សេងៗ ព្រោះយើងអត់ទាន់មានឃ្លាំងស្តុកធំៗនៅឡើយទេ។ ប៉ុន្តែឥឡូវនេះ យើងកំពុងសហការជាមួយក្រុមហ៊ុនវិនិយោគធំៗ ដើម្បីពិនិត្យលទ្ធភាពក្នុងការវិនិយោគលើឃ្លាំងស្តុក និងឡសម្ងួត»។
បើទោះជាមានការកើនឡើងការនាំចេញអង្ករយ៉ាងណាក្តី ប្រទេសកម្ពុជាមិនបានសម្រេចតាមការប្តេជ្ញាចិត្តរបស់ខ្លួនដែលកំណត់ការនាំចេញអង្ករឱ្យបានយ៉ាងហោចណាស់មួយលានតោនក្នុងឆ្នាំ២០១៥ទេ៕