អតីត​ទាហាន​ម៉ារីន​រំលឹក​ពី​ការ​ប្រយុទ្ធ​នឹង​ខ្មែរ​ក្រហម​នៅ​កោះតាង​ រំដោះ​កប៉ាល​ម៉ាយ៉ាហ្កេ

រូបឯកសារ៖ នាវប្រយុទ្ធ USS Harold E. Holt ត្រៀមចេញដំណើរដឹកសម្ភារៈនានាសម្រាប់ប្រតិបត្តិការសឹក​ម៉ាយ៉ាហ្កេ (SS Mayaguez) កាលពីខែឧសភា ឆ្នាំ១៩៧៥។

វ៉ាស៊ីនតោន — នៅពេល​ដែល​ពលបាល​ អាល់ បេលី (Al Baily) ​អតីត​ទាហាន​ម៉ារីន​របស់​សហរដ្ឋ​អាមេរិក​ រៀបរាប់ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅក្នុង​ដែន​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ កាលពីជិត​៤៥​ឆ្នាំមុន​ ភ្នែក​របស់​លោក​បើក​ធំៗ​ហាក់បី​ដូច​ជា​ព្រឹត្តិការណ៍​នោះនៅ​ស្រស់ៗ​នឹងភ្នែក​ ហើយ​សំឡេង​របស់​លោក​បង្ហាញ​ភាព​ក្តុកក្តួល​ នៅ​ពេល​ដែល​លោក​រំលឹក​ដល់​អតីត​យុទ្ធមិត្ត​រួម​អាវុធ​ដែល​បាន​ពលីជីវិត។​

នៅក្នុង​បទសម្ភាស​ជាមួយ​វីអូអេ​ កាលពី​ខែ​តុលា ឆ្នាំ​មុន​ លោកពលបាល ​អាល់ បេលី​ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ពិបាក​ទទួល​យក​ថា ​ហេតុអ្វី​បាន​ជារឿងនោះ​កើត​ឡើង​ចំពោះ​ពួកគេ? ហេតុអ្វី​ខ្ញុំ​នៅ​រស់? ហេតុអ្វី​ពួកគេ​ស្លាប់។ ម៉េចក៏​ខ្ញុំ​មិន​ស្លាប់​ទៅ?»។​

ការវាយ​ប្រយុទ្ធគ្នា​នោះបាន​កើតមាន​ឡើង​ នៅលើ​កោះតាង​ ក្បែរ​ក្រុង​ព្រះសីហនុ​ កាលពី​ថ្ងៃទី​១៥ ខែឧសភា​ ឆ្នាំ​ ១៩៧៥ ​គឺ​មានរយៈ​ពេល​ជិតមួយ​ខែ​ ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ក្រុម​ខ្មែរ​ក្រហម​ដែល​ក្រុង​ប៉េកាំង​គាំទ្រ​ បាន​ឡើង​កាន់​អំណាច​ ក្រោយ​ពី​ផ្តួលរំលំ​របប​យោធា​មួយ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក។​

នោះ​គឺជា​ប្រតិបត្តិការសឹក​ដើម្បី​រំដោះ​កប៉ាល់​ម៉ាយ៉ាហ្កេ (SS Mayaguez) ដែល​ក្រុម​ទាហាន​ជើង​ទឹក​ខ្មែរ​ក្រហមបាន​ចាប់​យក​ពី​ដែន​សមុទ្រ​អន្តរជាតិ កាលពី​ថ្ងៃទី​១២ ខែ​ឧសភា។ នាវា​នោះ​ដឹក​ទំនិញ​ចំនួន ​២៧៤​កុងទីន័រ ក្នុងនោះ​មាន​ ៧៧​កុងទីន័រ ​ជា​របស់​រដ្ឋាភិបាលនិង​យោធា​អាមេរិក។ សម្ភារៈ​នោះ​ត្រូវ​បាន​យក​ចេញ​ពីស្ថានទូតអាមេរិកាំង​ ​ក្នុង​ទីក្រុង​ព្រៃនគរ​ កាលពី៩ថ្ងៃ មុន​ពេលសង្គ្រាម​វៀតណាម​បាន​បញ្ចប់នៅថ្ងៃទី​៣០ ខែមេសា។

ប្រតិបត្តិការ​នោះ​ប្រើប្រាស់​ទាហាន​ម៉ារីន​ ១៧៩​នាក់​ និង​ឧទ្ធម្ភាគចក្រ​ចំនួន​ ៨គ្រឿង​ ដោយ​ចេញ​ពី​មូលដ្ឋាន​យោធា​អូតាប៉ាវ ដែល​ស្ថិតនៅ​ក្នុង​ប្រទេស​ថៃ។

លោកពលបាល​ អាល់ បេលី ​អតីត​ទាហាន​ម៉ារីន​របស់​សហរដ្ឋ​អាមេរិកដែលចូលរួមប្រយុទ្ធក្នុងប្រតិបត្តិការសឹកម៉ាយ៉ាហ្កេ មានវត្តមាននៅទីស្នាក់ការកណ្តាលរបស់វីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែតុលា ឆ្នាំ២០១៩។

លោក​ពល​បាល​ អាល់ បេលី​ ដែល​បាន​បម្រើ​នៅ​ក្នុងកង​អនុសេនាតូចលេខ Golf 2/9 បាន​រៀបរាប់​ព្រឹត្តិការណ៍​នោះ​ឡើងវិញ​ថា៖ «ខ្ញុំ​ជិះ​លើ​ឧទ្ធម្ភាគចក្រ​ដំបូង​ដែល​ហោះ​ទៅ​ដល់។ កាលពី​នៅ​មូលដ្ឋាន​ទ័ព​អូតាប៉ាវ គេ​ប្រាប់​យើង​ថា មាន​អ្នក​នេសាទ​កម្ពុជា​មួយ​ក្រុម​នៅលើ​កោះ​នោះ ដូច្នេះ​នឹង​មិន​មាន​ការ​ត​ដៃ​ខ្លាំងក្លា​ទេ។ ប៉ុន្តែ​ការ​ពិត​បែរជា​មាន​ទាហានមួយ​កងវរៈសេនា​តូច។ ពួកគេ​បាន​ហ្វឹកហ្វឺន​ល្អ ហើយ​ប្រយុទ្ធ​ខ្លាំង។ គ្រាន់តែ​ពេល​ឧទ្ធម្ភាគចក្រ​ចុះចត​ភ្លាម​ ពួកគេ​បាញ់​ស្រោច​គ្រប់​កាំភ្លើង​ដែល​ពួកគេ​មាន។ ហើយ​ឧទ្ធម្ភាគ​ចក្រ​នោះ​ប្រហែល​ជា​ត្រូវ​គ្រាប់​ ២ឬ៣​រយ​គ្រាប់។ លោក​មេ​បញ្ជា​ការ​បាន​បញ្ជា​ឱ្យ​ពួកយើង​លោតចេញពី​ឧទ្ធម្ភាគចក្រ»។

ឧទ្ធម្ភាគចក្រ​ដែល​លោក អាល់ ​បេលី ជិះ​បាន​ត្រូវ​គ្រាប់​ធ្លុះធ្លាយ​ដែល​ពន្លឺថ្ងៃ​បាន​ចាំង​ធ្លាយ​ពីជ្រុង​ម្ខាងទៅ​ម្ខាងទៀត។ វា​ពិបាក​ហោះ​ត្រឡប់​ទៅវិញ​ ហើយបានធ្លាក់​ទៅក្នុង​សមុទ្រ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ពី​កោះតាង។

ការ​ប្រយុទ្ធ​នៅ​លើ​ដី​ជា​លើក​ដំបូង គឺ​មាន​ទាហាន​អាមេរិកាំង​ចំនួន​ ២០នាក់​ទល់​នឹង​ទាហាន​ខ្មែរ​ក្រហមមួយ​កងវរៈសេនាតូច។ នេះ​បើតាម​ការ​រំលឹក​ឡើងវិញ​របស់​លោក​ អាល់ បេលី។

លោក​បាន​បន្ថែម​ថា៖ «យើង​ប្រយុទ្ធគ្នា​មួយ​ម៉ោង​មុន​ពេល​ឧទ្ធម្ភាគចក្រ​បន្ទាប់​បាន​មក​ដល់។ មួយ​ម៉ោង​នោះ​ហាក់បី​ដូចជា​មួយ​ឆ្នាំ​អីចឹង»។

​ភាគី​ទាំងសងខាង​នៅ​ឃ្លាតគ្នា​ចម្ងាយ​ប្រហែល​៣០ម៉ែត្រ​ប៉ុណ្ណោះ។ ទាហាន​អាមេរិកាំង​បាន​រង​របួស​ជាច្រើន ​ហើយ​ពួកគេ​មាន​ឱកាស​ចូល​ពួន​ក្នុង​ព្រៃ​ នៅពេល​ឧទ្ទម្ភាគចក្រ​ទីពីរ​បាន​ហោះ​មក​ដល់ដោយ​ពួក​ខ្មែរក្រហម​ងាកមក​បាញ់​ឧទ្ធម្ភាគចក្រ​នោះ​ម្តង។

លោក ​អាល់ បេលី បន្ទោស​លើ​ការ​ផ្តល់​ព័ត៌មាន​ស៊ើបការណ៍​មិន​បាន​ល្អ។

«វាជា​ព័ត៌មាន​ស៊ើបការណ៍​ខ្សោយ ព្រោះ​ពួកគេ​ជា​អ្នក​ប្រយុទ្ធ​ជើងចាស់។ ពួកគេ​គួរតែ​បញ្ជូន​កម្លាំង​ស៊ើបការណ៍​ជាមុន​ ដើម្បី​ឱ្យ​ដឹង​ថា​មាន​អ្វីខ្លះ​នៅ​ទីនោះ​ ប៉ុន្តែ​ពួកគេ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ»។

Your browser doesn’t support HTML5

អតីត​យុទ្ធជន​សង្គ្រាម​វៀតណាម​បន្ត​ទាមទារ​មេដាយ​កិត្តិយស

ប៉ុន្តែ នៅក្នុង​ស្ថានការណ៍​អាក្រក់​នោះ​ ហើយ​ដែល​លេចចេញ​នូវ​វីរៈបុរស​សង្គ្រាម​ដែលបាន​ជួយ​បញ្ចៀស​ស្ថានការណ៍​ដោយសារ​តែ​ទាហាន​ទាំងនោះ​សុទ្ធតែ​ក្មេងៗ ដែល​មាន​វ័យ​២០ឆ្នាំ​ប៉ុណ្ណោះ ហើយ​ការ​ប្រយុទ្ធ​នោះ​គឺ​ជា​លើក​ដំបូង​របស់​ពួកគេ។

លោក​ អាល់ បេលី បាន​រំលឹក​ថា៖ «យូរៗ​ម្តង ​កង​យន្តហោះ​បាន​បាញ់​ដើម្បី​ជួយ​ដល់​ទាហាន​ដែល​នៅ​លើដី នៅមុន​ពេល​ដែល​ឧទ្ធម្ភាគចក្រ​ទី២ ​និង​ទី៣​មកដល់។ នៅ​ឧទ្ធម្ភាគចក្រ​ទី៣​នោះ​ហើយ​ដែល​លោក​ពលបាល​ឯក​ ហ្វូហ្វូ ទូតេឡេ (Fofo Tuitele) នៅ​ជិះ​លើ​នោះ ហើយ​ពេល​គាត់​មកដល់​រលក​នៃ​ការ​ប្រយុទ្ធបាន​ផ្លាស់ប្តូរវិញ»។​

លោក​ អាល់ បេលី បាន​បន្ថែម​ថា​ ពួក​ទាហាន​ម៉ារីន​ទាំងនោះកំពុង​តែ​ហ្វឹកហ្វឺន​មិន​ទាន់​ចប់​សព្វ​គ្រប់នៅឡើយ​ទេ ​ដូច្នេះ​នៅពេល​ដែល​លោក​ពលបាលឯ​ក​ ទូតេឡេ មក​ដល់​ គឺ​បាន​ផ្តល់​ទំនុក​ចិត្តដល់​ពួកគេ ​ប្រៀប​បីដូចជា«​ទាហាន​អាវក្រោះ​»ដូច្នោះ​ដែរ។

លោក ​អាល់ បេលី ​បាន​បន្ថែម​ថា៖ «ពេលនោះ​លោក​អនុសេនីយ៍ទោរបស់ខ្ញុំ​បាន​បញ្ជា​ឱ្យ​លោក​ពលបាល​ឯក​ ទូតេឡេ​ ទៅ​កម្ចេច​កាំភ្លើង​យន្ត​នៅ​ទំតាំង​ខាងលើ​យើង។ គាត់​ទទួល​បញ្ជា ​ហើយ​ប្រាប់​ពួកខ្ញុំ​ថា ​បើ​មាន​ពួកខ្មាំង​ចេញ​តាម​ច្រក​នេះ​ គឺ​ត្រូវ​បាញ់​សម្លាប់​ទៅ។ មាន​ផ្លូវ​មួយ​ពី​ឆ្នេរ​ខាងកើត​ទៅ​ខាងលិច ហើយ​លោក​ទូតេឡេ​បាន​ចេញ​ទៅ​ឆៀង​ខាងលិច​ ហើយ​ព័ទ្ធ​ចុះ​មក​វិញ។ រយៈពេល​១០នាទី ក្រោយ​មក​កាំភ្លើង​យន្តនោះ​បាន​ស្ងាត់​សំឡេង។ បើ​តាម​ខ្ញុំ​ដឹង​គឺ​កាំភ្លើង​នោះ​មាន​អ្នក​បាញ់​បី​នាក់។ ១០នាទី​បន្ទាប់​ទៀត​ ទីតាំង​កំាភ្លើងយន្ត​មួយ​ទៀត​ស្ងាត់​សំឡេង​ដែរ។ ខ្ញុំ​មើល​គាត់​ចូលទៅ​ហើយ​តាម​មើល​គាត់​ចេញពី​ព្រៃ​មក​វិញ»។

លោក ​ហ្វូហ្វូទូតេឡេ​ បាន​ធ្វើ​ប្រតិបត្តិការ​រហ័ស​នេះ​តែម្នាក់ឯង។

លោក ​អាល់ បេលី​ បាន​បន្ថែម​ថា៖ «គាត់​ទៅ​លើកទី២​ដោយ​កាន់កំាភ្លើង​ផ្លោង​ ហើយ​បាញ់​ដាក់​ទីតាំង​មួយ​ទៀត។ ជា​សរុបមក​ គឺ​គាត់​បាន​បាញ់​កម្ទេច​ទីតាំង​កាំភ្លើង​យន្តចំនួន​បី។ ខ្ញុំ​តាម​មើល​គាត់​ទៅ​ទាំងពីរ​លើក។ លើកទី​មួយ​ គាត់​ចេញ​មក​វិញ​ មាន​កាំភ្លើង​អាការ​ ៤៧ ចំនួន​ពីរដើម មាន​ស្បែក​ជើងជាច្រើន​គូ ដែលមើលទៅ​ដូចជា​លោក​តា សាន់តា​ខ្លស (Santa Claus)។ ពេល​ការ​បាញ់​គ្នា​ស្ងប់​ស្ងាត់​បន្តិច ​ហើយ​ពួកខ្មាំង​ប្រមូល​គ្នា​ ហើយ​ពួកយើង​ក៏​ប្រមូលគ្នា គាត់​ក៏​ចែកចាយ​ជយភណ្ឌ​នោះ​ដល់ពួកយើង​ជា​អនុស្សាវរីយ៍ ប្រៀបដូចជា​លោក សាន់តាខ្លស ​អីចឹង»។

លោក​ប្រធានាធិបតី​អាមេរិក ​ហ្សេរ៉ល ហ្វដ (Gerald Ford) ​បាន​បញ្ជា​ឱ្យ​ធ្វើ​ប្រតិបត្តិការ​យោធា​នោះ​ដើម្បី​សង្គ្រោះ​ក្រុម​នាវិក​និង​នាវា​ដឹកទំនិញ​នោះ​ ហើយ​ការ​ប្រយុទ្ធ​រយៈពេល​១៤ម៉ោង​ដែល​បាន​ចាប់ផ្តើម​តាំងពី​ព្រលឹម​អុរ​ រហូត​ដល់​យប់ងងឹត​នោះ បាន​បណ្តាល​ឱ្យទាហាន​អាមេរិកាំង​ចំនួន ៤១នាក់​ពលី​ជីវិត​ ដោយ ១៥នាក់​ស្លាប់​នៅ​សមរភូមិ​ បី​នាក់​ត្រូវ​ចាប់ខ្លួន​ ហើយ​ទាហាន​ខ្មែរ​ក្រហម​បាន​សម្លាប់​ចោល និង​ ២៣នាក់​ស្លាប់ ពេល​ធ្លាក់ឧទ្ធម្ភាគចក្រ​ពេល​វិល​ត្រឡប់មក​មូលដ្ឋាន​វិញ។ មាន​ទាហាន​របួស​ចំនួន​ ៥០​នាក់​ ហើយ​ឧទ្ធម្ភាគចក្រ​ខូចខាត​ចំនួន​៣គ្រឿង។ រីឯ​ទាហាន​ខ្មែរ​ក្រហម​ស្លាប់​យ៉ាងហោចណាស់​ពី​ ១៥​ទៅ​២៥នាក់។ ប៉ុន្តែ​ក្រុមនាវិក​ទាំង​ ៤០​នាក់​និង​កប៉ាល​ ត្រូវបាន​ជួយស​ង្គ្រោះ​ដោយ​សុវត្ថិភាព។​

សម្រាប់​លោក​ អាល់ បេលី​ លទ្ធផល​អាច​នឹង​ខុស​ពីនេះ​ ប្រសិនបើ​លោក​ ហ្វូហ្វូទូតេឡេ មិន​បានទៅ​ទាន់​ទេ​ ​លោក​ក៏​មិន​នៅ​រស់រាន​មាន​ជីវិត​រហូត​ដល់​សព្វថ្ងៃ​ដែរ។​ ​នេះ​គឺជា​ហេតុផល​មួយដែល​លោក អាល់ បេលី​ បាន​មក​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​បញ្ចុះបញ្ចូល​សភា​ឱ្យ​ផ្តល់​មេដាយសមស្រប​ដល់​លោក​ហ្វូហ្វូតេឡេ។

លោក ​អាល់ បេលី បញ្ជាក់​ថា៖ «ខ្ញុំ​មិន​យល់​ដែរ​ ប៉ុន្តែ​សង្ឃឹម​ថា ​គាត់​នឹង​ទទួល​បាន​មេដាយ​សក្តិសម​នឹង​ស្នាដៃ​គាត់។ ខ្ញុំ​គិត​ថា​ គាត់​សក្តិសម​ទទួល​មេដាយ​កិត្តិយស​ពី​សភា​ជាតិ»។

លោក​ ទូតេឡេ​ បាន​ចូល​បម្រើ​កងម៉ារីន ​នៅពេល​លោក​អាយុ​១៨ឆ្នាំ នៅ​ក្នុងកងអនុសេនាធំ​២/៩ នៃ​កងវរសេនាធំ​ម៉ារីន​ទី៣។ លោក​បាន​បំពេញបេសកកម្ម​ពីរ​លើក​ក្នុង​ប្រទេស​វៀតណាម ដែល​លោក​ទទួលបាន​មេដាយ​សម្រិទ្ធ​ និង​ Purple Heart ។ លោក​បាន​ចាកចេញ​ពីជួរ​កងទ័ព ​ក្រោយ​ពីបម្រើ​ការ​អស់​រយៈពេល​ ២៣ឆ្នាំ​ ហើយបានបន្តធ្វើការ​នៅ​ប៉ុស្តិ៍ប្រៃសណីយ៍​ជិត​ ២០ឆ្នាំ។ បច្ចុប្បន្ន​លោក​ចូល​និវត្តន៍​នៅ​ទីក្រុង ​រីយោ រាន់ជោ (Rio Rancho) ​រដ្ឋ​ញ៉ូមិកស៊ីកូ (New Mexico) ។ លោក​កើតនៅ​កោះ​សាម៉ូអា ហើយ​ទើបតែ​បាន​ចូល​សញ្ជាតិ​អាមេរិកាំង​ក្នុងឆ្នាំ​២០១៦។

ដំណើរ​រឿង​នោះ ត្រូវបាន​សរសេរ​ជាសៀវភៅ​ជាច្រើន​ ដែលមាន​ដូច​ជា «សង្គ្រាម​១៤ម៉ោង»​ ដោយ​លោក​ James E. Wise Jr. ​និង​លោក​ Scott Baron ​«ការ​ប្រយុទ្ធ​ចុងក្រោយ»​ ដោយ​លោក​ Ralph Wetterhahn​ និង​«ព្រឹត្តិការណ៍​ម៉ាយ៉ាហ្កេ» ដោយ​លោក​ Robert J. Mahoney ជាដើម។​

ប៉ុន្តែ​លោក​បណ្ឌិត​ ភីថឺ​ ម៉ាក់ខ្វៃ​ (Peter Maguire) នៃ​មូលនិធិ Fainting Robin ​យល់​ថា​ ការ​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​និង​អ្នក​តាក់តែង​ច្បាប់​អាមេរិកាំង​ នៅ​មិន​ទាន់​សក្តិ​សមនឹងស្នាដៃ​ទាំងនោះ​នៅ​ឡើយទេ។

លោក​បណ្ឌិត​ ម៉ាក់​ខ្វៃ​ ដែល​បាន​ធ្វើការងារ​នេះ​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ បាន​រៀប​រាប់​ថា៖

«ខ្ញុំ​បាន​ប្រទះឃើញ​សំណុំរឿង​នេះ​ នៅ​ពេល​ដែល​កំពុងតែ​ស៊ើបអង្កេត​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ជាពិសេស​គឺ​ជនជាតិអាមេរិកាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ហើយ​បញ្ជូនទៅ​ដាក់​គុក​ទួលស្លែង។ នៅក្នុង​ពេល​ដែល​តាមរក​ក្រុម​ខ្មែរក្រហម​ដែល​ចាប់​ខ្លួន​ពួកគេ​ គឺ​ខ្ញុំ​ដឹង​ថា ​ពួកគេ​គឺជា​ក្រុមខ្មែរ​ក្រហម​ដែល​បាន​ប្រយុទ្ធ​នៅក្នុង​ព្រឹត្តិការណ៍​ម៉ាយ៉ាហ្កេ។ ដូច្នេះ​ ខ្ញុំ​បាន​ដឹង​ពី​ភាគី​ខ្មែរ​ក្រហម ​មុន​នឹង​ខ្ញុំ​បាន​ដឹង​ពីភាគី​អាមេរិកាំង។ កាលនោះ​ មាន​ទាហាន​ម៉ារីន​បីនាក់​ត្រូវបាន​គេ​ទុកចោល​ ហើយ​នោះ​គឺជា​រឿង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ ព្រោះ​ពួកគេ​ត្រូវបាន​ចាប់​ខ្លួន​ ក្រោយ​ពី​ការ​ប្រយុទ្ធ​គ្នា។ អ្វី​ដែល​លេចធ្លោ​ចំពោះ​ខ្ញុំ​ គឺ​ការ​ខុសគ្នា​រវាង​សេចក្តីក្លាហាន និង​វីរភាពរបស់​អ្នកប្រយុទ្ធ​នៅ​លើដី​ និង​លើ​អាកាស និង​អ្នកនៅ​ក្នុង​សមុទ្រ ​បើប្រៀប​នឹង​អ្នកដឹកនាំ​នយោបាយ​របស់​យើង។ ពួកគេ​បាន​ធ្វើ​ឱ្យ​ទាហាន​ទាំងនោះ​ខកចិត្ត»។

លោក​ ភីថឺ​ ម៉ាក់ខ្វៃ​ បាន​យល់ស្រប​នឹង​ការ​រៀបរាប់​របស់​លោក ​អាល់ បេលី​ អំពី​លោក​ ហ្វូហ្វូ​ទូតេឡេ។

«មជ្ឈមណ្ឌល​ Fainting Robin ​របស់​ខ្ញុំ​ បាន​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​ពិនិត្យមើល​សំណុំរឿង​លោក​ ហ្វូហ្វូ ទូតេឡេ ​ឡើងវិញ។ តម្រូវការ​ឱ្យ​ផ្តល់​មេដាយ​នេះ​មាន​លក្ខណៈ​តឹងរ៉ឹង ​ដូច្នេះ​ខ្ញុំ​មិន​អាច​និយាយ​បាន​ថា​ គាត់​សក្តិសម​នឹង​ទទួល​បាន​មេដាយ​មួយ​ណាទេ។ ប៉ុន្តែ​គាត់​សក្តិសម​ទទួល​បាន​មេដាយ​ខ្ពស់​ជាង​អ្វី​ដែល​គាត់​ទទួល​បាន។ ពួក​អស់​លោក​ទាំងនេះ​ចាស់ៗ​ហើយ ​ដូច្នេះ​ពួក​គេ​សក្តិសម​នឹង​ទទួល​តាម​គុណ​បំណាច់។ ខ្ញុំ​កំពុងតែ​ធ្វើការ​ជាមួយ​នឹង​សមាជិក​សភា​និង​ព្រឹទ្ធសភា​ខ្លះ»។

ក្នុងឆ្នាំ​២០១៦ អ្នក​តំណាងរាស្ត្រ​ពីររូប​គឺ​លោក ​ម៉ាក មីដូ នៃ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​ណ័ស ខារ៉ូណាញណា (North Carolina) ​និង​អ្នកស្រី ​តុលស៊ី ហ្កាបាដ (Tulsi Gabbard) ​នៃ​គណបក្ស​ប្រជាធិប​តេយ្យមក​ពី​រដ្ឋ​ហាវៃ (Hawaii) បាន​ស្នើ​ច្បាប់​មួយ​ផ្តល់​មេដាយឱ្យ​អតីត​ទាហាន​ដែល​បាន​ចូល​រួម​ប្រយុទ្ធ​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​នាវា​ម៉ាយ៉ាហ្កេ​។ ប៉ុន្តែ​ សេចក្តី​ព្រាងច្បាប់​នោះ​មិន​បាន​ឆ្លង​ផុត​រដ្ឋ​សភា​ជាតិ​ទេ​ បើ​ទោះបី​ជា​ឈ្មោះ​របស់​យុទ្ធជន​ពលី​ត្រូវបាន​ចារ​នៅ​លើ​វិមាន​រំលឹក​អតីត​យុទ្ធជន​សង្គ្រាម​វៀតណាម​ ដែល​ស្ថិតនៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ក៏ដោយ។ ​

លោក ​ម៉ាក់​ខ្វៃ​ បាន​បន្ទោស​ការ​យឺតយ៉ាវ​នោះ​លើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

«គឺ​ដោយសារតែ​រដ្ឋាភិបាលរបស់​យើង​ដែល​អសមត្ថភាព​ជាយូរឆ្នាំ​ហើយ។ យើង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ហើយ​ ប៉ុន្តែ​ស្រាប់​តែ​រដ្ឋាភិបាល​បិទ ​ហើយ​បន្ទាប់មក​ពួកគេ​ត្រូវឈរ​ឈ្មោះ​បោះឆ្នោត​ឡើង​វិញ។ នេះ​មិនមែន​ជា​រឿង​សាមញ្ញ​ទេ។ ខ្ញុំ​មិនមែន​ជា​មនុស្ស​ងាយ​បោះបង់ការ​តស៊ូ​ទេ ដូច្នេះ​ខ្ញុំ​នឹង​បន្ត​ទាមទារ»។

អាវ​កាក់​ដែល​លោកលោកពលបាល​ អាល់ បែលី ​អតីត​ទាហាន​ម៉ារីន​របស់​សហរដ្ឋ​អាមេរិក ​ត្រូវបានរចនា​ដោយរូបលោក​ផ្ទាល់​ ដោយមាន​សញ្ញាឡូហ្កោ​ដែល​សរសេរ​ថា ​«ក្រុម​សង្គ្រោះ​កប៉ាល់​ម៉ាយ៉ាហ្កេ៖ សមរភូមិ​កោះតាង – កម្ពុជា​ ខែ​ឧសភា​ ឆ្នាំ​១៩៧៥» នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែតុលា ឆ្នាំ២០១៩។

លោក​ពលបាល​ អាល់ បេលី យល់ថា​ លោកក៏នៅ​មិន​ទាន់​ទទួល​បាន​កិត្តិយស​គ្រប់​គ្រាន់​ចំពោះ​ប្រតិបត្តិការ​នោះ​នៅ​ឡើយ​ទេ។

លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​មាន​បំណង​ចង់​ទទួល​បាន​ខ្សែបូរសង្គ្រាម​វៀតណាម។ យើង​មិន​ដែល​ទទួល​បាន​ទេ។ ពួកគេ​ចាត់ទុក​គ្នា​យើង​ ៤១នាក់​ដែល​ពលី​ជីវិត​ថា​ជា​អតីត​យុទ្ធជន​សង្គ្រាម​វៀតណាម​ ដោយ​បានចារឈ្មោះលើ​វិមាន​សង្គ្រាម​វៀតណាម។ ប៉ុន្តែ​អ្នក​ដែល​នៅ​រស់​មិនបាន​ទទួល​បូរ​សង្គ្រាម​វៀតណាម​ទេ។​ ការណ៍​នេះ​ដោយសារតែ​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​ មិន​ព្រម​ធ្វើ​ការ​ដើម្បី​ផ្តល់​បូរសក្តិ​សមតាម​ការងារ​របស់​យើង​ទេ»។

ពេល​មក​ដល់​ការិយាល័យ​របស់​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ លោក ​អាល់​ បេលី​ បាន​ពាក់​អាវ​កាក់​ដែល​លោក​រចនា​ដោយ​ផ្ទាល់​ ក្នុង​នោះ​មាន​សញ្ញាឡូហ្កោ​ដែល​សរសេរ​ថា ​«ក្រុម​សង្គ្រោះ​កប៉ាល់​ម៉ាយ៉ាហ្កេ៖ សមរភូមិ​កោះតាង – កម្ពុជា​ ខែ​ឧសភា​ ឆ្នាំ​១៩៧៥» ​ដែល​បញ្ជាក់​ថា​ អ្វី​ដែល​កើត​មាន​ឡើង​កាលពី​ជិត ​៤៥ឆ្នាំ​មុន ​គឺ​ស្ថិតនៅ​ស្រស់ៗក្នុង​ការចងចាំ​របស់​លោក​ជានិច្ច៕