រដ្ឋាភិបាល​កណ្តាល​​ក្នុង​ទ្វីប​អឺរ៉ុប​​កំពុង​​តស៊ូ​​នឹង​​​តំបន់​ដែល​​ព្យាយាម​​ផ្តាច់​ខ្លួន​

រូប​ឯកសារ៖ អ្នកគាំទ្រ​ឯករាជ្យ​តំបន់ Catalonia ធ្វើ​បាតុកម្ម​​​នៅ​ខាង​ក្រៅ​អគារ​រដ្ឋាភិបាល​អេស្ប៉ាញ​នៅ​ក្រុង​ Barcelona កាល​ពី​ឆ្នាំ​២០១៩ ដើម្បី​ប្រឆាំង​នឹង​ការ​ចាប់​ឃុំ​មេដឹកនាំ​បំបែក​រដ្ឋ​ Catalan។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ​Boris Johnson​ បាន​ឈ្នះ​ការ​បោះឆ្នោត​សកល​ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩​មួយ​ផ្នែក​គឺ​ដោយ​សារ​តែ​ការ​សន្យា​បង្រួបបង្រួមចក្រភពអង់គ្លេស​ក្រោយការចាក​ចេញ​ពី​សហភាព​អឺរ៉ុប និង​លើក​កម្ពស់​មុខមាត់​ប្រទេស​ឡើង​វិញ​ដោយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​ផ្នែក​ខ្លះ​ដែល​រដ្ឋាភិបាល​មុន​ៗ មិន​បាន​យក​ចិត្ត​ទុក​ដាក់​នោះ។

លទ្ធផល​មួយ​ផ្នែកកើត​ចេញ​ពី​ការ​សន្យាដែលបាន​ប្រកាសក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​នោះ​គណបក្ស​អភិរក្ស​របស់​លោក​បាន​ដណ្តើម​បា​ន​អសនៈ​មួយ​ចំនួន​ក្នុង​តំបន់​ដែល​គ្មានឧស្សាហកម្ម​នៅ​ភាគ​ខាង​ជើង​ប្រទេស​អង់គ្លេស​ដោយផ្លាស់ប្តូរ​មណ្ឌល​បោះឆ្នោត​ហៅ​ថា​ជញ្ជាំង​ក្រហម​ជា​ច្រើន​ទសវត្ស​រ៍ ដែលធ្លាប់​បោះឆ្នោត​គាំទ្រ​គណបក្ស​ការងារដែល​ជា​គណបក្ស​ប្រឆាំង​ឆ្វេង​និយម​កណ្តាល​ដ៏​សំខាន់មួយនៅ​ក្នុងប្រទស​អង់គ្លេស។លោក​ Johnson ក៏​បានប្រឹង​ប្រែងផង​ដែរជាមួយ​ក្រុម​អ្នក​ជាតិនិយម​Scotland​ដោយ​សន្យា​ទប់​ស្កាត់​ការ​ធ្វើ​ប្រជាមតិ​ក្នុង​ការ​ស្វែង​រក​ឯករាជ្យ​របស់ពលរដ្ឋ​Scotland​ជា​លើក​ទី​២។

ប៉ុន្តែ​ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ធ្ងន់​ធ្ងរ​ដោយវីរុស​រាតត្បាត​កូរ៉ូណា​នោះ​ការ​ព្យាយាម​បំបែក​ខ្លួន របស់​ចក្រភព​អង់គ្លេស​រវាងផ្នែក​ខាងជើងនិង​ខាង​ត្បូង​កាន់​តែ​មានទំហំ​ធំ ហើយ​ការ​គាំទ្រឲ្យ​មាន​ឯករាជ្យ​របស់​ដែនដី​Scotland មិន​ដែល​មាន​កម្រិត​ខ្លាំងដូច​ពេល​នេះ​ទេ។​ទន្ទឹម​នឹង​នេះ​ក្រុម​ជាតិនិយម​របស់ដែនដី​Wales​នៃ​ចក្រភព​អង់គ្លេសក៏​ត្រូវ​បាន​ងើប​ឡើង​វិញ​ខ្លាំងដោយ​សារ​ជំងឺកូវីដ១៩។ យោង​តាម​លោក​ស្រី Polly Mackenzieនៃអង្គការ​ស្រាវជ្រាវ​មិន​ប្រកាន់​គណបក្ស​របស់​ចក្រភព​អង់គ្លេស Demos​បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋWales ជិត​ពាក់​កណ្តាលដែល​មានអាយុ​ក្រោម​២៥​ឆ្នាំ​បាន​និយាយ​ថា​ពួក​គេ​ចង់​ឲ្យ​មានការ​ផ្តាច់​ខ្លួន​ចេញ​ពី​ចក្រភព​អង់គ្លេស។

រូប​ឯកសារ៖ សញ្ញា​តាម​ផ្លូវ​មួយ​ដែល​សរសេរ​ថា «ប្រយ័ត្ន​ចរាចរណ៍​ពី​ខាង​ស្តាំ» ត្រូវ​គេ​ដាក់​នៅ​ក្រុង Edinburgh ប្រទេស​ស្កុតលែន ចក្រភព​អង់គ្លេស កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩។

ទន្ទឹម​នឹង​នេះ ក្រុម​មេដឹកនាំតំបន់​ភាគ​ខាង​ជើងបាន​ប្រឆាំ​តវ៉ាជាមួយ​រដ្ឋាភិបាល​ក្រុង​ឡុងដ៍​ដោយ​លើក​ឡើង​ថា​អង់គ្លេស​មិន​បាន​ជួយ​ពួក​គេ​ឲ្យ​បាន​គ្រប់គ្រាន់ក្នុង​ការ​បិទសកម្មភាពឬ​ដោះ​ស្រាយការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដោយ​សារ​តែ​វិបតិ្តនៃ​ជំងឺ​កូវីដ​១៩​នោះ​ទេ។មនុស្ស​មួយ​ចំនួន​បាន​ប្រឆាំង​ទៅ​នឹង​ការរឹត​បន្តឹងក្នុង​ប្រព័ន្ធ​ទប់ស្កាត់​ជំងឺកូវីដ១៩​ដែលមាន​៣កម្រិតថ្មី​មួយ​ដោយ​បាន​រិះគន់​លោក Boris Johnsonពី​ចំណាត់​ការ​របស់​លោក​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ជំងឺ​កូវីដ​១៩​និង​បាន​ចោទ​រដ្ឋាភិបាលអង់គ្លេស​ថាបាន​យកការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​នោះ​ធ្វើជា​រឿង​នយោបាយ។

អភិបាល​ក្រុង​ក្នុងតំបន់​ភាគ​ខាង​ជើងបានលើក​បញ្ជាក់​ថា​វិធានការតឹងរ៉ឹង​ជាង​មុន​ចេញពី​មន្ត្រីរដ្ឋាភិបាលក្នុង​ទី​ក្រុង​ឡុងដ៍កំពុង​ដាក់​ឲ្យ​អនុវត្តន៍​ក្នុង​តំបន់​របស់​ខ្លួនដោយ​មាន​ការពិ​គ្រោះ​យោបល់​តិចតួច​ពេក។​ លោក Andy Burnham អភិបាល​ក្រុង​ Greater Manchester​បានប្រាប់​ក្រុមអ្នក​យក​ព័ត៌មាន​កាល​ពីសប្តាហ៍ថ្មីៗ​ថា៖ «គេ​គ្រាន់តែឃើញ​ចំនួន​អ្នក​ឆ្លងហើយ​នឹង​ចំណុចដៅ​នៅ​លើ​ផែន​ទីតែ​ប៉ុណ្ណោះ ​តែ​យើង​មិនឃើញ​ឈ្មោះ​មិនឃើញ​សហគមន៍​នានា និង​រូប​ភាព​ទាំង​ស្រុង​ស្តីអំពី​អ្វីៗ​ដែល​បាន​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​យើងនោះទេ»។

កាល​ពី​ថ្ងៃ​ទី​២៦​ខែតុលា​សមាជិក​សភានៃគណបក្សអភិរក្ស​ចំនួន​៥៤​រូប​ដែល​តំណាង​អាសនៈ​ភាគ​ខាងជើង​នោះ​បាន​ព្រមាន​លោក ​Johnson​ថាការ​សន្យាក្នុង​ពេល​បោះ​ឆ្នោត​របស់​លោកដែល​ថា​នឹង​លើក​កម្ពស់​ប្រទេស​នោះ​កំពុង​ត្រូ​វបាន​បំផ្លាញដោយការ​ប៉ះ​ពាល់​ដោយសារ​វិធាន​ការ​រិត​បន្តឹង​ប្រទេស​មិន​ស្មើ​ភាពគ្នា​នៅក្នុង​តំបន់​ភាគ​ខាង​ជើងប្រទេស​អង់គ្លេស។​ពួក​គេលើក​ឡើងក្នុង​លិខិត​រួម​គ្នា​មួយ​ថា​វិបត្តិ​ជំងឺ​កូវីដ​១៩​កំពុង​គំរាម​កំហែងបង្កឲ្យ​តំបន់​ភាគ​ខាង​ជើង​ធ្លាក់ចូល​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី។​

សមាជិក​សភា​បាន​លើក​ឡើង​ថា៖ «វីរុស​កូរ៉ូណា​បានបង្ហាញ​ពីប្រព័ន្ធ​និង​រចនាសម្ព័ន្ធ​អន់ថយ​យ៉ាងខ្លាំងដែល​សហគមន៍​កំពុង​ប្រឈម។​ប្រព័ន្ធ​នេះ​គំរាមកំហែងដល់​កំណើន​នៃការយក​ចិត្តទុក​ដាក់​ខុសគ្នា​ជាបន្ត​ទៀត​ក្នុង​តំបន់​ភាគ​ខាង​ជើង​និង​ភាគ​ខាង​ត្បូង​ហើយថានឹង​នៅតែ​បន្ត​កើត​ឡើង»។​ក្រុម​សមាជិក​សភា​ដដែល​បាន​បញ្ជាក់​ទៀត​ថា​មណ្ឌល​របស់​ពួកគេ​ត្រូវ​ប្រឈម​នឹងការ​បោះបង់​ចោល​លើកលែង​តែ​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បី​រំដោះខ្លួន​ចេញ​ពី​វិធានការ​រឹតត្បិត​ដោយការ​បិទ​សកម្មភាព​ក្នុង​តំបន់​ពួកគេ​នោះ»។​

ការផ្តាច់​ខ្លួន​កាន់​តែ​ពុះ​កញ្ជ្រោល​ឡើង

នាយករដ្ឋមន្ត្រី​Boris Johnson​ មិនមែន​ជា​មនុស្ស​តែ​ឯង​ទេ​ក្នុង​ចំណោម​មេដឹក​នាំ​ក្នុង​ទ្វីប​អឺរ៉ុបដែល​កំពុង​តស៊ូ​ជាមួយ​តំបន់​នានា​ដែល​ព្យាយាម​ធ្វើ​ប្រជា​មតិ​នយោបាយ​ជុំវិញ​យុទ្ធសាស្រ្តជំងឺ​រាត​ត្បាត​នោះ​។ រដ្ឋាភិ​បាលកណ្តាលនិង​តំបន់​ក្នុង​ប្រទេស​ជា​ច្រើន​នៃ​ទ្វីប​អឺរ៉ុប​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ចុះ​សម្រុង​គ្នា​ដែលកាន់​តែមាន​កម្រិត​កើន​ខ្លាំងឡើងៗ។ ជម្លោះ​មួយ​ចំនួន​ពាក់​ព័ន្ធ​ជុំវិញ​វិធី​ដែល​ត្រូវជ្រើ​សរើស​យក​ដើម្បី​អនុម័ត​ក្នុង​ការ​ទប់​ទល់​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា ហើយ​ជម្លោះ​ផ្សេងៗ​ទៀត​ពាក់​ព័ន្ធ​ជុំវិញ​ការ​ចែក​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​មាន​ទំហំ​ចេះ​តែ​រួញតូច​ទៅៗ។

តំបន់​ក្រីក្រ​ជា​ច្រើន​ក្នុង​ទ្វីប​អឺរ៉ុប​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរដោយ​សារ​ជំងឺ​រាតត្បាត​កូវីដ​១៩​ហើយ​តំបន់​ដែល​មាន​ទ្រព្យ​ធន​ច្រើន​ដូច​ជាតំបន់​ Catalonia ​តំបន់​Lombardy និង​តំបន់ Flanders​ជា​ដើម​បាន​ជំទាស់ទៅ​នឹង​គំនិត​ដែល​ចង់​ឲ្យពួក​គេជួយដល់តំបន់ក្បែរ​ខាងដែល​ក្រី​ក្រ​ជាង​ខ្លួន​នោះ។ ការ​ខ្វះ​ការ​ពិគ្រោះ​យោបល់គ្នា​ឬ​ការរំលង​សភា​និង​ការ​ដាក់​វិធានការ​រិត​បន្តឹង​ដោយ​គ្មានកិច្ច​ព្រម​ព្រៀង​ជា​មុន​នោះ​បណ្តាល​ឲ្យ​កើត​មានឡើង​នូវ​ការប្រឆាំង​ជំទាស់និង​បង្កើន​ការ​បែក​បាក់​គ្នា​កាន់​តែ​ខ្លាំងមុន​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩​ទៅ​ទៀត។​

អ្នកវិភាគមួយ​ចំនួន​លើក​ឡើង​ថាមរតក​មួយក្នុង​ចំណោម​មរតក​ជា​ច្រើនដែល​បន្សល់​ទុក​ដោយ​វិបត្តិ​វីរុសកូរ៉ូណា​នោះ​អាច​ត្រូវ​បានយក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ពង្រឹង​នូវអារម្មណ៍បំបែកទឹកដីនៅ​ក្នុង​ប្រទេស​ខ្លះ​ដែល​កំពុងតស៊ូជាមួយ​ក្រុម​អ្នក​បំបែក​រដ្ឋ​និង​ជម្រុញ​ការ​ទាម​ទាររបស់​តំបន់​នានាដើម្បី​បង្កើន​អំណាច​ឲ្យ​កាន់​តែរីក​ដុះដាល។​លោក ​Jonathan Parker ​នៃ​សាកលវិទ្យា​ល័យ Sussex របស់​អង់គ្លេសបានគូស​បញ្ជាក់​ថា៖ «ការ​រាតត្បាត​ឆ្លង​នៃវីរុសកូរ៉ូណា​កំពុងត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បង្កជម្លោះ​បូរណភាព​ទឹក​ដី​ដែល​មាន​ស្រាប់​រួច​មក​ហើយ​និង​ផ្តល់​អំណាច​ដល់​ចលនាជាតិ​និយម​នានា​ក្នុង​តំបន់»។

បើតាម​ការលើក​ឡើង​របស់​លោក Parker​នៅ​ក្នុងអត្ថបទ​អត្ថាធិប្បាយ​មួយដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ការ​សែត Financial Times របស់​ប្រទេស​អង់គ្លេស​បាន​ឲ្យដឹង​ថា៖ «ការរាតត្បាតនៃជំងឺ​កូវីដ​១៩ កំពុង​បង្កើន​ការពិភាក្សា​អំពីអនាគត​រដ្ឋធម្មនុញ្ញ​ក្នុង​តំបន់អឺរ៉ុប​ជា​ច្រើន​កន្លែង។​តំបន់​ជាច្រើន​ដែល​ឈរខាង​ភាគី​គាំទ្រ​ឯករាជ្យនោះ​បាន​ប្រើ​អំណាច​នៃ​វិបត្តិ​រាតត្បាត​នេះ​ដើម្បីរំលេច​ឲ្យឃើញ​ពី​ភាព​បរាជ័យនៃ​រដ្ឋាភិបាលថ្នាក់កណ្តាល​និងបញ្ជាក់​ពី​អំណាច​របស់រដ្ឋាភិបាល​ក្នុង​តំបន់»។

ប្រទេស​ប៊ែលហ្សិក​អេស្ប៉ាញ​ អ៊ីតាលី​និង​ប្រទេស​អាល្លឺម៉ង់​ឃើញ​មាន​ជម្លោះកើត​ឡើង​ខ្លាំងព្រមគ្នា​រវាង​មេដឹកនាំ​ថ្នាក់​ជាតិនិង​តំបន់។​ក្នុង​ប្រទេស​ប៊ែលហ្សិក​ក្រុម​ជាតិ​និយម ​Flemish​បាន​វាយ​ប្រហា​រដ្ឋាភិបាល​ថ្នាក់​កណ្តាល​ជុំវិញ​ចំណាត់ការរដ្ឋាភិបាល​ចំពោះ​ជំងឺរាតត្បាត​កូវីដ​១៩។​

ជម្លោះបាន​រីក​ធំ​រវាង​ក្រុម​ជាតិ​សាសន៍​Flanders និង​ក្រុម​មន្ត្រី​ក្នុងទី​ក្រុង​ប៊្រុចសែល។ជម្លោះ​នាពេលចុង​ក្រោយ​នេះ​កើត​មាន​ឡើង​ នៅ​ពេល​ដែល​ក្រុម​ជាតិ​សាសន៍​Flanders​បាន​បដិសេធ​មិនដាក់​បន្ថែម​នូវ​វិធានការ​រិតបន្តឹងចំពោះ​វីរុសកូរ៉ូណា​ទោះ​បី​ជាមាន​ការ​ទាម​ទារដោយ​រដ្ឋាភិបាល​ប៊ែល​ហ្សិក​និង​ក្រុម​ជន​ជាតិ Walloniaដែល​និយាយ​ភាសា​បារាំង​ឲ្យ​ពង្រឹង​ការរិតបន្តឹង​ថែម​ទៀត​ក្តី។​ក្នុង​សបា្តហ៍​កន្លង​ទៅ​ពលរដ្ឋ​ប៊ែល​ហ្សិក​ប្រមាណ​១២០០០​នាក់​ក្នុង​មួយ​ថ្ងៃ​គិត​ជាមធ្យម​បាន​ធ្វើ​តេស្ត​វិជ្ជមាន​រក​ឃើញជំងឺ​កូវីដ​១៩ ហើយ​ចំនួន​អ្នក​ចូល​ព្យាបាលនៅ​ក្នុង​មន្ទីរ​ពេទ្យ​និង​ចំនួន​អ្នក​ស្លាប់​បន្ត​កើន​ឡើង។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ VTM ប្រមុខរដ្ឋាភិបាល​តំបន់ Flemish​លោក Jan Jambon បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កណ្តាល​និង​ក្រុម​ជាតិ​សាសន៍​និយាយ​ភាសា​បារាំង Wallonia ថា​បាន​ដាក់​ចេញ​នូវ​វិធានការ​បំផ្លើស​។ លោក​ព្រមាន​ថា​ វិធានការបន្ថែមនឹងមិន​ប្រាកដ​ថា​បាន​ទទួល​ជោគ​ជ័យ​នោះ​ទេក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​វីរុសកូរ៉ូណា​ដែល​សម្លាប់​មនុស្សនោះ​ដោយ​លោក​បញ្ជាក់​ថា​វិធី​ត្រជាក់​ជា​ច្រើនទៀត​អាចគួរ​ត្រូវ​បាន​ដាក់​ចេញ។ ក្រុម​អ្នក​ជាតិ​និយម Flemish​បាន​រិះគន់​គំនិត​ដែល​ថាតំបន់​ក្រុម​ជនជាតិ​Flanders​ដែល​មាន​ទ្រព្យធន​ច្រើន​ជាង​នោះ​គួរ​ជួយ​តំបន់​ Wallonia​ដែល​ក្រ​ជាង​ខ្លួន​នោះ។

ដោយ​ឡែក​កាល​ពី​ចុង​ខែ​តុលាកន្លងទៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​វិញ​តំបន់​ចំនួន​៧​របស់​ប្រទេស​នេះ​បាន​រិះ​គន់​ការ​សម្រេច​ចិត្តរបស់​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី Pedro Sánchezដែល​បាន​ប្រកាស​ដាក់​ប្រទេសក្នុង​គ្រាមាន​អាសន្ន​និង​បាន​ដាក់​បំរាម​គោចរ​ផង​ដែរ។​តំបន់​ផ្សេងៗ​ទៀតមាន​ជំហរ​ផ្ទុយ​ពី​នេះ​ដោយ​បាន​ទាម​ទារ​អស់​ជាច្រើន​សប្តាហ៍​ឲ្យរដ្ឋាភិបាល​កណ្តាលដាក់​ចេញ​នូវ​ការ​បិទ​សកម្មភាព​ប្រទេស។

ក្រុម​អ្នក​បំបែក​ខ្លួន​ក្នុង​តំបន់ Catalanបាន​លើក​ហេតុ​ផល​ថា​ការ​ទទួល​បាន​នូវ​ឯករាជ្យ​ក្នុង​តំបន់ Catalan នឹង​ជួយដោះស្រាយ​ការ​រាតត្បាត​ជំងឺកូវីដ​១៩​បាន​ប្រសើរ​ជាង​ពេល​ដែល​ខ្លួន​ស្ថិតនៅ​ជា​ផ្នែក​មួយ​របស់​ប្រទេស​អេស្ប៉ាញ​នោះ ហើយ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ក៏​អាច​មាន​ចំនួន​តិច​ជាង​សព្វ​ថ្ងៃ​នេះប្រសិន​បើ​តំបន់​ភាគ​ឥសាន្តដែល​មាន​ទ្រព្យ​ធន​ច្រើន​នេះ​អាច​ចាត់​ការ​ដោយ​ខ្លួន​ឯង​នោះ។ កាល​ពី​ដើម​ឆ្នាំ​នេះ​នៅ​ពេល​ដែល​ជំងឺ​រាតត្បាត​កូវីដ​១៩​ចាប់​ផ្តើម​ឆ្លង​រាតត្បាត​ខ្លាំង​ក្នុង​ប្រទេស​អេស្បាញ​គេ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កណ្តាល​ដាក់ចេញ​នូវ​វិធានការ​បិទប្រទេស​មួយ​ដ៏តឹង​តែងឲ្យ​បាន​ឆាប់​រហ័ស​ជាង​អ្វី​ដែល​រដ្ឋាភិបាល​កណ្តាល​បាន​ធ្វើ​ក្នុង​ពេល​ក្រោយ​មក៕​

ប្រែ​សម្រួល​ដោយ ជ្រា វណ្ណរិទ្ធ