ការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី អេលីហ្សាបេត្យទី២ (Elizabeth II) បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល តែនឹងមិនមានឥទ្ធិពលអាក្រក់លើនយោបាយនៅចក្រភពអង់គ្លេសនោះទេ។ នេះជាការកត់សម្គាល់របស់អ្នកជំនាញខាងកិច្ចការនយោបាយ និងអ្នកវិភាគនៅប្រទេសកម្ពុជា។ អ្នកតាមដានក្នុងប្រទេសកម្ពុជាយល់ថាការសោយទិវង្គតរបស់មហាក្សត្រិយានីដែលគ្រងរាជ្យសម្បត្តិ ៧០ ឆ្នាំមកហើយ ជាការបាត់បង់មេដឹក នាំឆ្នើមរបស់ពិភពលោក។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ទាំងនយោបាយ និងរាជកិច្ចរបស់ខ្សែរាជវង្សរបស់ចក្រភពអង់គ្លេសនឹងនៅនឹង គ្មានការរំជើបរំជួល ដោយសារប្រព័ន្ធនយោបាយនៅប្រទេសមហាអំណាចរបស់អឺរ៉ុបមួយនេះ មានរចនាសម្ព័ន្ធប្រព័ន្ធរឹងមាំ និងមិនផ្តេកផ្តួលលើឥទ្ធិពលបុគ្គល។
លោក ឯម សុវណ្ណារ៉ា ថ្លែងថា៖ «នៅក្នុងលោកខាងលិចហ្នឹង វាមានប្រព័ន្ធគ្រប់គ្រងរឹងមាំ មិនពឹងផ្អែកទៅលើប្រព័ន្ធគ្រប់គ្រងបែបបុគ្គលទេ គឺជាប្រព័ន្ធទៅហើយ អីចឹងវាអត់មានអ្វីប្រែប្រួលច្រើនទេបាទ»។
បើតាមលោក ឯម សុវណ្ណារ៉ា ការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី២ នឹងមិនបង្កភាពរំជើបរំជួលណាមួយមកលើប្រព័ន្ធនយោបាយនៅប្រទេសជាសមាជិក Commonwealth ឬទំនាក់ទំនងអង់គ្លេសនិងរដ្ឋផ្សេងទៀត តែជាការបាត់បង់វីរជនដ៏ឆ្នើមមួយរូប។
លោក ឯម សុវណ្ណារ៉ា បន្ថែមថា៖ «អត់ឧបសគ្គអីទេ គ្រាន់តែយើងរួមចំណែកការសោកស្តាយនូវអ្វីដែលជាគេហៅថា វីរជនដ៏ល្អៗនៅលើលោកនេះ។ អីចឹង នៅពេលដែល ព្រះមហាក្សត្រិយានីសុគតទៅហ្នឹង ធ្វើឱ្យមហាជននៅលើសាកលលោកទាំងអស់មានការសោកស្តាយ ពីព្រោះវាមិនប៉ះពាល់ ឬក៏រំជើបរំជួលទៅដល់ទំនាក់ទំនងរដ្ឋនិងរដ្ឋទេ»។
អ្នកជំនាញវិទ្យាស្រាស្ត្រនយោបាយរូបនេះឱ្យដឹងទៀតថា ក្រោមព្រះរាជបល្ល័ង្ករបស់ព្រះមហាក្សត្រិយានី Elizabethទី២ ចក្រភពអង់គ្លេសបានជួយឱ្យកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
លោកថ្លែងថា៖ «អង់គ្លេសក៏ជាប្រទេសមួយនៅក្នុងចំណោមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែររហូតមកដល់ក្រោយកិច្ចព្រមព្រៀងទីក្រុងរហូតដល់បច្ចុប្បន្នហ្នឹង ក៏ជាប្រទេសមួយដែលកម្ពុជានាំទំនិញចេញទៅប្រទេសអង់គ្លេសបានខ្ទង់ប្រាំពីរ ប្រាំបីភាគរយដែរនៃទំនិញដែលយើងនាំចេញទីផ្សារអឺរ៉ុប។ ដូច្នេះ កម្ពុជាទទួលបានផលប្រយោជន៍ច្រើន ពីអង់គ្លេសគួរសមដែរ ហើយមានការគាំទ្រពីផ្នែកការទូតគួរសមដែរ ពីអតីតកាលរហូតដល់បច្ចុប្បន្ន ដូចជាពុំទាន់មានបញ្ហាណាមួយល្អក់កករច្រើនទេក្នុងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអង់គ្លេស»។
នៅកម្ពុជា ស្ថានទូតអង់គ្លេសកំពុងធ្វើការជាមួយកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំ សុខភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស អភិបាលកិច្ចល្អ ការដោះមីន និងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៩៦ ព្រះវស្សា លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន បានលើកឡើងថាការដឹកនាំ និងការលះបង់ពេញមួយជីវិតរបស់ព្រះមហាក្សត្រិយានីគឺជា «ឧទាហរណ៍មួយសម្រាប់គ្រប់ប្រជាជាតិទាំងអស់។ ក្រោមការគ្រប់គ្រងរបស់ទ្រង់ ចក្រភពអស់គ្លេសបានឆ្លងកាត់ឧបសគ្គធំៗជាច្រើន និងទទួលបានសុខដុមរមនាក្នុងស្ថិរភាពដ៏យូរអង្វែង»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២២ ដែលបានដកស្រង់សម្តីរបស់លោក លី ធុជ។
Your browser doesn’t support HTML5
ព្រះបរមរាជវាំង Buckingham បានប្រកាសឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ព្រះមហាក្សត្រិយានី Elizabeth ទី២ បានសោយទិវង្គតក្នុងព្រះជន្មាយុ ៩៦ព្រះវស្សានៅព្រះរាជដំណាក់ Balmoral របស់ព្រះអង្គ ដែលស្ថិតនៅប្រទេសស្កុតលែន។
បើតាមសេចក្តីប្រកាសរបស់ព្រះបរមរាជវាំង Buckingham ព្រះមហាក្សត្រីបានសោយទិវង្គតដោយស្ងប់នៅព្រះរាជដំណាក់ Balmoral នារសៀលថ្ងៃព្រហស្បតិ៍។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ ជាព្រះមហាក្សត្រិយដែលបានសោយរាជ្យដ៏យូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រព្រះរាជវង្សរបស់ចក្រភពអង់គ្លេស។ គិតត្រឹមឆ្នាំ២០២២នេះ ព្រះមហាក្សត្រិយានីបានគ្រប់គ្រងព្រះរាជវង្សនេះរយៈពេល ៧០ឆ្នាំ។ ព្រះមហាក្សត្រិយានីត្រូវបានប្រជាជនអង់គ្លេសស្គាល់ថា ជានិមិត្តរូបនៃប្រទេសអាណាចក្រ និងប្រជាជាតិ។ ព្រះមហាក្សត្រិយានីក៏ជានិមិត្តរូបនៃថាមពល និងលក្ខណៈសម្បត្តិរបស់ចក្រភពអង់គ្លេសដែរ។
អ្នកវិភាគនយោបាយ លោក សេង សារី យល់ថា ការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ ជាការបាត់បង់មេដឹកនាំជាស្ត្រីដែលផ្តោតលើការទទួលខុសត្រូវក្នុងតួនាទីជាសេ្តច ច្រើនជាងការប្រកាន់យក«ប្រយោជន៍សួនតួនិយម»។
លោក សេង សារី ប្រាប់វីអូអេថា៖ «ព្រះនាងគឺជាព្រះមហាក្សត្រិយានីម្នាក់ដែលត្រូវបានគោរពនៅក្នុងគោលការណ៍រាជវង្សរបស់ចក្រភពអង់គ្លេស ក៏ដូចជាបណ្តាសមាជិកនៃប្រទេស Commonwealth ទាំងអស់។ ហើយព្រះនាងត្រូវបានមើលឃើញថាជាព្រះមហាក្សត្រិយានីដែលយកតួនាទីជាចម្បង ជាគោល ជាអាទិភាព ហើយអារម្មណ៍ ឬកិច្ចការងារផ្ទាល់ខ្លួនហ្នឹងជារឿងទីពីរ»។
លោកបន្ថែមថា៖ «ដូច្នេះហើយយើងឃើញថាការចាកចេញ ឬក៏ការបាត់បង់ឬក៏ការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ នេះ វាជាការបង្ហាញនូវភាពសោកសៅ ទូទាំងពិភពលោកហើយក៏ជាការចាកចេញដោយភាពស្ងៀមស្ងាត់សម្រាប់ពិភពលោកដែរបាទ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបង្ហាញការសោកស្តាយនៃការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី២។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «ចំពោះខ្ញុំជាជីវិតឯកជន ខ្ញុំមានការសោកស្តាយ ពីព្រោះជាជីវិតរបស់ព្រះរាជវង្សមួយនៃប្រទេសជាមិត្តរបស់យើង។ ខ្ញុំក៏សុំថ្លែងនូវការចូលរួមមរណទុក្ខ ជាមួយនឹងប្រជាពលរដ្ឋអង់គ្លេសដែរ ចំពោះការបាត់បង់ព្រះមហាក្សត្រីនេះ។ អាហ្នឹង គឺយើងគ្មានអ្វីក្រៅពីការសោកស្តាយ ហើយការសោកស្តាយនេះ គឺស្ថិតនៅក្នុងរង្វង់នៃមិត្តល្អ រវាងកម្ពុជានិងប្រទេសអង់គ្លេស»។
នៅក្នុងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ លោក ផៃ ស៊ីផាន បញ្ជាក់ជាថ្មីថាអង់គ្លេសជា «មិត្តល្អ» របស់កម្ពុជា ទោះបីជាមានឧបសគ្គមួយចំនួនជាមួយនឹងបញ្ហាពាណិជ្ជកម្មក្តី។ លោកថា អង់គ្លេសបានជួយកម្ពុជាក្នុងវិស័យមួយចំនួនទៀត ក្នុងនោះគឺការកម្ចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះចេញពីកម្ពុជាផងដែរ។
មុនសោយទិវង្គត ព្រះមហាក្សត្រិយានី Elizabeth ទី២ បានទទួលជួបអ្នកស្រី Liz Truss នៅពេលដែលអ្នកស្រីចូលក្រាបបង្គំគាល់ ដើម្បីទទួលបានការតែងតាំងជាផ្លូវការជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស។
ព្រះមហាក្សត្រិយានី Elizabethទី២ បានប្រសូតនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ១៩២៦ ក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។ ព្រះមហាក្សត្រិយានីត្រូវបានគេនិយាយថា មានការយល់ដឹងអំពីការទទួលខុសត្រូវដ៏គួរឱ្យកត់សម្គាល់តាំងពីនៅវ័យកុមារភាព៕