ការបង្កើតសេចក្តីព្រាង «ក្រមសីលធម៌នៃអ្នកសិល្បៈ» ត្រូវបានគេរំពឹងថា នឹងអាចជួយលើកកម្ពស់ការការពារសិល្បៈ វប្បធម៌និងអត្តសញ្ញាណជាតិ ព្រមទាំងទប់ស្កាត់ផលប៉ះពាល់ដែលមានលក្ខណៈអវិជ្ជមានចំពោះសិល្បៈប្រពៃណីជាតិ។ សេចក្តីព្រាង«ក្រមសីលធម៌នៃអ្នកសិល្បៈ» នេះ កំណត់ថា អ្នកសិល្បៈកម្ពុជាទាំងក្នុងអាជីព និងមហាជនណាដែលធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់សិល្បៈ វប្បធម៌ជាតិនឹងត្រូវទទួលរងពិន័យ។
អ្នកសិល្បៈកម្ពុជាទាំងក្នុងអាជីពនិងមហាជនណាដែលប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌នៃអ្នកសិល្បៈ ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់សិល្បៈ វប្បធម៌ជាតិនឹងត្រូវទទួលរងពិន័យ ទៅតាមស្ថានភាពជាក់ស្តែងនៃកំហុសឆ្គងដែលបានប្រព្រឹត្ត។ នេះបើយោងតាមសេចក្តីព្រាង«ក្រមសីលធម៌នៃអ្នកសិល្បៈ» ដែលបានដាក់ឲ្យពិគ្រោះយោបល់នៅក្នុងសិក្ខាសាលាមួយ រៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃអង្គារទី២៧ ខែកញ្ញានេះ។
សេចក្តីព្រាង «ក្រមសីលធម៌នៃអ្នកសិល្បៈ» ដែលមាន១២ប្រការនេះ កំណត់ថាការពិន័យនោះមានជាអាទ៍ ការណែនាំ ឬស្តីបន្ទោសដោយផ្ទាល់មាត់ និងព្រមានជាលាយលក្ខណ៍អក្សរផ្សព្វផ្សាយជាសាធារណៈនិងផ្អាកមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈវប្បធម៌ក្នុងរយៈពេលណាមួយ។ ហើយកម្រិតពិន័យនោះទៀតសោតគឺជាការសម្រេចរបស់ក្រសួងវប្បធម៌ ឬក្រុមប្រឹក្សាពិន័យ ស្របតាមកំហុសឆ្គងនៃអ្នកសិល្បៈដែលបានប្រព្រឹត្តនោះ។
ថ្លែងមកកាន់ក្រុមអ្នកសារព៍ត៌មាន នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាង«ក្រមសីលធម៌នៃអ្នកសិល្បៈ» លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើកឡើងថា ក្រមសីលធម៌អ្នកសិល្បៈនេះគឺជាត្រីវិស័យបង្ហាញផ្លូវ និងលើកតម្លៃសិល្បៈករ សិល្បៈការនីខ្មែរ។ លោកស្រី បន្ថែមថា «ក្រមសីលធម៌នៃអ្នកសិល្បៈ» ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការថែរក្សា ការពារសិល្បៈ វប្បធម៌និងអត្តសញ្ញាណជាតិ ព្រមទាំងទប់ស្កាត់ផលប៉ះពាល់ដែលមានលក្ខណៈអវិជ្ជមានចំពោះសិល្បៈប្រពៃណីជាតិ។
លោកស្រី ភឿង សកុណា បានថ្លែងថា៖
«ជានិច្ចកាល យើងតែងថ្លឹងថ្លែងបំផុតរវាងសេរីភាព នៃការបញ្ចេញមតិជាមួយក្របខណ្ឌសីលធម៌។ វាលំបាក ព្រោះវាអត់មានបន្ទាត់មួយ ឬជញ្ជាំងមួយទេ ដូច្នេះយើងត្រូវមើលការប៉ះពាល់ប៉ុណ្ណា។ យើងមិនចង់ត្រួតពិនិត្យគ្រប់កន្លែង សូម្បីតែចម្រៀងមួយបទក៏ក្រសួងពិនិត្យដែរទេ។ យើងតែងណែនាំអ្នកនិពន្ធក្តី សិល្បៈករក្តី ត្រូវត្រួតពិនិត្យខ្លួនឯងសិន ថាគួរឬមិនគួរ តើអ្វីដែលចេញផ្សាយហ្នឹង បានប្រយោជន៍ដល់សង្គមទេ»។
លោកស្រី ភឿង សកុណា បន្តទៀតថា បើសិនជាអ្នកសិល្បៈស្វែងយល់និងឲ្យតម្លៃវប្បធម៌ជាតិខ្លួន នោះសិល្បៈករ សិល្បៈការិនីក៏ទទួលបានការគោរពនិងឲ្យតម្លៃពីសារធារណជនដែរ។ លោកស្រីពន្យល់ទៀតថា រដ្ឋាភិបាលចង់ប្រើប្រាស់វិធានការណ៍អប់រំដល់សិល្បៈករ និងផលិតករជាជាងការពិន័យ។
«នៅពេលយើង យល់តម្លៃជាតិកាន់តែច្រើន ម្នាក់ៗដូចជាគ្មានហេតុផលក្នុងការបន្ថោកតម្លៃរបស់ជាតិទេ ព្រោះបន្ថោកតម្លៃរបស់ជាតិ គឺបន្ថោកតម្លៃខ្លួនឯង។ អ្នកសរសេរហ្នឹងក៏ចាប់ផ្តើមទាបខ្លួនឯង តាមរយៈការរិះគន់ អ្នកច្រៀងក៏ទាបដែរ។ ដូច្នេះ មុននឹងយកអីមួយ កុំឲ្យយកបញ្ហាមានបានជាធំពេក ព្រោះសិល្បៈមិនមែនតែរឿងមានបានទេ វាមានកេរ្តិ៍ឈ្មោះក្នុងហ្នឹងដែរ។ តាមពិតវិធានដែលយើងចង់ធ្វើមាន បើយើងចង់ឲ្យប៉ះដៃយកដៃ ប៉ះជើងយកជើង ស្ថាប័នរដ្ឋសឹងតែធ្វើបាន តែយើងមិនចង់ទេ»។
សេចក្តីព្រាង«ក្រមសីលធម៌នៃអ្នកសិល្បៈ»នេះ ក៏ទទូចឲ្យអ្នកសិល្បៈទាំងអស់ប្រកាន់ខ្ជាប់គោលការណ៍ សីលធម៌ ទាំងការប្រើប្រាស់ពាក្យពេចន៍ កាយវិការ និងការស្លៀកពាក់ ដើម្បីរក្សាភាពថ្លៃថ្នូរនិងលើកកម្ពស់សីលធម៌សង្គមផងដែរ។
លោក ដួង សុខគាគឺជាសិល្បករមួយរូប ដែលបានចូលរួមក្នុងសិក្ខាសាលានេះ។ លោកគាំទ្រ ចំពោះចំណាត់ការរដ្ឋាភិបាល ក្នុងការបង្កើតសេចក្តីព្រាង«ក្រមសីលធម៌នៃអ្នកសិល្បៈ»។ ក៏ប៉ុន្តែលោក សុខគា បានលើកឡើងថា អ្វីដែលរឹតតែសំខាន់នោះ គឺត្រូវធ្វើយ៉ាងណាដើម្បីឲ្យសិល្បៈករ សិល្បៈការនីទាំងអស់ចូលរួមអនុវត្តក្រមសីលធម៌នៃអ្នកសិល្បៈនេះ។
លោក សុខគា បានថ្លែងថា៖
«វាជាកញ្ចក់ឆ្លុះមួយ ជាច្បាប់មួយ ជាបន្ទាត់មួយ ជាផ្លូវមួយដែលយើងត្រូវដើរ។ អាចមានអ្នកខ្លះអត់សប្បាយចិត្ត នៅពេលបង្កើតសេចក្តីព្រាងច្បាប់ក្រមសីលធម៌អ្នកសិល្បៈហ្នឹង ប៉ុន្តែបើមើលឲ្យច្បាស់គ្រូកាចអាចសិស្សហ្នឹងល្អក៏មានដែរ។ អ្វីដែលជាច្បាប់ត្រូវតែមាន ហើយកញ្ចក់ឆ្លុះត្រូវមាន ព្រោះយើងខ្លួនឯងមើលខ្លួនឯងអត់ឃើញទេ។ យើងត្រូវមានហ្វ្រាំងទប់។ អញ្ចឹងយើងសិល្បៈករ ទោះបីយើងលេង និយាយស្តី ស្លៀកពាក់សិចស៊ី យើងធ្វើអីរបៀបសិល្បៈ ប៉ុន្តែក្នុងកម្រិតមួយ»។
យ៉ាងណាក៏ដោយ លោក ឆាយ ប៉ូរា ជាផលិតករភាពយន្តមួយរូប លើកឡើងថា សេចក្តីព្រាងក្រមសីលធម៌នៃអ្នកសិល្បៈនេះ នៅមានភាពចន្លោះប្រហោងច្រើនទៀត ដែលក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធគួរកំណត់ឲ្យមានភាពជាក់លាក់ និងច្បាស់លាស់ជាងនេះ។ លោកថា កន្លងមករដ្ឋាភិបាល ហាក់មិនមានស្តង់ដារួម ឬយន្តការជាក់លាក់ ក្នុងការហាមប្រាមដល់អ្នកសម្តែង ឬផលិតករនោះទេ។ លោកយល់ថា នៅមានភាពចម្រូងចម្រាស់គ្នាច្រើនរវាងភាពច្នៃប្រឌិតរបស់ផលិតករ និងសកម្មភាពប៉ះពាល់ដល់វប្បធម៌ជាតិនោះ។
កន្លងមក ក្រសួងវប្បធម៌ធ្លាប់ព្រមានដល់អ្នកសិល្បៈខ្មែរមួយចំនួន ដែលរងការរិះគន់ពីសាធារណជន ថាស្លៀកពាក់មិនសមរម្យនិងប្រាសចាកខ្លាំងពីទំនៀមទម្លាប់ខ្មែរ ក៏ប៉ុន្តែមិនមានការដាក់ទោសទណ្ឌអ្វីនោះទេ។
សេចក្តីព្រាង«ក្រមសីលធម៌នៃអ្នកសិល្បៈ» ដែលកំពុងស្ថិតក្រោមការរៀបចំរបស់ក្រសួងវប្បធម៌នេះគឺជាក្រមថ្មីមួយទៀត បន្ថែមពីលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ដែលមានស្រាប់។ សេចក្តីព្រាង«ក្រមសីលធម៌នៃអ្នកសិល្បៈ»នេះ ធ្វើឡើងដោយសារតែកន្លងមកមានភាពអសកម្មមួយចំនួនទៅលើអ្នកសិល្បៈខ្មែរដែលបង្កឲ្យមានការិះគន់ពីសំណាក់មហាជនជាបន្តបន្ទាប់។ ក៏ប៉ុន្តែ មិនទាន់មានការកំណត់ពីកាលបរិច្ឆេទថាសេចក្តីព្រាងនេះ នឹងក្លាយជាក្រមសីលធម៌នៃអ្នកសិល្បៈជាផ្លូវការនិងចូលជាធរមាននៅពេលណានោះទេ៕