ភាគទី ១៦៖ ឥទ្ធិពល​លំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​​ក្នុង​ពិភពលោក​មក​លើ​កម្ពុជា

រូបឯកសារ៖ ពលរដ្ឋជប៉ុនធ្វើដំណើរចាកចេញពីស្ថានីយ៍រថភ្លើង Shinagawa ដើរឆ្ពោះទៅកាន់ការិយាល័យធ្វើការងាររបស់ខ្លួន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០។

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ លំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក

សម្ភាសដោយ​ ផន បុប្ផា ផលិត​ដោយ ​ទែន​ សុខស្រីនិត និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

នៅ​ជុំវិញ​ពិភពលោក ដើម្បី​ការ​អភិវឌ្ឍន៍​សង្គម​និង​ប្រទេស​ជាតិ ដំណោះស្រាយ​ថ្មី​ជាច្រើន​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នានា ដូចជា​បញ្ហា​ប្រឈម​ក្នុង​វិស័យ​សេដ្ឋកិច្ច។ ឧទាហរណ៍ ប្រព័ន្ធ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ត្រូវបាន​បង្កើត​ឡើង សម្រាប់​ដំណើរការ​ផលិតកម្ម​ក្នុង​រោងចក្រ​ជាដើម។

ដំណោះស្រាយ​ថ្មីៗ​ទាំង​អស់​នេះ ដែល​មាន​ប្រសិទ្ធភាព​និង​ទទួល​ស្គាល់ជា​សកល ក៏​ចាប់ផ្តើម​កំណត់​លំហូរ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​សង្គមជាតិ​នីមួយៗ​នៅ​ជុំវិញ​ពិភព​លោក​ផងដែរ។

បច្ចុប្បន្ននេះ អ្នកជំនាញ​កំពុង​ឃ្លាំមើល​លំហូរ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​វិស័យ​នរគរូបនីយកម្ម ការ​ប្រែប្រួល​អាកាសធាតុ​និង​ធនធាន​ធម្មជាតិ រចនា​សម្ព័ន្ធ​នយោបាយ​របស់​ប្រទេស​មហាអំណាច កំណើន​ប្រជាជន​ក្នុង​ពិភពលោក​និង​ប្រជាសាស្ត្រ និង​របក​គំហើញ​បច្ចេកវិទ្យា​ថ្មីៗ។

ហេតុអ្វី​បានជា​ការ​ដើរ​តាម​លំហូរធំៗ​ក្នុង​ពិភពលោក​មាន​សារៈសំខាន់ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​កម្ពុជា?

Your browser doesn’t support HTML5

ភាគទី ១៦៖ លំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក



ស្តាប់ភាគទី ១៦ លើបណ្តាញ Apple Podcasts និង Google Podcasts






លោក អ៊ូ វីរៈ ស្ថាបនិក​និង​ប្រធាន​វេទិកា​អនាគត (Future Forum) និង​ជា​អ្នក​និពន្ធ​ម្នាក់​នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជា​ឆ្នាំ ២០៤០» បាន​លើក​ឡើង​ថា៖

«ការ​សិក្សា​អំពី Megatrends និង trends ជារឿង​មួយ​ដ៏​ចាំបាច់​បំផុត​សម្រាប់​យើង ក្នុងការ​ដែល​យើង​អាច​រៀបចំ​គំនិត និង​គោលនយោបាយ ដើម្បី​រៀបចំ​ប្រទេស​ជាតិ​ឲ្យ​ដើរ​ទៅ​ផ្លូវ​មួយ ដែល​វា​អាច​មិន​ប្រឆាំង​ទិស បញ្ច្រាស់​ទិស​ជាមួយ​នឹង​លំហូរ​ពិភពលោក​ទេ។ ព្រោះ​អី​បើសិន​យើង​បញ្ច្រាស់ ប្រទេស​យើង​តូច​បែប​នេះ គឺ​យើង​អត់មាន​សមត្ថភាព​ក្នុងការ​បញ្ច្រាស់ ទោះបី​ជា​យើង​ចង់​បញ្ច្រាស់ ក៏​ទៅ​មិន​រួច​ដែរ។ អ៊ីចឹង យើង​គួរតែ​សិក្សា​នៃ​លំហូរ​ធំៗ​ទាំងឡាយ​ហ្នឹង ហើយ​ចាប់ផ្តើម​រៀបចំ​ផ្នត់​គំនិត ជា​យុទ្ធសាស្ត្រ​ថាតើ​យើង​គួរ​រៀបចំ​គំនិត​យុទ្ធសាស្ត្រ​ផ្លូវ​ដើរ​ណា​ខ្លះ ដើម្បី​យើង​អាច​កេង​យក​ចំណេញ​នូវ​លំហូរ​អន្តរជាតិ​ហ្នឹង»។

ស្របពេល​ដែល​បច្ចេកវិទ្យា​ទំនើប​ដែល​កំណត់​ជា​លំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក កំពុង​ត្រូវបាន​ប្រើប្រាស់​នៅ​តាម​បណ្តា​ប្រទេស​នានា ទាំង​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋាភិបាល បាន​និង​កំពុង​ប្រមូល​ទិន្នន័យ​ស្តី​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​បុគ្គល​ទូទៅ។

ពី​សហរដ្ឋ​អាមេរិក ទៅ​ដល់​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប និង​ចិន រដ្ឋាភិបាល​បាន​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​ជាច្រើន ស្តី​អំពី​ពលរដ្ឋ​ខ្លួន ក្រោម​ហេតុផល​រក្សា​សន្តិសុខ​ជាតិ និង​ត្រូវបាន​យក​ទៅ​ប្រើប្រាស់ ក្រោម​គោលនយោបាយ​និង​គោល​បំណង​ផ្សេងៗ​គ្នា។

ខុសគ្នា​ពី​ប្រទេស​នៅ​ទ្វីប​លោក​ខាង​លិច នៅឆ្នាំ ២០១៩ រដ្ឋាភិបាល​ចិន​បាន​បំពាក់​ប្រព័ន្ធ​ឃ្លាំមើល​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​តាមរយៈ​កាមេរ៉ា​នៅតាម​ទី​សាធារណៈ និង​ប្រព័ន្ធ​វាយ​តម្លៃ​លើ​គុណ​តម្លៃ​របស់​ពលរដ្ឋ​នីមួយៗ ដោយ​ផ្អែក​លើ​សកម្មភាព​គោរព​ច្បាប់​របស់​បុគ្គល​នីមួយៗ។ ការ​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ ដើម្បី​តាមដាន​និង​ឃ្លាំមើល​សកម្មភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ត្រូវបាន​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​មើលឃើញ​ថា ជា​ការ​រំលោភ​បំពាន​សិទ្ធិសេរីភាព​របស់​ប្រជា​ពលរដ្ឋ។

ក្រៅពី​ការ​ប្រើប្រាស់​ទិន្នន័យ​បុគ្គល​ក្នុង​ន័យ​ឃ្លាំមើល​និង​បិទ​សិទ្ធិ​បុគ្គល​ពី​សំណាក់​រដ្ឋាភិបាល ពលរដ្ឋ​ក៏​កំពុងតែ​ងាយ​នឹង​រងគ្រោះ​ពី​អំពើ​បោកប្រាស់ ឆរបោក និង​ចាប់​ជំរិត​ជាដើម ដោយសារ​តែ​ប្រព័ន្ធ​ទិន្នន័យ​ស្តីពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​ពី​ការ​លួចចូល​យក​ទិន្នន័យ​ដោយ​ក្រុមអនាមិក ឬហេគឃ័រ (hacker) តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ជាស្តែង ក្រុមហ៊ុន Facebook ដែល​ជា​បណ្តញ​ទាក់ទង​សង្គម​មួយ ត្រូវបាន​ក្រុម​ហេគឃ័រ​លួច​ចូល​យក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ប្រមាណ ៥៣០​លាន​នាក់ ក្នុងនោះ​រួមមាន​ពលរដ្ឋ​កម្ពុជា​ជិត ៣​ពាន់នាក់​ផង​ដែរ។

រូបឯកសារ៖ អ្នកចូលរួមបិទកំណត់ត្រាលើបដាមួយ ក្នុងសន្និសីទមួួយស្តីអំពីបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យដោយក្រុមហ៊ុន Facebook នៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៩។


ចាប់តាំងពី​ដើម​ឆ្នាំ ២០១៨ មក វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ​វេទិកាអនាគត (Future Forum) ក្រោម​ការ​ដឹកនាំ​របស់​លោក អ៊ូ វីរៈ និង​វិទ្យាស្ថាន Konrad Adenauer Stiftung បាន​ប្រមូល​ផ្តុំ​អ្នក​ស្រាវជ្រាវ​និង​អ្នក​ជំនាញ​ដែល​ជា​ជនជាតិ​ខ្មែរ និង​ជន​បរទេស​ជាង ៣០​នាក់ ដើម្បី​ស្រាវជ្រាវ​និង​ចងក្រង​ជា​សៀវភៅ​បី​ក្បាល «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០»។

កម្រង​សៀវភៅ​នេះ ពិភាក្សា​អំពី​ទស្សនវិស័យ​នៃ​វិស័យ​សំខាន់ៗ​របស់​កម្ពុជា ដូចជា​វិស័យ​សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ ទំនាក់ទំនង​អន្តរជាតិ និង​អភិបាលកិច្ច​ជា​ដើម។ ផ្អែក​តាម​វិធីសាស្ត្រា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ទំនើប សៀវភៅ​ទាំង​បីក្បាល​នេះ កំពុង​ផ្តល់ជា​អនុសាសន៍​ដល់​អ្នក​តាក់តែង​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​កំពុង​បញ្ជ្រាប​ការ​យល់ដឹង ក៏ដូចជា​តម្រង់​ទិស​នៃ​ការ​ជជែក​ពិភាក្សា​គ្នា​ជា​សាធារណៈ​របស់​អ្នក​ស្រាវជ្រាវ​កម្ពុជា​វ័យ​ក្មេង អំពី​អនាគត​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដ៏​តូច​មួយ​នេះ។

ការ​បោះពុម្ព​កម្រង​សៀវភៅ​បី​ក្បាល​អំពី​កម្ពុជា ក្នុង​សណ្ឋាន​ជា​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​នេះ គឺជា​សមិទ្ធផល​ថ្មី​បំផុត​មួយ​ក្នុង​កំណត់ត្រា​នៃ​ការសិក្សា​ស្រាវជ្រាវ​អំពី​កម្ពុជា ដោយ​អ្នក​ស្រាវជ្រាវ​ជាតិ​និង​អន្តរជាតិ។


​អំពី​វាគ្មិន៖ លោក អ៊ូ វីរៈ

លោក អ៊ូ វីរៈ គឺជា​ស្ថាបនិក​និង​ជា​ប្រធាន​វេទិកា​អនាគត (Future Forum) ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​មួយ​ប្រចាំ​រាជធានី​ភ្នំពេញ។ លោក​បាន​ផ្តួចផ្តើម​និង​ដឹកនាំ​ឲ្យ​មាន​ការ​បង្កើត​ជា​គម្រោង​ស្រាវជ្រាវ និង​បោះពុម្ព​សៀវភៅ «Cambodia 2040 ឬ កម្ពុជា​ឆ្នាំ ២០៤០» ដែល​មាន​ចំនួន​បី​ក្បាល ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា​ដូចជា ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច វប្បធម៌​និង​សង្គម ទំនាក់​ទំនង​អន្តរជាតិ​និង​អភិបាលកិច្ច ក្នុង​គោលបំណង​ដើម្បី​តម្រង់​បរិបទ​នៃ​ការ​តស៊ូ​មតិ​និង​ពិភាក្សាគ្នា​អំពី​ប្រទេស​កម្ពុជា ដោយ​ផ្តោត​លើ​អនាគត​និង​ការ​រំពឹងទុក។ បន្ថែម​លើ​នេះ កម្រង​សៀវភៅ​ទាំង​នេះ ត្រូវបាន​ធ្វើឡើងដើម្បី​ប្រមូល​ផ្តុំ​អ្នក​ជំនាញ​ស្រាវជ្រាវ​និង​មតិ​របស់​អ្នក​ជំនាញ ដើម្បី​ចូលរួម​ការ​ជជែក​ពិភាក្សា​គ្នា​ជា​ទ្រង់ទ្រាយ​ធំ អំពី​ទស្សនវិស័យ​របស់​ប្រទេស​កម្ពុជា។ បន្ថែមលើ​ការ​ផ្តួចផ្តើម​ដ៏ធំ​មួយ​នេះ ក្នុង​កំណត់ត្រា​ស្រាវជ្រាវ​និង​បោះពុម្ព​ផ្សាយ​ជា​សៀវភៅ​ក្នុង​ប្រទេស​កម្ពុជា​និង​អំពី​កម្ពុជា លោក អ៊ូ វីរៈ​ក៏​ជា​អ្នក​វិភាគ​ដ៏​លេច​ធ្លោ​មួយ​រូប អំពី​បច្ចុប្បន្នភាព​នៃ​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​តំបន់​ផង​ដែរ៕