ភាគទី៥៖ សក្តានុពល​និង​កត្តា​ប្រឈម​ក្នុងការ​ធ្វើ​សមាហរណកម្ម​​សេដ្ឋកិច្ច​​​កម្ពុជា​នាពេលអនាគត

សំណង់អគារពាណិជ្ជកម្មខ្ពស់ៗ និងលំនៅដ្ឋានរបស់ពលរដ្ឋនៅកណ្តាលរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ សមាហរណកម្មសេដ្ឋកិច្ច

សម្ភាសដោយ​ អូន ឆេងប៉រ, ផលិត​ដោយ ​ទែន​ សុខស្រីនិត, និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

នៅក្នុងភាគទី ៥ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពី សក្តានុពល កត្តា​ប្រឈម​និង​អនុសាសន៍​បែប​កែទម្រង់​សំខាន់ៗ​មួយ​ចំនួន ក្នុងធ្វើសមាហរណកម្ម​សេដ្ឋកិច្ចរបស់​កម្ពុជា​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ និង​អំពី​ឥទ្ធិពល​នៃ​ទិន្នាការ​សេដ្ឋកិច្ច​សកលលោក​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នា​ពេល​អនាគត​តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក សុក ខា អ្នក​ប្រឹក្សា​និង​សិក្សា​ឯករាជ្យ​លើ​កិច្ចការ​អភិវឌ្ឍ និង​សម្រួល​ពាណិជ្ជកម្ម។ លោក​ក៏​ជា​អ្នក​ស្រាវជ្រាវ​និង​អ្នកនិពន្ធ​មួយ​រូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០»។

Your browser doesn’t support HTML5

ភាគទី៥៖ សក្តានុពល​និង​កត្តា​ប្រឈម​ក្នុងការ​ធ្វើ​សមហរណកម្មសេដ្ឋកិច្ចរបស់​កម្ពុជា​ឲ្យ​បាន​ទូលំទូលាយ

ស្តាប់ភាគទី ៥ លើបណ្តាញ Apple Podcasts និង Google Podcasts



ពី​ប្រទេស​ដែល​បាន​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល ដល់ក្លាយ​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​បើក​ចំហ​លឿន​មធ្យម​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគេ្នយ៍ កម្ពុជា​បាន​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​និង​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​ច្រើន​ដំណាក់កាល ដើម្បី​ចូលរួម​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ និង​ក្នុង​សាកលលោក។ ហើយ​ដើម្បី​ពង្រីក​ការ​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​ថ្ងៃ​ខាង​មុខ តើ​កម្ពុជាគួរ​ធ្វើ​កិច្ចការ​ចាំបាច់​អ្វី​ខ្លះ​ទៀត​?

លោក សុក ខា អ្នក​ប្រឹក្សា​និង​សិក្សា​ឯករាជ្យ​លើ​កិច្ចការ​អភិវឌ្ឍ​និង​សម្រួល​ពាណិជ្ជកម្ពុជា និង​ជា​អ្នក​និពន្ធ​ម្នាក់​ក្នុង​សៀវភៅ «កម្ពុជា​ឆ្នាំ ២០៤០» ថ្លែង​ថា៖ «ការ​កសាង​សមត្ថភាព​គឺយើង​ត្រូវតែ​ពង្រឹង​បន្ត។ ហើយ​មួយ​ទៀត​ការ​កសាង​សមត្ថភាព​ទាំង​រដ្ឋ​ទាំង​វិស័យ​ឯកជន​បាន ទាល់​តែ​មាន​ការ​ចូលរួម​គ្នា ផ្តល់​ធាតុ​ចូល​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ជាពិសេស​រដ្ឋ​និង​ឯកជន បូករួម​នឹង​ដៃ​គូ​អភិវឌ្ឍ​របស់​យើង ដើម្បី​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​សមត្ថភាព​របស់​យើង​ទាំង​រដ្ឋ​ជា​អ្នក​បង្កើត​បរិយាកាស​មួយ​ទ្រទ្រង់​ទៅដល់​ការ​ធ្វើ​សមាហរណកម្ម»។

លោក​សុក ខា បាន​បន្ថែម​ទៀត​ថា៖ «ហើយ​បើ​សិន​ជា​បរិយាកាស​ត្រូវបាន​កែ​លម្អ​ហើយ តើ​វិស័យ​ឯកជន​របស់​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទាញយក​ផល​ប្រយោជន៍​ពី​បរិយាកាស​ដែល​ត្រូវ​បាន​កែលម្អ​ដោយ​របៀប​ណា? ទាំង​ពីរ​នាក់​ត្រូវ​ចេះ​ទាញ​យក​ផល​ប្រយោជន៍​ពី​វត្តមាន​របស់​ដៃគូ​អភិវឌ្ឍ​មួយ​ចំនួន​ដែល​គាត់​កំពុង​ធ្វើការ​ច្រើន​នៅក្នុង​ប្រទេស​យើង»។

ស្ត្រីម្នាក់កំពុងធ្វើដំណើរតាមម៉ូតូដឹកផ្លែឈើនិងបន្លែនៅលើដងវិថីមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

ស្ត្រីអ្នកលក់ទំនិញម្នាក់បង្ហាញម្រិចកំពតដែលជាផលិតផលកសិកម្មនាំចេញទៅបរទេសដ៏ពេញនិយមរបស់កម្ពុជាមួយ នៅទីផ្សារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦។

វិស័យកសិកម្ម​នៅតែ​ជា​កម្លាំង​ចលករ​សំខាន់​ជាងគេ​មួយ​សម្រាប់​ការ​រីកចម្រើន​នាពេលអនាគត​របស់​ប្រទេស​កម្ពុជា ហើយ​វិស័យនេះ​ត្រូវការ​ការ​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​កែ​លម្អ​គុណភាព​ផលិតផល​និង​ប្រព័ន្ធ​ផលិតកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ដើម្បី​ទទួល​បាន​តម្លៃ​ខ្ពស់​សម្រាប់​ផលិតផល​កសិកម្ម​ទាំងឡាយ។

សព្វថ្ងៃ​នេះ ការ​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា កំពុង​ដំណើរការ​ជា​បណ្តើរៗ​តាមរយៈ​ការ​សហការ​ជាមួយ​ដៃ​គូ​អភិវឌ្ឍ​ដូចជា​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ ឬ USAID និង​ធនាគារ​ពិភពលោក ឬ (World Bank) ជា​ដើម។

របាយការណ៍​ឆ្នាំ​២០១៩ ​របស់​ធនាគារពិភព​លោក​ បាន​ឲ្យ​ដឹង​ថា ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​កាន់តែ​ខ្លាំង​ពី​ផលិតផល​កសិកម្ម និង​ពង្រឹង​សមត្ថភាព​របស់ខ្លួន​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ កម្ពុជាត្រូវ​ពង្រឹង​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ ដោយ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​រឹងមាំ​ជាពិសេសប្រព័ន្ធ​ធារាសាស្រ្ត​ពង្រឹង​ជំនាញ និង​ចំណេះដឹង​របស់​កសិករ នៅក្នុង​បច្ចេកទេស​កសិកម្ម​ជឿនលឿន និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ទំនើប ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន៕


​អំពី​វាគ្មិន៖ លោក សុក ខា

លោក សុក ខា កើត​នៅ​ក្រុងភ្នំពេញ ក្នុង​ក្រុម​គ្រួសារ​ដែល​ធ្វើជំនួញ និង​អាជីវកម្ម​ខ្នាតតូច​នៅ​ផ្សារ​អូរឫស្សី កណ្ដាល​រាជធានីភ្នំពេញ។ ក្រោយពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ Kyoto ប្រទេស​ជប៉ុន លោក សុក ខា បាន​ប្រឡូក​យ៉ាង​ជោគជាំ​ក្នុង​គម្រោង​អភិវឌ្ឍន៍​កំណែទម្រង់​នានា ដូចជា​ការ​កែលម្អ​ប្រព័ន្ធ​និង​បរិយាកាស​ពាណិជ្ជកម្ម និង​ជំនួញ​ក្នុង​ស្រុក ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា រួមមាន​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​អង្គការ​សហប្រតិបត្តិការ​អន្តរជាតិ​អាឡឺម៉ង់ GIZ ជាដើម។ មកទល់សព្វថ្ងៃនេះ សុក ខា​លោក កំពុង​ប្រើប្រាស់​ជំនាញ​វិជ្ជាជីវៈ​ខាង​កិច្ចការ​សម្រួល​ពាណិជ្ជកម្ម ការ​តាក់តែង​គោលនយោបាយ​សេដ្ឋកិច្ច​និង​ជំនួញ ដែលជា​កិច្ចការ​ប្រទាក់ក្រឡា​គ្នា​នៃ​ការ​ធ្វើ​សមាហរណកម្ម​កម្ពុជា និង​ក្នុង​តំបន់៕