អ្នក​ជំនាញ​បារម្ភ​នឹង​ភាព​គ្មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​មុខ​វិជ្ជា​វិទ្យាសាស្ត្រពិត​

Figura en papel maché de Peer Steinbrueck, el principal candidato del patido Social Democrata de Alemania, como parte de un carnaval en la ciudad de Mainz.

ចំណេះ​ដឹង​ខាងគណិត​វិទ្យា និង​វិទ្យាសាស្ត្រពិត ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​សារៈសំខាន់​ក្នុង​ការ​រុញ​ច្រាន​ប្រទេស​មួយ​ឲ្យ​អភិវឌ្ឍ​ជឿនលឿន។ ប៉ុន្តែ​ នៅ​កម្ពុជា អ្នក​ជំនាញ​ មើល​ឃើញ​ថា ​ប្រជាពលរដ្ឋ​ខ្មែរភាគ​ច្រើន ហាក់​មិន​សូវ​ចាប់​អារម្មណ៍​លើ​មុខវិជ្ជា​ទាំង​នេះទេ។

ក្រុម​អ្នក​ឯក​ទេស​ខាង​គណិត​វិទ្យា​ បាន​លើកឡើង​ថា ការ​សិក្សា​ខាង​គណិតវិទ្យា និង​វិទ្យា​សាស្ត្រ ហាក់​នៅ​មិន​ទាន់​មាន​លក្ខណៈ​ផុល​ផុស​ខ្លាំង​នៅ​ឡើយនៅ​កម្ពុជា ដោយសារ សាធារណៈជន​ខ្មែរជាច្រើន​ទំនង​ជា​ពុំ​ទាន់​យល់​ច្បាស់​អំពី​សារៈសំខាន់​នៃ​ចំណេះ​ដឹងទាំង​នេះ។

លោកបណ្ឌិត ច័ន្ទ​ រ័ត្ន ប្រធាន​សហគមន៍​អ្នក​គណិត​វិទ្យា​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាស​ន៍​ជាមួយវីអូអេ​ខ្មែរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា សិស្ស និស្សិត​ខ្មែរ​ជា​ច្រើន​នៅ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការសិក្សា​មុខវិជ្ជា​ទាំង​នេះ ដោយសារ​ពួកគេ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​មុខ​វិជ្ជា​ទាំង​នេះ​ នឹង​ជួយ​ពួកគេ​បាន​យ៉ាង​ដូចម្តេច​ខ្លះ​នៅ​ក្នុង​ពេល​អនាគត។ លោក​បានបន្ត​ទៀត​ថា៖

«គេ​ដឹង​ថា អាហ្នឹង​មាន​សារៈ​សំខាន់​ណាស់ គេ​ឆ្លើយ​សឹង​តែ​៩៨% ហើយប៉ុន្តែ​ពេល​សួរ​ថាតើ​ប្អូន​មាន​បំណង​រៀន​មុខវិជ្ជា​គណិត​វិទ្យាទេ គេថាហ្អេ ដល់​អា​បញ្ហា​ហ្នឹង​គឺគេ​ហាក់​ដូច​ជា​មាន​ការ​រារែក»។

លោកច័ន្ទ រ័ត្ន បណ្ឌិត​ផ្នែក​គណិត​វិទ្យាពី​ប្រទេស​រុស្សី មាន​ប្រសាសន៍​បន្ថែមថា បើ​ទោះ​ជា​បច្ចុប្បន្ន កម្មវិធីសិក្សា​លើ​មុខវិជ្ជា​ទាំងនេះ​ត្រូវ​បាន​កែលម្អបាន​ច្រើន​ក៏​ដោយ ក៏​ការ​សិក្សា​មុខវិជ្ជា​ទាំងនេះ ​នៅ​ខ្វះ​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ងារ​ជាក់ស្តែង​នៅ​ក្នុង​សង្គម​នៅ​ឡើយ ពោល​គឺ​រៀន​បាន​ត្រឹម​តែ​ទ្រឹស្តី​ប៉ុណ្ណោះ។ លោក​ថ្លែង​ថា៖

«កម្មវិធី​សិក្សាយើង​ពេលខ្លះ​ វា​អត់​បាន​ឆ្លើយ​តប​ទៅ​នឹងជីវភាព​ប្រចាំ​ថ្ងៃ ពី​តម្រូវការ​ថា​យើង​រៀន​ហ្នឹង ចេះ​អាហ្នឹង​ដើម្បី​អី ទៅ​ប្រើ​នៅ​ឯ​ណា​អី​ឯណា»។

ការ​អប់រំ​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ពិត ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​គ្រឺះ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍខួរក្បាល​មនុស្ស​ឲ្យ​មាន​សមត្ថភាព​ខាង​ការ​គិត​ គណនា​ ​វិភាគ ​ដោះស្រាយ​បញ្ហា​ និង​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ។

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា បណ្តា​ប្រទេស​ជឿនលឿន​ភាគ​ច្រើន​នៅ​លើពិភពលោក គឺសុទ្ធសឹង​តែ​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ពលរដ្ឋ​ដែល​មាន​សមត្ថភាព ​និង​ចំណេះដឹងខ្ពស់​ខាង​គណិត​វិទ្យា​និង​វិទ្យាសាស្ត្រ ជា​ឧទាហរណ៍ សហរដ្ឋ​អាមេរិក​ បារាំង​ អង់គ្លេស និង​ជប៉ុន​ជាដើម។

លោក បណ្ឌិត​ ច័ន្ទ រ័ត្ន មាន​ប្រសាសន៏​ថា ការ​ពង្រឹងការ​អប់រំ​គណិត​វិទ្យា និង​វិទ្យាសាស្ត្រ​នេះ គឺ​ជា​កត្តា​ចម្បង​ក្នុង​ការជួយរុញច្រាន​ប្រទេស​កំពុង​អភិវឌ្ឍ ដូចជាកម្ពុជា​នេះ​ ឲ្យ​ក្លាយ​ជា​ប្រទេស​ជឿនលឿនដូចបណ្តា​ប្រទេស​អភិវឌ្ឍ​ដទៃទៀត​ដែរ។ ទាក់ទិន​នឹង​រឿង​នេះ លោកបណ្ឌិត​ច័ន រ័ត្ន ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អញ្ចឹង​ហើយ បាន​ជា​ជំរុញ​ឲ្យ​បុគ្គលិកគេ ឬ​ពលរដ្ឋ​គេឲ្យ​មាន​សមត្ថភាព​ខាង​គណិតវិទ្យា​ ពី​ព្រោះ​គេ​គិត​ថា ចំណេះ​ដឹង​ផ្នែក​គណិត​វិទ្យា​ វា​ជា​គុណសម្បត្តិ​មួយ​ ជា​ទ្រព្យ​សម្បត្តិ​មហាសាល​មួយខាង​ផ្នែក​ស្មារតី​របស់​មនុស្ស​ម្នាក់ៗ»។

កញ្ញា លី ចន្ធីតា និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ឬ​អនុ​បណ្ឌិតផ្នែក​គណិតវិទ្យា​នៃ​សាកល​វិទ្យាល័យ​ខេម​រៈ​ក្នុង​ទី​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍នៅ​ក្នុង​បទ​សម្ភាសន៍​នៅ​ថ្ងៃសុក្រ​នេះ​ថា ការ​សិក្សា​គណិតវិទ្យា​បាន​ធ្វើ​ឲ្យ​កញ្ញា​ផ្លាស់​ប្តូរ​ពី​មនុស្ស​ចិត្ត​ចង្អៀត​ម្នាក់មក​ជា​មនុស្សដែល​មាន​ចិត្ត​ទូលាយ​ ចេះ​ចែក​រំលែក​ចំណេះដឹង​ដល់​អ្នក​ដទៃ។

សម្រាប់​ កញ្ញា​ លី ចន្ធីតា ការ​សិក្សា​គណិត​វិទ្យា​គឺ​ប្រៀបដូច​ជាការមាន​ពន្លឺ​បំភ្លឺផ្លូវ​ជានិច្ច​ដូច្នោះដែរ។ កញ្ញា​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«សម្រាប់​ខ្ញុំ គណិត​វិទ្យា​គឺ​ជា​ផ្លូវ​នាំ​ទៅ​រក​ភាពរីក​ចម្រើន។»

បច្ចុប្បន្ន នៅ​កម្ពុជា មាន​បណ្ឌិត​ផ្នែក​គណិត​វិទ្យា​ចំនួន​៤​នាក់​ អនុ​បណ្ឌិត​គណិតវិទ្យា​ប្រមាណ៨០នាក់​ និងគ្រូ​បង្រៀន​ដែល​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​គណិត​វិទ្យា​សរុប​ប្រមាណ​១៥០០នាក់។ នេះ​បើ​ផ្អែក​តាម​លោកបណ្ឌិត​ ច័ន្ទ រ័ត្ន ​ប្រធាន​សហគមន៍​អ្នក​គណិតវិទ្យា​កម្ពុជា និង​ជា​ប្រធាន​នាយក​ដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ផងដែរ។

លោក​បណ្ឌិត អ៊ាប បុណ្ណា ប្រធានវិទ្យាស្ថាន​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​ថ្លែង​ថា វិទ្យាស្ថាន​របស់​លោក​បាន​ជួយ​បណ្តុះ​បណ្តាល​អ្នក​គណិតវិទ្យា​ថ្នាក់​អនុ​បណ្ឌិត​បាន​៨​នាក់​ដែរ​កន្លងមក ប៉ុន្តែ​លោកបណ្ឌិត​បន្តថា ​រដ្ឋ​ត្រូវ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ធនធាន​មនុស្ស​ឲ្យ​មាន​សមត្ថភាព​ខាង​គណិត​វិទ្យា និង​វិទ្យាសាស្ត្រពិត ​បន្ថែម​ទៀត​តាម​រយៈ​ការ​វិនិយោគ​លើ​ឧបករណ៍​ពិសោធន៍​ឲ្យ​បាន​ច្រើន ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​រី​ក​ចម្រើនឆាប់​រហ័ស។ លោក​ថ្លែង​ថា៖

«ក្នុង​ការ​រៀន​ហ្នឹង​ ប្រសិន​ណា​បើ​យើង​រៀន​តែ​ទ្រឹស្តី​ទេ អាហ្នឹង​បាន​ន័យ​ថា ជា​ចំណេះ​វិជ្ជា​មួយ​ស្រមើ​ស្រមៃ។ ជា​ចំណេះ​ស្រមើស្រមៃ​រហូតគឺ​ថា គ្មាន​ឃើញ​ការ​ពិត​ជាក់​ស្តែង​ទេ។ អញ្ចឹង​បាន​ភាគ​ច្រើន​ គេ​រៀន​ទ្រឹស្តី​ហើយ គេ​មាន​ពិសោធន៍​ទៀត»។

លោក បណ្ឌិត អ៊ាប បុណ្ណា មាន​ប្រសាសន៍​បន្ថែម​ទៀតថា ដោយសារ​កង្វះការ​អនុវត្ត​ជាក់​ស្តែងក្នុង​ចំណោម​អ្នក​សិក្សា​ខាង​គណិតវិទ្យា និង​វិទ្យាសាស្ត្រ ​ក្នុងស្រុក​នេះ​ហើយ​ ទើប​បាន​ជា​ក្រុមហ៊ុន​ភាគច្រើន​បាន​យក​តែ​អ្នក​ជំនាញ​ពី​ក្រៅ​ប្រទេស​មក​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍនានាដូចជា​ការ​សាងសង់​ ផ្លូវ ស្ពាន ឬ​អាគារ​ទំនើប​ៗ​ជាដើម​នោះ។ លោក​បណ្ឌិត បុណ្ណា​បន្ត​ទៀត​ថា៖

«គាត់​នៅ​មាន​កម្រិត​ ព្រោះ​គាត់​អត់​ទាន់​បាន​applyទៅ​នឹង​ស្អី​មួយ។ ការងារ​របស់​គាត់​ គាត់​អត់​បាន​អនុវត្ត​ជាក់​ស្តែង​ អញ្ចឹង​គាត់​នៅ​មាន​កម្រិត​នៅឡើយ»។

នៅ​ក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​ពង្រឹងវិស័យគណិត​វិទ្យា និង​វិទ្យាសាស្ត្រនេះ កម្ពុជា​បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយរយៈ​ពេល​បី​ថ្ងៃស្តី​ពី​ការ​អប់រំមុខវិជ្ជា​ទាំង​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ដល់​២៥ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ដោយ​ប្រមូល​ផ្តុំ​សាស្ត្រាចារ្យគណិត​វិទ្យា​ល្បីៗ​ចំនួន​៣០​នាក់​មក​ពី​បណ្តា​ប្រទេស​ចំនួន​១៤​មក​ចូលរួម​ ដើម្បី​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​ សម្រាប់​អភិវឌ្ឍ​វិស័យ​ទាំងនេះ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​កម្ពុជា​ជាដើមនេះ។

លោកបណ្ឌិត ច័ន្ទ រ័ត្ន ដែលជា​ប្រធាន​គណៈ​កម្មាធិការ​រៀបចំ​សន្និសីទ​អន្តរជាតិ​នោះ មាន​ប្រសាសន៍​ថា ការប្រមូល​ផ្តុំអ្នក​ឯកទេស​ខាងគណិត​វិទ្យា​ពី​បរទេសនេះ បាន​ផ្តល់​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ដល់​លោក​គ្រូ​អ្នក​គ្រូបង្រៀន​មុខវិជ្ជា​គណិត​វិទ្យា​ចំនួន​២០០​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ឲ្យ​ពួកគាត់​យក​ទៅ​អនុវត្ត ដើម្បី​អភិវឌ្ឍ​មុខ​វិជ្ជានេះ​ឲ្យ​កាន់តែ​គួរ​ចាប់​អារម្មណ៍ថែម​ទៀត​ក្នុង​ចំណោម​សិស្ស​ និស្សិត​របស់​ខ្លួន។

លោកបណ្ឌិត ច័ន្ទ រ័ត្ន មាន​ប្រសាសន៍​បន្ថែម​ថា កម្ពុជា​ក៏​គ្រោង​នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ការ​អប់រំ​គណិតវិទ្យា និង​វិទ្យាសាស្ត្រពិត ឲ្យ​កាន់​តែ​ធំ​ថែម​ទៀត​នៅ​ដើម​ខែ​មីនា ឆ្នាំ​ក្រោយ ដើម្បី​គៀងគរ​អ្នក​ជំនាញ​ខាង​មុខវិជ្ជា​នេះ ឲ្យ​មក​ជួយ​អភិវឌ្ឍ​វិស័យ​គណិតវិទ្យា​និង​វិទ្យាសាស្ត្រថែម​ទៀត​ នៅ​កម្ពុជានេះ៕