ភាគទី៩៖ តើ​កម្ពុជា​អាច​ដើរ​ដល់​ឧស្សាហកម្ម​ជំនាន់​ទី​៤ បាន​ដោយ​របៀប​ណា?

រូបឯកសារ៖ រូបយន្តដែលធ្វើការដោយស្វ័យប្រវត្តិ កំពុងចាប់របស់ដាក់ក្នុងទូរដាក់សម្ភារៈ នៅក្នុងកិច្ចប្រជុំរូបយន្តពិភពលោក ក្នុងទីក្រុងតូក្យូរ ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ ឧស្សាហកម្មជំនាន់ទី ៤

សម្ភាសដោយ​ ផន បុប្ផា ផលិត​ដោយ ​ទែន​ សុខស្រីនិត, និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

ឧស្សាហូបនីយកម្ម គឺជាមធ្យោបាយ​ដ៏​ចម្បង​មួយ​ក្នុង​ការ​នាំ​មក​នូវ​កំណើន​សេដ្ឋកិច្ច និង​ភាព​រុងរឿង​និង​ភាព​ជឿនលឿន​របស់​ប្រទេស​ជាតិ​មួយ តាមរយៈ​ការ​ប្រើប្រាស់​ម៉ាស៊ីន​គ្រឿងចក្រ និង​បច្ចេកវិទ្យា​ទំនើប ដើម្បី​បង្កើន​ផលិតភាព។

ចាប់តាំងពី​ពាក់​កណ្តាល​សតវត្សរ៍​ទី ១៧ មក ពិភពលោក​បាន​ឆ្លង​កាត់​ឧស្សាហូបនីយកម្ម​សំខាន់ៗ​បួន​លើក​ដោយ​សារ​ការ​រក​ឃើញ​បច្ចេកវិទ្យា​ថ្មីៗ ដែល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ឧស្សាហកម្ម​ចំនួន ៤​ ជំនាន់។ បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ១ បង្កើត​ឲ្យ​មាន​ថាមពល​ទាញ​ចេញ​ពី​ចំហាយ​ទឹក បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ២ បង្កើត​ឲ្យ​មាន​ថាមពល​អគ្គិសនី និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៣ បង្កើត​ឲ្យ​មាន​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ឌីជីថល។

បច្ចុប្បន្ននេះ ប្រទេសមួយចំនួនបានឈានដល់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ ស្វីស ចិន និងសហរដ្ឋអាមេរិក។ តើអ្វីទៅជាបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ឬឧស្សាហកម្មជំនាន់ទី៤? ហើយបើមិនចាប់យកឧស្សាហកម្មជំនាន់ទី៤ នេះ តើស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងប្រឈមបញ្ហាអ្វីខ្លះ?


Your browser doesn’t support HTML5

ភាគទី ៩៖ តើ​កម្ពុជា​អាច​ដើរ​ដល់​ឧស្សាហកម្ម​ជំនាន់​ទី​៤ បាន​ដោយ​របៀប​ណា?



ស្តាប់ភាគទី ៩ លើបណ្តាញ Apple Podcasts និង Google Podcasts






លោក ភូ លីវុឌ្ឍ អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​អ្នកជំនាញ​ជាន់​ខ្ពស់​ខាង​វិស័យបច្ចេកវិទ្យា​របស់​កម្ពុជា ថ្លែង​ថា៖ «ឧស្សាហកម្ម​ជំនាន់​ទី ៤ បាន​ន័យ​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែលមាន​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៣ បន្ថែម [ជាមួយ] នឹង​បច្ចេកវិទ្យា​ទំនើប ដែល​ក្នុង​សា​ក្រោយ​នេះ មាន​ការ​តភ្ជាប់ ការ​ប្រើប្រាជ្ញា​សប្បនិម្មិត ហើយ​និង​ស្វ័យ​ប្រវត្តិកម្ម។

លោក​លីវុឌ្ឍ បាន​ព្រមាន​ពី​កត្តា​ប្រឈម​ខាង​សេដ្ឋកិច្ច​មួយ​ចំនួន បើ​សិន​ជា​កម្ពុជា ដែល​ជា​ប្រទេស​ដ៏​តូច​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តែ​មាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង​មួយ​នេះ មិន​ទទួល​យក​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ជំនាន់​ទី ៤ នេះ។

លោក​ថ្លែង​ថា៖ «យើង​អាច​គ្រោះ​ច្រើន។ ទី ១ ផលិតភាព​ការងារ​របស់​យើង​មិន​កើន​ទេ នៅ​ដដែល ព្រោះអី​យើង​ធ្វើការ​ដដែលៗ អត់​មាន​បច្ចេកវិទ្យាអី​មក​ធ្វើ​ផង។ ហើយ​វិស័យ​កសិកម្ម​របស់​យើង​ក៏​ដូចគ្នា​ដែរ ដីយូរ​ទៅ វា​កាន់តែ​ខ្សោះ។ មនុស្ស​ធ្វើការ​កាន់តែ​ច្រើន តែ​ផល​បាន​តិច។ វិស័យ​ឧស្សាហកម្ម​កាត់ដេរ ក៏​អីចឹង​ដែរ។ មនុស្ស​ធ្វើការ​ច្រើន​ម៉ោង តែ​ផលិតភាព​ទាប​ដដែល។ អ៊ីចឹង ថៅកែ​ក្រុមហ៊ុន គេ​អត់​នៅ​ជាមួយ​យើង​ទេ។ គេ​នឹង​ទៅ​ប្រទេស​ណាមួយ ដែល​គេ​អាច​ដាក់​ទុន​ទៅ ចំណេញ​ច្រើន។ ហើយ​ដើម្បី​ដាក់ទុន​ចំណេញ​ច្រើន វា​អាច​ថា ប្រទេស​ណា​ដែល​គេ​មាន​បច្ចេកវិទ្យា​ទំនើប​ហ្នឹង មាន​កម្មវិធី​ឧស្សាហកម្ម​ជំនាន់​ទី ៤ ហ្នឹង»។

ស្ត្រីម្នាក់ប្រើទូរស័ព្ទស្មាតហ្វូនដើម្បីប្រើសេវាធ្វើដំណើរ PassApp នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

បច្ចុប្បន្ន​នេះ ៦០ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​សរុប​ជាង ១៦ លាន​នាក់ មាន​អាយុ​ក្រោម ៣០ ឆ្នាំ។ នេះ​មានន័យ​ថា កម្លាំង​ពលកម្ម​កម្ពុជា ដែល​ជា​ប្រទេស​ដ៏តូច​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មាន​សន្ទុះ​ខ្លាំង ដែល​ជា​កតាលីករ​ដ៏​ចម្បង​មួយ​នៃ​ដំណើរការ​សេដ្ឋកិច្ច ជាពិសេស​ដើម្បី​ឲ្យ​កម្ពុជា​ដើរឈាន​ទៅរក​ឧស្សាហកម្ម​ជំនាន់​ទី ៤។

ក៏ប៉ុន្តែ​យោងតាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក ចេញ​ផ្សាយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ៦៣ ភាគរយ​នៃ​ប្រភេទ​ការងារ​ក្នុង​ប្រទេសកម្ពុជា ក្នុង​ចំណោម​ការងារ​សរុប​ចំនួន ៨ លាន គឺជា​ការងារ​បែប​ប្រពៃណីបុរាណ ក្នុង​របរ​ធ្វើ​ជំនួញ​និង​ផលិតផល​កសិកម្ម ដែល​មិនសូវ​ពាក់ព័ន្ធនឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យាទំនើប​ក្នុង​ដំណើរការ​ផលិតកម្ម​ឡើយ។ ហើយ​ការងារ​ត្រឹមតែ ៣៧ ភាគរយ​ប៉ុណ្ណោះ ដែលជា​ប្រភេទ​ការងារ​ផ្អែក​លើ​ប្រាក់បៀវត្សរ៍ ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ផលិតកម្ម​ទំនើប​បែប​សហស្វ័យប្រវត្តិ។

នេះ​មានន័យ​ថា កម្លាំង​ពលកម្ម​កម្ពុជា មិនទាន់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​សេដ្ឋកិច្ច​បែប​ទំនើប ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​ជំនាន់ទី ៤ នៅ​ឡើយ​ទេ។ អត្ថ​បទស្រាវជ្រាវ​មួយ​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ឬ Cambodia CIRI ចេញ​ផ្សាយ​កាល​ពី​ខែមករា ឆ្នាំ២០១៩ បាន​កត់សម្គាល់​ថា កត្តាមួយ​ក្នុង​ចំណោម​កត្តា​ប្រឈម​ជាច្រើន ដែល​ធ្វើឲ្យ​កម្ពុជា​មិនទាន់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ឧស្សាហកម្មជំនាន់ទី ៤ គឺ​ពលករ​ជំនាញ​នៅ​មាន​កម្រិតទាប។

ស្ត្រីម្នាក់ប្រើទូរស័ព្ទស្មាតហ្វូនដើម្បីប្រើសេវាធនាគារ Easy Cash ដែលជាបណ្ដាញ ATM ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) និង​ក្រុមហ៊ុន A.T. Kearney ក៏​បាន​ចាត់​ទុក​កម្ពុជា ជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​ដែល​មិនទាន់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៤ ដោយ​ទទួល​បាន​ពិន្ទុ ៣,៥៦ ស្មើនឹង​ចំណាត់​ថ្នាក់​ទី ៨១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១០០។

ដោយ​ទទួល​ស្គាល់​កត្តា​ប្រឈម​ក្នុង​វិស័យ​កម្លាំង​ពលកម្ម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​ពង្រឹង​ពលករ​ជំនាញ​កម្ពុជា តាមរយៈ​ផែនការ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥ ដោយ​ផ្តោត​មួយ​ផ្នែកលើ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ចំណេះដឹង​ផ្នែក​បច្ចេកទេស​និង​ជំនាញ កម្ម​វិធីអប់រំ​ស្ទែម ឬ STEM Education ដែល​ផ្តោត​លើ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ។

បន្ថែមលើនេះ កម្ពុជាក៏បានទទួលប្រាក់កម្ចី ប្រមាណ ៦០ លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) កាលពីខែមិថុនា ឆ្នាំ ២០១៩ ដើម្បីពង្រឹងសមត្ថភាពពលកររបស់ខ្លួន តាមរយៈការសហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការបណ្តុះបណ្តាលពលករផ្នែកបច្ចេកទេសចំនួន ១ម៉ឺន ៨ពាន់នាក់ ក្នុងវិស័យធំៗបួនដូចជាវិស័យផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិក។​

​អំពី​វាគ្មិន៖ លោក ភូ លីវុឌ្ឍ

លោក ភូ លីវុឌ្ឍ គឺជា​អ្នក​ជំនាញ​ជាន់​ខ្ពស់​ខាង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា នៅ​ក្នុង​ប្រទេស កម្ពុជា​និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ លោក​បាន​ប្រឡូក​ក្នុង​វិស័យបច្ចេកវិទ្យា​ដ៏​សំខាន់​មួយ​នេះ ចាប់តាំង​ពី​ប្រទេសកម្ពុជា​ទើបតែ​ងើប​ចេញពី​ជម្លោះ​ផ្ទៃក្នុង និង​ចាប់ផ្តើម​កសាង​ស្ថាប័ន​រដ្ឋ ក្នុង​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០ រហូត​ដល់​ឆ្នាំ ២០១០ ដោយ​បម្រើ​ការងារ​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ហៅកាត់ថា NIDA។ លោក​ក៏បាន​បម្រើ​ការងារ​ជា​ទីប្រឹក្សា​ខាងផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ដល់​រដ្ឋាភិបាល​កម្ពុជា រយៈពេលជាង ១៣ ឆ្នាំ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៤ ដោយ​បាន​ចូលរួម​ចំណែក​បង្កើតជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដល់​ស្ថាប័ន​រដ្ឋ និង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ខាង​បច្ចេកវិទ្យា​នេះ ដល់​បុគ្គលិក​និង​មន្ត្រី​រាជការ​កម្ពុជា​ជាច្រើន​នាក់។ ក្រៅពីនេះ លោក​បាន​បម្រើ​ការងារ​ជា​អ្នកប្រឹក្សា​និង​ជំនាញ​មួយ​រូប​ដល់​ស្ថាប័ន​អន្តរជាតិ​ដែល​ជា​ដៃគូអភិវឌ្ឍន៍​ធំៗ​របស់កម្ពុជា​ដូចជា​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ជាដើម។ សព្វថ្ងៃនេះ លោក​គឺជា​អ្នកប្រឹក្សា​ឯករាជ្យ​មួយរូប​ខាង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា៕