ភាគទី៦៖ សក្តានុពល​នៃ​គោលនយោបាយ​សារពើពន្ធ​ដែល​មាន​តម្លាភាព​និង​គណនេយ្យភាព

ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយ កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ។ (ទុំ ម្លិះ/វីអូអេ)

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ គោលនយោបាយសារពើពន្ធ

សម្ភាសដោយ​ ផន បុប្ផា ផលិត​ដោយ ​ទែន​ សុខស្រីនិត, និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

នៅតាម​បណ្តា​ប្រទេស​ជាច្រើន​នៅជុំវិញ​ពិភពលោក ជាពិសេស​ប្រទេស​មាន​ប្រាក់​ចំណូលខ្ពស់ និង​មធ្យម យើង​ឃើញ​ថា រដ្ឋាភិបាល​ទាំងនោះ​អនុវត្ត​គោលនយោបាយ​សារពើពន្ធ ដោយ​យក​ពន្ធ​ស្ទើរតែ​គ្រប់​វិស័យ ដូចជា​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ ក្រុមហ៊ុន សហគ្រាស អាជីវកម្ម និង​អចលនទ្រព្យ​ជាដើម។ ការ​យក​ពន្ធ​ទាំង​នេះ មាន​សារៈសំខាន់ ព្រោះ​វា​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​មាន​ធនធាន​ទប់ទល់​នឹង​ការ​ចំណាយ​ជាតិ​ទូទៅ ដូចជា​លើ​សេវាកម្ម​សាធារណៈ និង​គម្រោង​អភិវឌ្ឍ​ក្នុងប្រទេស​ជាដើម។

ដោយ​ឡែក នៅកម្ពុជា​ដែលជា​ប្រទេស​មាន​ប្រាក់​ចំណូលមធ្យម​កម្រិត​ទាប​មួយ គោលនយោបាយ​សារពើពន្ធ និង​ការ​អនុវត្ត​គោលនយោបាយ​នេះ មាន​សភាព​ថ្មីថ្មោង​ដែល​កំពុង​ឆ្លងកាត់​កំណែ​ទម្រង់​នានា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​រដ្ឋាភិបាល​បាន​ប្រាក់​ចំណូល​ច្រើន​ពី​ការ​ប្រមូល​ពន្ធ។ សំខាន់ តើ​កម្ពុជា​គួរ​ធ្វើអ្វីខ្លះ ដើម្បី​អនុវត្ត​គោលនយោបាយ​ពន្ធដារ​មួយ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ទាំង​រដ្ឋ និង​ទាំង​ពលរដ្ឋ នាពេល​អនាគត?

Your browser doesn’t support HTML5

ភាគទី៦៖ អនាគត​នៃ​គោលនយោបាយ​សារពើពន្ធ



ស្តាប់ភាគទី ៦ លើបណ្តាញ Apple Podcasts និង Google Podcasts




លោក ជាន សិទ្ធិគុណ អ្នកស្រាវជ្រាវឯករាជ្យនិងអ្នកនិពន្ធមួយរូបក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ថ្លែងថា៖ « ដើម្បីឲ្យមានការចូលរួមរវាងប្រជាជននិងរដ្ឋ ក៏បានទទួលចំណូលនោះ គឺ ទី១ យើងត្រូវ promote [លើកកម្ពស់] វប្បធម៌ស្ម័គ្រចិត្តក្នុងការបង់ពន្ធ ប៉ុន្តែដើម្បីឲ្យប្រជាជនមានការស្ម័គ្របង់ពន្ធ ក៏យើងត្រូវមានតម្លាភាព good governance [អភិបាលកិច្ចល្អ] របស់រដ្ឋាភិបាលដែរ។ នៅពេលដែលខ្ញុំបង់ពន្ធ ១ ដុល្លារដែលខ្ញុំបង់ពន្ធហ្នឹង ថាតើគាត់យកចាយវាយទៅលើរបស់អ្វី បាទ។ នៅពេលដែលខ្ញុំបង់ពន្ធហ្នឹង តើនៅពេលដែលខ្ញុំចូលនិវត្តន៍ទៅ ខ្ញំុនឹងបានអ្វីមកវិញ»។

ការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​លើ​អាជីវកម្ម សហគ្រាស មូលធន និង​ពលរដ្ឋ គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ ក្នុងការ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​មាន​ប្រាក់​ចំណូល ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ​លើ​សេវា​សាធារណៈ ប្រាក់​បៀរវត្ស​ដល់​បុគ្គលិក​រដ្ឋ គម្រោង​អភិវឌ្ឍ​នានា​ដូចជា​ផ្លូវថ្នល់ មន្ទីរពេទ្យ និង​ទូរគមនាគមន៍ជាដើម។ នៅ​កម្ពុជា ដំណើរការ​ប្រមូល​ពន្ធ​ដោយរដ្ឋ បាន​ចាប់ផ្តើម​ឡើងជា​បណ្តើរៗ​ពី​ឆ្នាំ ១៩៩៨ មក បន្ទាប់ពី​កម្ពុជា​បាន​រួចផុត​ពី​ជម្លោះ​នយោបាយ​ផ្ទៃក្នុង។

ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ពន្ធដារ ដោយ​ផ្តោតលើ​ប្រសិទ្ធភាព​នៃ​ការ​ប្រមូលពន្ធ។ កាលពី​ខែ​កក្កដាកន្លង​ទៅនេះ អគ្គនាយក​ដ្ឋានពន្ធដារ​កម្ពុជា បាន​ប្រមូល​ពន្ធ​ក្នុង​ចំនួន​ទឹកប្រាក់​សរុប​ប្រមាណ ១,៦៨ ពាន់លាន​ដុល្លារ​អាមេរិក លើពន្ធ​ជាច្រើន​ប្រភទ​នៅកម្ពុជា​ដូចជា ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​អាករ ពន្ធ​លើ​ប្រាក់​ចំណូល។

លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ថ្លែង​នៅក្នុង​កម្មវិធី​អប់​រំ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ខែ​កុម្ភៈ​ថា៖ «ពន្ធ​លើ​ប្រាក់​ចំណូល​នេះ ជាទូទៅ គឺជា​កាតព្វកិច្ច​របស់​អ្នក​ជាប់​ពន្ធនិវាសនជន ចំពោះ​ប្រាក់​ចំណូល​គ្រប់​ប្រភព និង​ជា​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ​អនិវាសនជន ចំពោះ​ប្រាក់​ចំណូល​ប្រភពកម្ពុជា»។

រូបឯកសារ៖ បុគ្គលិកធនាគារអេស៊ីលីដា រាប់ក្រដាស់ប្រាក់ដុល្លារ នៅក្នុងទីស្នាក់ការធនាគារអេស៊ីលីដា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

សំណង់អគារពាណិជ្ជកម្មខ្ពស់ៗនៅពីក្រោយវិទ្យាពុទ្ធិកបណ្ឌិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ហើយ​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ចេញ​ប្រកាស​មួយ អនុញ្ញាត​ឲ្យ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ពន្ធចំណេញ​មូលធន​ក្នុង​អត្រា ២០ភាគរយ ​នៅ​ឆ្នាំ ២០២១​ខាង​មុខ​នេះ។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែង​នៅក្នុង​កម្មវិធី​របស់​ទូរទស្សន៍ Fresh News កាលពីខែ​សីហា ថា៖ «ពន្ធ​ចំណេញ​មូលធន​នេះ ជា​រឿង​អចលនទ្រព្យ។ អចលនទ្រព្យ និង​មូលធន​ផ្សេងៗ​ទៀត ដែល​មាន​នៅក្នុង​អាជីវកម្ម ឧទាហរណ៍​ថា Stock Market ក៏ជា​មូលធន​ដែរ បាទ។ សួរ​ថា នៅក្នុង​បណ្តាប្រទេស​ទូទៅ​នៅក្នុង​ពិភពលោក ថា​មាន​គេយក​អត់? គឺ​គេ​យក ពន្ធ​មូលធន​នេះ បើ​នៅ​ប្រទេស​បារាំង នៅ​អូស្ត្រាលី​នៅ​អី ពន្ធ​ចំណេញ​មូលធន​នេះ គឺ​គេ​យក​ច្រើន»។

​របាយការណ៍​របស់​មូលនិធិរូបិយ​វត្ថុអន្តរជាតិ (IMF) ចេញ​ផ្សាយ​កាលពី​ខែធ្នូ ឆ្នាំ ២០១៩ រក​ឃើញ​ថា កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក សម្រាប់​ឆ្នាំ ២០១៨ ដែល​ជា​លទ្ធផល នាំឲ្យ​មាន​អតិរេកថវិកា ឬ​ថវិកា​សល់ពី​ការ​ចំណាយជិត​ស្មើនឹង ១ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក ឬ GDP ប្រមាណ ២៤​ ពាន់​លាន​ដុល្លារ។ របាយការណ៍​នេះ​ក៏រំពឹងថា​នឹង​មានអតិរេកថវិកា ឬ​ថវិកា​សល់ពី​ការ​ចំណាយ ក្នុងឆ្នាំ​២០១៩​ផងដែរ ដោយ​ផ្អែកលើ​ចំណូល​ពន្ធ​ដ៏​ល្អ ដែល​បានកើន​ដល់ ១៨,៧ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ឬ GDP ។

កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៩ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំពី​ភាព​ជោគជ័យ​នៃ​ការ​អនុវត្ត​កែទម្រង់​គោលនយោបាយ​សារពើពន្ធ​ ​ថា៖ «ខ្ញុំ​អាច​និយាយ​ដោយ​មោទនភាព​ថា កំណែទម្រង់​ដែល​យើង​បាន​ធ្វើ បាន​ទទួល​ផល​ល្អ​ណាស់។ សម្រាប់​ចំណូល​ខាង​ផ្នែកពន្ធដារ គឺ​ត្រូវរក​ឲ្យ​បាន ២២៨៨​លានដុល្លារ ប៉ុន្តែ​ឥឡូវ​នេះ រក​បាន ចំណូល​បាន ២៦៣៤លាន រួចស្រេច​ទៅ​ហើយ ដែល​លើស​ការគ្រោង​ទុក​ចំនួន ៣៤៥ លាន។ នេះ​ជា​ថវិកា​ដែល​ល្អ។ នេះ​ជា​ចំណូល​សារពើ​ពន្ធ »។

ទោះជា​យ៉ាងណា​ក្តី របាយការណ៍​របស់ IMF បាន​សន្និដ្ឋាន​ថា ប្រាក់ចំណូល​របស់​កម្ពុជា អាច​ថមថយ​នៅឆ្នាំ ២០២០ ដោយសារ​តម្រូវការ​នៃ​ការ​ចំណាយ​ច្រើន ជាពិសេស​ក្នុងគ្រា​វិបត្តិ​សុខភាព​ជំងឺកូវីដ១៩។ IMF ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ផ្អាក​ការ​ចំណាយ​របស់​ខ្លួន​លើ​អ្វីដែល​មិន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ និង​បន្ត​ពង្រឹង​ចំណូលពន្ធ តាមរយៈ​យុទ្ធសាស្ត្រ​ប្រមូល​ចំណូល​ថ្មី​ឆ្នាំ ២០១៩-២០២៣ របស់​ខ្លួន ដែល​ផ្តោតខ្លាំង​លើ​ការ​ប្រមូល​ពន្ធ​អចលទ្រព្យ ពន្ធ​អាករ ពន្ធ​លើ​ប្រាក់ចំណូល តាមរយៈ​ការ​បង្កើន​ប្រសិទ្ធភាព​លើ​ការ​ប្រមូលពន្ធ ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាព។


​អំពី​វាគ្មិន៖ លោក ជាន សិទ្ធិគុណ

មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង លោក ជាន សិទ្ធិគុណ បាន​បញ្ចប់ការ​សិក្សាថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​គោលនយោបាយ​សាធារណៈ ផ្តោតលើ​គោលនយោបាយ​សេដ្ឋកិច្ច ពី​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី Australian National University កាលពី​ឆ្នាំ ២០១៧ បន្ទាប់ពី​លោក​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ប្រឡូក​និង​ដកស្រង់​បទពិសោធន៍​ការងារ​ក្នុង​វិស័យ​ហរិញ្ញវត្ថុ និង​សេដ្ឋកិច្ច ដោយ​បម្រើ​ការងារ​ឲ្យ​ស្ថាប័នរដ្ឋ និង​ឯកជន​ជាច្រើន​ឆ្នាំ។ ការទទួល​បាន​ការអប់រំ​ជាន់ខ្ពស់​ពី​ប្រទេស​អូស្ត្រាលី​នេះ ដែល​លោកបាន​រស់នៅ​ទីនោះ​រយៈពេល​ប្រមាណ ២ ឆ្នាំ បាន​ជំរុញ​ឲ្យ​លោក សិទ្ធិគុណ យក​ចិត្តទុកដាក់​លើ​គោលនយោបាយ​សារពើ​ពន្ធ និង​ការ​អនុវត្ត​គោលនយោបាយ​នេះ ដែលជា​ផ្នែកមួយ​ដ៏​សំខាន់​ក្នុង​វិស័យ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេសជាតិ​មួយ។ ខណៈ​កម្ពុជា​កំពុង​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​បែប​កែទម្រង់​ជាច្រើន តាមរយៈ​ការស្រាវជ្រាវរ​បស់​លោក លោក សិទ្ធិគុណ សង្ឃឹម​ថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​សារពើពន្ធ​ដែល​មាន​តម្លាភាព និង​គណនេយ្យភាព​ក្រោម​ការ​ដឹកនាំ​ដែល​មាន​អភិបាលកិច្ច​ល្អ កម្ពុជា​អាច​សម្រេច​មាន​ប្រព័ន្ធ​គោលនយោបាយ​សារពើពន្ធ​មួយ ដែល​ផ្តល់​ប្រយោជន៍​ដល់​ទាំង​រដ្ឋាភិបាល និង​ទាំង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បង់ពន្ធ៕