ភាគទី ១៤៖ ទស្សនវិស័យ​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​នៅ​​កម្ពុជា

រូបឯកសារ៖ ស្ត្រីម្នាក់កំពុងស្តាប់ព័ត៌មានដែលផ្សាយតាមវិទ្យុ​ នៅខេត្តបាត់ដំបង នៅថ្ងៃទី១១ ​ខែកញ្ញា ​ឆ្នាំ ២០១៩។ (ខាន់ ​សុគុំមនោ/វីអូអេ)

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ សារៈសំខាន់​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ

សម្ភាសដោយ​ ស៊ូ ពេជ្រចិន្តា ផលិត​ដោយ ​ទែន​ សុខស្រីនិត និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

ការ​ជ្រាប​យក​ព័ត៌មាន គឺជា​ផ្នែក​មួយ​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​រាប់​រយ​លាន​នាក់ នៅជុំវិញ​ពិភព​លោក។ ជា​រៀងរាល់​ថ្ងៃ ពួកគេ​ស្តាប់​និង​ទស្សនា​សេចក្តីរាយការណ៍​ព័ត៌មាន​ជា​សំឡេង​និង​វីដេអូ តាម​វិទ្យុ ទូរស័ព្ទ​ដៃ ទូរទស្សន៍ និង​បណ្តាញ​សង្គម​នានា។ សេចក្តី​រាយការណ៍​ព័ត៌មាន​ទាំងអស់​នេះ ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម​ដែល​ពួកគេ​រស់នៅ​ក្នុង និង​សង្គម​នានា​ជុំវិញ​ពិភព​លោក។

ប៉ុន្តែ មិនមែន​សេចក្តី​រាយការណ៍​ព័ត៌មាន​ទាំង​អស់ ត្រូវបាន​ធ្វើឡើង​ដោយ​មាន​វិជ្ជាជីវៈ​និង​ឈរ​លើ​គុណ​តម្លៃ​សារព័ត៌មាន ក្នុងការ​ជួយ​ស្ថាបនា​និង​កសាង​សង្គម​មួយ ប្រកប​ដោយ​សេរីភាព​និង​ប្រជាធិបតេយ្យ​នោះ​ទេ។ តើ​ការ​ទទួល​បាន​សារព័ត៌មាន​ដែល​ធ្វើឡើង​ដោយ​មាន​វិជ្ជាជីវៈ​មាន​សារៈសំខាន់​អ្វី​ទៅ ដល់​ពលរដ្ឋ​និង​សង្គម​ជាតិ​មួយ?

ស្តាប់ភាគទី ១៤ លើបណ្តាញ Apple Podcasts និង Google Podcasts






លោក សឹង សុផាត អ្នក​យក​ព័ត៌មាន​វីអូអេ និង​ជា​អ្នក​និពន្ធ​ម្នាក់​នៅ​ក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជា​ឆ្នាំ ២០៤០» បាន​លើក​ឡើង​ថា៖ «សារព័ត៌មាន​នេះ [ប្រកប​ដោយ​វិជ្ជាជីវៈ] មាន​សារៈសំខាន់ និង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​សង្គម។ មិន​ត្រឹមតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើរ​តួ​ជា​ស្ថាប័ន​ដែល​អាច​ពិនិត្យ​ទៅ​លើ​អំណាច​នយោបាយ​សំខាន់ៗ បាទ ហើយ​អាច​ទាំង​ជួយ​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់ ក៏ដូចជា​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​សង្គម។

ក្នុង​ចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​អន្តរជាតិ​ថា មាន​សេរីភាព​និង​មាន​លក្ខណៈ​ទូលំ​ទូលាយ ជាង​ប្រទេស​ជិតខាង ដូចជា​ប្រទេស​ថៃ និង​វៀតណាម។ នេះ​បើ​យោងតាម​របាយការណ៍មុនៗ​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)។

ប៉ុន្តែ សេរីភាព​នេះ​បាន​ធ្លាក់​ចុះ​ចាប់​តាំងពី​ពាក់​កណ្តាល​ឆ្នាំ ២០១៧ រហូត​ដល់​បច្ចុប្បន្ន​នេះ ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មាន​ភាព​តានតឹង​រវាង​គណក្ស​កាន់​អំណាច​និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​លិចធ្លោ​មួយ។

រូបឯកសារ៖ ពលរដ្ឋម្នាក់កំពុងអានកាសែត​ភ្នំពេញ​ប៉ុស្តិ៍​ នៅរាជធានីភ្នំពេញ​ កាលពីថ្ងៃទី ២៣ ខែ​មីនា​ ឆ្នាំ ២០១៨ ។ (ខាន់​ សុគុំមនោ/វីអូអេ)

ព្រឹត្តិការណ៍សំខាន់ៗ​នៃ​ការរឹតត្បិត​លើ​វិស័យ​សារព័ត៌មាន​មួយ​ចំនួន មាន​ដូចជា​នៅ​ឆ្នាំ ២០១៧ កាសែត​ខេមបូឌា​ ដេលី បាន​រំលាយ​ស្ថាប័ន​របស់​ខ្លួន ខណៈ​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសាខ្មែរ បាន​បិទ​ទីស្នាក់​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ដោយ​សារ​ជាប់​សំណុំ​រឿង​ក្តី​ពាក់ព័ន្ធ​នឹង​ពន្ធដារ។ ស្របពេល​ជាមួយ​គ្នា​នោះ​ដែរ អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ២​រូប បាន​និង​កំពុង​រង​ការ​ជនុំ​ជម្រះ​ក្តីពី​បទ​ចារកម្ម

បច្ចុប្បន្នះ​នេះ ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្តាញ​សង្គម​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា បាន​កំពុង​ផ្លាស់ប្តូរ​បរិបទ​នៃ​សារព័ត៌មាន​នៅ​កម្ពុជា ដោយ​គេ​ឃើញ​មាន​សារព័ត៌មាន​តាម​អនឡាញ​ជា​ច្រើន ដែល​ផ្សាយ​ព័ត៌មាន​បែប​ទស្សនៈ​និយម។

បន្ថែមលើ​នេះ មិនមែន​សារព័ត៌មាន​តាម​អនឡាញ​ទាំង​អស់ បំពេញ​កិច្ចការ​របស់​ខ្លួន​តាម​ក្បួន​វិជ្ជាជីវៈ​ត្រឹមត្រូវ​របស់​អ្នក​សារព័ត៌មាន​នោះ​ទេ។ ការណ៍​នេះ កាន់តែ​ធ្វើ​ឲ្យ​វិស័យ​សារព័ត៌មាន​នៅកម្ពុជា មាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង ហើយ​សំណួរ​ដ៏​សំខាន់​មួយ​នោះ គឺ​ថា​តើ​ការ​ផ្លាស់ប្តូរ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន​ខ្លាំង​ដល់​សង្គមជាតិ​ឬ​យ៉ាង​ណា។

​អំពី​វាគ្មិន៖ លោក សឹង សុផាត

មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ និង​ធំ​ដឹងក្តី​ទាំង​នៅកម្ពុជា​និង​នៅ​ប្រទេស​អាល្លឺម៉ង់ លោក សឹង សុផាត តែង​ចាប់​អារម្មណ៍​ចង់​ស្វែង​យល់​ពី​ព្រឹត្តិការណ៍​នយោបាយ សេដ្ឋកិច្ច​និង​សង្គម​នានា​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កំណើត​ក៏​ដូច​នៅ​ជុំវិញ​ពិភពលោក។ ចំណាប់​អារម្មណ៍​នេះ​នៅតែ​មិន​ប្រែ​ប្រួល នៅពេល​លោក​បាន​វិល​ត្រឡប់​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​វិញ ជាទី​ដែល​លោក​បាន​ចាប់ផ្តើម​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រខាង​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ឆ្នាំ​ ២០០០ និង​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​ឆ្នាំ​ ២០០២។ ក្រោយ​មក ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុងបម្រើការ​ជាសាស្ត្រាចារ្យ​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសា​បរទេស លោក សុផាត ក៏​បានឆ្លៀត​ប្រឡូក​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ផ្នែក​សង្គម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ហើយ​បានចាប់​ផ្តើម​សរសេរ​ក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន​ប្លុក (blog) នៅ​ពេល​ប្រព័ន្ធ​អ៊ីនធឺណិត​កាន់​តែ​ទូលំទូលាយ​ឡើង​នៅ​កម្ពុជា។ ដោយ​សារ​លោក​យល់​ថាការ​ចែករំលែក​និង​ទទួល​បាន​ព័ត៌មានសុក្រឹត្យនិង​គ្រប់ជ្រុងជ្រោយ មានសារៈសំខាន់ចំពោះសង្គម​នានា មិន​ត្រឹម​តែ​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ​នោះ ក្រោយ​បញ្ចប់​ការ​សិក្សា​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ខាង​ទំនាក់ទនង​អន្តរជាតិនៅសាកលវិទ្យាល័យ Notre Dame ក្នុងរដ្ឋ Indiana សហរដ្ឋ​អាមេរិកនាឆ្នាំ ២០០៩ លោក សុផាត បានចាប់ផ្តើម​ចូលប្រឡូក និងបម្រើការងារក្នុងវិស័យសារព័ត៌មាន ឲ្យស្ថាប័ន​ព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ)​ជា​ភាសា​ខ្មែរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ចាប់តាំងពីឆ្នាំ​ ២០១០ រហូតមកទល់ពេលបច្ចុប្បន្ននេះ៕