បណ្ដា​ក្រុម​ជាតិ​សាសន៍​ភាគ​តិច​ប្រដាប់​អាវុធ​កំពុង​រួបរួម​ជាមួយ​នឹង​សកម្មជន​ប្រឆាំង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា

បាតុករ​ម្នាក់កាន់​ស្លាកសញ្ញា​គាំទ្រ​រដ្ឋាភិបាល​រួបរួម​ជាតិ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​លើក​ម្រាម​ដៃ​បី​ជា​សញ្ញា​គាំទ្រ​ដល់​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​​ ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

នៅ​ក្នុង​ភូមិ Karen ដែល​មាន​ភាព​ស្ងប់ស្ងាត់ ក្នុង​រដ្ឋ Kayin ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​មីយ៉ាន់ម៉ា-ថៃ ​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី២៧ ខែ​មីនា​បាន​មួយ​ថ្ងៃ ទាហាន​ក្រុម​ឧទ្ទាម​បាន​ឈរ​យាម​នៅ​ទីតាំង​នេះ ខណៈ​ដែល​រថយន្ត​ដឹក​ទំនិញ​ពីរ​គ្រឿង​បាន​ឈប់​នៅ​ក្បែរ​ជំរំ​មួយ​របស់​អង្គការ​ការពារ​ជាតិ Karen នៅ​ចុង​ភូមិ​ដ៏​តូច​មួយ។

បុរស​វ័យ​ក្មេង​ ៨ នាក់​ដែល​មាន​ស្ពាយ​កាបូប​ពី​ក្រោយ​ផង​បាន​នាំ​គ្នា​លោត​ចុះ​ពី​រថយន្ត​ដឹក​ទំនិញ​នោះ​ និង​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ខ្ទម​ឫស្សី​មួយ។

ក្រុម​នេះ​មក​ពី​ទីក្រុង​រ៉ង់ហ្គូន​ដើម្បី​ស្វែងរក​ការ​ហ្វឹកហ្វឺន​យោធា។ ច្បាស់​ណាស់​ ពួកគេ​មិន​មែន​ជា​ទាហាន​នោះ​ទេ។

វត្តមាន​របស់​ពួកគេ​គឺ​កើត​ចេញ​ពី​សម្ព័ន្ធភាព​ថ្មី​មួយ​រវាង​ជនរងគ្រោះ​នា​ពេល​ថ្មីៗ​បំផុត​នៅ​ក្នុង​ការ​វាយប្រហារ​របស់​យោធា​មីយ៉ាន់ម៉ា ជាមួយ​នឹងកងកម្លាំង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ និង​ក្រុម​ជាតិសាសន៍​ភាគតិច​នៅ​មីយ៉ាន់ម៉ា ដូចជា​ក្រុម​ជាតិសាសន៍ Karens ជា​ដើម ​ដែល​មាន​ជម្លោះ​ជាមួយ​នឹង​យោធា​មីយ៉ាន់ម៉ា​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ។

បុរស​វ័យ​ក្មេង​ម្នាក់​ក្នុង​ចំណោម​នោះ​ពន្យល់​ពី​មូលហេតុ​ដែល​ក្រុម​របស់​ពួកគេ​មក​ទីនេះ។

ថ្លែង​ទាំង​ពាក់​ម៉ាស់​ផង បុរស​ម្នាក់​នោះ​និយាយ​ថា៖ «នៅ​ពេល​យើង​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ ទាហាន និង​ប៉ូលិស​មីយ៉ាន់ម៉ា​បាញ់​សំដៅ​មក​យើង និង​បង្ក្រាប​ការ​តវ៉ា​របស់​យើង ប៉ុន្តែ​យើង​មិន​ខ្លាច​នោះ​ទេ ដោយសារ​តែ​យើង​ធ្លាប់​ខ្លាច​ពួកគេ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។ នៅ​ពេល​នេះ យើង​ត្រូវ​ប្រយុទ្ធ​តតាំង​នឹង​អំណាច​របស់​ពួកគេ»។

ដោយ​ហៅ​ឈ្មោះ​ពី​មុន​របស់​មីយ៉ាន់ម៉ា​ថា​ភូមា​ លោក​បាន​និយាយ​ទៀត​ថា៖ «យើង​មិន​អាច​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​យើង​បាន​ទេ ដោយសារ​តែ​ទាហាន​ភូមា​តាមដាន​យើង និង​ព្យាយាម​ចាប់​ខ្លួន​យើង ដូច្នេះ​នៅ​ពេល​យប់ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត»។

រូបឯកសារ៖ ក្នុងរូបដែលថត​នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បង្ហាញពី​ទាហាន​មីយ៉ាន់ម៉ា ឈរ​នៅ​ជំរំ​កងទ័ព​តូច​មួយ​តាម​បណ្តោយ​ច្រាំងទន្លេក្បែរ​ព្រំដែន​មីយ៉ាន់ម៉ា​និង​ថៃ។

ខណៈ​ចំនួន​ជន​ស៊ីវិល​ស្លាប់​នៅ​មីយ៉ាន់ម៉ា​កើន​ឡើង​នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ការ​គាំទ្រ​កំពុង​កើន​ឡើង​នៅ​ទូទាំង​ប្រទេស​សម្រាប់​ការ​ងើប​តស៊ូ​ប្រឆាំង​ដោយ​អាវុធ និង​សម្រាប់​ការ​បង្កើត​ទាហាន​សហព័ន្ធ​មួយ ដែល​រួម​មាន​ក្រុម​ជាតិសាសន៍​ភាគ​តិច​ប្រដាប់​ដោយ​អាវុធ​របស់​មីយ៉ាន់ម៉ា​ជាដើម។

នៅ​ថ្ងៃទី១៩ ខែ​មីនា លោក​វរសេនីយ៍ឯក Naw Bu អ្នក​នាំ​ពាក្យ​របស់​អង្គការ​របស់​ជាតិ​សាសន៍​ភាគ​តិច​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា អង្គការ​ឯករាជ្យ Kachin (KIO) និយាយ​ថា អង្គការ​នេះ​គាំទ្រ​ដល់​ការ​បង្កើត​ទាហាន​សហព័ន្ធ។

លោក La Ring អតីត​សមាជិក​កងទ័ព​ឯករាជ្យ Kachin ម្នាក់​ដែល​ឥឡូវ​កំពុង​ផ្តល់​ការ​ហ្វឹកហ្វឺន​ផ្នែក​មនុស្សធម៌​ជាមួយ​នឹង​អង្គការ​មនុស្សធម៌​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ឈ្មោះ​ថា Free Burma Rangers បាន​និយាយ​ថា៖ «ឥឡូវ​នេះ មនុស្ស​ជាច្រើន​ចង់​ចូលរួម​ជាមួយ​នឹង​យោធា​សហព័ន្ធ និង​កងទ័ព​ឯករាជ្យ Kachin ដោយសារ​តែ​ទាហាន​មីយ៉ាន់ម៉ា​កំពុង​ធ្វើ​ភេរវកម្ម​លើ​ជនស៊ីវិល​នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល»។

នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អង្គការ​ការពារ​ជាតិ Karen ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​មីយ៉ាន់ម៉ា លោក​ឧត្តមសេនីយ៍ទោ Nerdah Bo Mya និង​ទាហាន​របស់​លោក​ស្វាគមន៍​សមាជិក​ថ្មី។

ចាប់​តាំង​ពី​ពេល​នោះ​មក សកម្មជន​រាប់​រយ​នាក់​ថែម​ទៀត​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ស្វែងរក​ការ​ការពារ និង​ការ​ហ្វឹកហាត់​នៅ​ក្នុង​តំបន់​ជាប់​ព្រំដែន​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

លោក Nerdah Bo Mya មាន​ប្រសាសន៍​ថា៖ «យើង​សប្បាយចិត្ត​នឹង​ការពារ​ពួកគេ ជួយ​ពួកគេ និង​ផ្តល់​ឱ្យ​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ ដូចជា​ការ​ហ្វឹកហាត់​មូលដ្ឋាន​គ្រឹះ ដើម្បី​អាច​ឱ្យ​ពួកគេ​ការពារ​ខ្លួន​ឯង​បាន​ជាដើម»។

លោក​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​យោធា​មីយ៉ាន់ម៉ា​ថា៖ «ខ្ញុំ​មិន​ភ្ញាក់ផ្អើល​នោះ​ទេ​ចំពោះ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ចំពោះ​ប្រជាជន​នៅ​ពេល​នេះ ដោយសារ​តែ​ពួកគេ​បាន​ធ្វើ​ចំពោះ​ក្រុម​ជាតិ​សាសន៍​ភាគ​តិច​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ ដូច្នេះ សម្រាប់​ខ្ញុំ វា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ដែល​មើល​ឃើញ​ការ​សម្លាប់​យ៉ាង​ឃោរឃៅ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​នោះ»។

ទោះ​បី​ជា​សហភាព​ជាតិ Karen ស្ថិត​ក្នុង​ចំណោម​អង្គការ​ជាតិ​សាសន៍​ភាគ​តិច​ប្រដាប់អាវុធ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​ទូទាំង​ប្រទេស​ ឆ្នាំ២០១៥ ជាមួយ​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ២០១៥​ក្តី ក៏​ជម្លោះ​រវាង​ជាតិ​សាសន៍ Karen និង​រដ្ឋាភិបាល​នៅ​តែ​កើត​មាន​នៅ​មុន​រដ្ឋប្រហារ​ក្នុង​ខែ​កុម្ភៈ​ដដែល។

រូបឯកសារ៖ បដាប្រឆាំងនឹងអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ត្រូវបានឃើញនៅលើរបងដែលមានរុំដោយលោះ ខណៈក្រុមបាតុករប្រមូលគ្នាតវ៉ាប្រឆាំងរដ្ឋប្រហារយោធានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ឥឡូវ​នេះ ជាតិសាសន៍​ភាគ​តិច​ដែល​មាន​ចំនួន​ច្រើន​នៅ​មីយ៉ាន់ម៉ា​ដែល​ស្ថិត​នៅ​កណ្តាល​ប្រទេស ហាក់​ដូច​ជា​យល់​ដឹង​ច្រើន​អំពី​ប្រវត្តិ​នៃ​ភាព​ឃោរឃៅ​របស់​យោធា។

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch មាន​ប្រសាសន៍​ថា៖ «វា​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ប៉ុន្តែ​នៅ​ទីបញ្ចប់​ប្រជាជន​មីយ៉ាន់ម៉ា​ទាំង​អស់​បាន​ដឹង​យ៉ាង​ច្បាស់​ថា ទាហាន Tatmadaw គឺ​ជា​សត្រូវ​នៃ​ការ​វិវត្ត​របស់​ប្រទេស​ជាតិ និង​ជា​សត្រូវ​ពិតប្រាកដ​នៃ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស»។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា៖ «សម្ព័ន្ធភាព​ជាតិ​ថ្មី​មួយ​នេះ​ជា​សញ្ញា​មួយ​ដើម្បី​បង្ហាញ​ថា​តើ​ទាហាន Tatmadaw បាន​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​កម្រិត​ណា និង​បាន​បំពាន​គោលការណ៍​ប្រជាធិបតេយ្យ ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​របស់​ពួកគេ​នេះ»។

ពួក​អ្នក​វិភាគ​ថា ផែនការ​ក្នុង​ការ​បង្រួបបង្រួម​ក្រុម​ជាតិសាសន៍​ភាគ​តិច​ដែល​មាន​ចំនួន​ច្រើន​ជាមួយ​នឹង​ក្រុម​ជាតិ​សាសន៍​ភាគតិច​មីយ៉ាន់ម៉ា​នឹង​ត្រូវ​ការ​ពេលវេលា ប៉ុន្តែ​ថា សញ្ញា​នៃ​ការ​រួបរួម​គ្នា​កំពុង​វិវត្ត​ទៅ​មុខ​យឺតៗ ដោយ​រួម​មាន​ដូចជា​ការ​បង្កើត​គណៈកម្មាធិការ​តំណាង​ឱ្យ​សភា Pyidaungsu Hluttaw ហៅ​កាត់​ថា (CRPH) របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត ដែល​ត្រូវ​បាន​គេ​ទម្លាក់​ពី​តំណែង​ជាដើម។

លោក Linn Thant ទីប្រឹក្សា​ម្នាក់​របស់​គណៈកម្មាធិការ CRPH ដែល​កំពុង​រស់នៅ​ក្នុង​សាធារណរដ្ឋ​ឆែក​និយាយ​ថា៖ «បន្ទាប់​ពី​មាន​ការ​ប្រឹក្សា​យោបល់​ដ៏​ទូលំទូលាយ​ និង​មាន​ការ​គាំទ្រ​ពី​គណបក្ស​នយោបាយ​របស់​ជាតិសាសន៍​ភាគ​តិច​ជាច្រើន​ អង្គការ​ជាតិ​សាសន៍​ភាគ​តិច​តស៊ូ​ប្រដាប់​ដោយ​អាវុធ និង​ចលនា​តវ៉ា​ទ្រង់ទ្រាយ​ធំ គណៈកម្មាធិការ​តំណាង​ឱ្យ​សភា Pyidaungsu Hluttaw បាន​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​ថ្មី​មួយ​យោង​តាម​ឆន្ទៈ និង​ការ​ទាមទារ​របស់​ប្រជាជន»។

លោក Linn Thant ​ធ្លាប់​ជា​អ្នក​ទោស​នយោបាយ ដែល​ត្រូវ​បាន​កង​កម្លាំង​យោធា​ចាប់​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍ មុន​នឹង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​កាល​ពី​ឆ្នាំ២០០៨។ លោក​និយាយ​ថា រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃទី១៦ ខែមេសា និង​រួម​មាន​អ្នក​តំណាង​ពី​ជាតិសាសន៍​ជាច្រើន។

លោក Linn Thant បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «អ្នក​អាច​មើល​ឃើញ​ថា នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​នេះ អនុប្រធានាធិបតី​គឺ​ជា​បុរស​ជនជាតិ Kachin ដែល​តំណាង​ឱ្យ​ក្រុម​ជាតិសាសន៍ Kachin ទាំង​អស់ ​រួម​ទាំង​ក្រុម KIA ផង​ដែរ។ នាយករដ្ឋមន្ត្រី​គឺ​ជា​បុរសជនជាតិ Karen។ ជាតិសាសន៍ Kachin ជាតិសាសន៍ Mon ជាតិសាសន៍ Karen ជាតិសាសន៍ Kayah ជាតិសាសន៍ Chin និង​ជាតិសាសន៍ Ta’ang ស្ថិត​នៅ​ក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ។ គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ​នឹង​ផ្លាស់ប្តូរ និង​បន្ថែម​សមាជិក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ»។​

រូបឯកសារ៖ បាតុករមួយក្រុមធ្វើការតវ៉ានៅក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាបានដណ្តើមក្តោបក្តាប់អំណាច នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

ការ​គាំទ្រ​ផ្នែក​យោធា​នៅ​ក្នុង​មូលដ្ឋាន​ពី​ក្រុម​ជាតិសាសន៍​ភាគ​តិច​នៅ​តែ​ជា​បញ្ហា​ប្រឈម ដោយសារ​តែ​ទំហំ​ដី​ដ៏​ធំធេង​នៅ​ក្នុង​តំបន់​មួយ​ចំនួន ដែល​បាន​កាត់​ផ្ដាច់​រវាង​ក្រុម​ប្រដាប់​អាវុធ និង​ក្រុម​អ្នក​តវ៉ា។

លោក Robertson បាន​និយាយ​យោង​ដល់​ចលនា​បះបោរ​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា​ថា៖ «ការ​ពិត​គឺ​ថា មាន​គម្លាត​យ៉ាង​ខ្លាំង​រវាង​សង្គ្រាម​ប្រដាប់​ដោយ​អាវុធ​នៅ​ក្នុង​ទឹកដី​របស់​ជាតិ​សាសន៍​ភាគ​តិច និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​តវ៉ា​នៃ​ចលនា​បះបោរ​ស៊ីវិល និង​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ទីក្រុង»។

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា៖ «ការ​ប្រមូលផ្ដុំ​ក្រុម​នានា ​និង​ការ​ថែរក្សា​ចលនា​នោះ​ឱ្យ​មាន​ស្ថិរភាព​ប្រឆាំង​នឹង​យោធា​ដែល​សុទ្ធ​តែ​ប្រដាប់​ដោយ​អាវុធ និង​មាន​ការ​គ្រប់គ្រង​ពី​ថ្នាក់​កណ្តាល​ គឺ​ជា​បញ្ហា​ប្រឈម​ស្នូល​សម្រាប់​អ្នក​ដែល​ចង់​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា»។

ស្ថានភាព​ដែល​ប្រជាជន​ស៊ីវិល​ជាតិ​សាសន៍​ភាគ​តិច​បាន​ជួប​តទល់​នឹង​យោធា​មាន​ជា​យូរ​មក​ហើយ​សម្រាប់​អ្នក​ភូមិ​ជាច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន​មីយ៉ាន់ម៉ា-ថៃ។

អ្នកស្រី Naw Bee Paw អាយុ​៦៥ឆ្នាំ​ដែល​ជា​អ្នក​ភូមិ Karen ម្នាក់ និយាយ​ថា អ្នកស្រី​បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់​នូវ​ភាព​ចលាចល​ ចាប់​តាំង​ពី​ពេល​អ្នកស្រី​នៅ​ជា​យុវវ័យ​មក​ម៉្លេះ។

នៅ​ពេល​មាន​អាយុ​១៥ឆ្នាំ ឪពុក​របស់​អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​តំបន់ Ayeyarwady នៅ​សមុទ្រ Andaman ក្នុង​ពេល​មាន​ការ​បង្ក្រាប​ដោយ​យោធា​មួយ។

រយៈពេល​៤ខែ​ក្រោយ​មក​ នៅ​ពេល​ឪពុក​របស់​អ្នកស្រី​ត្រូវ​បាន​ដោះលែង​វិញ គ្រួសារ​របស់​អ្នកស្រី​បាន​រត់គេច​ពី​តំបន់​នោះ និង​បាន​ទៅ​តាំង​ទីលំនៅ​ក្នុង​រដ្ឋ Kayin។​

រយៈពេល​៥០ឆ្នាំ​ក្រោយ​មក អ្នកស្រី​មាន​ប្រសាសន៍​ថា អ្នកស្រី​ភ័យខ្លាច​ថា ជម្លោះ​នៅ​ពេល​បច្ចុប្បន្ន​នឹង​វិវត្ត​កាន់​តែធ្ងន់ធ្ងរ ដែល​នឹង​បង្ខំ​ឱ្យ​គ្រួសារ​អ្នកស្រី​ធ្វើ​ចំណាកស្រុក​ម្តង​ទៀត។

អ្នកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យោធា​មីយ៉ាន់ម៉ា​បាន​វាយប្រហារ​តាម​អាកាស​លើ​តំបន់ Karen ដូច្នេះ​ខ្ញុំ​ខ្លាច​ណាស់»។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​ឮ​ថា អ្នក​ភូមិ​មិន​អាច​រត់​គេច​ទៅ​ខាង​ថៃ​បាន​ទេ ដោយសារ​តែ​ទាហាន​ថៃ​បាន​រារាំង​ពួកគេ ដូច្នេះ​ខ្ញុំ​មាន​ការ​ភ័យខ្លាច ដោយសារ​យើង​ជា​មនុស្ស​ចាស់ និង​រស់នៅ​តែ​ឯង​នៅ​ក្នុង​ផ្ទះ»។

អ្នក​ភូមិ Karen រាប់​ពាន់​នាក់ រួម​ទាំង​អ្នក​ភៀស​ខ្លួន​មក​ពី​ជំរំ​ភៀស​ខ្លួន Ee Thu Hat ផង​នោះ បាន​រត់គេច​តាម​ព្រំដែន បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​ដោយ​យោធា​មីយ៉ាន់ម៉ា​កាលពី​ខែ​មុន ប៉ុន្តែ​ពួកគេ​ភាគច្រើន​ត្រូវ​បាន​ទាហាន​ថៃ​បញ្ជូន​មក​វិញ។ នេះ​បើ​យោង​តាម​សាក្សី​នៅ​ក្នុង​មូលដ្ឋាន​ដោយ​ផ្ទាល់។

យោធា​មីយ៉ាន់ម៉ា​បាន​បង្កើន​ការ​វាយប្រហារ​លើ​ក្រុម​ជាតិសាសន៍​ភាគ​តិច​នៅ​ក្នុង​រដ្ឋKayin និង​ធ្វើ​ឱ្យ​ជម្លោះ​ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​រដ្ឋShan និង​រដ្ឋ Kachin កាន់​តែ​មាន​ភាព​តានតឹង ខណៈ​កងកម្លាំង​ឧទ្ទាម​បាន​ឆ្លើយតប​វិញ​ដោយ​ការ​វាយប្រហារ​តបត។​

អ្នក​រិះគន់​ថា ការ​បំបាក់​ស្មារតី​ឱ្យ​មាន​ការ​ភ័យខ្លាច​នៅ​ក្នុង​សហគមន៍​ជាតិ​សាសន៍​ភាគតិច​ត្រូវ​បាន​គេ​អនុវត្ត​ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ឆ្នាំ១៩៦២​មក​ម៉្លេះ។ ប៉ុន្តែ​ការ​កត់ត្រា​ពី​វិធីសាស្ត្រ​បំបាក់​ស្មារតី​នេះ​នៅ​មាន​កម្រិត ដោយសារ​តែ​ការ​ផ្តាច់​ខ្លួន​ឲ្យ​នៅ​ឯកោ​របស់​ប្រទេស​នេះ។

នៅ​ពេល​នេះ អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​ដែល​មាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ រួម​ទាំង​ប្រជាជន​ស៊ីវិល​ផង អាច​កត់ត្រា​ភាព​សាហាវ​ឃោរឃៅ​ជាច្រើន​ដែល​បង្ក​ឡើង​ដោយ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពួកគេ៕