អ្នក​ជំនាញ​ពន្យល់​អំពី​សក្តានុពល​នៃ​ការ​ការត់​ទោស​​ឧក្រិដ្ឋកម្ម​រួម

ភ្នំពេញ៖ នៅ​ក្នុង​ដីកា​សន្និដ្ឋាន​ស្ថាពរ ​ដែល​បញ្ជូន​ទៅ​កាន់​សហ​ចៅក្រម​ស៊ើបអង្គេត​កាលពី​ថ្ងៃច័ន្ទ សហ​ព្រះរាជអាជ្ញា​បាន​លើកឡើង​ថា ជន​ជាប់ចោទ​ចំនួន​បួននាក់​ ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​កំពុង​តែ​រងចាំ​ការ​កាត់ទោស​នៅក្នុង​សំណុំរឿង​០០២ បាន​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋកម្ម ​ដែល​ជាប់​ពាក់ព័ន្ឋ​ទៅនឹង​សហ​ឧក្រិដ្ឋកម្ម​រួម​ ។

នួន ជា ​ខៀវ សំផន ​អៀង សារី​ និង​អៀង ធិរិទ្ឋ ​គឺ​ជា​ជន​ជាប់ចោទបួននាក់ នៅ​ក្នុង​ចំណោម​ប្រាំ​នាក់នៅក្នុង​សំណុំរឿង​០០២នេះ​ ដែល​ត្រូវ​ចោទប្រកាន់​សម្រាប់​ការ​ទទួល​ខុសត្រូវ​របស់​ពួកគេ​នៅក្នុង​ការ​សម្លាប់រង្គាល​ប្រជាជន​កម្ពុជា​យ៉ាងតិច​១លាន​ ៧សែន​នាក់​ នៅចន្លោះ​ឆ្នាំ​១៩៧៥​ ដល់ឆ្នាំ​១៩៧៩ ​។

សហ​ព្រះរាជអាជ្ញា​បញ្ជាក់​ថា ​ជន​ជាប់ចោទ​ទាំងបួន​បាន​ប្រព្រឹត្តិ​នូវ​អំពើ​ឃោឃៅ​ ដែល​ស្ថិតនៅ​ក្នុង​សណ្ឋាននៃ​ក្របខ័ណ្ឌ​សហ​ឧក្រិដ្ឋកម្ម​រួម​ ដើម្បី​បដិវត្ត​នយោបាយ​របស់​ខ្លួន ដើម្បី​កំទេច​អ្នក​ដែល​ប្រឆាំង​ទៅ​នឹង​រ​បប​គ្រប់គ្រង​ដែល​ខ្លួន​កាន់កាប់។

លោក​ ឡាស អលសិន​ (Lars Olsen)​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដីខ្មែរ​ក្រហម ​ពន្យល់​កាលពី​ថ្ងៃ​អង្គារ​ថា​ ការ​បង្ហាញ​ពី​បទល្មើស ដែល​ជាប់​ទាក់ទងនឹង​សហ​ឧក្រិដ្ឋកម្ម​រួម ដោយសារ​តែ​ជន​ជាប់ចោទ​ត្រូវ​គេ​ដឹងថា​ បាន​ធ្វើ​ផែនការ​នយោបាយ​រួម​គ្នា។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ការស៊ើបអង្កេត​ បាន​ធ្វើឡើង​ជា​ក្រុម ​ហើយ​សហ​ព្រះរាជអជ្ញា​ចោទ​ថា ​ពួក​គេ​ជាប់​ពាក់ព័ន្ធនឹង​សហ​ឧក្រិដ្ឋកម្ម​រួម​ ដែល​មាន​ន័យថា​ ជន​ជាប់ចោទ​ទាំងនេះ ​បាន​ធ្វើការ​សម្រេច​ចិត្ត​រួម​គ្នា​លើ​ផែនការ​មួយ​លើ​គម្រោងការ​ឧក្រិដ្ឋកម្ម​មួយ​ក្នុង​ការ​ដឹកនាំ ​ប្រទេ​សកម្ពុជា​ក្នុង​របប​ពួក​ខ្មែរ​ក្រហម»។

សហ​ឧក្រិដ្ឋកម្ម​រួម ​ត្រូវ​សហ​ចៅក្រម​ស៊ើបអង្គេត​របស់​សាលាក្តី​ខ្មែរ​ក្រហម​សម្រេច​យក​មក​ប្រើប្រាស់​នៅ​ក្នុង​សំណុំរឿង​០០២នេះ​ ដោយយោង​ទៅ​តាម​របៀប​រៀបចំ​ជា​ខ្សែ​សង្វាក់​ផែនការ​សមូហភាព​របស់​ការ​ដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក​ស្រី អាន ហេនដែល​ (Anne Heindel ) ​ទីប្រឹក្សា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បាន​ពន្យល់​នៅ​ថ្ងៃ​សុក្រ​នេះ ​តាម​សារ​អេឡិចត្រូនិច​ រឺ​ អ៊ីម៉េល (Email)​ ថា សហ​ឧក្រិដ្ឋកម្ម​រួម​ជា​របៀប​មួយ​នៃ​ការទទួល​ខុស​ត្រូវ​ ឧក្រិដ្ឋកម្ម​ជា​លក្ខណៈ​បុគ្គល​ ឬ​ក៏ជា​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បន្ថែម​ ការ​ញុះញុង​ការ​រៀបចំ​ផែនការ​ ការ​ដាក់​បញ្ជា​ និង​ការ​ទទួល​ខុស​ត្រូវ​ថ្នាក់​ខ្ពស់​ជាដើម។​ ទម្រង់​ជាមួលដ្ឋាន​នៃ​គោលការណ៍​សហ​ឧក្រិដ្ឋកម្មរួម​នេះ ទាក់ទង​ទៅ​នឹង​ផែនការ​ចូលរួម​របស់​បុគ្គល​មួយ​ក្រុម​ ដែល​មាន​ចេតនា​រួមគ្នា​នៅក្នុង​ការ​ប្រព្រឹត្តិឧក្រិដ្ឋកម្ម។

លោកស្រី​ អាន ហេនដែល មាន​ប្រសាសន៍ថា​ ក្រុម​ព្រះរាជអាជ្ញា​បាន​ប្រើប្រាស់​សហ​ឧក្រិដ្ឋកម្ម​រួម​នៅ​ក្នុង​សំណុំរឿង​០០២នេះ​ ដើម្បី​អាច​ច្របាច់​ជន​ជាប់ចោទ​ទាំង​បួន​នាក់​បញ្ចូល​គ្នា​ នៅ​ក្នុង​ផែនការនៃ​ឧក្រិដ្ឋកម្ម​រួម។

តាមរយៈ​ការ​ភ្ជាប់​ជន​ជាប់ចោទ​របៀបនេះ​ ភស្តុតាង​ដែល​ប្រឆាំង​ទៅនឹង​ជន​ចាប់ចោទ​ម្នាក់​នៅក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំងនោះ​ អាច​ជួយ​បង្ហាញ​ពីការ​ទទួល​ខុសត្រូវ​របស់​ជន​ជាប់ចោទ​ដទៃ​ទៀត។ អ្នក​ជំនាញការ​ផ្នែក​ច្បាប់​ដដែល​មាន​ប្រសាសន៍​ថា ​ដោយ​ឈរ​នៅ​លើ​គោលការណ៍​សហ​ឧក្រិដ្ឋកម្ម​រួម ​ជនជាប់​ចោទ​នឹង​ត្រូវ​កាត់​ទោស​ជា​ក្រុម​រួម​គ្នា ​ដោយ​ហេតុថា​ សហ​ព្រះរាជ​អាជ្ញា​ចង់​បង្ហាញ​ថា​ ជន​ជាប់​ចោទ​ ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​ឧក្រិដ្ឋកម្ម​រួមគ្នា។

ក៏ប៉ុន្តែ ​លោក យូ ប៊ុនឡេង​ សហ​ចៅក្រម​ស៊ើបអង្គេត​កម្ពុជាក្នុង​សាលាក្តី​ខ្មែរ​ក្រហម​មានប្រសាសន៍ថា​ ការ​កាត់ទោស​រួមគ្នា​ជា​ក្រុម​ក្នុង​សំណុំ​រឿង​០០២ ​មិនមែន​ដោយសារ​ការ​ជាប់​ទាក់ទង​ទៅនឹង​សហ​ឧក្រិដ្ឋកម្ម​រួម​ទាំង​ស្រុង​នោះ​ទេ។ លោក​បន្ត​ថា៖

«អានេះ​ សុំណុំរឿង​តែមួយ​ មិនមែន​ដោយសារ​សហ​ឧក្រិដ្ឋកម្ម​រួម​ឯណា ​ខ្ញុំ​មាន​សេចក្តី​សម្រច​រួច​ហើយ​ ខាង​ចៅក្រម​ស៊ើបអង្គេត​ គេ​មាន​ការ​ប្រើប្រាស់​ហើយ។ ប៉ុន្តែ​ដល់​អង្គ​ជំនុំ​ជម្រះ ​វា​អាស្រ័យ​ទៅ​លើ​ឯករាជ្យ»។

គោលការណ៍​នៃ​សហ​ឧក្រិដ្ឋកម្ម​រួមដំបូង​បំផុត​ ត្រូវ​គេ​យក​ទៅ​អនុវត្ត​នៅក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី​ ហើយ​គោលកាណ៍​នេះ ក៏​ត្រូវ​បាន​អនុវត្ត​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​ប្រទេស​ Rwanda ​និង​តុលាការ​ពិសេស​សម្រាប់​ប្រទេស ​សេរ៉ាឡេអូន ​ផងដែរ ។

មាន​ជន​ជាប់ចោទ​សរុប​ចំនួន​ប្រាំនាក់​នៅក្នុង​សំណុំរឿង​០០២​ ក៏ប៉ុន្តែ​សហ​ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យ​ទំលាក់​ចោល​ កាំង ហ្គិចអៀវ ​ហៅឌុច​ អតីត​ប្រធាន​គុក​ទួលស្លែង​ចេញពី​សំណុំ​រឿង​។

លោក​ស្រី​អាន ហេនដែល ​(Anne Heindel ) ទីប្រឹក្សាច្បាប់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​មាន​ប្រសាសន៍​ថា​ មន្ទីរ​ស២១​ ដែល​អ្នកទោស​នៅ​ទីនេះ​ យ៉ាងតិច​១២៣៨០នាក់ ត្រូវ​បាន​សម្លាប់​ ត្រូវ​ចាត់​បញ្ចូល​ថា​ ជាប់​ពាក់ព័ន្ឋ​ទៅ​នឹង​គោលការណ៍​សហ​ឧក្រិដ្ឋកម្ម​រួម​ដែរ​ ក៏ប៉ុន្តែ​ឌុច​ ដែល​ជា​អតីត​ប្រធាន​គុក​នេះ មិន​មាន​ភាព​ចាំបាច់​ក្នុង​ការ​នាំ​ខ្លួន​យក​ទៅ​កាត់ទោស​ជា​បន្ថែម​ក្នុង​សំណុំ​រឿង​០០២​ ជា​មួយ​អតីត​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម ​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ចំនួន​បួននាក់​ផ្សេង​ទៀត​នោះ​ទេ​ ដោយ​ហេតុថា ​ឌុច ត្រូវ​បាន​កាត់​ទោស​រួច​ម្តង​ទៅ​ហើយ​ ក៏ប៉ុន្តែ​ ឌុច ​អាច​ក្លាយ​ទៅជា​សាក្សី​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការ​កាត់ទោស​នៅក្នុង​ សំណុំរឿង០០២។