ភាគទី ៨៖ សក្តានុពល​ទីក្រុង​ភ្នំពេញ​និង​ធនធាន​មនុស្ស​ក្នុងការ​ធ្វើ​ការទូត​សេដ្ឋកិច្ច

រូបឯកសារ៖ ទិដ្ឋភាពទីក្រុងភ្នំពេញ ពោរពេញដោយសំណង់អគារខ្ពស់ស្កឹមស្កៃនាពេលរាត្រី រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ ការទូតសេដ្ឋកិច្ច

សម្ភាសដោយ​ សឹង សុផាត ផលិត​ដោយ ​ទែន​ សុខស្រីនិត, និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

ការទូត និង​សេដ្ឋកិច្ច គឺជា​វិស័យ​ពីរ​ដ៏​សំខាន់​របស់​ប្រទេសជាតិ​មួយ ក្នុងការ​នាំមក​នូវ​ការ​អភិវឌ្ឍ និង​ការ​រីកចម្រើន​ទៅ​មុខ។ ហើយ​ការធ្វើ​ការទូត​សេដ្ឋកិច្ច​ទៀត​សោត ដែល​ជា​ការ​ធ្វើ​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​មួយ​និង​ដៃគូ​នានា ដូចជា​ការ​ធ្វើ​ជំនួញ ការ​វិនិយោគ ឬ​ការ​ផ្តល់​ជំនួយ ក៏​កាន់តែ​មាន​សារៈសំខាន់ ជាពិសេសក្នុង​បិរបទ​ដែល​សេដ្ឋកិច្ច​សកលលោក​កំពុង​វិវត្ត​ទៅរក​សេដ្ឋកិច្ចឌី​ជីថល។

សម្រាប់​កម្ពុជា ក្នុង​ឋានៈ​ជា​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​វ័យ​ក្មេង​ភាគ​ច្រើន និង​ជា​ប្រទេស ដែល​ចង់​សម្រេច​គោលដៅ​សេដ្ឋកិច្ច ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ត្រឹម​ឆ្នាំ ២០៣០ តើ​កម្ពុជា​អាច​ធ្វើអ្វីខ្លះ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​វិស័យ​ការទូត​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​មួយ​នេះ ដើម្បី​ទាក់ទាញ​បន្ថែម​ទៀត​នូវ​កា​រវិនិយោគ ការ​ធ្វើ​ជំនួញ និងទំ​នាក់ទំនង​សង្គម​វប្បធម៌​ជាមួយ​ប្រទេស​ដទៃ ទាំង​ក្នុង​តំបន់ និង​សកល​លោក?

Your browser doesn’t support HTML5

ភាគទី ៨៖ សក្តានុពល​ទីក្រុង​ភ្នំពេញ​និង​ធនធាន​មនុស្ស​ក្នុងការ​ធ្វើ​ការទូត​សេដ្ឋកិច្ច

ស្តាប់ភាគទី ៨ លើបណ្តាញ Apple Podcasts និង Google Podcasts




លោក សិទ្ធី រត្នដារ៉ាវុធ ជា​បញ្ញវ័ន្ត​ខ្មែរ​វ័យក្មេង​មួយ​រូប និងអ្នកនិពន្ធក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជា ឆ្នាំ ២០៤០» បាន​ថ្លែង​ថា៖ «បើ​តាម​គំនិត​របស់​ខ្ញុំ ខ្ញុំ​យល់​ថា ទីក្រុង​ភ្នំពេញ​របស់​យើង គួរតែ​ស្វែងរក​នូវ​អត្តសញ្ញាណ​មួយ ដែល​ជា​អត្តសញ្ញាណ​អន្តរជាតិ។ មាន​ន័យ​ថា ទីក្រុង​ភ្នំពេញ​យើង គួរតែ​ផ្តោត​សំខាន់​ទៅលើ​ថា តើ​យើង​គួរតែ​មកគិត​ពី​ខ្លួនឯង​ដូចម្តេច គួរតែ​ផ្សព្វផ្សាយ​ទីក្រុង​ខ្លួនឯង​ហ្នឹង ទៅឲ្យ​ទីក្រុង​ផ្សេងៗ​ដូចម្តេច»។

លោក​បាន​បន្ថែម​ថា៖ «រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្កើត​គោល​នយោបាយ​ដើម្បី​បណ្តុះ​បណ្តាល​ប្រជាជន ដែល​រស់នៅ​ក្នុង​ទីក្រុង​ហ្នឹង ឲ្យ​ក្លាយ​ទៅ​ជា គេ​ហៅថា ប្រជាជន​សកល​លោក ដែល​យើង​ប្រើ​ភាសា​អង់គ្លេស​គឺ គេ​ហៅថា Global Citizen។ ប្រជាជន​សកល​លោក​នេះ គឺជា​ប្រជាជន​ដែល​គាត់​យល់​ដឹង​អំពី​បញ្ហា​ដែល​កំពុងតែ​កើតឡើង​នៅក្នុង​សកលលោក ហើយ​មួយ​ទៀត គឺ​គាត់​គឺជា​ប្រភេទ​ប្រជាជន ដែល​ពុំមាន​ការ​រើសអើង​អ្នក​ផ្សេង។ គាត់​គឺជា​ប្រជាជន​ដែល​មាន​ចំណាប់​អារម្មណ៍​ចូលរួម​ដោះស្រាយ​បញ្ហា ដែល​កំពុង​តែ​កើតឡើង​នៅក្នុង​សកល​លោក​ផង​ដែរ»។

ទីក្រុង​ភ្នំពេញ ដែល​ជា​រាជធានី​របស់​ប្រទេស​កម្ពុជា មាន​ប្រជាជន​ប្រមាណ ១ លាន ៥ សែន​នាក់​កំពុង​រស់នៅ។ ពោរពេញ​ដោយ​ប្រជាជន​វ័យក្មេង អាយុ​ចន្លោះ ២០​ឆ្នាំ និង ៣០​ឆ្នាំ​ជាង ទី​ក្រុងភ្នំពេញ សម្បូរ​ទៅ​ដោយ​ធនធាន​មនុស្ស ដែល​អាច​ជា​កម្លាំង​ទាក់ទាញ​ការ​ធ្វើ​ជំនួញ និង​វិនិយោគទុន តាមរយៈ​សកម្មភាព​សេដ្ឋកិច្ច​ឌីជីថល ដែល​ពឹង​ផ្អែកលើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទូរស័ព្ទ​ដៃ​ទំនើប ឬ smart phone។

រូបឯកសារ៖ បុរសមួយក្រុមកំពុងប្រើប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទទំនើបរបស់ពួកគេ នៅក្នុងហាងកាហ្វេមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

គិតត្រឹម​ឆ្នាំ ២០១៩ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង ១៦ លាន ៣ សែន​នាក់ ចំនួន​អ្នក​ដែល​ប្រើប្រាស់​សេវា​នានា ដែល​ផ្តល់​ឲ្យ​តាមរយៈ​ទូរស័ព្ទ​ទំនើប (mobile subscriptions) មាន​ដល់​ទៅ ២៥ លាន​នាក់ ហើយ​ប្រហែល ១២ លាន ៥ សែន​នាក់ បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។ ការណ៍​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​កំពុងតែ​ពឹងផ្អែក​និង​សម្រប​របៀប​របប​រស់នៅ​ប្រចាំថ្ងៃ​ខ្លាំង​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល។

ដោយឡែក កម្រិត​អប់រំ​របស់​ប្រជាពលរដ្ឋ​វ័យ​ក្មេង​របស់​កម្ពុជា ក៏​កំពុង​ដើរ​ទៅ​មុខ ក្នុងនោះ​ចំនួន​សិស្ស​ដែល​បាន​បញ្ចប់​សិក្សា​កម្រិត​ទុតិយភូមិ​បាន​កើនពី ៣ សែន ២ ម៉ឺននាក់ សម្រាប់​ចន្លោះ​ឆ្នាំ ២០១៨-២០១៩ ដល់​ជាង ៣ សែន ៤ ម៉ឺន​នាក់ សម្រាប់​ចន្លោះឆ្នាំ ២០១៩-២០២០។ នេះ​បើ​យោង​តាម​ស្ថិតិរបស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា (២០១៩-២០២០)។ ហើយ​ចំនួន​និស្សិត​ដែល​បាន​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា ក៏​បាន​កើន​ឡើង​ដល់​ប្រមាណ ២ សែន ១ ម៉ឺននាក់ បើ​គិត​ត្រឹម​ចន្លោះ​ឆ្នាំ ២០១៥-២០១៦។

បន្ថែមលើនេះ ក្រសួង​អប់រំ​របស់​កម្ពុជា បាន​បង្កើន​កិច្ចប្រឹងប្រែង​បន្ថែម ដើម្បី​បញ្ជ្រាប​និង​លើក​កម្ពស់«ការ​អប់រំ​បែប​ឌីជីថល» តាមរយៈ​ការ​ចុះ​អនុស្សរណៈ​ជាមួយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការអប់រំ​ជាន់​ខ្ពស់​របស់​អង្គការ UNESCO ហៅ​កាត់​ថា UNESCO-ICHEI «ក្នុង​បំណង​ធ្វើឱ្យ​ការអប់រំ​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដែល​មាន​សក្តានុពលដូច​ទៅ​នឹង​ប្រទេស​មួយ​ចំនួន ក្នុងតំបន់​និង​លើពិភពលោក»។

សក្តានុពល​នៃ​បច្ចេកវិទ្យា និង​កម្រិត​អប់រំ​របស់​ពលរដ្ឋ​វ័យក្មេង ដែល​កំពុង​ប្រមូល​ផ្តុំ​នៅ​ទីក្រុង​ភ្នំពេញ អាច​ជា​ចលករ​ដ៏​សំខាន់​មួយ ដើម្បី​ឲ្យ​កម្ពុជា​ពង្រីក​សកម្មភាព​ការទូត​សេដ្ឋកិច្ច និង​ទាញ​យក​ប្រយោជន៍​បន្ថែម​ទៀត​ពី​វិស័យ​ដ៏​សំខាន់​មួយ​នេះ។

​អំពី​វាគ្មិន៖ លោក សិទ្ធី រត្នដារ៉ាវុធ

លោក សិទ្ធី​រត្នដារ៉ាវុធ​ជា​បញ្ញាវ័ន្ត​ខ្មែរ​វ័យក្មេង​មួយ​រូប​ដែល​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​គោលនយោបាយ​សាធារណៈ​ទាក់ទង​នឹង​កិច្ចការ​អន្តរជាតិនិង​វិស័យ​សេដ្ឋកិច្ច។ ដោយ​បាន​ធំ​ដឹង​ក្តី​ឡើង​នៅ​រាជធានី​ភ្នំពេញ ចំណាប់​អារម្មណ៍​ទាំង​នេះ​កាន់​តែ​លេច​ចេញ​ឡើង​នៅ​ពេល​លោកបាន​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ដោយទទួលបាន​ចំណាត់​ថ្នាក់​កិត្តិយស​ផ្នែក​ការ​សិក្សា​អន្តរជាតិ​ពីសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ឆ្នាំ​២០១៦ ហើយបានក្លាយ​ជា​គ្រូឧទ្ទេសវ័យក្មេង​ផ្នែក​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យនេះ​នៅ​ឆ្នាំ​ដដែល​នោះ។ នៅ​ឆ្នាំ​២០១៨ លោក​ក៏​បាន​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ដោយបាន​ចំណាត់​ថ្នាក់​កិត្តិយសផ្នែក​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត។ ក្រៅ​ពី​នេះ​លោក​ក៏​បាន​ធ្វើការ​ឲ្យ​ស្ថាប័ន​ស្រាវជ្រាវ​ខាងសេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន និង​ចូលរួម​កម្មវិធី​សិក្សា​រយៈ​ពេល​ខ្លី​នៅប្រទេស​អាល្លឺម៉ង​និង​សហរដ្ឋ​អាមេរិកជាដើម។ ​កិច្ចការ​ស្រាវជ្រាវ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​លោក​កាន់តែចាប់​អារម្មណ៍​នឹង​គោលនយោបាយ​សាធារណៈ ហើយ​នៅ​ឆ្នាំ​ ២០១៩ លោក​បាន​ទទួល​អាហារូបករណ៍​រដ្ឋាភិបាល​អង់គ្លេស Chevening ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែកគោលនយោបាយ​សាធារណៈ​នេះ នៅ​សាកលវិទ្យាល័យ Warwick ដែល​លោក​ទើប​បាន​បញ្ចប់។ សព្វ​ថ្ងៃ​នេះ​លោក សិទ្ធី​រត្នដារ៉ាវុធ បន្តធ្វើ​ការ​ស្រាវជ្រាវ​ទាក់ទង​នឹង​បញ្ហា​គោលនយោបាយ​សាធារណៈ​មួយ​ចំនួន ជា​ពិសេស​ទាក់ទង​នឹង​ប្រធានបទ​ថ្មីៗ​ដូច​ជាការ​ទូត​សេដ្ឋកិច្ច ការ​ទូត​នៃ​ទី​ក្រុង​ការ​ច្នៃប្រឌិត​ដោយ​រដ្ឋាភិបាល គោល​នយោបាយសង្គម និង​បច្ចេកវិទ្យា​ដែល​លេច​ធ្លោ​នៅ​កម្ពុជា​និង​អាស៊ីអាគ្នេយ៍៕