ការផ្សព្វផ្សាយពីដំណើរការកាត់ក្តី ក្នុងសំណុំរឿងលេខ០០២ដែលមានមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បីនាក់នៅមិនទាន់គ្រប់គ្រាន់ពេញលេញសម្រាប់ពលរដ្ឋខ្មែរយល់ដឹងឱ្យគ្រប់ទិដ្ឋភាពនៃបទឧក្រិដ្ឋដែលបានកើតមានឡើងនៅឡើយទេ។ នេះបើតាមការលើកឡើងរបស់អ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបស្តីពីរបបខ្មែរក្រហម។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្គាល់ថា កន្លងមកមាន ការ ផ្សព្វផ្សាយឱ្យដឹងពីការងាររបស់តុលាការនិងពីរបបខ្មែរក្រហម ប៉ុន្តែអ្វីដែលជាក្តីព្រួយបារម្ភ របស់លោកគឺថា សម្រាប់សំណុំរឿងលេខ០០២នេះនៅមិនទាន់មានបណ្តាញទូរទស្សន៍ណា មួយធ្វើការផ្សាយបន្តផ្ទាល់ទាំងស្រុងពីសវនាការកាត់ទោសដែលបានកើតឡើងតាំងពីថ្ងៃទី២១ខែវិច្ឆិកានោះមកទេ។ លោកយល់ថា ការថតផ្សាយដំណើរការសវនាការលើកនេះគឺវាមានលក្ខណៈសំខាន់ណាស់សម្រាប់ប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម។
លោកឆាំង យុបញ្ជាក់បន្ថែមទៀតថា៖
«ហើយអ្វីដែលសំខាន់ទៀតនោះគឺ០០២នេះគឺជាលើកទីមួយហើយបន្ទាប់ពីរយៈពេល៣២ឆ្នាំដែលមេដឹកនាំជាន់ខ្ពស់និយាយនៅមុខចៅក្រម ហើយនេះគឺជាការនិយាយចុងក្រោយដោយសារថា ០០២ប្រហែលអាចជាសំណុំរឿងចុងក្រោយ ហើយគាត់ទាំងបួននាក់ដែលមានអាយុជាង៨០ឆ្នាំហើយអាចថា នេះជាការនិយាយចុងក្រោយ។ អញ្ចឹងការស្តាប់ឮទាំងស្រុងចំពោះប្រជាជនដែលយកចិត្តទុកដាក់ ជាពិសេសប្រជាជនដែលរងគ្រោះ គឺជាការណ៍សំខាន់ណាស់នៅពេលដែលចៅក្រមចេញសេចក្តីសម្រេចចិត្តមួយ នៅពេលដែលសវនាការនេះត្រូវបានបញ្ចប់។ បើសិនជាគាត់មិនបានស្តាប់ទាំងស្រុង វាអាចប៉ះពាល់ដល់ការទទួលយកឬក៏ការមិនច្បាស់លាស់ ឬក៏មិនបានឮពីភាគីម្ខាងទៀត។ វាធ្វើឱ្យបាត់តម្លៃសាលក្រមនាពេលចុងក្រោយ»។
សាលាក្តីខ្មែរក្រហមកំពុងបើកដំណើរការកាត់ទោសសំណុំរឿង០០២ដោយផ្តោតលើមេដឹកនាំជាន់ខ្ពស់បីរូបគឺមាន នួន ជា អតីតមេមនោគមវិជ្ជាខ្មែរក្រហម ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ និងអៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស។ អតីតមេដឹកនាំទាំងបីដែលមានវ័យចំណាស់ៗខ្លាំង និងខ្លះមានជំងឺផង ត្រូវតុលាការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិចំពោះរយៈពេលនៃការគ្រប់គ្រងប្រទេសពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោកឆាំង យុយល់ថា ការផ្សព្វផ្សាយដែលមានការថតហើយផ្សាយទាំងស្រុង នឹងជួយឲ្យជនរងគ្រោះ ដែលមិនបានចូលរួមដោយផ្ទាល់ក្នុងដំណើរការកាត់ទោសក្រុមមេដឹកនាំនៅឯសាលាក្តី បានយល់កាន់តែច្បាស់ថា តើមេដឹកនាំទាំងនោះមានអ្វីដែលជាការដោះសារចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។
ការព្រួយបារម្ភរបស់លោកបានកាន់តែកើនឡើងនៅពេលដែលបណ្តាញទូរទស្សន៍ដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថា ស៊ីធីអឹនបានប្រកាសកាលពីដើមសប្តាហ៍នេះថា នឹងបន្ថយកម្មវិធីផ្សាយពីសាលាក្តីខ្មែរក្រហមនេះ។
លោកសោម ឆាយា អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ស៊ីធីអឹន បានប្រាប់វីអូអេពីមូលហេតុនៃការបន្ថយការផ្សាយនោះថា គឺដោយសារតែស្ថានីយ៍របស់លោកត្រូវតម្រូវតាមការចង់ផ្សព្វផ្សាយផលិតផលរបស់អ្នកឧបត្ថម្ភខ្លះ ហើយស្ថានីយ៍បានយល់ព្រមតាមកិច្ចសន្យា ដូចដែលបានស្នើសុំ។ លោកឆាយាបន្ថែមថា ស្ថានីយ៍របស់លោកអាចផ្សាយបានតែក្នុងករណីអង្គសវនាការដែលមានពាក់ព័ន្ធនឹងការឆ្លើយបំភ្លឺរបស់អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងនោះ៖
«យើងបានកំណត់ថា ប្រសិនបើមានហេតុការណ៍ធំៗ ដូចជាករណីតានួនជា តាខៀវ សំផនឬក៏អៀង សារី អីអញ្ចឹងនោះគឺយើងសុខចិត្តធ្វើយ៉ាងម៉េចគឺសុខចិត្តលះបង់ពេលវេលាហ្នឹងគឺដើម្បីធ្វើការផ្សាយបន្តផ្ទាល់ជាបន្តទៀត»។
សាលាក្តីខ្មែរក្រហមយល់ថា ការសម្រេចផ្សាយតិច ឬច្រើនលើដំណើរការសវនាការសាលាក្តីខ្មែរក្រហមគឺវាអាស្រ័យលើការសម្រេចរបស់បណ្តាញផ្សព្វផ្សាយ ព្រោះសាលាក្តីមិនមានចុះកិច្ចសន្យាជាមួយនឹងបណ្តាញណាមួយថា ត្រូវតែផ្សព្វផ្សាយជាប់ជានិច្ចឱ្យសាលាក្តីទេ។
លោកហ៊ុយ វណ្ណៈ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមអះអាងថា ខាងសាលាក្តីមានរៀបចំកម្មវិធីទូរទស្សន៍និងវិទ្យុមួយចំនួន ព្រមទាំងការចុះផ្សព្វផ្សាយដល់សាធារណជនពីដំណើរការកាត់ទោសនេះ ហើយចំនួននៃបណ្តាញផ្សាយព័ត៌មានដែលមកផ្តិតយកទិដ្ឋភាពនៃសាលាក្តី ខ្មែរក្រហមនិងដំណើរការសាលាក្តីមានចំនួនច្រើនជាប្រចាំថ្ងៃដែលគួរតែចាប់យកបានគ្រប់ជ្រុងជ្រោយនៃអង្គសវនាការនេះ។
«ដូច្នេះប្រសិនបើមើលកិច្ចខិតខំប្រឹងប្រែងរបស់យើងគឺយើងកំពុងតែធ្វើយ៉ាងណាដើម្បីឱ្យសំណុំរឿងជាប្រវត្តិសាស្រ្ត សំណេរជាសំខាន់នៃការកាត់ទោសក្រុមដែលគេហៅថា មេដឹកនាំខ្មែរក្រហមនេះ បានជ្រាបនៅក្នុងប្រទេសជាតិ ក៏ដូចជានៅក្នុងពិភពលោក។ នេះជាកិច្ចប្រឹងប្រែងរបស់យើងដើម្បីឱ្យសាធារណជនបានដឹងពីការវិវត្តន៍របស់តុលាការ»។
យ៉ាងណាក៏ដោយ លោកឆាំង យុនៅតែមើលឃើញពីការណ៍លំបាកសម្រាប់អ្នកតាមដានក្នុងការត្រូវដូរពីបណ្តាញព័ត៌មានមួយទៅបណ្តាញព័ត៌មានមួយដើម្បីចង់ដឹងឱ្យបានច្បាស់ពីការកាត់ទោស។
លោកឆាំង យុបានទទួលស្គាល់ថា សាលាក្តីបានធ្វើការច្រើនជាមួយនឹងពលរដ្ឋខ្មែរនិងសិស្សានុសិស្ស ប៉ុន្តែលោកទទូចថា៖
«ការណ៍ដែលយើងរំពឹងឱ្យប្រជាជនដែលគាត់កំពុងតែប្រឈមមុខនឹងបញ្ហាផ្សេងទៀត បញ្ហាសេដ្ឋកិច្ច ការរស់នៅឱ្យរំពឹងថា គាត់អាចនឹងស្តាប់ប៉ុស្តិ៍វិទ្យុនេះផង មើលទូរទស្សន៍ផងដើម្បី ស្វែងយល់ហ្នឹង ខ្ញុំគិតថា វាព្រងើយកន្តើយបន្តិចចំពោះសិទ្ធិដែលគាត់គួរតែទទួលបាននូវបណ្តាញណាមួយដែលផ្តល់ព័ត៌មានទាំងស្រុង»។
ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនេះត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់រយៈពេលយ៉ាងហោចណាស់ក៏ពីរឆ្នាំទៀតដែរ។
របបខ្មែរក្រហមបានបង្កឱ្យស្លាប់ប្រជាពលរដ្ឋខ្មែរអស់ប្រហែល១,៧លាននាក់ដោយការសម្លាប់ចោល បង្អត់អាហារ បង្ខំធ្វើការហួសកម្លាំងនិងជំងឺជាដើម៕