សហភាពអឺរ៉ុបបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន១២៤លានដុល្លារអាមេរិកនៅថ្ងៃពុធនេះ ដើម្បីគ្រប់គ្រងធនធានជលផលទឹកសាបនិងសមុទ្រ ដែលកំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់។
ជំនួយនេះនឹងត្រូវអនុវត្តសម្រាប់រយៈពេលប្រាំឆ្នាំលើគម្រោង«កម្មវិធីអភិវឌ្ឍន៍វិស័យជលផលឆ្នាំ២០១៩-២០២៣»។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្លែងក្នុងពិធីប្រកាសផ្តល់ជំនួយនោះថា ជំនួយនេះនឹងជួយក្រសួងកសិកម្ម ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ រួមមានសហគមន៍នេសាទ អាចគ្រប់គ្រងធនធានជលផលទឹកសាប និងសមុទ្រនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា សហភាពអឺរ៉ុបចង់ឃើញប្រជាជនកម្ពុជាទទួលបានប្រយោជន៍ដោយស្មើភាព និងមានចីរភាពពីធនធាននៃបឹងទន្លេសាប និងសមុទ្រ ដែលកំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់។
«វិស័យជលផលដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ហើយត្រីក៏ជាអាហារដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាភាគច្រើន»។
នេះគឺជាជំនួយធំជាងគេបំផុតមិនធ្លាប់មានពីមុនមករបស់សហភាពអឺរ៉ុបសម្រាប់វិស័យជលផលនៃប្រទេសកម្ពុជា។ ជំនួយមួយផ្នែកត្រូវផ្តោតលើផ្នែកវារីវប្បកម្មក្នុងគោលដៅបង្កើនទិន្នផលមច្ឆាជាតិនិងមួយផ្នែកទៀតផ្តោតគម្រោងធានាដល់ការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានជលផលទឹកសាប និងសមុទ្រ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកឡើងថា ជំនួយរបស់សហភាពអឺរ៉ុបផ្តល់ប្រយោជន៍ដោយត្រង់ឲ្យទៅកសិករខ្នាតតូចនៅទូទាំងប្រទេស។ លោកបន្ថែមថា ក្រសួងនឹងធ្វើការជាមួយវិស័យឯកជនដើម្បីបង្កើន និងស្តុកទុកធនធានជលផល ធ្វើការជាមួយអង្គការសង្គមស៊ីវិលដើម្បីបង្កើនការអនុវត្តច្បាប់បន្ថែមពាក់ព័ន្ធនឹងជលផល។
«ចំណុចពិសេសមួយទៀតគឺការចុះបញ្ជីកាណូតនេសាទ ទូកនេសាទហ្នឹង ដើម្បីឈានទៅដល់ការគ្រប់គ្រងមួយច្បាស់លាស់។ ហើយទិសដៅជំហ៊ានបន្ទាប់របស់យើង គ្រប់ទូកនេសាទទាំងអស់ត្រូវតែដំឡើង GPS ហើយភ្ជាប់ជាមួយ Satellite ហើយយើងអាចត្រួតពិនិត្យមើលនៅពេលខាងមុខថា ទូកនេសាទមួយណាជាទូកនេសាទប្រព្រឹត្តបទល្មើស។ ដូច្នេះយើងអាចកំណត់បាន»។
វិស័យជលផល និងបសុសត្វរបស់កម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតចំណូល សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការបង្កើនជីវភាព និងកំណើនសេដ្ឋកិច្ច។ វិស័យនេះរួមចំណែកប្រហែលពី៨ភាគរយទៅ១២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា និងផ្តល់ការងារដល់ប្រជាជនរហូតដល់៦លាននាក់។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ប្រាប់ VOA ថា ជលផលនៅកម្ពុជាកំពុងរងបញ្ហាប្រឈមជាច្រើនដែលមានដូចជាបទល្មើសនេសាទ ការកាប់ព្រៃលិចទឹក គ្រោះធម្មជាតិ និងការសាងសង់ទំនប់វារីអគ្គិសនីជាដើម។ លោកបន្ថែមថា វិស័យនេះនឹងរងផលប៉ះពាល់កាន់តែខ្លាំង ប្រសិនបើរដ្ឋាភិបាលមិនបង្កើនការយកចិត្តទុកដាក់នោះទេ។
«ទាក់ទងជាមួយនឹងគម្រោងអភិវឌ្ឍន៍នានាដែលស្ថិតនៅក្នុងតំបន់ដែលមានដែននេសាទ ដូចជាទំនប់វារីអគ្គិសនីអីផ្សេងៗហ្នឹងគឺជាបញ្ហាប្រឈម ឬក៏ហានិភ័យយូរអង្វែងនាពេលអនាគត ដែលទាមទារឲ្យរដ្ឋាភិបាលយើងមុននឹងសម្រេចលើគម្រោងអភិវឌ្ឍន៍នានា នៅតំបន់ពាក់ព័ន្ធនឹងតំបន់ដែននេសាទហ្នឹង យើងត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឲ្យបានកម្រិតខ្ពស់បំផុត»។
តាមរយៈកិច្ចគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ផលិតកម្មវារីវប្បកម្ម ឬការចិញ្ចឹមត្រីកម្ពុជាបានកើនឡើងចាប់ពី៩០.០០០តោនក្នុងឆ្នាំ២០១៣ដល់២៥០.០០០តោននៅឆ្នាំ២០១៨។ ចំណែកផលិតកម្មបសុសត្វ ឬការចិញ្ចឹមសត្វបានកើនឡើងពី៣៧,៩លានក្បាលក្នុងឆ្នាំ២០១៤ដល់៤៤,៣លានក្បាលនៅឆ្នាំ២០១៨៕