ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​របស់​អឺរ៉ុប​មក​លើ​កម្ពុជា​ចាប់​ចូល​ជាធរមាន

រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

ភ្នំពេញ — សហភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជ​កម្ម​លើ​ទំនិញ​មួយ​ចំនួន​ ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ ខណៈ​ដែល​សេចក្ដី​សម្រេច​មួយ​កាល​ពី​ខែ​កុម្ភៈ​ របស់​ទីក្រុង​គណៈកម្មការ​នៅ​ព្រុចសែល​នេះ ​ដល់​ថ្ងៃ​កំណត់​ចូល​ជាធរមាន​ នៅ​ថ្ងៃ​ពុធ​នេះ។​

គណៈ​កម្មការ​អឺរ៉ុប​ ដែល​ជា​អង្គ​នីតិប្រតិបត្តិ​នៃ​ប្លុក​អឺរ៉ុប​ ដែល​មាន ​២៧ ​ប្រទេស​បាន​សម្រេច ​កាល​ពី​ខែ​កុម្ភៈ​ ក្នុង​ការ​ដាក់​រនាំង​ពន្ធ​គយ​លើ​ទំនិញ​កម្ពុជា​ ២០%​ ដែល​ត្រូវ​នាំ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ ដែល​ពី​មុន​ធ្លាប់​នាំ​ចេញ​ដោយ​មិន​មាន​កូតា​មិន​មាន​រនាំង​ពន្ធគយ​ក្រោម​ក្របខណ្ឌ​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម​ EBA។​ កម្ពុជា​បាន​ទទួល​ការ​អនុ​គ្រោះ​នេះ ​តាំង​ពី​ឆ្នាំ ​២០០១​ មក។​

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ ​គណៈ​កម្មការ​អឺរ៉ុប​បាន​លើក​ឡើង​ថា​ សេចក្ដី​សម្រេច​នោះ​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​១២ ​ខែ​សីហា​នេះ​តែ​ម្ដង។ ​គណៈ​កម្មការ​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា៖​

«លក្ខខណ្ឌ​អាទិភាព​ពិសេស​ដែល​ផ្ដល់​ប្រយោជន៍​ជូន​កម្ពុជា​ក្រោម​ក្របខណ្ឌ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វីៗ​ក៏​បាន​លើក​លែង​តែ​អាវុធ​(EBA) ​…​ត្រូវ​បាន​ដក​ចេញ​ជា​បណ្ដោះ​អាសន្ន​ ទាក់ទិន​នឹង​ក្ដី​បារម្ភ​ជា​ពន្លឹក​និង​ជា​ប្រព័ន្ធ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ដែល​ធ្លាប់​តែ​ត្រូវ​បាន​ធានា​ក្នុង​ប្រទេស​មួយ​នេះ»។​

ផលិត​ផល​ដែល​ត្រូវ​ជាប់​ពន្ធ ​រួម​មាន​ផលិតផល​សម្លៀក​បំពាក់​ស្បែកជើង​ និង​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ជាដើម។​ ពាណិជ្ជ​កម្ម​ទ្វេភាគី​អឺរ៉ុប​និង​កម្ពុជា​មាន​ទំហំ ​៦,៥៩​ ពាន់លាន​ដុល្លារ​ កាលពី​ឆ្នាំ ​២០១៩​ដែល​កម្ពុជា​នាំចេញ​មាន​ទំហំ​ច្រើន​លើស​លប់​ ធៀប​នឹង​ការ​នាំ​ចូល​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​សហភាព​អឺរ៉ុប។​

ការណ៍​ដែល​នាំ​ទៅ​ដល់​ការ​ដាក់​ទណ្ឌកម្ម​រនាំង​ពន្ធគយ​ ដោយ​ផ្នែក​លើ​ទំនិញ​កម្ពុជា​នេះ ​គឺ​ដោយសារ​សហភាព​អឺរ៉ុប ​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​កត់​សម្គាល់​អំពី​ «ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​និង​ជា​ប្រព័ន្ធ» ​ទៅ​លើ​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ពលរដ្ឋ​ ទាក់ទង​ការ​បង្ក្រាប​ខាង​នយោបាយ​មិន​ធ្លាប់​មាន​ពី​មុន​មក នៅមុន​ និង​អំឡុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨។​

បើ​យោង​តាម​គណៈ​កម្មការ​អឺរ៉ុបខ្លួន ​មិន​បាន​មើល​ឃើញ​ភាព​ល្អ​ប្រសើរ​ឡើង​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​នោះ​ឡើយ​ និង​បាន​ស្នើ​សាជា​ថ្មី​ឲ្យរដ្ឋាភិបាល​កម្ពុជា​ ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​អ្នក​នយោបាយ​ជំទាស់ ​ដែល​ត្រូវបាន​ហាមប្រាម​ ហើយ​លុបចោល​ ឬ​ធ្វើ​កំណែ​ថ្មី​លើ​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​បង្កើត​ឆ្នាំ​ ២០១៥ ​និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ ដែល​ត្រូវ​បាន​កែប្រៃ​នៅ​ឆ្នាំ​ ២០១៧ ហើយ​ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​ភ្លាមៗ ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​ជំទាស់​ដ៏​ធំ។​

លោក​ស្នងការ​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​លោក ​Phil Hogan ​បាន​លើក​ឡើង​ថា សហភាព​អឺរ៉ុប​នៅតែ​បន្ត​ជួយ​កម្ពុជា​ ជាពិសេស​អំឡុង​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រង​វិបត្តិ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។​

តែ​លោក​បាន​បន្ត​ថា៖​ «យ៉ាងណា​ក៏ដោយ​ ជំនួយ​ដែល​នៅ​បន្ត​របស់​យើង​មិន​បាន​ទម្លាក់​ចោល​នោះ​ឡើយ​ ហើយ​ភាព​ចាំបាច់​ជា​បន្ទាន់​ដែល​កម្ពុជា​ត្រូវ​គោរព​ គឺ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ។​ យើង​ខ្ញុំ​នៅ​បន្ត​ត្រៀម​ខ្លួន​រួចរាល់ ​ដើម្បី​បន្ត​ទំនាក់​ទំនង​របស់​យើង​ និង​ដើម្បី​ស្ដារ​យក​មក​វិញ​ទាំងស្រុង​នូវ​ការនាំ​ទំនិញ​មិន​បង់​ពន្ធ​ទាល់​តែ​សោះ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ សម្រាប់​ទំនិញ​ពី​ប្រទេស​កម្ពុជា​ កាល​បើ​យើង​បាន​ឃើញ​ការ​កែលម្អ​ជា​ដុំភួន​នៅ​លើ​ចំណុច​ទាំង​នោះ»។​

លោក​ កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​លើក​ឡើង​ថា​ ទោះ​ជា​មាន​សេចក្ដី​សម្រេច​ចូល​ជាធរមាន​នៃ​ការ​ដាក់​រនាំង​ពន្ធគយ​ដោយ​ផ្នែក​លើ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ក៏ដោយ​ ក៏​លោក​មិន​រំពឹង​ថា​ ទំនាក់​ទំនង​កម្ពុជា​អឺរ៉ុប​នឹង​រង​ផល​ប៉ះពាល់​នោះ​ទេ។​

លោក​ កុយ គួង​ ប្រាប់​ VOA​ ថា៖​«ជាការណ៍​ពិត​ទោះ​ជា​មាន​ការ​សម្រេច​លើ ​EBA ​បែបនេះ​ក៏​ដោយ ​ក៏​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បន្ត​លើក​ស្ទួយ​ និង​កែ​លម្អ​សិទ្ធិ​មនុស្ស​សិទ្ធិ​ការងារ​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ទៅ​មុខ​ជានិច្ច»។​

លោក​ ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ បាន​លើក​ឡើង​ថា ​ករណី​នៃ​ការ​ដក​ដោយ​ផ្នែក​នៃ​ឋានៈ​អនុគ្រោះពន្ធ​ EBA ​ពី​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​អាទិភាព​បន្ទាប់​បន្សំ​ ខណៈ​កម្ពុជា​កំពុង​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩។​

លោក​ប្រាប់​ VOA​ ថា៖ «កម្ពុជា​បាន​កំពុង​ដោះ​ស្រាយ​ដោយ​ជោគជ័យ​ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ដែល​ជា​ហានិភ័យ​ធំ​បំផុត​របស់​កម្ពុជា​និង​ពិភពលោក។ ​EBA​ គ្រាន់​តែ​ជា​បន្ទុក​តូច​មួយ​នៃ​បញ្ហា​ក្នុង​សម័យ​កូវីដ១៩»។​

លោក​ ហេង សួរ​ បន្ថែម​ថា៖​

«ការ​បារម្ភពី​ដើម​ឆ្នាំ ​គឺ​កម្ពុជា​បារម្ភ​អំពី​ផល​ប៉ះពាល់​ជំងឺ​កូវីដ១៩​នេះ​ខ្លាំង​មែន​ទែន ​ពីព្រោះ​ដោយ​សារ​ជំងឺ​កូវីដ១៩ ​យើង​ត្រូវ​ប្រឈម​នឹង​កង្វះ​វត្ថុ​ធាតុដើម​សម្រាប់​វិស័យ​កាត់ដេរ​ហើយ​ដោយសារ​ជំងឺ​នេះ​យើង​បារម្ភ​ថា​ចំនួន​រោងចក្រ​ដែល​បិទ​ទ្វារ​ដួល​រលំ ​គឺ​មាន​ច្រើន ប៉ុន្តែ​ជាក់ស្តែង​ យើង​មាន​ចំនួន​មួយ​ដែល​អាច​គ្រប់គ្រង​បាន​ល្អ​ជាង​ការ​វាយ​តម្លៃ​ពី​ដើម​ទី»។​

គិត​ត្រឹម​ថ្ងៃ​ទី១១​ ខែ​សីហា​នេះ​ មាន​រោងចក្រ ​២៣០​ ដែល​បាន​ផ្អាក​ដំណើរការ​ឬ​បិទទ្វារ​ និង​បាន​ប៉ះពាល់​កម្មករ​និយោជិក​ ៩២ ១៥៦​ នាក់។​ នេះ​បើ​យោង​តាម​តួលេខ​ ដែល​ផ្ដល់​ជូន​ដោយ​លោក​ហេង សួរ។​

យ៉ាងណា​ក៏​ដោយ​លោក​ ខេន លូ​ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC)​និយាយ​ថា ​ការ​សម្រេច​ចាប់​ផ្ដើម​អនុវត្ត​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​នេះ​ នឹង​បន្ថែម​បន្ទុក​ដល់​ឧស្សាហ​កម្ម​កាត់ដេរ​ដែល​កំពុង​រងគ្រោះ​ជា​ស្រេច​ពី​វិបត្តិ​កូវីដ១៩។​

លោក​អគ្គ​លេខាធិការ​ GMAC​ នេះ ​បាន​ប្រាប់​ VOA ​ថា៖​ «យើង​គ្រាន់តែ​សោក​ស្ដាយ​...​ស្ដាយ​ថា​ខាង​ EU​ អត់​ទទួល​សំណូមពរ​របស់​យើង។​ នៅតែ​សម្រេច​ថ្ងៃនេះ​ដក​អនុគ្រោះ​ពន្ធ​ ២០%​ ពី​អីវ៉ាន់​នាំ​ចេញ​ទៅ​អឺរ៉ុប​តែ​ប៉ុណ្ណឹង»។​

បើ​យោង​តាម​លោក​ ខេន លូ​ ការ​នាំ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ជិត​ ២០%​ នៅ​អំឡុង​ឆមាស​ទី១​ ដើម​ឆ្នាំ ​២០២០​ នេះ។​

«ឥឡូវ​ប៉ះពាល់​ត្រូវ​តែ​ប៉ះពាល់​ហើយ​ ព្រោះ​គេ​ដក ​២០% ​មាន​ន័យ​ថា ​រោងចក្រ​ដែល​នាំ​ចេញ​អីវ៉ាន់​ដែល​គេដក​ មាន​បញ្ហា​ផលពិបាក​ ប៉ុន្តែ​យើង​ជឿ​ថា​ បញ្ហា​ដែល​យើង​ជួប​ចំពោះ​មុខ​សំខាន់​ជាង​គេ​ជា​បញ្ហា​កូវីដ»។​

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​កញ្ចប់​ទឹកប្រាក់​ជាង​ ១ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​វិស័យ​សេដ្ឋកិច្ច​ទប់ទល់​នឹង​ផល​ប៉ះពាល់​នៃ​ការ​បាត់បង់​ដោយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​និង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។​ នេះ​បើ​យោង​តាម​មន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ។​

កាល​ពី​ខែ​មិថុនា ​លោក ​ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ ម​ក៏​បាន​ស្នើ​ក្រុមហ៊ុន​បញ្ជា​ទិញ​ពីរ​គឺ​ Adidas ​និង H&M​ ធានា​ជួយ​បង្កើន​ការ​បញ្ជា​ទិញ​ផង​ដែរ។​

អ្នកស្រី​ Ulrika Isaksson ​អ្នក​នាំពាក្យ​ក្រុមហ៊ុន ​H&M ​បាន​លើក​ឡើង​ថា​ EBA ​ជា​បុរេ​លក្ខខណ្ឌ​ដ៏​អំណោយ​ផល​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​មួយ​នេះ ​ក្នុង​ការ​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា ​«ហើយ​បើ​សិន​ជា​គ្មាន ​EBA ​វាពិបាក​សម្រាប់​ប្រទេស​[កម្ពុជា] ​ក្នុង​ការ​បង្កើត​ការ​ផ្លាស់ប្ដូរ​ចាំបាច់​នានា​ក្នុង​វិស័យ​កាត់ដេរ»។​

អ្នកស្រី ​Ulrika Isaksson​ បាន​សរសេរ​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ថា៖​

«នៅ​ពេល​និយាយ​ដល់​ការ​បញ្ជា​ទិញ​ពី​កម្ពុជា​នា​ពេល​ខាងមុខ ​យើង​ពិត​ជា​មើល​ឃើញ​នូវ​កង្វះ​គំនិត​ផ្ដួចផ្ដើម​សម​ល្មម​ណា​មួយ ​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​វាយនភណ្ឌ​កម្ពុជា​ ហើយ​ថែមទាំង​បាត់បង់​ EBA​ ដោយ​ផ្នែក​អ៊ីចេះ​ទៀត​ វា​កាន់​តែមាន​បញ្ហា។ ​ដូច្នេះ​យើង​កំពុងតែ​ធ្វើ​ការវាយ​តម្លៃ​ថា ​តើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ និង​ការ​ផលិត​របស់​យើង​នៅ​កម្ពុជា​ ត្រូវ​ផ្លាស់​ប្ដូរ​ឬ​យ៉ាង​ណា​ និង​ដោយ​របៀប​ណា​វិញ»។​

លោក ​អ៊ូ ច័ន្ទរ័ត្ន​ អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​ បាន​លើក​ឡើង​ថា​ ក្រោយ​ការ​ចូល​ជាធរមាន​ដោយ​មិន​បន្ធូរ​ដៃ​របស់​សហភាព​អឺរ៉ុប​នេះ ​រដ្ឋ​អាច​នឹង​បង្កើន​ការ​បង្ក្រាប​ និង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​អ្នក​ជំទាស់​កាន់តែ​ខ្លាំង។​ លោក​បាន​បន្ថែម​ដូចគ្នា​ថា​ រឿង​ក្ដី​លោក​ កឹម សុខា​ ក៏​អាច​នឹង​រង​ផល​ពិបាក​ក្នុង​ការ​រក​ច្រក​ចេញ​ដែរ ​ក្នុង​បរិបទ​នេះ។​

«ខ្ញុំ​យល់​ថា​ វា​ជា​ការ​ខាត​បង់​របស់​កម្ពុជា។​ ហើយ​វា​អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​មួយ​ចំនួន»។​

បើ​យោង​តាម​លោក ​អ៊ូ ច័ន្ទរ័ត្ន​ ថវិកា​បម្រុង​ជាង​ ១​ពាន់​លាន​ដុល្លារ​ មាន​ទំហំ​តូច​នៅ​ឡើយមិន​ទាន់​អាច​ទៅ​ប៉ះប៉ូវ​ផល​ប៉ះពាល់​ពី​ការ​បាត់បង់​ដោយ​ផ្នែក​នៃ ​EBA ឡើយ​ ហើយ​លោក​ជឿ​ថា​ សម្ពាធ​ពី​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​នឹង​កើន។​

គួរ​បញ្ជាក់​ថា​ ទណ្ឌកម្ម​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ជា​ផ្លូវ​ការ​នេះ​កើត​ឡើង​ ស្រប​ពេល​ដែល​កម្ពុជា​និង​ចិន​ឈាន​ទៅ​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី​នៅ​ថ្ងៃ​ខាង​មុខ ដោយ​កម្ពុជា​សង្ឃឹម​ថា ​នឹង​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​បន្ថែម​ទៅ​ប្រទេស​ចិន៕