អតីត​មន្ត្រី​បោះឆ្នោត​ហ្វីលីពីន ប្រឈម​បទ​ចោទ​ស៊ីសំណូក​នៅ​អាមេរិក

រូបឯកសារ៖ លោក Andres Bautista ប្រធាន​គណៈកម្មការ​ឃ្លាំមើល​ការបោះឆ្នោត​ហ្វីលីពីន ធ្វើកាយវិការ​ពេល​គាត់​និយាយ​ទៅកាន់​អ្នកកាសែត​ក្នុង​ទីក្រុង​ម៉ានីល កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥។

អតីត​ប្រធានគណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ហ្វីលីពីន ត្រូវ​បាន​ចោទប្រកាន់​ដោយ​គណៈវិនិច្ឆ័យ​មួយ​នៃ​តុលាការសហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋ Florida កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពីបទ​ទទួល​សំណូក​ពី​ក្រុមហ៊ុន​មួយ​ដែល​ផ្គត់ផ្គង់​ម៉ាស៊ីន​បោះឆ្នោត សម្រាប់​ការ​បោះ ឆ្នោត​ឆ្នាំ​២០១៦​នៅ​ហ្វីលីពីន។

ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ថា លោក Andres Bautista ហៅ Andy អាយុ​៦០​ឆ្នាំ ប្រឈម​បទ​ចោទ​គុបគិត​មួយ​ករណី ក្នុង​ការ​ប្រព្រឹត្ត​ការលាង លុយ​កខ្វក់ និង ៣ករណី​នៃ​ការ​លាងលុយ​អន្តរជាតិ។ នេះបើ​យោង​តាម​សេចក្តីថ្លែង ការណ៍​មួយ​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក។

សេចក្តី​ថ្លែងការណ៍​សរសេរ​ថា​នាយក​ប្រតិបត្តិ​៣​នាក់​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ម៉ាស៊ីន​បោះ ឆ្នោត ក៏​ត្រូវ​បាន​ចោទប្រកាន់​ដែរពីបទ​«ចូលរួម​ក្នុង​ផែនការ​សូកប៉ាន់និង​លាង​លុយ​កង្វក់ ដើម្បី​រក្សា​និង​ទទួល​បាន​អាជីវកម្ម​ទាក់ទង​នឹង​ការ​បោះឆ្នោត​នៅ​ហ្វីលីពីន​ឆ្នាំ​២០១៦»។

ក្រសួង​យុត្តិធម៌​ មិន​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​នេះ​ទេ តែ​នាយកប្រតិបត្តិ​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ មាន​ឈ្មោះ​ថា Roger Alejandro Pinate Martinez អាយុ​៤៩​ឆ្នាំជា​ពលរដ្ឋ​វ៉េណាស៊ុយអេឡា និង​ជា​អ្នក​រស់នៅ​ក្នុង​រដ្ឋ Florida ដែល​ជា​សហ​ស្ថាប និក​ក្រុមហ៊ុន Smartmatic។

ការ​ចោទប្រកាន់​រៀបរាប់​ថា​នៅ​ចន្លោះ​ឆ្នាំ​២០១៥​ដល់​២០១៨ លោក Pinate និង​ឈ្មោះ Jorge Miguel Vasquez អាយុ​៦២​ឆ្នាំ និង​អ្នក​ផ្សេងទៀត «បោះ​សូក​ប៉ាន់​លុយ​យ៉ាង​តិច​១​លាន​ដុល្លារ​»ដល់​លោក Bautista។

លោក Pinate និងឈ្មោះ Vasquez ម្នាក់​ៗ​ត្រូវ​បាន​រងការចោទ​ប្រកាន់មួយ​ករណី​ពីបទ​ឃប់ឃិត រំលោភ​ច្បាប់​ស្តីពី​អំពើ​ពុករលួយ​បរទេស៕