អតីត​មហាសេដ្ឋី​អចលនទ្រព្យ​ចង់​ក្លាយ​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​ថៃ​តាម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន

លោក Srettha Thavisin មហាសេដ្ឋីអចលនទ្រព្យ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Pheu Thai ញញឹមដាក់អ្នកគាំទ្រ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុងបាងកក កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។

ទីក្រុងបាងកក ប្រទេសថៃ — ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ក្នុង​ប្រទេស​ថៃ គណបក្ស Pheu Thai បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ពី​ការ​ស្ទង់មតិ ដែល​ជា​កម្លាំងលើក​ទឹក​ចិត្តមួយ​ដល់​ទារក​ទើប​តែ​កើត​ម្នាក់​ និងដល់​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ម្នាក់​ ដែល​និយាយ​ថា​ លោក​មាន​មូលហេតុ​មួយ​សម្រាប់​ឱ្យ​លោក​«ច្រានចោល»​ តំណែង​ជា​នាយក​រដ្ឋមន្ត្រី។

កាលពី​ព្រឹក​ថ្ងៃទី ១ ​ខែឧសភា ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​លោក​ Srettha Thavisin ​ដែល​ជា​មហា​សេដ្ឋី​អចលនទ្រព្យ ​ដែល​បាន​ក្លាយខ្លួន​ជា​អ្នក​នយោបាយ ​ហាក់​មិន​សូវស្រួល​ខ្លួន ​ប៉ុន្តែ​លោក​ត្រូវ​ឡើង​យន្តហោះ​ពី​ទីក្រុង​បាងកក ​ទៅកាន់​ភាគឦសាន​នៃ​ប្រទេស​ថៃ ​ដែល​ជា​មូលដ្ឋាន​គាំទ្រ​ដ៏​រឹងមាំ​របស់​គណបក្ស​លោក។

មុន​ថ្ងៃ​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ដ៏​មមាញឹក ​លោក Srettha ​បាន​ឆ្លៀត​ពេល​ផ្ញើ​សារ​មួយ​ទៅកាន់​អ្នកស្រី Paetongtarn Shinawatra ​ដែល​ជា​សហ​ប្រធាន​គណបក្ស ​Pheu Thai ​ដែល​ជា​ក្បាល​ម៉ាស៊ីន​នយោបាយ​មួយ ​ដែល​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​ជាច្រើន​លើក ​ក្នុង​អំឡុងនយោបាយ​ដ៏​វឹកវរ​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​កន្លង​ទៅ​ ប៉ុន្តែ​មិន​ដែល​ចាញ់​ឆ្នោត​ម្តង​ណា​ឡើយ។

នៅក្នុង​សារ​នោះ ​លោក Srettha ​បាន​ជូនពរ​អ្នកស្រី ​Paetongtarn ​ដែល​ទើប​សម្រាល​កូន​ប្រុស​ដែល​មាន​ឈ្មោះ​ហៅក្រៅ​ថា​ Thasin ​ហើយ​ដែល​ត្រូវ​ជា​ចៅ​របស់​អតីត​នាយក​រដ្ឋមន្ត្រី Thaksin​ Shinawatra ​ដែល​នៅ​ពីក្រោយ​គណបក្ស​នយោបាយ​នេះ។

ឧត្តមគតិ​ប្រជានិយម ​និង​ការ​គាំទ្រ​តាម​ថ្នាក់​មូលដ្ឋាន​របស់​លោក Thaksin នៅតែ​មាន​ជា​បន្ត​ ក្រោយ​រដ្ឋប្រហារ​យោធា​ពីរ​លើក ​នៅ​ឆ្នាំ ២០០៦ ​នៅពេល​ដែល​លោក​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង ​និង​នៅ​ឆ្នាំ ២០១៤ ​នៅពេល​ដែល​ប្អូនស្រី​របស់​លោក ​គឺ​អ្នកស្រី​នាយក​រដ្ឋមន្ត្រី ​Yingluck Shinawatra ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង។ ឥឡូវនេះ ឧត្តមគតិ​ប្រជា​និយម​ទាំងនោះ​កំពុងតែ​ដឹកនាំ​គណបក្ស​ Pheu Thai ​ឆ្ពោះ​ទៅ​កាន់​ជ័យជម្នះ​ ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី ​១៤ ខែឧសភា។

នៅក្នុងសុន្ទរកថា​ទៅកាន់​អ្នកគាំទ្រ​ នៅ​ខេត្ត Sakhon Nakhon ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ​៦៥០​គីឡូម៉ែត្រ ​នៅ​ភាគឦសាន​នៃ​ទីក្រុងបាងកក ​លោក Srettha ​បាន​លើក​ទឹកចិត្ត​អ្នកគាំទ្រ​ ដោយ​ប្រាប់​ពួកគេ​អំពី​កំណើត​កូនប្រុស​របស់​អ្នកស្រី Paetongtarn។

លោកថ្លែងថា៖ «ចូរ​យើង​នាំគ្នា​អបអរ​សាទរ​គ្រួសារ Shinawatra។ នៅ​វេលា​ម៉ោង ៧ ​ព្រឹក​ថ្ងៃ​នេះ​ លោក Thaksin ទទួល​បាន​ចៅ​ទី ៧ ​របស់​លោក​ហើយ»។ លោក Srettha ​ស្រែក​ដាក់​មេក្រូ ​ឡើង​បែក​សំឡេង ​រហូត​ដល់​លោក​ត្រូវ​សុំ​ការអធ្យាស្រ័យ។

នៅក្នុង​ការ​ស្ទង់មតិ​កាលពី​ពេល​ថ្មីៗ ​គណបក្ស​ Pheu Thai ​ត្រូវ​បាន​ទស្សន៍ទាយ​ថា​នឹង​ឈ្នះ​អាសនៈ​ច្រើន​បំផុត​ក្នុង​សភា។ ក្រោយ​ការ​បោះឆ្នោត ​គណបក្ស​នេះ​នឹង​ជ្រើសរើស​យក​បេក្ខជន​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី ​ពី​បញ្ជី​បេក្ខជន​ ៣ ​នាក់​គឺ​លោក​ Srettha ​អ្នកស្រី​ Paetongtarn ​និង​លោក Chaikasem Nitisiri ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។

ផ្ទាំងអេក្រង់ទូរទស្សន៍ដ៏ធំមួយបង្ហាញរូបលោក Srettha Thavisin មហាសេដ្ឋីអចលនទ្រព្យ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Pheu Thai ថ្លែងសុន្ទរកថា ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុងបាងកក កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។

ការស្ទង់​មតិ​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៣ ​ខែឧសភា ​ដោយ​សាខា​ស្រាវជ្រាវ​មួយ​នៃ​វិទ្យាស្ថាន​ជាតិសម្រាប់​ទីភ្នាក់ងារ​អភិវឌ្ឍន៍ ​NIDA ​បាន​ឱ្យដឹង​ថា ​គណបក្ស ​Pheu Thai​ ច្បាស់ជា​នឹង​ឈ្នះ​អាសនៈ​ច្រើន​ជាង​គូ​ប្រជែង​របស់ខ្លួន។ NIDA ​សំអាង​លទ្ធផល​ពី​អ្នក​ចូលរួម​ក្នុ្ងង​ការ​ស្ទង់មតិ​ចំនួន ២.៥០០​នាក់ ​ដែល​ធ្វើ​ឡើង​ពី​ថ្ងៃទី​ ២៤ ​ដល់​ថ្ងៃទី​ ២៨ ​ខែមេសា។ ការ​ស្ទង់មតិ​នេះ​ក៏​បាន​សួរ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ដែរ​ថា​ តើ​ពួកគេ​ចង់ឃើញ​អ្នក​ណា​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។ អ្នកស្រី Paetongtarn​ បាន​ទទួល​ការគាំទ្រ​ ២៩,២%។ លោក Srettha ​បាន​ទទួល​ការគាំទ្រ ៦,៧៦%។ ចំណែក​លោក​នាយក​រដ្ឋមន្ត្រី ​Prayuth Chan-ocha ​បាន​ទទួល​ការគាំទ្រ​ ១៤,៨៤%។

អ្នក​ទាំងអស់​ស្ថិត​នៅ​ពី​ក្រោយ​លោក Pita Limjaroenrat ​នៃ​គណបក្ស​បោះ​ជំហាន​ទៅមុខ​ដែល​គាំទ្រ​ដោយ​យុវជន ​ដែល​បាន​ទទួល​ការ​គាំទ្រ​ ៣៥,៤៤%។

លោក Srettha ​បាន​ថ្លែង​ថា​ លោក​នឹង​មិន​ទទួល​តំណែង​នាយក​រដ្ឋមន្ត្រី​ទេ ​បើសិនជា​គណបក្ស​របស់​លោក​ចាំបាច់​ត្រូវ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក Prayuth ​ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ​កាលពី​ឆ្នាំ ២០១៤ ​ឬ​ជាមួយ​គណបក្ស​របស់​លោក​ឧត្តមសេនីយ៍ ​Prawit Wongsuwon ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក Prayuth។

លោក​ Srettha ​បាន​ប្រាប់​វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ថៃ​ក្នុង​បទសម្ភាសន៍​មួយ​ថា៖​ «ខ្ញុំ​មិន​គាំទ្រ​ការ​ធ្វើ​រដ្ឋប្រហារ​របស់​យោធា​ទេ។ ខ្ញុំ​មិន​អាច​ធ្វើការ​ជាមួយ​ពួកគេ​នៅក្នុង​រដ្ឋាភិបាល​តែ​មួយ ​ឬ​អង្គុយ​ជាមួយ​ពួកគេ​នៅក្នុង​គណរដ្ឋមន្ត្រី​ទេ»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ធ្វើ​នាយក​រដ្ឋមន្ត្រី ​តែ​មិនមែន​គ្រាន់តែ​ចង់​ធ្វើជា​នាយក​រដ្ឋមន្ត្រី​ទេ។ ខ្ញុំ​ចង់​ធ្វើ​នាយក​រដ្ឋមន្ត្រី ​ដែល​អាច​ជួយ​សង្គម​ថៃ​ក្នុង​វិស័យ​សេដ្ឋកិច្ច ​និង​សង្គមកិច្ច។ បើសិន​ជា​បរិយាកាស​មិន​ហុច​ឱ្យ​ទេ ​ខ្ញុំ​នឹង​ច្រាន​ចោល​តំណែង​នាយក​រដ្ឋមន្ត្រី​នេះ​ដោយ​រីករាយ‍»។

បញ្ហា​សេដ្ឋកិច្ច​ក្នុង​ស្រុក ​បាន​គ្របដណ្តប់​លើ​យុទ្ធនាការ​បោះឆ្នោត​លើក​នេះ។

ផលប្រយោជន៍​នយោបាយ

លោក Srettha ​ដែល​មាន​អាយុ ៦០ឆ្នាំ ​ខ្វះ​ប្រជាប្រិយភាព​ដែល​ទាក់ទាញ​មនុស្ស​ជាច្រើន ​ប៉ុន្តែ​លោក​មាន​បទពិសោធន៍​ខាង​ការ​ធ្វើជំនួញ​ដែល​អាច​ធ្វើឱ្យ​អ្នក​បោះឆ្នោត​រាប់​លាន​នាក់​ទុកចិត្ត​ ដូច​លោក​ Thaksin។ លោក​ជា​អតីត​អ្នក​សាងសង់​អចលនទ្រព្យ​ដែល​ចូលចិត្ត​សង់​អគារ​ល្បីៗ។

មុន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ជាលើក​ដំបូង​នៅ​ឆ្នាំ​នេះ​ លោក Srettha ​បាន​ជួយ​កសាង​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​គ្រួសារ​ ឱ្យ​ក្លាយ​ទៅជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ Sansiri ​ដែល​មាន​តម្លៃ​ ៨៨០​លាន​ដុល្លារ ​នៅក្នុង​ទីផ្សារ​ភាគហ៊ុន។ លោក Srettha ​បាន​រៀបចំ​ឱ្យ​ក្រុមហ៊ុន​របស់​លោក ​ទាក់ទាញ​អ្នក​ទិញផ្ទះ​ដែល​មាន​ប្រាក់​ចំណូល​ច្រើន ​ហើយ​បាន​លើក​មុខមាត់​របស់​ក្រុមហ៊ុន ​ដោយ​បាន​សាងសង់​ខុនដូ​ថ្លៃៗ​បំផុត​នៅ​ទីក្រុង​បាងកក ​ឈ្មោះ 98 Wireless ​កាលពី​ ៧ ឆ្នាំ​មុន ​នៅ​ទីតាំង​ល្អ​លើសលុប​មួយ​កន្លែង ​គឺ​នៅ​ជាប់​និវេសនដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ។

លោក Srettha ​អាច​លក់​គម្រោង​ខុនដូ ​98 Wireless ​តាម​តម្លៃ​ទីផ្សារ​ខ្ពស់​បំផុត​របស់​ប្រទេស​ថៃ​ គឺ​ច្រើន​ជាង​ ១៦.០០០ ​ដុល្លារ ​ក្នុង​មួយម៉ែត្រ​ការ៉េ។ លោក​បាន​ប្រាប់​កាសែត Thai Rath ​ថា ​អគារ​ខុនដូ​ដែល​មាន​កម្ពស់​ ២៥​ ជាន់​នោះ ​មាន​ឥដ្ឋការ៉ូ​ថ្មម៉ាប​អ៊ីតាលី ​ដែល​កម្រ​មាន​ មាន​ម៉ូដ​ផ្ទះ​របស់​ Ralph Lauren ​ហើយ​និង​មាន​ជញ្ជាំង​ដែល​មាន​ក្បាច់ក្បូរ ​ធ្វើឡើង​ដោយ​អ្នក​ជំនាញ​ដែល​ធ្លាប់​បាន​ជួយ​ធ្វើ​ម៉ូដ​នៅក្នុង​វិមាន​ Buckingham ​និង​ក្នុង​សេតវិមាន។

លោក Srettha ​បាន​ស្គាល់​លោក Thaksin ​អស់ពេល​រាប់សិបឆ្នាំ​មកហើយ។ គ្រួសារ​លោក Thaksin​ ក៏​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​ដែរ។ ប៉ុន្តែ​លោក Srettha ​ថា​លោក​យល់​ថា​ ប្រទេស​ថៃ​ជួប​ប្រទះ​ការលំបាក​ ហើយ​ការណ៍​នេះ​នាំឱ្យ​លោក​ចូលធ្វើ​នយោបាយ៖

«នៅពេល​ដែល​អ្នក​ឡើង​ដល់​កំពូល ​អ្នក​មើល​ជុំវិញ​ខ្លួន​តាម​បែប​ផ្សេង។ អ្នក​មើល​របៀប​រស់នៅ​របស់​មនុស្ស​ដែលនៅ​ពីក្រោម»។

រូបឯកសារ៖ ពលរដ្ឋដើរទិញទំនិញនៅក្នុងផ្សារមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២០។

លោក Srettha​ និយាយ​ដោយ​ពាក់​នាឡិកាដៃ​ម៉ាក Rolex ពណ៌​មាស​លម្អ​ដោយ​រង្វង់​លេខ​ពណ៌​បៃតង។

លោកថ្លែងថា៖ «អ្វី​ដែល​ខ្ញុំ​បាន​ឃើញ ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ព្រួយចិត្ត។ ពីព្រោះ​មាន​ការ​បែកចែក​ក្នុង​សង្គម ​នៅក្នុង​វិស័យ​អប់រំ​ នៅក្នុង​វិស័យ​ថែទាំ​សុខភាព​ នៅក្នុង​ការ​ទទួល​បាន​របស់​ធម្មតា ​ដូចជា​ចំណី​អាហារ​លើតុ​ជាដើម។ មិន​គួរ​អ៊ីចឹង​ទេ​ សម្រាប់​ប្រទេស​មួយ ​ដែល​មាន​សក្តានុពល​យ៉ាង​ធំធេង ​ដូចជា​ប្រទេស​ថៃ»។

លោក Srettha ​បាន​ថ្លែង​ថា ​លោក​កាន់តែ​មាន​ទឹកចិត្ត​ចង់​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ ក្រោយពី​បាន​ឃើញ​ផល​ប៉ះពាល់​ដោយសារ​ជំងឺកូវីដ​ទៅលើ​ប្រទេស​ថៃ។ ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ថៃ ​បាន​ធ្លាក់​ចុះ​អស់​ ៦,១% ​ក្នុង​ឆ្នាំ​ ២០២០។ នេះ​បើ​តាម​តួលេខ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)។ ហើយ​គ្រួសារ​ថៃ​ ៧០% រក​បាន​ប្រាក់​ចំណូល​តិចជាង​មុន។ នេះ​បើ​តាមការ​ស្ទង់មតិ​របស់​ធនាគារ​ពិភពលោក។

លោក Srettha ​បាន​ថ្លែង​ថា៖ «អ្វី​ដែល​ទាញ​ខ្ញុំ​ឱ្យ​ចូល​ក្នុង​គណបក្ស Pheu Thai ​គឺ​ដោយសារ​គណបក្ស​នេះ ​គិតគូរ​អំពី​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ។ គណបក្ស​នេះ​មិនបាន​ព្យាយាម​យ៉ាង​សកម្ម​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​ខ្ញុំ​ចូល​ក្នុង​គណបក្ស​ទេ។ និយាយ​ទៅ​ មាន​ការ​យល់ស្របគ្នា​ទៅវិញ​ទៅមក‍»។

ភាពជាក់ស្តែង​អំពីការផ្លាស់ប្តូរ

គណបក្ស​ Pheu Thai ​មាន​គោលដៅ​ដូច​គណបក្ស​បោះ​ជំហាន​ទៅ​មុខ​ដែរ គឺ៖ បញ្ចប់​របប​គ្រប់គ្រង​របស់​លោក ​Prayuth ​ដែល​បាន​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជិត ​៩ ឆ្នាំ​ហើយ។

ប៉ុន្តែ​គណបក្ស​ Pheu Thai​ និង​គណបក្ស​បោះជំហាន​ទៅមុខ ​ក៏​កំពុង​ប្រជែងគ្នា​ដើម្បី​យក​សំឡេង​ឆ្នោត​របស់​អ្នកនិយម​ការ​ជឿនលឿន​ផងដែរ។ គណបក្ស​បោះជំហាន​ទៅមុខ ​ឃោសនា​ថា​ ខ្លួនជា​អ្នកគាំទ្រ​ក្នុងការ​ប្រឆាំង​នឹង​អាជីវកម្ម​ផ្តាច់មុខ ​និង​ការកែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹង ​ដែល​អាច​មាន​ទោស​រហូត​ដល់​ទៅ​ ១៥ ឆ្នាំ​ក្នុង​ពន្ធនាគារ។

ពិត​មែន​តែ​លោក Srettha ​ចង់​ដោះស្រាយ​បញ្ហា​ទាំងពីរ​តាម​ការ​ជជែកគ្នា​ក្នុង​រដ្ឋសភា​ក៏ដោយ ​ក៏​លោក​យល់​ដឹង​អំពី​អាជីវកម្ម​ផ្តាច់មុខ​ច្រើន​ជាង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ។

លោក Srettha Thavisin មហាសេដ្ឋីអចលនទ្រព្យ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Pheu Thai លើកដៃស្វាគមន៍អ្នកគាំទ្រ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុងបាងកក កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។

ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​ធំៗ​ក្នុង​ប្រទេស​ថៃ ​លោក​បាន​ថ្លែង​ថា៖ «យើង​ត្រូវ​មាន​ការ​រំពឹង​ជាក់ស្តែង។ យើង​នឹង​មិន​បំបែក​ក្រុមហ៊ុន​ទាំង​នោះ​ទេ ​ប៉ុន្តែ​យើង​ចង់​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ជំនួញ​តូចៗ ​អាច​លូតលាស់​បាន។ ខ្ញុំ​មិនមែន​ចង់​ធ្វើឱ្យ​ក្រុមហ៊ុន​ធំៗ​រងគ្រោះ​ទេ។ ខ្ញុំ​ចង់​ជួយ​អ្នក​រកស៊ី​តូចតាច»។

ក៏ប៉ុន្តែ​លោក Srettha ​ដែល​មាន​កូនធំ​ពេញវ័យ​ ៣ នាក់ ​ដែល​សុទ្ធសឹង​តែ​បាន​រៀនសូត្រ​នៅ​បស្ចិម​ប្រទេស​នោះ ​ចង់​ចំណាយ​ពេល​ដើម្បី​ស្វែងយល់​ថា​តើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ពិតជា​បញ្ហា​ដែល​ធ្វើឱ្យ​មនុស្ស​វ័យ​ជំទង់ ​ដែល​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ពិភាក្សាគ្នា​ក្នុង​ប្រទេស​នោះ ​មិន​សប្បាយ​ចិត្ត​ឬ​យ៉ាងណា។

លោក Srettha ​ថា៖ «ខ្ញុំ​មិន​ទាន់​បាន​និយាយ​ជាមួយ​ពួកគេ​ឱ្យ​បាន​ច្រើន​នៅឡើយ​ទេ។ ខ្ញុំ​មិន​ដឹង​ថា​ តើ​ពួកគេ​មិន​សប្បាយចិត្ត​នឹង​រឿង​អ្វីទេ។ ខ្ញុំ​មិន​ដឹង​ថា ​តើ​ពួកគេ​សប្បាយ​ចិត្ត​នឹង​រឿង​អ្វីខ្លះ។ យើង​ត្រូវ​និយាយ​គ្នា។ បើ​យើង​និយាយ​គ្នា ​បើ​យើង​ពិភាក្សា​គ្នា ​រឿង​ព្រះមហាក្សត្រ​អាច​មិនមែន​ជា​បញ្ហា​មួយ ក្នុង​ចំណោម​បញ្ហា​ដែល​នាំឱ្យ​ពួកគេ​មិន​សប្បាយចិត្ត។ ប៉ុន្តែ​បើសិន​វា​ជា​បញ្ហា​មួយ ​យើង​ត្រូវ​ពិភាក្សា​គ្នា​ជាបន្ត។ បើ​ពួកគេ​គិតថា​ច្បាប់​បច្ចុប្បន្ន​ ត្រូវ​កែប្រែ ​យើង​នឹង​ដោះស្រាយ​តាមរយៈ​រដ្ឋសភា‍»៕

ប្រែ​សម្រួល​ដោយ​លោក ប៉ូច រាសី