ភាគទី ៧៖ សារៈសំខាន់​នៃ​សមភាព​យេនឌ័រ​និង​ការ​អប់រំ​អំពី​សុខភាព​បន្ត​ពូជ

រូបឯកសារ៖ យុវជនកម្ពុជាពាក់ក្រមា ចូលរួមយុទ្ធនាការត្បាញក្រមានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ សមភាពយេនឌ័រនិងសុខភាពបន្តពូជ

សម្ភាសដោយ​ ស៊ូ ពេជ្រចិន្តា ផលិត​ដោយ ​ទែន​ សុខស្រីនិត, និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

តើ​អ្នក​ធ្លាប់​ឮ​ពាក្យ​ស្លោក «ស្ត្រី​បង្វិល​ជើង​ក្រាន​មិន​ជុំ» ដែល​ជា​ពាក្យ​ស្លោក​បុរាណ​មួយ ដែល​មាន​ឥទ្ធិពល​ខ្លាំងលើ​ផ្នត់គំនិត​របស់​មនុស្ស​ទូទៅ​ដែរ​ឬ​ទេ? ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បាន​កែប្រែ​ពាក្យ​ស្លោក «ស្ត្រី​បង្វិល​ជើង​ក្រាន​មិន​ជុំ» ទៅ​ជា «ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ» ដើម្បី​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ចាស់​បុរាណ​នេះ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​សកម្មភាព​និង​កិច្ចការសង្គម ឲ្យ​បាន​ច្រើន​ដូច​បុរស ស្របពេលដែលស្ត្រី មានចំនួនច្រើនជាងបុរស នៅក្នុងចំណោមចំនួនប្រជាជនសរុបជាង ១៦ លាននាក់របស់កម្ពុជា។

ការជំរុញឲ្យមានការចូលរួមពីស្ត្រីក្នុងសង្គម គឺជាផ្នែកមួយនៃគោលនយោបាយសមភាពយេនឌ័ររបស់កម្ពុជា ដែលជាផ្នែកមួយនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។ ហេតុអ្វីកម្ពុជាចាំបាច់ត្រូវមានសមភាពយេនឌ័រ ហើយសមភាពយេនឌ័រនេះ អាចនាំផលប្រយោជន៍អ្វីខ្លះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជា?

Your browser doesn’t support HTML5

ភាគទី ៧៖ សារៈសំខាន់​នៃ​សមភាព​យេនឌ័រ​និង​ការ​អប់រំ​អំពី​សុខភាព​បន្ត​ពូជ


ស្តាប់ភាគទី ៧ លើបណ្តាញ Apple Podcasts និង Google Podcasts






កញ្ញា Catherine Harry សកម្មជន​សិទ្ធិ​ស្ត្រី​និង​ជា​អ្នក​និពន្ធ​មួយ​រូប​ក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជា​ឆ្នាំ ២០៤០» ថ្លែង​ថា៖ «យេនឌ័រ​គឺ​សំខាន់​ណាស់​នៅក្នុង​សង្គម​នីមួយៗ នៅក្នុង​ពិភពលោក និង​នៅ​គ្រប់​ផ្នែក​ទាំងអស់។ សួរថា​តើ ហេតុអ្វី​បាន​ជា​យើង​ចាំបាច់​មាន​សមភាព​យេនឌ័រ គឺ​ដោយសារតែ​ប្រជាជន​ជាង​ពាក់​កណ្តាល​គឺជា​មនុស្ស​ស្រី។ អ៊ីចឹង មាន​ន័យ​ថា នៅ​ពេល​មនុស្សស្រី​អត់​មាន​សមភាព គាត់​អត់​មាន​ភាព​ស្មើគ្នា​ក្នុង​សង្គម គាត់​អត់​អាច​បញ្ចេញ​មតិ​បាន ដូច​មនុស្ស​ប្រុស … អ៊ីចឹង​មាន​ន័យ​ថា យើង​កំពុងតែ​មិន​រាប់​បញ្ចូល​ជាង​ពាក់​កណ្តាល​នៃ​ប្រជាជន។ យើង​កំពុងតែ​ទុក​គាត់​ចោល»។

កញ្ញា​បាន​បន្ថែម​ទៀត​ថា៖ «បើសិន​ជា​គាត់​អត់​ទទួល​បាន​សមភាព​ទេ គឺ​មាន​ន័យ​ថា គាត់​អត់​អាច​ចូលរួម​ក្នុង​សង្គម​បាន​យ៉ាង​សកម្ម​ទេ។ អ៊ីចឹង យើង​កំពុងតែ​បាត់បង់​សក្តានុពល​ក្នុង​សង្គម»។

ក្រោម​គោលនយោយ​ថ្នាក់​ជាតិ​ស្តីពី​សមភាព​យេឌ័រ​របស់​រដ្ឋាភិបាល​កម្ពុជា សព្វថ្ងៃនេះ ក្មេងស្រី និងស្ត្រីនៅកម្ពុជា មានឱកាសទទួលបានការអប់រំ និងឱកាសការងារក្នុងវិស័យជាច្រើន ដូចគ្នានឹងបុរសដែរ។ គិតត្រឹមឆ្នាំ ២០១៩ ក្មេងស្រីដែលបានបញ្ចប់ការអប់រំកម្រិតបឋមសិក្សា មានចំនួន ៩៤ ភាគរយនៃចំនួនសិស្សស្រីសរុប ហើយស្ត្រីប្រមាណ ៧៩ ភាគយនៃចំនួនស្ត្រីសរុប បានចូលរួមកម្លាំងពលកម្មនៅកម្ពុជា ជាពិសេសក្នុងវិស័យបីធំៗគឺ កសិកម្ម ដំណាំកសិផល និងនេសាទ។

ក៏ប៉ុន្តែ កម្រិតនៃការទទួលបានការអប់រំ និងឋានៈការងាររបស់ស្ត្រី នៅតែទាប បើធៀបនឹងបុរស ដោយសារ​កត្តា​ផ្នត់គំនិត​ក្នុង​គ្រួសារ ​និងបរិបថ​សង្គម​ទូទៅ​ ដែល​នៅ​តែ​បង្ក​ការ​រើសអើង​នានា ដូចជាឪពុកម្តាយផ្តល់អាទិភាពបញ្ជូនកូនប្រុសឲ្យទៅរៀនបន្ត ជាងកូនស្រី និងការរើសអើងលើស្ត្រីក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ។

រូបឯកសារ៖ យុវតីកម្ពុជាថតរូបជុំគ្នាតាមទូរស័ព្ទទំនើបនៅក្បែរព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ កាលពិថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។

លោក ថេ ឈុនហាក់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្លែង​ថា នៅក្នុង​កម្មវិធី​អប់រំតាម​វិទ្យុ​អំពី​យេនឌ័រ​របស់​ក្រសួង​កិច្ចការ​នារី កាលពី​ឆ្នាំ​២០១៩ ថា៖

«បើ​យើង​ប្រៀបធៀប​ពី​កន្លង​មក យើង​ឃើញ​ថា មាន​ការ​រីក​ចម្រើន​ច្រើន ក៏ដូចជា​ការ​ផ្លាស់ប្តូរ​ឥរិយាបថ និង​ការ​រើសអើង យើង​ឃើញ​ថា នៅ​ថយ​ច្រើន។ ប៉ុន្តែ ខ្ញុំ​យល់​ឃើញ​ថា នៅតែ​មាន​ការ​រើសអើង​មួយ​ចំនួន ដែល​ការ​រើសអើង​នោះ​ភាគច្រើន បែប​មិនផ្ទាល់​ច្រើន។ ឧទាហរណ៍ នៅ​កន្លង​មក យើង​ជួបប្រទះ​នៅ​មូលដ្ឋាន គាត់​នៅតែ​មាន​ការ​រើសអើង​ខ្លះ នៅពេល​ដែល​គាត់​ឃើញ​ស្ត្រី​ជា​អ្នក​ដឹកនាំ គាត់​មិន​សូវ​ហ៊ាន​និយាយជា​ការ​បញ្ចេញ​ខ្លាំងជា​សាធារណៈ​អី​ទេ តែ​នៅពី​ក្រោយ​អី​ហ្នឹង គាត់​នៅ​មិនសូវ​គាំទ្រ​ច្រើន។

ការស្ទង់មតិរបស់អង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា បង្ហាញថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ក្នុងនោះបុរសប្រមាណ ៦០ភាគរយ និងស្ត្រី ៥៧ភាគរយនៃអ្នកដែលបានចូលរួមការស្ទង់មតិនេះ នៅតែយល់ថា បុរសមានតួនាទីសម្រេចចិត្តក្នុងគ្រួសារ ហើយតួនាទីសំខាន់របស់ស្ត្រី គឺថែរក្សាក្រុមគ្រួសារ និងចម្អិនអាហារសម្រាប់គ្រួសារ ក្នុងនោះ បុរសប្រមាណ ៨២ភាគរយ និងស្ត្រីប្រមាណ ៩២ភាគរយ យល់ឃើញដូច្នេះ។​

​អំពី​វាគ្មិន៖ កញ្ញា Catherine Harry

ជា​កូនស្រីទោល​នៃគ្រួសារមួយ នៅ​រាជធានីភ្នំពេញ កញ្ញា​ Catherine Harry មានឈ្មោះដើមជាភាសាខ្មែរថា សម្បត្តិ សុខ​សុវណ្ណ​កេសរ។ Catherine បាន​បញ្ចប់​ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ កញ្ញា​បាន​ធ្វើ​ជា​អ្នកសម្របសម្រួល​នៅក្នុង​កម្មវិធីនានា ​អំពីភាពស្មើគ្នារវាងបុរសនិងស្ត្រី ឬសមភាពយេនឌ័រ​និង​សុខភាពបន្តពូជ។ ការងារជាអ្នកសម្របសម្រួល តម្រូវឲ្យកញ្ញាត្រូវ​ធ្វើការ​ស្រាវជ្រាវច្រើ​ន​ពាក់ព័ន្ធនឹង​បញ្ហាទាំងនេះ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កញ្ញា​យល់ដឹង​ច្រើន​អំពី​បញ្ហានៅក្នុង​សង្គម​ ជាពិសេស​បញ្ហា​សមភាព​យេនឌ័រ​និង​សុខភាព​បន្តពូជ ដែលមិន​សូវ​ត្រូវបាន​គេ​លើក​យក​មក​និយាយ​ជា​សាធារណៈ។ ការណ៍នេះ បានជំរុញឲ្យកញ្ញា​ចាប់ផ្តើម​សរសេរ​ប្លុកអំពីបញ្ហាទាំងនេះ នៅឆ្នាំ ២០១២ ហើយនៅឆ្នាំ ២០១៧ នាងក៏បានចាប់ផ្តើមផលិតវីដេអូខ្លីៗបែបអប់រំ ដើម្បីផ្សព្វផ្សាយ​អំពីសុខភាពបន្តពូជ និងសារៈសំខាន់នៃភាពស្មើគ្នាក្នុងសង្គមរវាងបុរសនិងស្ត្រី ដែលជាផ្នែកដ៏សំខាន់នៃគោលនយោបាយសមភាពយេនឌ័ររបស់រដ្ឋាភិបាលកម្ពុជា។ ប្លុកនិងគណនីសង្គមរបស់កញ្ញា Catherine ដែលមានបង្ហោះវីដេអូអប់រំជាច្រើន បាននិងបន្តទាក់ទាញការចូលរួមអាន ទស្សនា និងបញ្ចេញមតិពីយុវជននិងយុវតីកម្ពុជា លើប្រធានបទទាំងពីរនេះ៕