កិច្ចការ​ឃ្លាំមើល​ការ​បោះឆ្នោត​ដ៏​ប្រឈម​ឧបសគ្គ រឹត​តែ​ចាំបាច់​សម្រាប់​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ

នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

រាជធានីភ្នំពេញ — អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ ដែល​លោក កន សាវាង្ស អ្នក​ជំនាញ​ខាង​ឃ្លាំ​មើល​ដំណើរការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ បាន​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​ ឱ្យ​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​កំណត់​គោលដៅ​និង​ជោគវាសនា​របស់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា តាមរយៈ​ការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត។

លោក កន សាវាង្ស គឺជា​អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ដែល​ជា​អង្គការ​មិនមែនរដ្ឋាភិបាល​ដ៏​ចំណាស់​មួយ​ ដែល​ធ្វើកិច្ច​ការងារពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​តាមរយៈ​ការ​បោះឆ្នោត ចាប់តាំង​ពី​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​លើក​ដំបូង​កាលពី​ឆ្នាំ ១៩៩៣។

ប៉ុន្តែ​ជិត​បី​ទសវត្សរ៍​មក​នេះ កិច្ចការ​ឃ្លាំមើល​និង​តាមដាន​ដំណើរការ​បោះឆ្នោត​ដែល​បុរស​សម្បុរ​ស្រអែម​វ័យ ៤៧ ឆ្នាំ​រូបនេះ ​ធ្លាប់​តែ​ទទួល​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ កាន់​តែ​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ឡើង​ឥតស្រាកស្រាន្ត ជាពិសេស​ចាប់តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំងដ៏ធំ​កាលពី​ឆ្នាំ ២០១៧ ជាមួយ​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​សង្គម​ស៊ីវិល និង​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ជា​បន្តបន្ទាប់ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បន្ត​ពង្រឹង​ការ​ក្តោបក្តាប់​អំណាច និង​ដឹកនាំ​ប្រទេស។

ហើយ​ស្ថានភាព​លំបាក​នេះ​ទំនង​នឹង​បន្ត​កើត​ឡើង​ទៀត​សម្រាប់​អ្នក​ជំនាញ​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោតជើង​ចាស់​រូបនេះ ខណៈ​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ នីតិកាល​ទី ៧ នៅ​ខែកក្កដា​ខាងមុខ ស្របពេល​ដែលគណបក្ស​ភ្លើង​ទៀន​ដែល​បាន​ក្លាយ​ជា​ជម្រើសនយោបាយ​ប្រឆាំង​មួយ​របស់​អ្នក​បោះឆ្នោត​មួយ​ក្រុម កំពុង​ជួប​នឹង​បញ្ហា​ប្រឈម​នានា មុន​ថ្ងៃ​បោះឆ្នោត​មកដល់។

លោក កន សាវាង្ស បាន​រៀបរាប់​ប្រាប់​វីអូអេ អំពី​បញ្ហា​ប្រឈម​ក្នុង​ការ​បណ្តុះ​បណ្តាលក្រុម​អ្នក​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត ថា៖ «អ្នកខ្លះ​គាត់​លើកឡើង​ថា ​មិនហ៊ាន​ចូល​រួមទេ ដោយសារ​មាន​អាជ្ញាធរ​ក្នុងកន្លែង​ខ្លះ​បានប្រាប់​ថា ស្ថាប័ន [ខុមហ្វ្រែល] ហ្នឹង​ជា​ស្ថាប័ន​ប្រឆាំង​នឹង​រដ្ឋាភិបាល ឬក៏​ជា​ស្ថាប័ន​ដែល​ឃុបឃិតនឹង​បរទេស​អីអ៊ីចឹង។ នេះ​ជារឿង​មួយ​ដែល​មាន​ការ​លំបាក​ដែរ។ ចំណុច​ដែលជា​ឧបសគ្គធំ​សម្រាប់​ស្ថាប័ន​ដែល​បាន​លើកឡើង​ហ្នឹង​ក្នុង​ការ​ផ្តល់​លទ្ធភាព​ជូន​ពលរដ្ឋ​ហ្នឹង​គឺ គាត់​បាន​សម្តែងអំពីការ​ព្រួយបារម្ភ​ក្នុង​ការ​ចូលរួម​ហ្នឹង​ ខ្លាច​ក្រែង​លោ​មាន​ការ​ចោទប្រកាន់​លើ​ពួកគាត់​អី​ជាដើម»។​

រូបឯកសារ៖ ពលរដ្ឋតម្រង់ជួររងចាំបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

រូបឯកសារ៖ ពលរដ្ឋម្នាក់បង្ហាញម្រាមដៃដែលបានជ្រលក់ទឹកថ្នាំក្រោយពីបានបោះឆ្នោតហើយ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ឆន្ទៈពលរដ្ឋ

កាលពីប្រមាណជា ៥ ឆ្នាំ​មុន អង្គការ​ខុមហ្វ្រែលដែល​លោក កន​ សាវាង្ស ​ជា​បុគ្គលិក​ជំនាញ​ម្នាក់​នៅទី​នោះ រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗទៀត​ ដូចជា​អង្គការ​និចហ្វិក ដែល​តែង​ចូលរួម​ឃ្លាំ​មើល​ការ​បោះឆ្នោត​ជាច្រើន​អាណត្តិមក​ហើយនោះ​ បាន​ប្រកាស​មិន​ចូលរួម​សង្កេត​ការណ៍​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​ ២០១៨ ដោយ​សារ​ស្ថានភាព​នយោបាយ ​និង​សិទ្ធិមនុស្ស​ដ៏​ដុនដាប​នៅ​កម្ពុជា។

ក៏​ប៉ុន្តែ​ដំណើរការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ កាលពី​ខែមិថុនា ឆ្នាំ ២០២២ កន្លង​ទៅ បាន​បង្កើត​នូវ​ក្តី​សង្ឃឹម​មួយ​នៃ​ដំណើរការ​បោះឆ្នោត​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​មួយ ដោយសារតែមានវត្តមាន​របស់​គណបក្ស​ភ្លើងទៀន ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​នយោបាយ​ដែល​ជា​អតីត​សមាជិក​របស់​គណបក្ស​សង្គ្រោះជាតិ។

ក្នុង​ការ​បោះឆ្នោត​នោះ គណបក្ស​ភ្លើងទៀនបាន​ទទួល​សំឡេង​គាំទ្រ​ដល់​ទៅ ២២% នៃ​សំឡេង​ឆ្នោត​សរុប​ ដោយឈ្នះ​បាន​អាសនៈ ២,១៩៨ និង​ទទួល​បាន​តំណែង​មេឃុំ​ចំនួន ៤ នាក់ ជំទប់ទី១ ចំនួន ២៥ នាក់ ជំទប់ទី ២ ចំនួន ១.៣៦០ នាក់។ ហើយ​បច្ចុប្បន្ន គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​តែ​មមាញឹក​រៀបចំ​ឯកសារ​តម្រូវ​តាម​លក្ខខណ្ឌ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ចុះ​ឈ្មោះ​គណបក្ស​និង​បេក្ខជន​របស់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ នៅ​ខែកក្កដា ឆ្នាំ២០២៣ នេះ។

បរិបទ​ថ្មី​មួយ​នេះ​បាន​និង​កំពុង​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្លាប់​ធ្វើ​ពហិការ​មិន​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​សម្រេច​ចិត្ត​ចូលរួម​ដាក់​អ្នក​សង្កេត​ការណ៍​ការ​បោះឆ្នោត។ ក៏​ប៉ុន្តែ​ការសម្រេច​ថា​នឹងចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោតនៅ​ឆ្នាំ​នេះ មិនមែន​ដោយសារ​ស្ថានភាព​នយោបាយ សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​មាន​ភាព​ប្រសើរ​នោះទេ តែ​ដោយសារប្រជាពលរដ្ឋ​ជាច្រើន​បាន​បង្ហាញ​ការ​តាំង​ចិត្ត​ក្នុងការ​ចូលរួម​ការ​បោះឆ្នោត និង​ឆន្ទៈ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ផុយស្រួយ​នៅ​កម្ពុជា។

លោក កន សាវាង្ស ថ្លែង​ថា៖ «កាលឆ្នាំ​ ២០២២​ នេះ យើង​ឃើញ​ថា​ប្រជាពលរដ្ឋ​ខំ​ប្រឹង​ណាស់ លោក​ខំ​ប្រឹង​ខ្នះខ្នែង​ក្នុងការ​ចូលរួម​របស់​គាត់ ហើយ​ការ​ចូលរួម​របស់​គាត់​ហ្នឹង​វា​ធ្វើឱ្យ​យើង​ឃើញ​ថា មាន​គណបក្ស​ដែល​ទើប​តែកើត​ឡើង​ថ្មី​ហ្នឹង ជា​គណបក្សដែល​ប្រជាពលរដ្ឋ​មាន​ការ​ចូលរួម មាន​ការ​គាំទ្រ ដែល​សំឡេង​នៃ​ការ​ប្រកួត​ប្រជែង​ហ្នឹង ​វា​បាន​កើតមាន»។

បច្ចុប្បន្ន​នេះ អង្គការ​ខុមហ្វ្រែល រួមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​ កំពុង​រៀប​ចំ​វគ្គ​បណ្តុះបណ្តាល​សម្រាប់​អ្នក​សង្កេតការណ៍ និងជ្រើសរើស​អ្នក​សង្កេត​ការណ៍ស្ម័គ្រចិត្ត​ដែល​ជា​ប្រជាពលរដ្ឋ និង​យុវជន ចាប់​ពី​ខែ​ឧសភា​នេះ ដើម្បី​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​ទូទាំង​ប្រទេស។

លោក​ កន សាវាង្ស បញ្ជាក់​ថា ក្នុង​ដំណាក់កាល​ទី​ ១ ខុមហ្វ្រែល​គ្រោងបញ្ជូន​ឈ្មោះអ្នក​សង្កេត​ការណ៍​ចំនួន ៣.៥០០នាក់ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប) ហើយ​ក្នុង​គម្រោង​សម្រាប់​អ្នក​សង្កេតការណ៍​សរុប​មាន​ ​ប្រមាណជា ១ម៉ឺននាក់​ និង​ច្រើន​ជាង​នេះ ​ទៅ​តាម​ការ​ស្ម័គ្រ​ចិត្ត​ចូលរួម​របស់​ប្រជាពលរដ្ឋ។

អ្នក​សង្កេតការណ៍​ការ​បោះឆ្នោត​មកពី​អង្គការ​ខុមហ្វ្រែលក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិឆ្នាំ​ ២០១៣​ មាន​ចំនួន​ជាង​ ១ម៉ឺននាក់ និង​ក្នុង​ឆ្នាំ​ ២០១៨ ជាង​មួយ​ម៉ឺននាក់ ចំណែក​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ឆ្នាំ ​២០២២ នៅ​ពេល​ដែល​ខុមហ្វ្រែល​ចូលរួម​សង្កេតការណ៍​ តែ​មិន​ធ្វើការ​វាយ​តម្លៃ មាន​ចំនួន​តែជាង ​២ពាន់​នាក់​ប៉ុណ្ណោះ។

លោក​ កន សាវាង្ស បន្ថែម​ថា ការ​ចូលរួម​សង្កេតការណ៍​ឆ្នាំ​ ២០២៣​ នេះ សង្គម​ស៊ីវិល​មិនទាន់​កំណត់​ថា​ តើ​នឹង​ចេញ​របាយការណ៍​វាយ​តម្លៃ​ជុំវិញ​ស្ថានភាព​មុន អំឡុង និង​ក្រោយ​ការបោះឆ្នោត​ឬ​យ៉ាងណា​នៅ​ឡើយ។

បើតាម​លោក កន សាវាង្ស មាន​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា​ ៣០ ​ស្ថាប័ន ​ចូលរួម​គាំទ្រជា​ធនធាន​មនុស្ស បច្ចេកទេស និង​ហិរញ្ញវត្ថុ​សម្រាប់​ការ​សង្កេត​ការណ៍។

រូបឯកសារ៖ លោក ​កន ​សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ខុមហ្វ្រែល ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅ​ការិយាល័យ​របស់​លោក ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក នៅការិយាល័យអាដហុក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​ដែល​ជា​ស្ថាប័ន​នឹង​ចូលរួម​សង្កេត​ការណ៍​ការ​បោះឆ្នោត​ជាមួយ​អង្គការ​ខុមហ្វ្រែល​ដែរនោះ លើក​ឡើង​ថា ​បើទោះបី​ជា​ការ​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​ដោយ​ឯករាជ្យ ត្រូវ​ប្រឈម​នឹងបញ្ហានានា​ក្តី ប៉ុន្តែ​លោក​ថា ការ​ពង្រឹងប្រជាធិបតេយ្យ​នៅកម្ពុជា គឺជា​រឿង​សំខាន់។​

លោកថ្លែងថា៖ «បើសិនជា​យើងនាំគ្នា​ភ័យ​ខ្លាច​ យើង​មិនចូលរួម តើ​សង្គម​ប្រជាធិបតេយ្យ​របស់​ប្រទេស​យើង​នឹង​ទៅ​ជាយ៉ាង​ណា? អ៊ីចឹង​នាំ​គ្នា​បណ្តែត​បណ្តោយ​ឱ្យ​អ្នក​នយោបាយ​គាត់ធ្វើ​អី​តាម​អំពើ​ចិត្ត អ៊ីចឹង​វា​ធ្វើឱ្យ​ប្រទេសជាតិយើង​អាច​ធ្លាក់​វិល​ត្រឡប់​ទៅ​អតីតកាល​វិញ។ អ៊ីចឹង​យើង​អត់​ចង់​ឃើញ​រូបភាពបែប​ហ្នឹង​ទេ។ អ៊ីចឹង​យើង​បាន​ទទូច ហើយ​យើង​កំពុង​តែធ្វើ​ការ​បណ្តុះ​បណ្តាល ​អប់រំប្រជាពលរដ្ឋយើង​ឱ្យ​មាន​ភាព​ក្លាហាន​ក្នុងការ​ចូលរួម​ឱ្យ​សកម្ម​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​យើង​ហ្នឹង»។

លោក ស៊ឹង សែនករុណា បន្ថែម​ថា វត្តមាន​របស់​អ្នកសង្កេត​ការណ៍ដោយ​ឯករាជ្យអាច​ធ្វើ​ឱ្យ​គុណតម្លៃ​នៃ​ការ​បោះឆ្នោត​មាន​តម្លៃ​លើ​ឆាក​អន្តរជាតិ។

លោក​ថ្លែងថា៖ «បើសិនជា​មិនមាន​អ្នក​សង្កេតការណ៍​ឯករាជ្យ​ចូលរួម​ទេ ការ​បោះឆ្នោត​ហ្នឹង​ហាក់​ដូច​ជា​អត់​មាន​តម្លៃ អត់​មានន័យ​អីទេ។ អ៊ីចឹង​ការ​ផ្តល់​នូវ​ភាព​ស្រប​ច្បាប់​ក្នុងការ​បោះឆ្នោត​ ក៏​មិន​មាន​តម្លៃជាមួយនឹង​ការ​ដែលសហគមន៍​អន្តរជាតិ ឬក៏​ភាគី​ពាក់ព័ន្ធ​នានាទទួល​យក​បាន​ដែរ។ អ៊ីចឹង​បើ​សិនជា​អ្នកឯករាជ្យ​គាត់​អាច​មាន​ឱកាស​ចូលរួម​ដោយ​ពេញ​លេញ ដោយ​មាន​ភាព​សេរី ដោយ​មិន​មានសម្ពាធ​អ្វី អាហ្នឹង​វា​អាចផ្នែក​មួយ​សម្រាប់ជួយ​ដល់​លទ្ធផល​បោះឆ្នោត​ដែរ។​ អាច​ធ្វើ​ឱ្យ​អ្នក​ចាញ់គាត់​អស់​ចិត្ត»។​

កាន់តែប្រឈម រឹតតែចាំបាច់

នៅមុនការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ឆ្នាំ​ ២០១៧ អង្គការ​សមាគម​សង្គមស៊ីវិល​ជាង ៤០ នៅ​កម្ពុជា បាន​បង្កើត​ «បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត» ​ដើម្បី​ឃ្លាំមើល និង​វាយតម្លៃ​ការបោះឆ្នោត។

​ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាឱ្យ​បិទ​បន្ទប់​ស្ថានការណ៍​នេះ​ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិឈ្នះ​អាសនៈ​ឃុំ និងចៅ​សង្កាត់ជិត ៥០០ ឃុំ​/សង្កាត់ និង​ជាប់​ជា​ក្រុម​ប្រឹក្សាឃុំ​/សង្កាត់​រហូតដល់ ជាង​ ៥.០០០ នាក់ (៥.០០៧) ដែល​មាន​អ្នកបោះឆ្នោត​គាំទ្រជាង ៣ លាន​នាក់ ឬ​ស្មើនឹង ៤៤% នៃ​អ្នក​ចេញទៅ​បោះឆ្នោត​សរុប។

ការ​បញ្ជា​ឲ្យ​បិទ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ គឺ​ក្រោយ​ពេល​បណ្ដុំ​អង្គការ​ទាំង​នេះ​បាន​រក​ឃើញភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​នោះ។ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ចោទ​បន្ទប់​ស្ថានការណ៍​ ថា​បាន​ចេញ​របាយការណ៍​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រឆាំង និង​ថា​ជា​ក្រុម​បដិវត្តន៍​ពណ៌ ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​។

បើទោះបីជា​រង​ការ​ចោទប្រកាន់​ជាច្រើន​ដង​និង​ផ្អាក​ការ​សង្កេតការណ៍​កាលពី​ការ​បោះឆ្នោត​ថ្នាក់ជាតិអាណត្តិ​មុន​ក្តី ក៏​ក្រុម​សង្គម​ស៊ីវិល​ដែល​ជា​អ្នកសង្កេតការណ៍​ឯករាជ្យ​ដូចជា​ខុមហ្វ្រែល នៅ​តែបន្ត​ចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោត ដោយ​យល់​ឃើញ​ថា អ្នក​សង្កេតការណ៍​ការ​បោះឆ្នោត​ឯករាជ្យ នឹង​ជួយ​ឱ្យប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​ក្នុងការ​បោះឆ្នោត។​

លោក កន សាវាង្ស បញ្ជាក់​ថា៖ «ទោះបីថា​មាន​ឧបសគ្គក៏​ដោយ ប៉ុន្តែយើង​នឹង​ប្រឹង។ យើង​សង្ឃឹម​ថា ​វត្តមាន​របស់​អ្នក​សង្កេតការណ៍ វត្តមាន​របស់អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​នឹង​ជួយ​ឱ្យ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ហ្នឹង​កាន់តែ​ប្រសើរ កាន់តែ​ពេញ​ចិត្ត​ និង​ការ​យល់ដឹងពី​ប្រជាពលរដ្ឋ​កាន់តែច្រើន​ថែមទៀត»។

ការ​បោះឆ្នោត​ជាតិ​នីតិកាលទី​ ៦ ឆ្នាំ​ ២០១៨​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​ទាំង ១២៥ នៅ​រដ្ឋសភា​នោះ គឺជា​លើក​ដំបូង​ដែល​សង្គម​ស៊ីវិល​ដែលធ្វើ​ការងារ​ទាក់ទង​នឹង​ការបោះឆ្នោត​មិន​ចូលរួម​សង្កេតការណ៍ នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត។ ចំណែក​សហគមន៍​អន្តរជាតិ​ដែល​ជាបណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ ដូចជាសហភាព​អឺរ៉ុប ​សហរដ្ឋអាមេរិក​ ក៏​មិនបាន​ចូលរួម​សង្កេត​ការណ៍ ដោយសារ​ការ​បង្ក្រាប​លើ​សកម្មជន​នយោបាយ​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ការ​រឹត​ត្បិត​សារព័ត៌មាន​នៅ​ពេល​នោះ។​

ហើយ​ក្នុងរយៈពេល​តែ​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ជាតិ​នីតិកាល​ទី ៧ ឈាន​មក​ដល់​នៅ​ថ្ងៃទី២៣ ខែ​កក្កដា ស្ថានភាព​នយោបាយ​និង​សិទ្ធិ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ឆ្នាំ ២០១៨ នោះដែរ។

រូបឯកសារ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍ក្រុមអ្នកសារព័ត៌មាន ខណៈលោកចាកចេញពីគេហដ្ឋានរបស់លោក មុនសេចក្តីប្រកាសសាលក្រមកាត់ក្តីរូបលោកពីបទក្បត់ជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

រូបឯកសារ៖ បន្ទប់​ស្ទូឌីយោ​ថត​សំឡេង​នៅ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD)ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។

ជាក់ស្តែង នៅដើម​ខែមីនា​នេះ លោក កឹម សុខា ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​កាត់​ទោស​ដោយ​ឱ្យជាប់ឃុំ​ក្នុង​ផ្ទះ​រយៈពេល​ ២៧ ​ឆ្នាំពីបទ​ក្បត់ជាតិ។ ថ្នាក់ដឹកនាំ សកម្មជន និង​សមាជិក​គណបក្ស​ប្រឆាំង ជាពិសេស​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​ចោទ​ប្រកាន់ និង​ចាប់​ឃុំ​ពីបទល្មើស​ផ្សេងៗ ហើយ​មួយ​ចំនួន​ត្រូវ​រង​នូវការ​ប្រើហិង្សា​ពីជន​មិនស្គាល់​មុខ​ជា​បន្តបន្ទាប់ រហូត​រងរបួស​ធ្ងន់ ពិការ និង​បាត់​បង់ជីវិត។ មុន​នេះ កាលពី​ដើម​ខែ​កុម្ភៈ ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD) ដែលជា​វិទ្យុ​ឯករាជ្យ​ក្នុង​ស្រុក​ចុង​ក្រោយ​គេ ក៏​ត្រូវ​បានដក​អាជ្ញាបណ្ណ​និង​បិទ​ ក្រោម​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​របាយការណ៍​ចម្រូងម្រាស់​មួយ​អំពី​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​ ហ៊ុន សែន និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត។ បន្ថែម​លើ​នេះ ថ្នាក់ដឹកនាំ​សហជីព​ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​ពាក់ពន័្ធ​នឹង​ការ​តវ៉ា​សុំ​សំណង​ពី​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ឯកជន ស្រប​ពេល​ដែល​ការជួប​ប្រជុំ​របស់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ត្រូវ​បាន​ឃ្លាំមើល និង​ហាម​ឃាត់​ជាដើម។

ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដូច​ជា​សហភាព​អឺរ៉ុប ជប៉ុន អូស្ត្រាលី​ អង់គ្លេស អាល្លឺម៉ង់ និង​បារាំង​ជាដើម បាន​ប្រកាស​មិន​ដាក់​អ្នកសង្កេតការណ៍​របស់​ខ្លួន​ដើម្បី​ឃ្លាំ​មើល​ការ​បោះឆ្នោត​នា​ខែ​កក្កដា ឆ្នាំ​ ២០២៣ ​ខាងមុខ​នោះ​ទេ។

ឯកអគ្គរដ្ឋទូតជប៉ុន លោក Ueno Atshusi ប្រាប់ VOA តាម​សារអេឡិចត្រូនិច​អ៊ីមែល​កាល​ពី​ថ្ងៃ​ទី​ ២៧ ខែមេសា​ថា៖ «រដ្ឋាភិបាល​ជប៉ុន​មិនមាន​គម្រោង​បញ្ជូន​អ្នក​សង្កេតការណ៍​ជា​ផ្លូវការ​ទេ ព្រោះ​យើង​ខ្លាច​ថា ការ​បញ្ជូន​អ្នក​សង្កេតការណ៍​ផ្លូវ​ការ​អាច​នាំឱ្យ​មាន​ការ​យល់ព្រម​ការ​បោះឆ្នោត​ទាំង​លទ្ធផល និង​ការ​អនុវត្ត (យុត្តិធម៌ តម្លាភាព គណនេយ្យភាព។ល។) ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​ពិត​ប្រាកដ»។

ទោះយ៉ាង​ណា​ លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន Ueno បញ្ជាក់​ថា ស្ថានទូត​នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ក្នុងនាម​ជាភ្ញៀវរបស់ គ.ជ.ប។

ចំណែក​សហភាព​អឺរ៉ុប​បញ្ជាក់ដែរ​ថា៖ «សហភាព​អឺរ៉ុប​នឹង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​បោះឆ្នោត​ជាតិ​នៅក​ម្ពុជា​នៅ​ឆ្នាំនេះ​ទេ។ សហភាព​អឺរ៉ុប​យក​ចិត្ត​ទុកដាក់​ជា​ចម្បង​ចំពោះ​ការ​បោះឆ្នោត​ដែល​រួម​បញ្ចូល​តម្លាភាព និង​គួរឱ្យ​ទុកចិត្ត»។

ស្ថានទូត​បារាំង​ក៏​បាន​បង្ហោះសារ​ជាសាធារណៈមួយ​លើ​បណ្តាញ​សង្គម​ធ្វីត​ធឺរ​របស់​ខ្លួន​កាលពី​ថ្ងៃទី​ ២៩ ​ខែមីនាថា ​បារាំង​មិនមាន​ចេតនា​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មក​ឃ្លាំ​មើល​ការបោះឆ្នោត​នេះ​ឡើយ។

ស្ថានទូត​បាន​បញ្ជាក់​បន្ថែម​ថា៖ «យើង​នៅតែ​បន្ត​លើកទឹកចិត្ត​ឱ្យ​មាន​ការបង្កើត​នូវ​បរិយាកាស​ដែល​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ដំណើរការ​ទៅដោយ​គ្មានឧបសគ្គ ដែល​ជា​ចំណុច​សំខាន់​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌»។

ដូចគ្នា​នេះ ​ស្ថានទូត​អូស្ត្រាលី និង​អាល្លឺម៉ង់ ​ក៏​មិន​មាន​គម្រោង​បញ្ជូន​អ្នកសង្កេត​ការណ៍​របស់​ខ្លួន​ទៅ​ឃ្លាំ​មើល​ការបោះឆ្នោ​តអាណត្តិ​នេះ​ដែរ។

ដោយឡែក ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា មិនបាន​បញ្ជាក់​ថា​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍របស់​ខ្លួន​ទៅ​ឃ្លាំមើល​ការ​បោះឆ្នោតនេះ​ ឬអត់​នោះទេ ដោយ​គ្រាន់​តែ​អ្នកនាំពាក្យ​ស្ថានទូត កញ្ញា Stephanie Arzart ប្រាប់ VOA តាម​សារអេឡិច​ត្រូនិចអ៊ីមែល ក្នុង​ន័យ​ដើម​ថា៖

«សហរដ្ឋ​អាមេរិក​បន្តចូលរួម​ជាមួយ​អាជ្ញាធរ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹងលទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស។ អាជ្ញាធរ​កម្ពុជា​គួរតែ​អនុញ្ញាត​ឱ្យ​មាន​ទស្សនៈ​នយោបាយ​ប្រឆាំង ជំរុញ​ការ​ប្រកួតប្រជែង​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ជំរុញ​ការ​ផ្លាស់ប្តូរ​គំនិត​ដោយ​បើក​ចំហ និង​ការពារ​សមត្ថភាព​របស់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ប្រតិបត្តិការ​ដោយ​សេរី ដោយ​មិន​ភ័យខ្លាច​អំពើ​ហិង្សា»។

ក្នុង​សារអេឡិច​ត្រូនិច​ដែល​ឆ្លើយតប​នឹង​ VOA សហភាព​អឺរ៉ុប ស្ថានទូត​ជប៉ុន និង​ស្ថាន​ទូត​អូស្ត្រាលី​បញ្ជាក់​ថា ពួកគេ​គាំទ្រអង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​ក្នុង​ការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍ និង​តាមដាន​ការបោះឆ្នោត។

លោក​បណ្ឌិត ប៉ា ច័ន្ទរឿន នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ លើកឡើងថា ការ​បោះឆ្នោត​មួយ​ដែល​មានភាព​សេរី និង​យុត្តិធម៌ លុះ​ត្រា​តែមាន​អាជ្ញាកណ្តាល ឬ​សាក្សី​ដែល​អាច​បញ្ជាក់​អំពី​ភាព​សេរី និង​យុត្តិធម៌​នៃ​ដំណើរការ។​

លោក​ថ្លែង​ថា៖ «វត្តមាន​របស់​អ្នកសង្កេតការណ៍​ឯករាជ្យ ចាំបាច់​ណាស់​នៅក្នុងការ​ជួយ​ពិនិត្យមើល និង​វាយតម្លៃ​អំពី​ដំណើរ​ការ​ពី​ភាព​សេរី ភាព​យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ​នៃ​ដំណើរ​ការ​បោះឆ្នោត​ រាប់​តាំងពី​មុន​ការ​បោះឆ្នោត ពេល​កំពុង​បោះ​ឆ្នោត និង​លទ្ធផល​ក្រោយ​ការ​បោះ​ឆ្នោត​ជាដើម»។

លោកបណ្ឌិត​ ប៉ា ច័ន្ទរឿន បន្ថែម​ថា ប្រសិនបើ​ដំណើរ​ការ​នៃការ​បោះឆ្នោត​មិនមាន​សេរី និង​យុត្តិធម៌​ទេ​នោះ នឹង​បង្កើត​ឱ្យ​ទំនាស់​នយោបាយ​ក្នុង​ប្រទេសកាន់តែ​ធ្ងន់ធ្ងរ ហើយ​អន្តរជាតិ​នឹងបន្តដាក់សម្ពាធ និង​ទណ្ឌកម្ម​បន្ថែម។

ក្រុម​អង្គការ​សង្គមស៊ីវិល​តែងទាមទារ​ឱ្យ​រដ្ឋាភិបាល​ធានា​ឱ្យបាន​នូវលក្ខខណ្ឌ​អប្បបរមាចំនួន​ ៦​ ចំណុច​ ដើម្បី​ឱ្យការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌ ក្នុងនោះ​រួមមាន ការ​បង្កើត​បរិយាកាសនយោបាយសេរី ការ​ធានា​សិទ្ធិនយោបាយ សិទ្ធិអ្នក​បោះឆ្នោត​ សមាសភាព​គណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត​ពីគ្រប់​ភាគី​ តុលាការ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​មាន​ភាពឯករាជ្យ និង​អព្យាក្រឹត​និងធានា​ឱ្យ​សង្គមស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ការងារ​ដោយ​សេរី។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ប្រាប់ VOA ថា​ វត្តមាន​របស់​អ្នកសង្កេតការណ៍​ឯករាជ្យ​ដែលមក​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជា​វត្តមាន​ក្រុម​អ្នក​កណ្តាលក្នុង​ការធ្វើ​ជា​សាក្សី ចងក្រងចំណុច​វិជ្ជមាន និង​អវិជ្ជមាន ​ដែល​នឹងធ្វើ​ឱ្យ​ដំណើរការ​បោះឆ្នោតនៅ​កម្ពុជា​កាន់តែ​ប្រសើរ។

បើ​តាមលោក ហង្ស ពុទ្ធា គិត​ត្រឹម​ថ្ងៃ​ទី​ ២៧ ខែមេសា ឆ្នាំ​ ២០២៣ អ្នក​សង្កេតការណ៍​ជាតិ​ដែល​បាន​បញ្ជូន​ឈ្មោះ​ទៅ គ.ជ.ប មាន​ចំនួន​ ៨.៥០០នាក់។ លោក​ថា ​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ អ្នក​សង្កេតការណ៍​ជាតិ​មាន​ចំនួន​ជាង​ ៨​ម៉ឺននាក់។

សម្រាប់​អ្នកសង្កេត​ការណ៍​អន្តរជាតិ លោក ហង្ស ពុទ្ធា ថា​ មិនទាន់​មាន​អ្នក​ប្រកាស​ថា​នឹង​បញ្ជូនអ្នកសង្កេតការណ៍​របស់​ខ្លួន​មក​នៅ​ឡើយ លើកលែង​តែ​ស្ថានទូតរុស្សី ដែល​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ក្នុងការ​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មក។​

បើទោះ​ជា​មាន​ការ​ត្រៀម​ខ្លួន និង​ត្រៀម​អ្នក​សង្កេតការណ៍ការបោះឆ្នោត​ក្តី ប៉ុន្តែ​ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា ការ​សម្រេច​ចូល​រួម​ឃ្លាំមើល​ការ​បោះឆ្នោត​នេះ​អាច​នឹង​ត្រូវ​ផ្លាស់ប្តូរ ប្រសិន​បើ​ស្ថាន​ភាព​នយោបាយ​មានការ​រឹតត្បិត​ខ្លាំង។

លោក ស៊ឹង សែនករុណា លើក​ឡើង​ថា ប្រសិនបើស្ថានការណ៍​នយោបាយ​ចាប់ពី​ពេល​នេះ​រហូត​ដល់​ការ​ឃោសនា និង​ការ​បោះឆ្នោត​ ​មាន​ការ​រឹតត្បិត​ខ្លាំង​រហូត​ដល់​លែង​មាន​វត្តមាន​របស់​គណបក្សប្រឆាំង​ដែល​អាច​ប្រកួត​ប្រជែង​នឹងគណបក្ស​កាន់​អំណាច​បាន នោះ​សង្គម​ស៊ីវិល​អាច​នឹង​ពិចារណា​ក្នុងការ​មិនចូល​រួម​សង្កេតការណ៍។

លោក​បញ្ជាក់​ថា៖ «គណបក្ស​ដែល​អត់​ចូលរួម​ច្រើន យើង​យល់​ថា​មាន​តែ​គណបក្ស ឧទាហរណ៍​មាន​តែ​គណបក្សកាន់​អំណាច​មួយ អ៊ីចឹង​យើង​ឃើញ​ថា​ដូច​ប្រហែល​នឹង​ឆ្នាំ​ ២០១៨ អ៊ីចឹង​អាហ្នឹង​ក៏​ជា​បរិយាកាសមួយយើង​អាច​ពិចារណា​បញ្ឈប់​វិញ​បាន​ដែរ»៕