វ៉ាស៊ីនតោន — ក្រុមអ្នកជំនាញខាងភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ លើកឡើងថា សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន គួរតែបង្កើនការចូលប្រឡូករបស់ពួកគេបន្ថែមទៀត ដើម្បីតទល់នឹងការកើនឡើងកាន់តែខ្លាំងនូវឥទ្ធិពលរបស់ចិនក្នុងតំបន់នេះ តាមរយៈការទាក់ទាញសមានចិត្តពីពលរដ្ឋទូទៅ ដោយប្រើប្រាស់គម្រោងអភិវឌ្ឍន៍ដែលផ្តោតលើគុណភាព និងចងសម្ព័ន្ធភាពជាមួយប្រទេសក្នុងតំបន់ច្រើនថែមទៀត។
លោក David Shear អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌល Reischauer Center នៃសាកលវិទ្យាល័យ Johns Hopkins ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែតទល់នឹងឥទ្ធិពលចិនដែលកំពុងរីកកាន់តែខ្លាំងឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍។
«ជាបឋម យើងចាំបាច់ត្រូវបង្កើនការនាំមុខខាងការទូតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។យើងគួរតែផ្តល់ដល់សហគមន៍ការទូតរបស់យើងជាពិសេសក្រសួងការបរទេសនូវធនធានដែលពួកគេត្រូវការដើម្បីបន្តការទូតដែលស្វាហាប់និងគួរឲ្យជឿជាក់បាន»។
លោក David Shear បានថ្លែងដូច្នេះ នៅក្នុងវេទិកាពិភាក្សាមួយ តាមបណ្តាញអ៊ីនធឺណិត អំពីទំនាក់ទំនងសហរដ្ឋអាមេរិក ជប៉ុននិងតំបន់អាស៊ីអាគ្នេយ៍ ក្នុងយុគសម័យនៃការប្រជែងមហាអំណាច ដែលរៀបចំឡើងដោយមហាវិទ្យាល័យសិក្សាអន្តរជាតិជាន់ខ្ពស់ (School of Advanced International Studies ហៅកាត់ថា SAIS កាលពីពេលថ្មីៗនេះ។
ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី១ និងទី២ ក្នុងពិភពលោកបច្ចុប្បន្ន សហរដ្ឋអាមេរិកនិងចិន កំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងឡើងកម្តៅ ជាពិសេសដោយសារជម្លោះនៅដែនសមុទ្រចិនខាងត្បូង។
លោក David Shear ដែលជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាមផងដែរនោះ បានថ្លែងថា៖
«យើងក៏ត្រូវតែទទួលស្គាល់ថា ខណៈការរក្សាឥទ្ធិពលដែលធ្វើឲ្យគេញញើត និងសេរីភាពនាវាចរណ៍នៅតំបន់សមុទ្រចិនខាងត្បូងមានសារៈសំខាន់ ការនាំមុខខាងការទូត គឺជាគ្រឹះ។ យើងមិនអាចឈ្នះការដណ្តើមឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ ដោយការគ្រាន់តែបញ្ជូននាវាផ្ទុកយន្តហោះទៅដែនសមុទ្រចិនខាងត្បូងនោះទេ។ យើងត្រូវការយុទ្ធសាស្ត្រការទូតស៊ីសង្វាក់គ្នា ដែលបង្កើតឡើងដើម្បីទទួលបានឥទ្ធិពល ហើយការណ៍នេះត្រូវការការសម្របសម្រួលយ៉ាងម៉ត់ចត់ជាមួយប្រទេសជប៉ុន និងសម្ព័ន្ធមិត្តរបស់យើងដទៃទៀត»។
ក្រុមអ្នកវិភាគមើលឃើញថា ចាប់តាំងពីរើបឡើងវិញក្រោយចាញ់សង្គ្រាមលោកលើកទី២មក ប្រទេសជប៉ុន បានប្រើប្រាស់ការទូតទន់ភ្លន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីប្រកួតប្រជែងដណ្តើមឥទ្ធិពលជាមួយចិនយ៉ាងស្ងៀមស្ងាត់។
លោក Nobuhiro Aizawa សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Kyushu University ក្នុងប្រទេសជប៉ុននិងបច្ចុប្បន្នជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Wilson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងក្នុងវេទិកាពិភាក្សាថា ទាំងជប៉ុនទាំងសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែបង្កើនការចូលប្រឡូកថែមទៀត ដោយការជួយដោះស្រាយបញ្ហាវិសមភាពសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសក្រីក្រជាងគេក្នុងតំបន់ ដូចជាឡាវនិងកម្ពុជាជាដើម ដែលមនុស្សជាច្រើនមើលឃើញថា «កំពុងស្ថិតក្នុងកណ្តាប់ដៃរបស់ចិន» រួចទៅហើយនោះ»។
លោកថា ការណ៍ដែលប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយជាងគេក្នុងតំបន់នេះ ងាយនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃចិននេះ គឺដោយសារតែពួកគេគ្មានជម្រើសផ្សេង។
«ប្រទេសទាំងនេះ ត្រូវតែប្រើយុទ្ធសាស្ត្របែបហ្នឹង ដោយសារតែកង្វះការចូលប្រឡូករបស់ជប៉ុន ឬរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ប្រទេសទាំងនេះ គ្មានជម្រើសនយោបាយផ្សេងទេ ដូច្នេះបើជប៉ុននិងសហរដ្ឋអាមេរិកផ្តល់ជម្រើសនយោបាយ តម្រូវការគឺមានក្នុងតំបន់នោះ»។
«សហរដ្ឋអាមេរិក ព្យាយាមវិលត្រឡប់ទៅតំបន់អាស៊ីអាគ្នេយ៍វិញ ប៉ុន្តែគិតត្រឹមពេលនេះ ប្រទេសនេះ មិនមែនជាតួអង្គសំខាន់ទេ ហើយខ្ញុំនៅតែមន្ទិលថា តើសហរដ្ឋអាមេរិកនឹងអាចក្លាយជាតួអង្គសំខាន់ម្តងទៀតដែរ ឬអត់»
ក្រៅពីឥទ្ធិពលនយោបាយរបស់ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសចិនបានពង្រីកដែនឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនក្នុងតំបន់ តាមរយៈគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម ឬ Belt and Road Initiative ដែលហៅកាត់ថា BRI ដែលមានទឹកប្រាក់ ១ លានលាន ឬទ្រីលានដុល្លារអាមេរិក និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឬ Asian Infrastructure Investment Bank ដែលហៅកាត់ថា AIIB ចាប់ពីឆ្នាំ ២០១៣ មក។
នៅឆ្នាំ ២០១៨ សហរដ្ឋអាមេរិក ក៏បានបង្កើតគម្រោងគាំទ្រហិរញ្ញវត្ថុថ្មីមួយឈ្មោះថា US International Development Finance Corporation ដែលមានទឹកប្រាក់ចំនួន ៦០ ពាន់លានដុល្លារ ជាផ្នែកមួយនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វ្រិករបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយចិននៅជុំវិញពិភពលោក។
ប៉ុន្តែ លោក Karl Jackson សាស្ត្រាចារ្យខាងការសិក្សាតំបន់អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Johns Hopkins មានប្រសាសន៍ក្នុងវេទិការពិភាក្សានោះថា សហរដ្ឋអាមេរិក មិនទាន់ក្លាយជាគូប្រជែងឥទ្ធិពលពេញលេញមួយក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឡើយទេ ចាប់តាំងពីការធ្លាក់ចុះអំណាចយោធាក្នុងតំបន់នេះ នៅក្រោយការដកខ្លួនរបស់ប្រទេសមហាអំណាចមួយនេះចេញពីសង្គ្រាមវៀតណាម ក្នុងទសវត្សរ៍ ១៩៧០ មកនោះ។
«សហរដ្ឋអាមេរិក ព្យាយាមវិលត្រឡប់ទៅតំបន់អាស៊ីអាគ្នេយ៍វិញ ប៉ុន្តែគិតត្រឹមពេលនេះ ប្រទេសនេះ មិនមែនជាតួអង្គសំខាន់ទេ ហើយខ្ញុំនៅតែមន្ទិលថា តើសហរដ្ឋអាមេរិកនឹងអាចក្លាយជាតួអង្គសំខាន់ម្តងទៀតដែរ ឬអត់»។
តំបន់អាស៊ីអាគ្នេយ៍មានចំនួនពលរដ្ឋច្រើនជាងគេលំដាប់ទី ៣ ក្នុងពិភពលោក ដោយមានពលរដ្ឋសរុបចំនួន ៦៥០ លាននាក់ ហើយមានផលិតផលសរុប GDP រួមគ្នាដល់ទៅ ២.៨ លានលានដុល្លារ ហើយក៏ជាតំបន់មានភូមិសាស្ត្រនយោបាយ ទាក់ទាញក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធា សន្តិសុខ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម។
ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ីអាគ្នេយ៍ តួអង្គប្រកួតប្រជែងសំខាន់ៗ គឺមានតែប្រទេសចិនតាមរយៈគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម និងប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ជប៉ុន JICA(Japan International Cooperation Agency)។ នេះបើយោងតាមក្រុមអ្នកជំនាញ។
លោកបណ្ឌិត រ៉ូ វណ្ណៈ អ្នកជំនាញភូមិសាស្ត្រនយោបាយនិងជាសហស្ថាបនិកវិទ្យាស្ថានកម្ពុជាដើម្បីលទ្ធិប្រជាធិបតេយ្យ មានប្រសាសន៍ប្រាប់វីអូអេក្នុងបទសម្ភាសន៍ថា ការប្រកួតប្រជែងដណ្តើមឥទ្ធិពល «ដោយស្ងៀមស្ងាត់» របស់ជប៉ុនជាមួយចិន ក្នុងបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ធ្វើឡើងតាមរូបភាពគម្រោងអភិវឌ្ឍន៍ ដោយសារប្រជាជនក្នុងតំបន់នេះ ចូលចិត្តគម្រោងអភិវឌ្ឍន៍របស់ជប៉ុន ជាងគម្រោងអភិវឌ្ឍន៍របស់ចិន។
«ជប៉ុនដើរតួនាទីយ៉ាងសំខាន់ ដោយធ្វើតុល្យភាពជាមួយចិនដោយស្ងាត់ស្ងៀម មិនឲ្យប្រទេសកម្ពុជា ឬប្រទេសអាស៊ាន រើសរវាងជប៉ុននិងចិនទេ ប៉ុន្តែក្នុងរូបភាពដដែលហ្នឹងទេ គឺក្នុងរូបភាពស្រទន់។ ការប្រជែងក្នុងការអភិវឌ្ឍរវាងជប៉ុននិងចិនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចគ្នាទៅលើវិស័យវិនិយោគដូចគ្នា ប៉ុន្តែជប៉ុនគាត់បង្ហាញថា គម្រោងរបស់ជប៉ុន គឺមានគុណភាព មានតម្លាភាព មានគណេយ្យភាព មានការចូលរួមទូលំទូលាយរបស់ពលរដ្ឋ វាខុសពីគម្រោងរបស់ចិន»។
«បើសហរដ្ឋអាមេរិកចង់ពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ខ្ញុំគិតថាអាមេរិកចាំបាច់ត្រូវតែប្រកួតជាមួយចិនក្នុងតំបន់ដោយផ្ទាល់គឺផ្នែកសេដ្ឋកិច្ចដែលមានសារៈសំខាន់បំផុត»
លោកថ្លែងបន្តថា យុទ្ធសាស្ត្ររបស់ជប៉ុនក្នុងការប្រជែងឥទ្ធិពល គឺការចាប់យកសមានចិត្តពីពលរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចិនចាប់យកតែមេដឹកនាំនៃប្រទេសក្នុងតំបន់ ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍របស់ខ្លួន។
លោកបណ្ឌិត រ៉ូ វណ្ណៈ មានប្រសាសន៍បន្ថែមថា ការប្រកួតប្រជែងដណ្តើមឥទ្ធិពលរបស់ជប៉ុនក្នុងតំបន់នេះ ក៏ធ្វើឡើងក្នុងបរិបទ ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយដែរ។
«យើងដឹងថា ជប៉ុនគឺជាភ្នែកជាច្រមុះរបស់សហរដ្ឋអាមេរិកនៅក្នុងការប្រជែងជាមួយចិន នៅក្នុងតំបន់អាស៊ានហ្នឹងដូចគ្នា»។
ប្រទេសមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិកនិងចិន ក៏កំពុងប្រជែងឥទ្ធិពលនៅក្នុងអនុតំបន់មេគង្គផងដែរ តាមរយៈវត្តមាននៃគម្រោងសហប្រតិបត្តិការមេគង្គ-ឡានឆាង និងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក។
លោក Sebastian Strangio អ្នកកាសែតនិងអ្នកនិពន្ធសៀវភៅថ្មីមួយ ដែលមានចំណងជើងថា «In the Dragon's Shadow: Southeast Asia in the Chinese Century» ឬ«នៅក្រោមស្រមោលនាគ៖ អាស៊ីអាគ្នេយ៍ក្នុងសតវត្សន៍ចិន» បានថ្លែងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវផ្តោតទៅលើតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទទួលបានឥទ្ធិពលរបស់ខ្លួនក្នុងតំបន់នោះឡើងវិញ។
«បើសហរដ្ឋអាមេរិកចង់ពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ខ្ញុំគិតថាអាមេរិកចាំបាច់ត្រូវតែប្រកួតជាមួយចិនក្នុងតំបន់ដោយផ្ទាល់គឺផ្នែកសេដ្ឋកិច្ចដែលមានសារៈសំខាន់បំផុត»។
លោកបានថ្លែងដូច្នេះនៅក្នុងវេទិការពិភាក្សាមួយ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល Stimson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០។ លោក Sebastian Strangio បន្ថែមថា ការលើកឡើងតែអំពីបញ្ហារំលោភសិទ្ធិមនុស្សក្នុងតំបន់នោះ នឹងមិនគ្រប់គ្រាន់ឡើយ។
«ការណ៍ធ្វើបែបនេះ ជួនកាលដាក់សម្ពាធលើរដ្ឋាភិបាលក្នុងតំបន់ ហើយវាធ្វើឲ្យរំញោចអារម្មណ៍ប្រឆាំងនឹងអាណានិគម ដែលបានរុញច្រានប្រទេសទាំងនេះទៅរកចិន ក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ។ ដូចខ្ញុំលើកឡើងក្នុងសៀវភៅរបស់ខ្ញុំស្រាប់ថា ទំនិញនាំចេញដែលគេត្រូវការបំផុតមួយពីចិន គឺការការពារពីការដាក់សម្ពាធពីបស្ចិមប្រទេស ពោលគឺខែលរងសម្ពាធសេដ្ឋកិច្ច និងការទូតរបស់បស្ចិមលោក»។
លោកស្រី Yun Sun នាយិកាកម្មវិធីស្តីពីប្រទេសចិននៃមជ្ឈមណ្ឌល Stimson Center បានអត្ថាធិប្បាយក្នុងវេទិកាពិភាក្សារបស់អង្គការរបស់អ្នកស្រីថា ចិនបានពិនិត្យមើលឡើងវិញនូវមហិច្ឆាតានៃគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្ម (BRI) របស់ខ្លួន ដោយសារផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ១៩ផង និងដោយសារកិត្តិនាមមិនល្អនៃ «ការទូតអន្ទាក់បំណុល» ដែលបានធ្វើឲ្យប្រទេសខ្លះសម្រេចចិត្តលុបចោល ឬចរចារគម្រោងអភិវឌ្ឍន៍ជាមួយចិនឡើងវិញផង។
«ពេលដែលការទូតអន្ទាក់បំណុល មិនមែនជាវិធីសាស្ត្រដ៏ល្អនោះ ដោយសារដូចជាក្នុងករណីកំពង់ផែ Hambantota នៅស្រីលង្ការស្រាប់ វាបង្កឲ្យមានមន្ទិលនិងការសង្ស័យកាន់តែច្រើនឡើង អំពីគោលបំណងរបស់ចិនក្នុងការឲ្យប្រទេសក្នុងគម្រោង BRI ខ្ចីលុយច្រើនបែបនេះ»។
លោក David Shear អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសកលវិទ្យាល័យ Johns Hopkins និយាយថាសហរដ្ឋអាមេរិក ចាំបាច់ត្រូវប្រកួតជាមួយចិន ដោយផ្តោតលើគុណតម្លៃរបស់អាមេរិកជាចម្បង។
«ប្រាកដណាស់ ចិនកំពុងបណ្តុះពួកវរជនក្នុងស្រុក ហើយវាច្បាស់លាស់ហើយថា ពួកគេប្រើប្រាស់ការសូកប៉ាន់ដោយមានជំនួយពីគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម។ យើងត្រូវតែអាចមានលទ្ធភាពតបតវិញ ដោយប្រើវិធីសាស្ត្រដែលស្របនឹងគុណតម្លៃរបស់យើង។ យើងត្រូវតែសហការជាមួយក្រុមវរជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈយើងក៏បណ្តុះសាធារណមតិទូទៅផងដែរ»។
«ដូច្នេះក្នុងបរិបទនេះនិងទៅអនាគត ខ្ញុំគិតថា អាស៊ាននឹងមិនងាកទៅរកអាមេរិកដើម្បីទប់ទល់ជាមួយចិននោះទេ ហើយក៏មិនងាកទៅចិនដើម្បីទប់ទល់ជាមួយអាមេរិកនោះទេ គឺនៅកណ្តាលហ្នឹងតែម្តង»
លោក Nobuhiro Aizawa សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Kyushu University និយាយថាវិធីសាស្ត្រដ៏ល្អមួយដែលជប៉ុននិងសហរដ្ឋអាមេរិកអាចធ្វើបាន គឺការផ្តល់ជម្រើសដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើគម្រោងអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់។
«ចិននឹងអនុវត្តគម្រោងដោយប្រើប្រាស់ក្រុមចិនសុទ្ធ ប៉ុន្តែខ្ញុំគិតថា ជប៉ុននិងសហរដ្ឋអាមេរិក មិនមានក្រុមធំបែបហ្នឹងទេ។ ដូច្នេះ យើងពិតជាចាំបាច់ត្រូវតែចងសម្ព័ន្ធជាមួយគ្នា ជាពិសេសយើងត្រូវស្វែងរកដៃគូគ្រប់ពេល អាចជាសម្ព័ន្ធអាមេរិក ជប៉ុននិងប្រទេសអាស៊ីអាគ្នេយ៍មួយ ឬពីរ ដែលចង់រុញគម្រោងរបស់ពួកគេទៅមុខ។ ខ្ញុំគិតថា សម្ព័ន្ធភាពថ្មីបែបនេះ គឺពិតជាក្លាយជាតួអង្គជួរមុខ ហើយវាពិតជាគួរឲ្យទាក់ទាញ និងផ្តល់ផលប្រយោជន៍ខ្លាំងណាស់»។
មេដឹកនាំកំពូលរបស់ជប៉ុនមុននាយករដ្ឋមន្ត្រីថ្មី លោក Yoshihide Suga សុទ្ធតែបានចូលប្រឡូកដោយផ្ទាល់ក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលនានាក្នុងតំបន់នោះ។
លោក David Shear ដែលជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម និយាយថា សហរដ្ឋអាមេរិកគួរតែបង្កើនការចូលប្រឡូករបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យដល់កម្រិតនយោបាយកំពូលផងដែរ។
«យើងក៏នឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតចំពោះតំបន់នោះក្នុងកម្រិតខ្ពស់បំផុត។ ជាការចាប់ផ្តើម ប្រធានាធិបតី ឬក៏អនុប្រធានាធិបតី គួរតែធ្វើទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ក្នុងរដ្ឋបាលថ្មី។ យើងក៏គួរតែធានាថា ប្រធានាធិបតីថ្មី នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូល APEC (Asia-Pacific Economic Cooperation) ជារៀងរាល់ឆ្នាំផងដែរ»។
សហរដ្ឋអាមេរិក គ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ។
តែទោះជាយ៉ាងនេះក្តី លោកបណ្ឌិត ឈាង វណ្ណរិទ្ធិ អ្នកវិភាគក្នុងតំបន់អាស៊ីអាគ្នេយ៍និងជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី មានប្រសាសន៍ថា បណ្តាប្រទេសអាស៊ានសុទ្ធតែចង់រក្សាអធិបតេយ្យភាពរៀងៗខ្លួន ហើយក្នុងក្របខណ្ឌតំបន់ ពួកគេក៏មិនចង់រើសមហាអំណាចមួយ ហើយផាត់មហាអំណាចមួយទៀតចោលនោះទេ។
«ដូច្នេះក្នុងបរិបទនេះនិងទៅអនាគត ខ្ញុំគិតថា អាស៊ាននឹងមិនងាកទៅរកអាមេរិកដើម្បីទប់ទល់ជាមួយចិននោះទេ ហើយក៏មិនងាកទៅចិនដើម្បីទប់ទល់ជាមួយអាមេរិកនោះទេ គឺនៅកណ្តាលហ្នឹងតែម្តង»។
លោកបន្ថែមថា ប្រសិនបើអាស៊ានងាកទៅរកមហាអំណាចណាមួយ នោះប្លុកនេះនឹងមានការបែកបាក់គ្នាដែលនឹងនាំទៅដល់គ្រោះថ្នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងតំបន់អាស៊ីប៉ាស៊ីកហ្វិកទាំងមូល៕