អ្នក​ជំនាញ​ស្នើ​អាមេរិក​បង្កើន​ទំនាក់ទំនង​ល្អ​​ជាមួយ​កម្ពុជា​​ ខណៈ​ចិន​ក្រសោប​កាន់តែ​ខ្លាំង​

រូបឯកសារ៖ សិស្សវិទ្យាល័យ កាន់ទង់ជាតិអាមេរិកនិងកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ភរិយាប្រធានាធិបតីអាមេរិកមកកាន់កម្ពុជា នៅខេត្តសៀមរាប កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០១៥។

ក្រុម​អ្នកស្រាវជ្រាវ​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ចេញ​គោល​នយោបាយ​ការបរទេស​ច្បាស់​លាស់​មួយ​ចំពោះ​ប្រទេស​កម្ពុជា​ដោយ​បាន​រិះគន់​ថា ​គោលនយោបាយ​បច្ចុប្បន្ន​មាន​លក្ខណៈ «មិន​ស៊ីសង្វាក់​គ្នា ដើរ​ផ្ទុយគ្នានិង​មិន​មាន​ចីរភាព»​ទេ​ ហើយ​បាន​ជំរុញ​កម្ពុជា​ឱ្យ​ចូល​ក្នុង​គន្លង​កុម្មុយនីស្ត​ចិន​កាន់​តែ​ជ្រៅ​និង​ផ្តាច់ការ​កាន់តែ​ខ្លាំង។

មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​(CSIS)​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​យល់​ថា​ ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ សហរដ្ឋ​អាមេរិក​មិន​បាន​បែងចែក​ដាច់​ស្រេច​គ្នា​រវាង​ការ​ខឹង​សម្បា​នឹង​ការ​ដើរ​ថយ​ក្រោយ​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជាប្រកប​ដោយ​ប្រសិទ្ធភាព​ទេ​បើ​ទោះ​ជា​មាន​ផល​ប្រយោជន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​តំបន់​ក៏ដោយ។​ នេះ​បើ​តាម​របាយការណ៍​ដែល​មាន​ចំណងជើង​ថា៖ «ជន​ក្រៅ​សង្គម​ឬ​ជា​ដៃគូ? ការ​បញ្ជាក់​ឱ្យ​ច្បាស់​ពី​គោលនយោបាយ​អាមេរិក​ចំពោះ​កម្ពុជា»​ (Pariah or Partner? Clarifying the U.S. Approach to Cambodia)​ដែល​បាន​ចេញផ្សាយ​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា។​

មជ្ឈមណ្ឌល ​CSIS​ រិះគន់​ថា ​ក្រុង​វ៉ាស៊ីនតោន​មាន​ការភាន់ច្រឡំថា​ ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា​នឹង​ជួយ​កែប្រែ​ស្ថានការណ៍​ធ្លាក់​ចុះ​ផ្នែក​សិទ្ធិមនុស្ស​និង​ទាញ​កម្ពុជា​មក​គន្លង​ប្រជាធិបតេយ្យ​វិញ។​ មជ្ឈមណ្ឌល ​CSIS​ យល់​ថា ​ការ​ធ្វើ​បែប​នេះហាក់​មិន​មាន​ប្រសិទ្ធភាព​ទេ ហើយ​ផ្ទុយ​ទៅវិញ វា​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ងាក​ទៅ​ពឹង​ពាក់​ប្រទេស​ចិន​កុម្មុយនីស្ត​កាន់តែ​ខ្លាំងឡើង។​

រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ជាច្រើន​នាក់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ ការ​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​ការរំលោភ​សិទ្ធិមនុស្ស​និង​សិទ្ធិ​សហជីព​ជាបន្តបន្ទាប់​ជាពិសេស​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​ចុងឆ្នាំ​២០១៧។​ ក្នុង​ចំណោម​អ្នក​រង​ទណ្ឌកម្ម​ពី​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក​ក្រោម​ច្បាប់​ Global MagnitskyAct មាន​ឧត្តមសេនីយ៍​យោធា​និង​ពាណិជ្ជករ​ដែល​ជិតស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក្នុង​នោះ​មាន​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង​ លោក​នាយឧត្តមសេនីយ៍ ​គន់ គីម​ និង​ក្រុមគ្រួសារ​និង​លោកឧកញ៉ា​ ទ្រី ភាព។

សភា​សហរដ្ឋ​អាមេរិក​ក៏​បាន​បង្កើន​ការពិនិត្យ​មើល​ការវិវត្ត​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដោយ​បាន​ស្នើ​ច្បាប់​ជាច្រើន​ដាក់​ទណ្ឌកម្ម​លើ​ផ្នែក​សេដ្ឋកិច្ច​ដល់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​និង​ជន​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​រំលោភ​បំពាន​ទាំងនេះ​ផង​ដែរ។​

​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​ខែ​កក្កដា​ គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក​បាន​អនុម័តសេចក្តី​ស្នើ​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២១ ​(S-3052) ​បន្ទាប់​ពី​មាន​ការ​ទន្ទឹង​រង់ចាំ​ជា​យូរ។

សេចក្តី​ស្នើច្បាប់​ S-3052​ ​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​លោក​ Ed Markey ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ Massachusetts ​កាលពី​ថ្ងៃទី​២១​ ខែតុលា ​ឆ្នាំ២០២១​ ក្នុង​គោលបំណង​លើក​កម្ពស់​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ច្បាប់​នេះ​ក៏​តម្រូវ​ឱ្យ​ដាក់ទណ្ឌកម្ម​បុគ្គល​ទាំងឡាយ​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ​ហាមឃាត់​ទិដ្ឋាការមិន​ឱ្យ​ចូល​សហរដ្ឋ​អាមេរិក​និង​ដកហូត​ទិដ្ឋាការ​ដែល​មាន​ស្រាប់។​

លោក ​Ed Markey បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រោយពី​ការ​អនុម័ត​ថា៖ «លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​បក្ខពួក​របស់​លោក​បាន​ទទួល​ខុសត្រូវ​លើការ​បង្រ្កាប​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ក្រុម​នយោបាយ​ជំទាស់​ ការ​និយាយ​ស្តី​ដោយ​សេរី ​និង​ផ្នែក​សារព័ត៌មាន​ ខណៈ​ពេល​ដែល​ប្រកាន់​យក​អំពើ​ពុករលួយ​ជា​អចិន្ត្រៃយ៍​ដោយ​ប្រជាជន​កម្ពុជា​ជា​អ្នករងគ្រោះ»។

រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

លោក Bob Menendez ​ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា៖ «ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​សម្បើម​ក្នុង​ការ​ជួយ​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​ស្ថាប័ន​ប្រជាធិបតេយ្យ​និង​ស្វែងរក​សន្តិភាព។ វាក៏​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​នេះ​ផងដែរ»។

សេចក្តី​ស្នើច្បាប់​ S-3052​ នេះ​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាម​ដាន​ពិនិត្យ​មើល​សកម្មភាព​របស់​យោធា​ចិន​នៅ​កម្ពុជា​ផងដែរ​ ក្នុង​នោះ​មាន​ការសាងសង់​ពង្រីក​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ​និង​នៅ​អាកាស​យានដ្ឋាន​តារាសាគរ​នៅ​ក្នុង​ខេត្ត​កោះកុង។ ការណ៍​នេះ​ដោយសារ​អ្នក​តាក់តែង​ច្បាប់​បារម្ភ​ថា​វា​អាច​នឹង​មាន​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់។ សេចក្តី​ស្នើច្បាប់​មួយ​ទៀត​ដែល​អម​នឹង​ច្បាប់​នេះ​ដែរ​និង​មាន​វិសាលភាព​ដូចគ្នា​គឺ​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០២១​(HR-4686)​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុននិង​កំពុងតែ​ស្ថិតនៅ​ក្នុង​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា។ សេចក្តី​ស្នើច្បាប់​នោះ​ស្នើ​ឡើង​ដោយ​លោក ​Steve Chabot សមាជិក​រដ្ឋសភា​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ ​Ohio និង​លោក​ Alan Lowenthal ​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ ​California។

លោក​ Charles Dunst​ អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល ​CSIS​ និង​ជា​អ្នកនិពន្ធ​មួយ​រូប​នៃ​របាយការណ៍​«ជនក្រៅ​សង្គម​ឬ​ជា​ដៃគូ? កា​របញ្ជាក់​ឱ្យ​ច្បាស់​ពី​គោលនយោបាយ​អាមេរិក​ចំពោះ​កម្ពុជា»​ បាន​ថ្លែង​ថា​ចំណាត់ការ​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​គឺ​ជា​ការ​បំពេញ​ចន្លោះ​ប្រហោង​ដោយសារ​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ពេល​អស់​ជាច្រើន​ឆ្នាំ​ដោយ​មិន​មាន​គោល​នយោបាយ​ច្រើន​ចំពោះ​កម្ពុជា​ទេ។

លោក​ Charles Dunst បាន​បន្ថែម​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា៖ «ប្រសិនបើ​សេចក្តី​ព្រាងច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​ វា​នឹង​តម្រូវ​ឱ្យ​សេតវិមាន​យ៉ាងហោចណាស់​ពិចារណា​លើ​ការដាក់​ទណ្ឌកម្ម​ដែល​មាន​កម្រិត​បន្ថែម​ទៀត ​និង​តាមដាន​យ៉ាង​ដិតដល់​នូវ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ ដែល​ទាំងពីរ​នេះ​នឹង​មិន​ធ្វើ​ឱ្យ​ទំនាក់ទំនង​មិនល្អ​ស្រាប់​រវាង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​កាន់តែ​ចុះខ្សោយ​នោះ​ទេ»។

មជ្ឈមណ្ឌល​ CSIS​ យល់​ថា​ វិធានការ​ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក​ដាក់​កន្លង​មក​ក៏​មិន​មាន​ប្រសិទ្ធភាព​និង​មាន​ផល​បញ្ច្រាស​វិញ។ ​ដូច្នេះ​សហរដ្ឋ​អាមេរិក​គួរតែ​ជៀសវាង​ការ​ដាក់​ទណ្ឌកម្ម​ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​របប។ មជ្ឈមណ្ឌល​ CSIS​ យល់​ថា​ សេចក្តី​ស្នើ​ច្បាប់​នានា​ដែល​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​ស្នើ​ឡើង​ដែល​មាន​ដូចជា​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា ​(Cambodia Trade Act) ដែល​ស្នើ​ឡើង​ដោយ​លោក​ Chris Coons​ សមាជិក​ព្រឹទ្ធសភាគណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ Delaware ​និង​លោក​ Ted Cruz សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ Texas​ដើម្បី​រឹតត្បិតឋានៈ​អនុគ្រោះ​ពន្ធ ​(GSP)​ នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ ​ហើយ​បែរ​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​កម្ពុជា​និង​មិន​អាច​ធ្វើ​កំណែទម្រង់​តាម​លទ្ធិប្រជាធិបតេយ្យ​ឡើយ។​

រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

របាយការណ៍​បាន​បន្ថែម​ថា៖ «ក្រុម​ឥស្សរជន​ដែល​ជា​មុខសញ្ញា​នឹង​ចូល​ទៅ​ឱប​រឹត​ចិន​ដែល​ជា​អ្នកផ្តល់​ផល​ប្រយោជន៍​កាន់តែ​ខ្លាំង​ឡើង​។​ អ៊ីចឹង​ហើយ​ពួកគេ​នឹង​ប្រើ​ឧបករណ៍​ផ្តាច់ការ​កាន់តែ​ច្រើនឡើង​ ដោយ​បង្កើត​ឱ្យ​មាន​វដ្ដ​នៃ​ការ​ដើរ​ថយក្រោយ»។

ក្នុង​វិធានការ​ដែល​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ បាន​ចាត់ការ​ជា​ការ​ឆ្លើយតប​នឹង​ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិកគឺ​ការ​អនុម័ត​យក​ច្រកចេញ​អ៊ីនធឺណិត​ជាតិ​ដែល​មាន​ការ​រឹតត្បិត​ ការ​បង្ក្រាប​លើ​សកម្មជន​បរិស្ថាន​និង​សហជីព​ និង​ការ​កាត់ទោស​អ្នកនយោបាយ​ប្រឆាំង។ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​មជ្ឈមណ្ឌល​ CSIS។​

មជ្ឈមណ្ឌល​ CSIS ​បាន​បន្ថែម​ថា៖ «ប្រសិនបើ​ទណ្ឌកម្ម​ដោយ​ផ្ទាល់​លើ​បុគ្គល​អ្នកធំ​ទទួល​បាន​ការវិវត្ត​លើ​ផ្នែក​សិទ្ធិមនុស្ស​ ឬ​អំពើ​ពុករលួយ​នៅ​កម្ពុជា​ ប្រហែល​ជា​មកដល់​ពេល​នេះ​យើង​ឃើញ​ជោគជ័យ​ហើយ»។

រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា​គោលនយោបាយ​ការបរទេស​កម្ពុជា​គឺ​ចង​មិត្ត​ជាមួយ​នឹង​គ្រប់​ប្រទេស​ជាពិសេស​គឺមិន​ចង់​ជ្រើសរើស​រវាង​ចិន​ឬ​សហរដ្ឋ​អាមេរិក​ទេ។

រូប​ឯកសារ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩។ (រូប​ផ្តល់​ឱ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា)

លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា​ ការ​មិន​យល់គ្នា​រវាងកម្ពុជា​និង​សហរដ្ឋ​អាមេរិក​គឺ​មាន​ជាច្រើន​ទសវត្សរ៍​មក​ហើយ៖ «អ្វី​ដែល​ខ្ញុំ​កត់សម្គាល់​គឺ​ថា​តាំងពី​ឆ្នាំ​៥០​ជាង​រហូតមកដល់​ឥឡូវនេះ​ យើង​អត់​បាន​ច្បាស់​ អត់​បាន​យល់​គ្នា។ មួយ​ជីវិត​របស់​ខ្ញុំ​អត់ឃើញ​អ្វី​ទៅ​ជា​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឱ្យ​កម្ពុជា​យល់​បាន​ហើយ​សហរដ្ឋ​អាមេរិក​ក៏​មិន​យល់​ច្បាស់​អំពី​ថា​តើ​ធ្វើ​យ៉ាងម៉េច​អំពី​កម្ពុជា​យើង។ អត់​យល់​ទាន់​ច្បាស់​ជាមួយ​គ្នា​នៅឡើយ​ទេ។ នយោបាយ​បរទេស​ហ្នឹង​គឺ​បរាជ័យ​រហូត រហូតដល់​ខ្ញុំ​កំពុងតែ​និយាយ​នេះ»។

លោក ផៃ​ ស៊ីផាន ​បន្ថែម​ថា​ អ្វី​ដែល​កម្ពុជា​មើល​ឃើញ​គឺ​ការ​ដាក់​ទណ្ឌកម្ម​ដែល​មិន​សមស្រប​តាម​ការវិវត្ត​នៃ​សម័យកាល៖ «ពិភពលោក​កំពុង​ចូល​មកដល់​សម័យកាល​នៃ​អ្វី​ទៅ​ជា​តម្លៃ​ប្រជាធិបតេយ្យ​ហើយ​នឹង​អ្វី​ទៅ​មិនមែន​ជា​ប្រជាធិបតេយ្យ​។ ពិភពលោក​កំពុង​តែ​ទទួលស្គាល់​ថា​ការ​ជឿនលឿន​នៃ​ឧត្តមភាព​សេដ្ឋកិច្ច​ ពិភពលោក​កំពុងតែ​យល់​ឃើញ​ថា​ពហុបក្ស​នៃ​កិច្ច​សហប្រតិបត្តិការ​គឺ​ល្អ​ដែល​មាន​ឧត្តមភាព»។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​យល់​ថា​ការយល់​ច្រឡំ​គ្នា​នេះ​មិន​ធំដុំ​ទេ​ហើយ​អាច​នឹង​មាន​ឱកាស​ជជែក​គ្នារក​ដំណោះស្រាយ​បាន​បើ​សហរដ្ឋ​អាមេរិក​សុខចិត្ត​ស្តាប់និង​ទទួល​យក​ការ​ពន្យល់​របស់​កម្ពុជា។

លោក សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា​អត់មាន​គំនិត​ចង្អៀត​ចង្អល់​ទេ​គឺ​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​ខ្លឹម​សារ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មិនមែន​យើង​មាន​ទំនាក់​ទំនង​ស្និត​រមួត​រវាង​កម្ពុជា​ចិន​ ជាមួយ​វៀតណាមជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ហើយ​យើង​ឈប់​ទំនាក់​ទំនង​ជាមួយ​លោក​ខាងលិច​ទេ។​ អត់​មាន​អ៊ីចឹង​ទេ»។

រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden បាន​ខិតខំ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​ដែល​កាន់តែ​កើន​ឡើង​និង​អាច​គំរាម​កំហែង​ដល់​ផលប្រយោជន៍​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់។ កាលពី​ពាក់​កណ្តាល​ខែឧសភា សេតវិមាន​បាន​អញ្ជើញ​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(អាស៊ាន)​ មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន ថ្លែង​ក្នុង​ពិធី​ទទួល​អាហារ​ពេលល្ងាច​រួម​គ្នា​រវាងប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​មេដឹកនាំ​អាស៊ាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)

ប៉ុន្តែ​ មជ្ឈមណ្ឌល ​CSIS ​យល់​ថា ការ​អញ្ជើញ​លោក​ហ៊ុន​សែន​មក​រដ្ឋធានី​វ៉ាស៊ីនតោន​ចូលរួម​កិច្ចប្រជុំ​កំពូល​នោះ​ដើម្បី​បង្ហាញ​ថា ​សហរដ្ឋ​អាមេរិក​យកចិត្ត​ទុកដាក់​និង​ជិតស្និទ្ធ​នឹង​អាស៊ាន​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ទល់​ចិន​ក៏​ជា​ការ​បង្កើត​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​មួយ​ដែរ​លើ​ជំហរ​របស់​អាមេរិក​ចំពោះ​កម្ពុជា​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន។ ការណ៍​នេះ​ដោយសារ​លោក​ហ៊ុន​ សែនមាន​ទំនោរ​ក្នុង​ការ​ដាក់​ឱ្យ​មហាអំណាច​ជល់​គ្នា​ដើម្បី​ទាញ​យក​ផលប្រយោជន៍។ ឆ្លងតាម​កាយវិការ​នេះ​លោក ហ៊ុន សែន​ រំពឹង​ថា​នឹង​មិន​មាន​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ដូចមុន​ឡើយ​សូម្បី​នៅ​ពេល​កម្ពុជា​លែង​ជា​ប្រធាន​ប្តូរ​វេន​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍(អាស៊ាន)។

យ៉ាងណាក៏ដោយ​ ក្រុម​អ្នកស្រាវជ្រាវយល់​ថា​ ការ​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ត្រូវមាន​លក្ខណៈ​យុទ្ធសាស្ត្រដោយមិន​ត្រូវ​ឱប​ក្រសោប​របប​របស់​លោក​ហ៊ុន​សែន​ទេ ហើយ​មាន​ឱកាស​ជាច្រើន​ដែល​សហរដ្ឋ​អាមេរិក​គួរតែ​ផ្តោត​ក្នុង​ការ​រឹតចំណង​មិត្តភាព​របស់​ប្រទេស​ទាំង​ពីរ​សម្រាប់​ពេល​ខាងមុខ។

មជ្ឈមណ្ឌល​ CSIS​ ស្នើ​ឱ្យ​អ្នក​តាក់តែង​គោលនយោបាយ​អាមេរិកាំង​ត្រូវ​បង្កើត​គោលនយោបាយ​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​និង​ស្ថាបនា​ចំពោះ​ប្រទេស​កម្ពុជា​ឱ្យ​ឆាប់​ដោយ​ផ្តោត​លើ​ការស្តារ​ការខូចខាត​ដែល​មាននៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​និង​រមណីយដ្ឋាន​តារាសាគរ​ ចូលរួម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន​សែន​ នៅ​កន្លែង​ណា​ដែល​ការ​ដាក់​ទណ្ឌកម្ម​នៅ​មាន​ចន្លោះ​ប្រហោង​ ដាក់ទុន​លើ​សារព័ត៌មាន​ភាសា​ខ្មែរ​ដែល​ឯករាជ្យ​ ពង្រីក​និង​ផ្សព្វផ្សាយ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​ ពង្រីក​ការចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ហួស​ពី​រាជធានី​ភ្នំពេញ ​ផ្តល់​មូលនិធិ​ដល់​សកម្មភាព​ដោះមីន​ និង​ចរចា​ស្វែងរក​ដំណោះស្រាយ​បំណុល​ជាង​៥០០​លាន​ដុល្លារ​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​តាំងពី​សម័យ​សង្គ្រាម​ជាដើម។

មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ​យល់​ថា​កិច្ចសហការ​ជាមួយ​នឹង​កម្ពុជា​គួរតែ​ធ្វើឱ្យ​បាន​ឆាប់​ព្រោះ​ការ​រង់ចាំ​ណា​មួយ​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ដែល​គេ​រំពឹង​ថា​នឹង​មាន​លោក ហ៊ុន ​ម៉ាណែត​ កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​ក៏​នៅ​មាន​ភាព​មិន​ទាន់​ច្បាស់លាស់។

លោក​ Charles Dunst​ បាន​បញ្ជាក់​បន្ថែម​ថា៖ «ការណ៍​ដែល​លោក ហ៊ុន ម៉ាណែត ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​យូរ បង្ហាញ​ថា ​គាត់​អាច​រក្សា​ភាព​ស្និទ្ធស្នាល​ផ្ទាល់ខ្លួន​ជាមួយ​នឹង​ទីក្រុង​វ៉ាស៊ីនតោន​ ជាង​ឪពុក​របស់​គាត់។ ប៉ុន្តែ​ប្រសិន​បើ​លោក ហ៊ុន ម៉ាណែត ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក​ទំនង​ជា​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ទាំង​សាធារណជន​ និង​ឥស្សរជន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នេះ​បង្ហាញ​ថា ​លោក​នឹង​ត្រូវ​ពឹង​លើ​ចិន ​ដើម្បី​ការគាំទ្រ​នយោបាយ។ លោក ហ៊ុន ម៉ាណែត​ ប្រហែលជា​ចូលចិត្ត​សហរដ្ឋ​អាមេរិក ​ប៉ុន្តែ​វា​ពិបាក​នឹង​ស្រមៃ​ថា​គាត់​ជា​នាយក​រដ្ឋមន្ត្រី​ ដែល​រៀបចំ​ទំនាក់​ទំនង​ការបរទេស​ឡើងវិញ​របស់​កម្ពុជា​ឱ្យ​បាន​ធំដុំ​ យ៉ាងហោចណាស់​ក៏​មិន​លឿន​ភ្លាមៗ​ដែរ»។

រូប​ឯកសារ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

គណបក្ស​សង្គ្រោះ​ជាតិ​យល់​ស្រប​នឹង​ការវាយតម្លៃ​របស់​មជ្ឈមណ្ឌល​ CSIS ​ថា​កម្ពុជា​បាន​ធ្លាក់​ចុះ​ខាង​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ​និង​ជា​កង្វល់​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក។ ​

អ្នកស្រី ​មូរ​ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គួរតែ​យក​ប្រទេស​កម្ពុជា​ជា​រឿង​អាទិភាព​ គឺ​មិនត្រឹម​តែ​ថា​ កម្ពុជា​មាន​វត្តមាន​ចិន​នៅ​លើ​ទឹកដី​ មាន​ទាំង​យោធា។ល។​ និង។ល។​ទេ។ ឥឡូវ​យើង​ឃើញ​មាន​ទៅ​ដល់​រឿង​ម៉ាហ្វីយ៉ា​ រឿង​ដូរ​លុយ​កខ្វក់​នៅ​កម្ពុជា។ នេះ​គឺ​ជា​កង្វល់​របស់​សហរដ្ឋ​អាមេរិក»។

ប៉ុន្តែ​អ្នកស្រី​ មូរ សុខហួរ​ យល់​ថា ​របាយការណ៍​ស្រាវជ្រាវ​នេះ​ផ្តល់​តម្លៃ​ខ្ពស់​ពេក​ដល់​លោក ​ហ៊ុន សែន ​ដែល​ចង់​ឱ្យ​យក​របប​របស់​លោក ហ៊ុន សែន​ ជា​ដៃគូ​និង​បន្ត​កិច្ចសហការ៖ «ខ្ញុំ​មិន​យល់​ឃើញ​ថា​ សហរដ្ឋ​អាមេរិក​គួរតែបន្ត​យក​របប​លោក​ ហ៊ុន សែន ​ធ្វើ​ជាដៃគូ​ហើយ​សង្ឃឹម​ថា​នឹង​អាច​កែទម្រង់​របប​លោក ​ហ៊ុន សែន ​បាន​ទេ។​ អត់​បាន​ទេ។ ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ធ្វើ​ ត្រូវ​តែ​បង្ហាញ​ឱ្យ​ច្បាស់​គឺ​ដូច​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជាមួយ​នឹង​អ៊ុយក្រែន​អ៊ីចឹង។ សហរដ្ឋ​អាមេរិក​ដាក់​ទុន​ទាំង​អស់​មក​ជួយ​អ្នក​ប្រជាធិបតេយ្យ​ ជួយ​ចលនា​អ្នក​ប្រជាធិបតេយ្យ​នៅ​គ្រប់​រូបភាព​ទាំងអស់​ជាពិសេស​លើ​ការ​បង្ក​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌»។

គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា​ទណ្ឌកម្ម​កន្លងមក​ដោយ​ផ្ទាល់​លើ​ឥស្សរជន​ធំៗ​ជុំវិញ​លោក​ ហ៊ុន សែន ​គឺ​មាន​ផល​ប៉ះពាល់​ដែរ​ដោយសារ​អ្នក​ទាំង​នោះ​លែង​ចេញ​មុខមាត់​សាធារណៈ​ច្រើន​ដូចមុន​ដើម្បី​បង្ហាញ​ឥទ្ធិពល​របស់ពួកគេ។

សហរដ្ឋ​អាមេរិក​អះអាង​ពី​ការ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជាបើ​ទោះជា​មាន​ការរិះគន់​ពី​អ្នក​ជំនាញ​អន្តរជាតិ​និង​ក្នុង​ពេល​ដែល​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា​រីកចម្រើន​ដល់​កម្រិត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក៏ដោយ។ ​

កញ្ញា ​Stephanie Arzate ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​តាម​សារ​អេឡិកត្រូនិក​ប្រាប់​វីអូអេ​ថា៖ «សហរដ្ឋ​អាមេរិក​នៅតែ​ប្តេជ្ញា​ជួយ​ពលរដ្ឋ​កម្ពុជា​និង​ក្តីប្រាថ្នា​របស់​ពួកគេ​ចង់បាន​ប្រទេស​មួយ​ដែល​ឯករាជ្យ​ ប្រជាធិបតេយ្យ​និង​រុងរឿង​ដែល​សំឡេង​ទាំងអស់​ត្រូវ​បាន​គេទទួល​ស្តាប់​និង​គោរព​និង​អធិបតេយ្យភាព​នៃ​ព្រះរាជាណាចក្រ​ត្រូវ​បាន​គោរព»។

ស្ថានទូត​សហរដ្ឋ​អាមេរិកបាន​បញ្ជាក់ថា ​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​នាំ​ទំនិញ​មក​លក់​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ហើយ​សព្វ​ថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​គឺ​ជា​ទីផ្សារ​នាំ​ចេញ​តែ​មួយ​ធំ​ជាង​គេ​របស់​កម្ពុជា។

កញ្ញា ​Arzate ​ក៏​បាន​បន្ថែម​ថា៖ «ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​យើង​គួរតែ​មាន​ផលប្រយោជន៍​ទៅវិញទៅមក​ តម្លាភាព​ តុល្យភាព​ និង​ប្រកាន់​ខ្ជាប់​នូវ​ស្តង់ដារ​ខ្ពស់​បំផុត​ រួម​ទាំង​សិទ្ធិ​ការងារ​ផងដែរ»។

ទោះបី​ជា​មាន​ការ​ដាក់​ទណ្ឌកម្ម​និង​ការ​ធ្លាក់ចុះ​ផ្នែក​សិទ្ធិមនុស្ស​ក៏ដោយ ក៏​ទំហំ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ។​ ក្នុង​ឆ្នាំ​២០១៧​កម្ពុជា​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៣,០៦​ពាន់​លាន​ដុល្លារ​និង​ក្នុង​ឆ្នាំ​២០២១​បាន​ឡើង​ដល់​៨,៧៤​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​ស្ថិតិ​ចងក្រង​ដោយ​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក៕