«កម្ពុជាសម្លឹងទៅមុខ»៖ ការទូតសេដ្ឋកិច្ច
សម្ភាសដោយ អូន ឆេងប៉រ, ផលិតដោយ ទែន សុខស្រីនិត, និពន្ធនាយក Chris Decherd និង ចាប ចិត្រា
សម្រាប់ភាគទី ២នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីថា «តើកម្ពុជាកំពុងដើរនិងគួរដើរ លើមាគ៌ាការទូតសេដ្ឋកិច្ចបែបណា ដើម្បីអភិវឌ្ឍទម្រង់បែបផែនសេដ្ឋកិច្ចដ៏ប្រសើរមួយនាពេលអនាគត» តាមរយៈការពិភាក្សារវាងលោក អូន ឆេងប៉រ អ្នកសម្របសម្រួលកម្មវិធី VOA ប្រចាំរាជធានីភ្នំពេញ និងលោក វីរៈ ថានិត សាស្ត្រាចារ្យជំនាញសេដ្ឋកិច្ចប្រចាំវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមស្រាវជ្រាវ និងនិពន្ធអត្ថបទមួយជំពូកជាមួយដៃគូស្រាវជ្រាវម្នាក់របស់លោក អំពីការទូតសេដ្ឋកិច្ចកម្ពុជា នៅក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០»។
Your browser doesn’t support HTML5
ស្តាប់ភាគទី ២ លើបណ្តាញ Apple Podcasts និង Google Podcasts
នៅពេលក្រុមហ៊ុន Starbucks ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Coffee Concepts Limited សាខាកម្ពុជា មកបើកហាងកាហ្វេរបស់ខ្លួននៅកម្ពុជា កាលពីឆ្នាំ២០១៥ នៅពេលកម្ពុជាចុះហត្ថលេខាទទួលយកជំនួយពីសហរដ្ឋអាមេរិកដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ឬនៅពេលក្រសួងការបរទេសកម្ពុជាជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនស្តីអំពីការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩ តើអ្នកដឹងទេថា សកម្មភាពទាក់ទងគ្នាក្នុងបែបផែនទាំងអស់នេះហៅថាអ្វី?
ក្រោមបរិបទសេដ្ឋកិច្ច សកម្មភាពទាក់ទងគ្នារវាងក្រុមហ៊ុន ឬរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលតាមបណ្តាប្រទេសទាំងអស់នេះ គឺជាកិច្ចការការទូតសេដ្ឋកិច្ច ដោយនាំមកនូវការវិនិយោគទុន និងផលចំណេញខាងសេដ្ឋកិច្ចដល់កម្ពុជា ព្រមទាំងប្រទេសជាដៃគូទាំងនោះផងដែរ។ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ គេឃើញថា កម្ពុជាបាននិងកំពុងធ្វើសកម្មភាពការទូតសេដ្ឋកិច្ចច្រើនរាប់មិនអស់ ជាមួយប្រទេសស្ទើរតែគ្រប់តំបន់នៅជុំវិញពិភពលោក។
ប៉ុន្តែមានការចោទសួរជាសំណួរថា តើការធ្វើការទូតសេដ្ឋកិច្ចបែបទូលំទូលាយនេះផ្តល់ផលប្រយោធន៍ល្អដល់កម្រិតណា ដល់កម្ពុជាក្នុងរយៈពេលវែងឆ្ងាយទៅអនាគត?
លោក វីរៈ ថានិត សាស្ត្រាចារ្យជំនាញសេដ្ឋកិច្ចប្រចាំវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានស្រាវជ្រាវនិងជាសហនិពន្ធដែលបានសរសេរអត្ថបទមួយជំពូក ស្តីអំពីការទូតសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040» ថ្លែងថា៖
«នៅលើពិភពលោកយើងទាំងមូល គឺស្ថានភាពតែងតែមានការប្រែប្រួល។ អ៊ីចឹងបើសិនយើងពឹងផ្អែកតែលើប្រទេសណាមួយ បានន័យថា នៅពេលដែលមានបញ្ហា ឬក៏ប្រទេសណាមួយគាត់ជួបវិបត្តិ ឬមួយក៏គាត់មានបញ្ហាអីមួយ ឬមួយក៏យើងមានទំនាស់ឬក៏មានអី វាអាចធ្វើឲ្យយើងនឹងបាត់បង់នូវប្រយោជន៍ជាច្រើន»។
លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែ បើសិនជាអាចបង្កើននូវដៃគូពាណិជ្ជកម្មនិងដៃគូសេដ្ឋកិច្ចរបស់យើងឲ្យកាន់តែទូលំទូលាយ ហើយនៅពេលដែលយើងបង្កើនទាំងអស់ហ្នឹង នៅពេលដែលមានវិបត្តិ ឬមួយក៏អី គឺយើងអាចនៅតែមានទំនាក់ទំនងច្រើនជាមួយប្រទេសផ្សេងៗ»។
ទោះបីជាកម្ពុជាជាប្រទេសដ៏តូចមួយនៅតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏សេដ្ឋកិច្ចរបស់កម្ពុជាយើង បន្តមានសន្ទុះលឿនគួរឲ្យកត់សម្គាល់ក្នងរង្វង់អត្រា ៧ភាគរយ ដោយមានវិស័យសេវាកម្ម វិស័យកាត់ដេរ ទេសចរណ៍ សំណង់ អចលនទ្រព្យ និងកសិកម្ម ជាក្បាលម៉ាស៊ីននាំមកនូវកំណើនសេដ្ឋកិច្ចវិជ្ជមាន។
ក្នុងចន្លោះឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ យើងឃើញថា កំណើនសេដ្ឋកិច្ច ឬផលិតផលសរុបក្នុងស្រុកដែលហៅកាត់ថា (GDP) របស់កម្ពុជា មានអត្រា ៧,៥ ភាគរយសម្រាប់ឆ្នាំ ២០១៨ និង ៧,១ ភាគរយ សម្រាប់ឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។ ហើយនេះគឺជាអត្រា GDP ដ៏ខ្ពស់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយមានកំណើនសេដ្ឋកិច្ចខ្ពស់នេះ កាលពីឆ្នាំ ២០១៥ កម្ពុជាបានសម្រេចសមិទ្ធិផលដ៏ជោគជ័យមួយ ដោយបានក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបមួយ បន្ទាប់ពីអត្រាភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា បានថយចុះដល់ប្រមាណ ១៤ ភាគរយ កាលពីឆ្នាំ ២០១៤។
រីឯអត្រាវិនិយោគទុនពីបរទេសក្នុងប្រទេសកម្ពុជាវិញ ក៏ស្ថិតក្នុងកម្រិតខ្ពស់ខ្លាំង ដែលភាគច្រើនពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុប គឺក្នុងទឹកប្រាក់ជិត ៣,៦ ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០១៩ ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាយើងនៅតែជាប្រទេសគោលដៅសម្រាប់ការវិនិយោគបរទេស បើទោះបីជាកម្ពុជាត្រូវធ្វើយ៉ាងណាជម្នះនូវឧបសគ្គចម្បងមួយចំនួន ដែលអ្នកជំនាញធ្លាប់បានលើកឡើងពីមុន ដូចជាពង្រឹងជំនាញរបស់កម្លាំងពលកម្ម ពង្រឹងកិច្ចការអភិបាលកិច្ចល្អដែលរឹតត្បិតលើសកម្មភាពពុករលួយ ពង្រីកគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព និងជាលក្ខណៈទ្រង់ទ្រាយធំ និងពង្រីកបច្ចេកវិទ្យានិងទំនើបកម្មលើវិស័យកសិកម្មជាដើម៕
អំពីវាគ្មិន៖ លោក វីរៈ ថានិត
ជាបញ្ញវ័ន្តខ្មែរវ័យក្មេងដែលមានចំណូលចិត្តនិងចំណាប់អារម្មណ៍លើវិជ្ជាជីវៈផ្នែកសេដ្ឋកិច្ច លោក វរៈ ថានិត បានសម្រេចចិត្តផ្ដោតការសិក្សារបស់លោកលើផ្នែកសេដ្ឋកិច្ចអន្តរជាតិ តាំងពីលោកបានសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជានិស្សិតឆ្នើមមួយរូប លោកបានបញ្ចប់ការសិក្សាផ្នែកការសិក្សាអន្តរជាតិនេះ ដោយទទួលបានចំណាត់ថ្នាក់កិត្តិយស។ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញហិរញ្ញវត្ថុនិងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ ដែលមុខវិជ្ជានេះបានញ៉ាំងឲ្យលោក ផ្សារភ្ជាប់ចំណេះដឹងរបស់លោក ខាងផ្នែកការទូតផង និងសេដ្ឋកិច្ចផង។ សព្វថ្ងៃនេះ លោក ថានិត នៅតែបន្តយកចិត្តទុកដាក់លើការស្រាវជ្រាវ និងសិក្សា អំពីការវិវត្តក្នុងវិស័យសេដ្ឋកិច្ចនិងការទូតរបស់កម្ពុជា ក្នុងតំបន់ និងសកលលោក ខណៈលោកកំពុងបំពេញការងារជាសាស្ត្រាចារ្យជំនាញសេដ្ឋកិច្ចមួយរូប ប្រចាំវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕