ភាគទី ១៥៖ ទស្សន​វិស័យ​នៃ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា

រូបឯកសារ៖ អ្នក​មក​ព្យាបាល​ជំងឺ​​​ពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រីករាតដ្បាត​នៃ​ជំងឺ​កូវីដ១៩​ នៅ​មន្ទីរពេទ្យ​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ វិស័យ​សុខាភិបាល​កម្ពុជា

សម្ភាសដោយ​ ស៊ុន ណារិន ផលិត​ដោយ ​ទែន​ សុខស្រីនិត និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

សុខភាព​មាន​សារៈសំខាន់​សម្រាប់​បុគ្គល​ម្នាក់ៗ ហើយ​វា​រឹតតែ​ចាំបាច់​សម្រាប់​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ​មួយ។ វិស័យ​ផលិតកម្ម ដែល​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ដ៏​ចម្បងមួយ​នៅ​ក្នុងប្រទេស ទាមទារ​នូវ​កម្លាំង​ពលកម្ម​ដ៏សកម្ម ឈ្លាសវៃ និង​ប្រកប​ដោយ​សុខភាព​ល្អ​មាំមួន។

បើសិន​ជា​សុខភាព​របស់​ពលរដ្ឋ​ភាគច្រើន​ក្នុង​ប្រទេស​មួយ រង​ការ​យាយី​ពី​ជំងឺ​និង​រោគ​ផ្សេងៗ នោះ​ការ​ដើរ​ទៅ​មុខ​និង​ការ​រីក​ចម្រើន​ក៏​មិន​អាច​ទៅ​រួច​នោះ​ទេ។ ហើយ​វិស័យ​ស្នូល​ដ៏​សំខាន់​មួយ ដែល​ជួយ​ទ្រទ្រង់​សុខមាលភាព​របស់​ពលរដ្ឋ​នោះ គឺ​វិស័យ​សុខាភិបាល​ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធានា​នូវ​កម្លាំង​ពលកម្ម​ដ៏​រឹងមាំ​មួយ​ក្នុង​ប្រទេស។

តើ​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​មាន​លក្ខណៈ​យ៉ាង​ណា? ហើយតើ​កម្ពុជាអាចធ្វើ និង​ត្រូវ​ធ្វើ​កិច្ចការ​ចាំ​បាច់​អ្វីខ្លះ​ដើម្បី​សម្រេច​បាន​ប្រព័ន្ធ​សុខាភិបាល​មួយ​ដែល​ប្រកប​ដោយ​សមភាព​សមធម៌ និង​គុណភាព?

Your browser doesn’t support HTML5

ភាគទី ១៥៖ វិស័យ​សុខាភិបាល​កម្ពុជា



ស្តាប់ភាគទី ១៥ លើបណ្តាញ Apple Podcasts និង Google Podcasts






លោក ស៊ុន ឆៃលាង អ្នក​និពន្ធ​និង​អ្នក​ស្រាវជ្រាវ​មួយ​រូប​នៅក្នុង​សៀវភៅ «កម្ពុជា​ឆ្នាំ ២០៤០ ឬ Cambodia 2040» បាន​លើក​ឡើង​ថា៖

«ប្រទេស​កម្ពុជា​យើង យើង​អត់​ទាន់​មាន​ប្រព័ន្ធ​ថ្នាក់​ជាតិ​ណាមួយ ដែល​ផ្តល់​ជូន​សេវា​ថែទាំ​សុខភាព​ដល់​ពលរដ្ឋ​ទាំងអស់​គ្នា​ដោយ​មិន​គិត​ប្រាក់​ទេ។ អ៊ីចឹង ការ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដើម្បី​ទ្រទ្រង់​ការ​គ្រប​ដណ្តប់​សុខភាព​ជា​សកល វា​រឹតតែ​លំបាក​ទៀត​សម្រាប់​ប្រទេស​កម្ពុជា។ អ៊ីចឹង រដ្ឋ​ត្រូវ​យល់​ខ្លួនឯង ត្រូវ​ស្វែងរក​ថវិកា​មក​ទ្រទ្រង់​ប្រព័ន្ធ​ហ្នឹង​របៀប​ម៉េច ត្រូវ​បែង​ចែក​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល​របៀប​ម៉េច ចំណាយ​យ៉ាងម៉េច​ឲ្យ​មាន​ប្រសិទ្ធភាព»។

ក្នុង​អំឡុង​ពេល​ជាង​មួយទសវត្សរ៍​កន្លង​ទៅ​នេះ ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​ត្រូវបាន​កែ​ទម្រង់ និង​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង។ សមិទ្ធផល​ធំៗ​មួយ​ចំនួន​រួមមាន អត្រា​មរណៈទារក​បាន​ថយចុះ​ត្រឹម ២២.៨ មរណភាព ក្នុង​ចំណោម​ទារក ១០០០​នាក់ គិត​ត្រឹមឆ្នាំ ២០១៩។ រីឯ​អាយុ​រស់នៅ​មធ្យម​សម្រាប់​បុរស​បាន​កើន​ដល់ ៦៧​ឆ្នាំ និង​ស្ត្រី បាន​កើន​ដល់ ៧១​ឆ្នាំ។

រូបឯកសារ៖ សមាជិកកងកម្លាំងយោធាកម្ពុជារៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ នៅអគារក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។

ទោះជា​យ៉ាង​ណា​ក្តី គុណភាព​នៃ​ប្រព័ន្ធ​សុខាភិបាល​របស់​រដ្ឋនៅ​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​ប្រឈម​ជា​បន្តបន្ទាប់​នូវ​បញ្ហា​ខ្វះ​សម្ភារៈ អ្នក​ជំនាញ និង​ធនធាន​ផ្សេងៗ​ទៀត។ បញ្ហា​ប្រឈម​ទាំង​នេះ បណ្តាល​ឲ្យ​មាន​ការ​ស្វែងរក​សេវា​ថែទាំ​សុខភាព​ពី​វិស័យ​ឯកជន ដោយ​អ្នក​ជំងឺ​ប្រមាណ ៦០​ភាគរយ បាន​ទទួល​សេវា​សុខភាព​ពី​វិស័យ​ឯកជន កាលពី​ឆ្នាំ ២០១៥

បន្ថែមលើនេះ ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​សរុប​ប្រមាណ ១៦​លាន​នាក់ ពលរដ្ឋ ៣០​ភាគរយ​ប៉ុណ្ណោះ ទទួល​បាន​ការ​គ្រប​ដណ្តប់​នៃ​សេវា​គាំពារ​សុខភាព​សង្គម ហើយ​ ៥៤​ភាគរយ មិន​ទទួល​បាន​យន្តការ​គាំពារ​សុខភាព​សង្គម​នោះ​ទេ។


​អំពី​វាគ្មិន៖ លោក ស៊ុន ឆៃលាង

ខុស​ពី​យុវជន​កម្ពុជា​រាប់ម៉ឺន​នាក់​ផ្សេង​ទៀត លោក ស៊ុន ឆៃ​លាង មានឱកាសទៅ​សិក្សា​នៅ​សហ​រដ្ឋអាមេរិក តាំងពី​ថ្នាក់​វិទ្យាល័យ​ គឺ​ថ្នាក់​ទី ​១១ ​និង​ទី ១២ កាលពីឆ្នាំ ​២០១២ ដោយ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​កម្មវិធី​បាក់​ឌុប​អន្តរជាតិ​នៅ​សាលា United World College ក្នុងរដ្ឋ​ New Mexico សហរដ្ឋ​អាមេរិក។ ពេល​បញ្ចប់​ការសិក្សាកម្រិត​មធ្យម​សិក្សា​ថ្នាក់​វិទ្យាល័យ លោក ឆៃលាង ដែល​មាន​ស្រុក​កំណើត​ក្នុងក្រុង​សិរីសោភណ្ឌ​ ខេត្ត​បន្ទាយមាន​ជ័យ ក៏​បាន​ទទួល​អាហារូបករណ៍​បន្តទៀត ដើម្បី​បន្ត​ការ​សិ​ក្សាថ្នាក់​បរិញ្ញាបត្រផ្នែកការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ Lewis & Clark College ក្នុង​ទីក្រុង​Portland រដ្ឋ Oregon ​សហរដ្ឋអាមេរិក។ ក្រោយពីបាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ក្នុង​ឆ្នាំ ២០១៨ លោក ឆៃលាង ​បាន​ចូល​បម្រើការ​នៅ​ធនាគារ​ឯកជន​មួយ​នៅ​ទីក្រុង Portland បាន​មួយ​រយៈ។ នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០១៩ លោកក៏បាន​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញ ហើយបាន​ចូល​បម្រើ​ការងារ​នៅ​ធនាគារ​ឯកជន​ផ្នែក​ស្រាវ​ជ្រាវ​ទីផ្សារ​ នៅ​ទីក្រុង​ភ្នំពេញ។ សព្វ​ថ្ងៃនេះ លោក​ក៏​ជា​គ្រូ​បង្រៀនម្នាក់​ផ្នែក​ស្ថិតិ​នៅ​សាកលវិទ្យា​ល័យ​មួយ​ក្នុងទីក្រុង​ភ្នំពេញ។ ជាកូន​អ្នក​រក​ស៊ី​ម្នាក់​ក្នុងសង្កាត់អូរ​អំបិល​ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ លោក ស៊ុន ឆៃលាង បាន​ក្លាយ​ជា​បញ្ញវន្ត​ម្នាក់ ដែល​កត់​ត្រា​ស្នាដៃ និង​ឈ្មោះ​របស់​លោក​ក្នុង​សៀវភៅ ​«កម្ពុជា ​ឆ្នាំ​ ២០៤០» ដោយ​លោក​បាន​សរសេរ​អំពី​វិស័យ​សុខាភិបាល៕