ភាគទី១៖ ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ និង​កិច្ចការ​ដែល​កម្ពុជា​គួរ​ធ្វើ

រូបឯកសារ៖ ត្រីដែលងាប់ដោយសារគ្រោះរាំងស្ងួតនៅបាតទន្លេ Poyang ខេត្ត Jiangxi ប្រទេសចិន កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩។

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ ការប្រែប្រួលអាកាសធាតុ

សម្ភាស​ដោយ​៖ ស៊ូ ពេជ្រចិន្តា, ផលិត​ដោយ​៖ ទែន​ សុខស្រីនិត, និពន្ធនាយក៖ Chris Decherd និង​ ចាប ​ចិត្រា


សម្រាប់​ភាគទី ១ នេះ​ លោក​អ្នក​នាង​ស្វែងយល់​ដឹង​ថា «តើ​កម្ពុជា​គួរ​ដឹង​និង​ធ្វើអ្វីខ្លះ​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​បរិស្ថាន​ដ៏​មហន្តរាយ​នា​ពេលអនាគត» តាមរយៈ​ការ​ពិភាក្សា​រវាង​អ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធី VOA ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និង​លោក ​អ៊ួង ទីកេត្យា អ្នកស្រាវ​ជ្រាវ​ឯករាជ្យ​កម្ពុជា ដែលបាន​ស្រាវជ្រាវនិងសរសេរអត្ថបទមួយជំពូក ​អំពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ នៅ​ក្នុង​សៀវភៅ «កម្ពុជា​ឆ្នាំ ២០៤០»។

Your browser doesn’t support HTML5

«កម្ពុជាសម្លឹងទៅមុខ» ភាគទី ១៖ ការប្រែប្រួលអាកាសធាតុ

ស្តាប់ភាគទី ១ លើបណ្តាញ Apple Podcasts និង Google Podcasts

រូបឯកសារ៖ សត្វកុកកំពុងដើររកចំណី នៅលើដីបឹងដែលបានស្ងួតហួតហែង ដោយសារគ្រោះរាំងស្ងួត នៅតំបន់ឧទ្យានជាតិ Mana Pools ប្រទេស Zimbabwe។

គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត គ្រោះបាក់ដី និងគ្រោះធម្មជាតិជាច្រើនផ្សេងទៀត កំពុងតែកើតមានឡើងកាន់តែញឹកញាប់នៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។

អ្នកវិទ្យាសាស្ត្រ សន្មតថា ព្រឹត្តិការណ៍គ្រោះមហន្តរាយទាំងអស់នេះ ត្រូវបានបង្កឡើងមួយភាគធំ ដោយសារតែសកម្មភាពបំពុលបរិស្ថានរបស់មនុស្សនៅលើផែនដី។ ហើយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះទៀតសោត អាចបណ្តាលជាការវិនាសអន្តរាយដល់មនុស្សជាតិ និងភពផែនដីបាន។

លោក អ៊ួង ទីកេត្យា អ្នកស្រាវជ្រាវឯករាជ្យ និងជាអ្នកនិពន្ធម្នាក់ក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040» ថ្លែងថា៖

«ពីឆ្នាំ២០៣០ ដល់​ឆ្នាំ២០៥០​ហ្នឹង មនុស្ស​អាច​នឹង​ស្លាប់ នេះ​គឺជា​តួលេខ​សកល ពី​២សែន​៥ម៉ឺននាក់ ក្នុង​មួយឆ្នាំ ដែល​ជា​មនុស្ស​ដែល​នឹង​រងគ្រោះ​ពី​គ្រោះ​រាំងស្ងួត ទឹកជំនន់ ភ្លៀង​ធ្លាក់​មិន​ទៀង​ទាត់ កង្វះទឹកស្អាត មនុស្ស​មាន​ជំងឺ និងការ​ដាំដុះធ្លាក់ចុះជាដើម និង​ការ​ចំណាកស្រុក​ពី​ជនបទ​អីហ្នឹង»។


កាលពីឆ្នាំ ២០១៩ កម្ពុជាបានរងទាំងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ ខេត្តជាច្រើននៅកម្ពុជាបានរងគ្រោះទឹកជំនន់ដល់ទៅ២លើក ដែលបង្កផលប៉ះពាល់សេដ្ឋកិច្ចនិងការខូចខាតផ្ទះសម្បែងដល់ពលរដ្ឋកម្ពុជាជាង ២៥០០ គ្រួសារ។ ក្នុងឆ្នាំដដែល កម្ពុជាក៏បានរងគ្រោះរាំងស្ងួតក្នុងខេត្តចំនួន ៧ ដែលនាំឲ្យខាតបង់ដំណាំស្រូវ ដល់ទៅជិត ៤ម៉ឺនហិកតា និងដំណាំរួមផ្សំផ្សេងទៀត ដែលត្រូវការទឹក។

បន្ថែមលើនេះ កាលពីខែមេសា ឆ្នាំ២០២០នេះ បញ្ហាខ្វះទឹកប្រើប្រាស់ដោយសារកម្ពស់ទឹកទន្លេមេគង្គមានកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ និងគ្រោះរាំងស្ងួត ក៏កំពុងបង្កក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋកម្ពុជា ដែលជិត៨០ភាគរយនៃចំនួនពលរដ្ឋសរុប ដែលពឹងផ្អែកលើទឹកទន្លេ ជាប្រភពចម្បងនៃការដាំដំណាំកសិផល៕


អំពី​វាគ្មិន៖ លោក អ៊ួង ទីកេត្យា

មានដើមកំណើតនៅរាជធានីភ្នំពេញ និងធំដឹងក្តីក្នុងគ្រួសារដែលមានឪពុកនិងសាច់ញាតិជាច្រើននាក់បំពេញការងារក្នុងវិស័យសុខាភិបាលនិងអភិវឌ្ឍន៍សង្គម លោក អ៊ួង ទីកេត្យា បានបណ្តុះគំនិតនិងគោលបំណងដោះស្រាយបញ្ហាសង្គមនានា តាំងពីកុមារភាពមកម្លេះ។ រហូតដល់ពេលធំពេញវ័យនិងបញ្ចប់ថ្នាក់វិទ្យាល័យ លោក កេត្យា បានសម្រេចចិត្តជ្រើសរើសសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកសិក្សាអន្តរជាតិនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្នែកវិទ្យាសាស្ត្របរិស្ថាននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយនៅទីនោះ លោកទទួលបាន ចំណេះដឹងយ៉ាងស៊ីជម្រៅអំពីប្រធានបទស្តីអំពីការប្រែប្រួលអាកាសធាតុ។ លោក កេត្យា ថែមទាំងទទួលបានអាហាររូបករណ៍ Fulbright ទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនិងគោលនយោបាយបរិស្ថាន នៅសហរដ្ឋអាមេរិកផងដែរ។ សព្វថ្ងៃនេះ លោក កេត្យា សម្រេចគោលបំណងចូលរួមចំណែកដោះស្រាយបញ្ហាសង្គម ដោយផ្តោតការសិក្សាស្រាវជ្រាវរបស់លោកលើគោលនយោបាយបរិស្ថានការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍដោយនិរន្តភាព៕

| ស្តាប់ភាគទី ២៖ «ការទូត​សេដ្ឋកិច្ចកម្ពុជា»