មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានប្រកាសបង្កើត «ចលនាជាតិតស៊ូ» មួយក្នុងគោលបំណងទាមទាររដ្ឋាភិបាលកម្ពុជាវិលត្រឡប់មកដឹកនាំតាមបែបប្រជាធិបតេយ្យ និងដើម្បីធានាសេរីភាពនិងយុត្តិធម៌ពេញលេញដល់ប្រជាពលរដ្ឋខ្មែរ។ នេះបើយោងតាមសេចក្តីប្រកាសដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោក សម រង្ស៊ី នៅថ្ងៃសុក្រ ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ចលនានេះមានឈ្មោះពេញថា «ចលនាជាតិតស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌សម្រាប់ប្រជារាស្រ្តខ្មែរ»។
លោក សម រង្ស៊ី បញ្ជាក់ ៥ ចំណុច ដែលនាំឱ្យមានការបង្កើតចលនានេះ ក្នុងនោះលោកបានលើកឡើងថា លោក ហ៊ុន សែន «បានប្លន់អំណាចពីប្រជារាស្ត្រ តាមរយៈការបោះឆ្នោតក្លែងក្លាយច្រើនលើកច្រើនសាជាបន្តបន្ទាប់» ការបម្រើតែផលប្រយោជន៍បរទេស ការបាត់បង់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ ការក្រាញអំណាច ហើយបន្តជិះជាន់ និងធ្វើបាបប្រជារាស្ត្រនិងការមិនអនុញ្ញាតឱ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ពិតប្រាកដ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១។
លោក សម រង្ស៊ី បញ្ជាក់ក្នុងសេចក្តីប្រកាសថា៖ «...តំណាងប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិសម្តែងមតិពីក្រៅប្រទេស ហើយដែលមានការឈឺចាប់ និងឆន្ទៈ តស៊ូ ដូចប្រជាពលរដ្ឋក្នុងប្រទេស ក្នុងនាមប្រជារាស្ត្រខ្មែរទាំងមូលសម្រេចបង្កើតចលនាជាតិតស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌សម្រាប់ប្រជារាស្រ្តខ្មែរ»។
លោក សម រង្ស៊ី បន្ថែមថា ចលនានេះបង្កើតឡើងដើម្បីទាមទារការរៀបចំការគ្រប់គ្រងប្រទេស និងសង្គមជាតិឡើងវិញ តាមបែបបទប្រជាធិបតេយ្យពិតប្រាកដ ដើម្បីធានាសេរីភាព និងយុត្តិធម៌ពេញលេញជូនប្រជាពលរដ្ឋ។
លោកបន្ថែមថា ចលនានេះនឹងបង្កើត«ក្រុមប្រឹក្សាជាតិតស៊ូ »ជាក្បាលម៉ាស៊ីន ហើយក្រុមប្រឹក្សាជាតិតស៊ូនេះនឹងឈានទៅបង្កើត«រដ្ឋាភិបាលបណ្តោះអាសន្ន»។
លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងកំពុងស្នាក់នៅសហរដ្ឋអាមេរិក ប្រាប់វីអូអេថា ចលនានេះបង្កើតដើម្បីជំរុញនិងដាក់សម្ពាធឱ្យមានប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ហើយចលនានេះនឹងតស៊ូមតិតាមផ្លូវការទូតនៅខាងក្រៅប្រទេស។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រថា៖ «យើងនឹងស្នើទៅដល់សហគមន៍អន្តរជាតិនិងប្រទេសមហាអំណាច ឱ្យដាក់សម្ពាធទៅលើត្រកូលហ៊ុនហ្នឹងឱ្យងាកមកស្តារប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សផងដែរ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា ចាត់ទុកការប្រកាសបង្កើត «ចលនាជាតិតស៊ូ» គឺជា «រូបភាពបដិវត្តន៍ពណ៌» មួយ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រថា៖ «សបញ្ជាក់ឱ្យឃើញថា ក្រុមឧទ្ទាមក្រៅច្បាប់ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេសហ្នឹង កំពុងអស់ផ្លូវដើរ ពីព្រោះគាត់អត់មានមធ្យោបាយអី ដើម្បីធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំនិងគ្រប់គ្រងប្រទេសសព្វថ្ងៃនេះឱ្យដួលរលំបានទេបាទ មិនអ៊ីចឹងទេគាត់រកមធ្យោបាយធ្វើ មានន័យថាញុះញង់បំផុសកំហឹងមហាជននៅក្នុងប្រទេសហ្នឹង ដើម្បីឱ្យងើបឡើងបះបោរ»។
គួរបញ្ជាក់ថា មេដឹកនាំគណបក្សជំទាស់ដែលរួមមានលោក សម រង្ស៊ី ផងដែរ ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាក្រុមដែលចង់ធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាល៕