ភាគទី១៣៖ ទស្សន​វិស័យ​នៃ​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា

រូបឯកសារ៖ ទិដ្ឋភាពទីផ្សារមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ សុវត្ថិភាព​ចំណី​អាហារ

សម្ភាសដោយ​ កាន់ វិច្ឆិកា ផលិត​ដោយ ​ទែន​ សុខស្រីនិត, និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

នៅ​ប្រទេស​កម្ពុជា ទំនិញ​ក្លែងក្លាយ និង​ផលិតផល​ចំណី​អាហារ​គ្មាន​សុវត្ថិភាព នៅតែ​ជា​បញ្ហា​សុខាភិបាល​ដ៏​ចម្បង​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​សុខមាលភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។ ការ​ទទួល​ទាន​ចំណី​អាហារ​និង​ការ​ប្រើប្រាស់​ផលិតផល​ដែល​គ្មាន​គុណភាព​និង​សុវត្ថិភាព ក៏​បណ្តាល​ឲ្យ​ដំណើរការ​សេដ្ឋកិច្ច​មាន​ភាព​យឺតយ៉ាវ​ផងដែរ ដោយសារ​ការ​ចំណាយ​ថវិកា​ដើម្បី​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។

ជា​រៀងរាល់​ឆ្នាំ នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សម្អាង បាន​ចុះ​អន្តរាគម ចាប់​បាន​ទំនិញ​រួមទាំង​ផលិតផល​ចំណី​អាហារ​ដែល​ក្លែងក្លាយ ខូច​គុណភាព មាន​ជាតិ​គីមី​លើស​កម្រិត​សុវត្ថិភាព និង​ផុត​កាល​កំណត់​ឲ្យ​ប្រើប្រាស់ រាប់​លាន​តោន។ ការធានា​ឲ្យ​មាន​ផលិតផល​ចំណី​អាហារ និង​គ្រឿង​ឧបភោគ​បរិភោគ​ដែល​ទ្រទ្រង់​សុខភាព សុខមាលភាព និង​អាយុជីវិត​របស់​ប្រជាជន​ក្នុង​ប្រទេសទាំង​ស្រុង នៅតែ​ត្រូវការ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក «សុវត្ថិភាព​ចំណី​អាហារ» ដ៏​វែងឆ្ងាយ​ទៅមុខ​ទៀត។

Your browser doesn’t support HTML5

ភាគទី១៣៖ សុវត្ថិភាព​ចំណី​អាហារនៅ​កម្ពុជា

ស្តាប់ភាគទី ១៣ លើបណ្តាញ Apple Podcasts និង Google Podcasts




កញ្ញា ហ៊ុយ សុខគា អ្នក​និពន្ធ​ម្នាក់​នៅ​ក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជា​ឆ្នាំ ២០៤០» បាន​លើក​ឡើង​ថា៖ «ខ្ញុំ​គិត​ថា ស្ថានភាព​ចំណី​អាហារ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​ហ្នឹង មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន ដោយសារ​តែ​យើង​មាន​ជម្រើស​ច្រើន​ជាង​មុន។ យើង​មាន​ជម្រើស​សាច់ ជម្រើស​បន្លែ។ ហើយ​គុណភាព​នៃ​អនាម័យ​ហ្នឹង ក៏​ខ្ញុំ​មើល​ឃើញ​ថា ប្រសើរ​ជាង​មុន​ដែរ»។

កញ្ញា​បាន​កត់​សម្គាល់​ថា៖ «ប៉ុន្តែ យើង​នៅតែ​មើល​ឃើញ​កត្តា​ប្រឈម​ជាច្រើន ដែល​យើង​គួរតែ​គិត និង​ដោះស្រាយ។ បើ​យើង​ក្រឡេក​មើល​ចំណី​អាហារ​ទូទៅ យើង​ក៏​គួរតែ​ក្រឡេក​មើល​ថា​តើ ចំណី​អាហារ​នោះ​មាន​ប្រភព​មក​ពី​ណា តាំងពី​ការ​ដាំដុះ តាំងពី​ការ​ចិញ្ចឹម​សត្វ រហូត​ដល់​បាយ​នៅ​លើ​តុ​យើង ដែល​យើង​ញុំា​ជាមួយ​នឹង​ម្ហូប​ផ្សេងៗ​ហ្នឹង»។

នៅ​កម្ពុជា​ក្នុង​ចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ មនុស្ស​យ៉ាង​ហោច​ណាស់ ៥៤ នាក់ បាន​ស្លាប់ ដោយសារ​ការ​ពុល​អាហារ បន្ទាប់ពី​បរិភោគ​ចំណីអាហារ​គ្មាន​សុវត្ថិភាព។ បន្ថែម​លើ​នេះ បញ្ហា​ចំណី​អាហារ​គ្មាន​សុវត្ថិភាព​នេះ បាន​បង្ក​ឲ្យ​មនុស្ស​ប្រមាណ ៣,៦០០ នាក់ ធ្លាក់​ខ្លួន​ឈឺ និង​ប្រមាណ ៣,៥០០ នាក់​ទៀត ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ នេះ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​នៃ​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារពេទ្យ និង​គ្រឿង​សម្អាង​របស់​ក្រសួង​សុខាភិបាល។

ក្រុម​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ជាង​គេ រួមមាន​កុមារ​ដែល​មាន​អាយុ​ក្រោម ៥ឆ្នាំ ស្ត្រី​មាន​ផ្ទៃពោះ ក្រុម​ពលរដ្ឋ​វ័យ​ចំណាស់​ដែល​មាន​អាយុ​លើស ៦៥ ឆ្នាំ និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ទន់ខ្សោយ។ ក្រុម​អ្នក​ជំនាញ​ខាង​សុវត្ថិភាព​ចំណី​អាហារ បាន​លើក​ឡើង​ថា កត្តា​សំខាន់ៗ​មួយ​ចំនួន ដែល​ជា​មូល​ហេតុ​នៃ​ការ​ពុល​ចំណី​អាហារ​រួមមាន ការ​បរិភោគ​អាហារ​មាន​លាយ​ឡំ​ជា​មួយ​នូវ​សារធាតុ​កខ្វក់ អាហារ​មាន​ពពួក​ប៉ារ៉ាស៊ីត​វីរុស ឬបាក់តេរី​ដែល​អាច​បង្ក​ជា​ជំងឺ និង​អាហារ​មាន​សារធាតុ​គីមី​ហួស​កម្រិត​សុវត្ថិភាព​ជាដើម។

រូបឯកសារ៖ អ្នកធ្វើដំណើរកំពុងទិញចំណីអាហារនៅកន្លែងសំចតមួយកន្លែង នៅជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០។

រូបឯកសារ៖ កសិករកំពុងថែទាំដំណាំត្រកួន នៅកសិដ្ឋានមួយកន្លែងនៅជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨។

ដោយ​ឡែក​ការ​យល់ដឹង​អំពី​សុវត្ថិភាព​ចំណី​អាហារ​នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​កម្ពុជា​ជាទូទៅ នៅ​មាន​កម្រិត​នៅ​ឡើយ ជាពិសេស​ក្នុង​ចំណោម​អាជីវកម្ម​ផលិត​ចំណី​អាហារ ដែល​លក់ដូរ​ចល័ត​តាម​ដងផ្លូវ ដូចជា​រទេស និង​ទោចក្រ​យានយន្ត​ជាដើម។

ក្រុម​អ្នក​ស្រាវជ្រាវ​ប្រចាំអង្គការ CGIAR បាន​រក​ឃើញ​ថា ចំណី​អាហារ​ផលិត​ដោយ​អាជីវកម្ម​ទាំង​នេះ មិន​មាន​អនាម័យ និង​សុវត្ថិភាព។ បន្ថែម​លើ​នេះ ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគច្រើន ទទួល​ស្គាល់​ថា ចំណី​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ មិនមាន​សុវត្ថិភាព​ខ្ពស់​នោះ​ទេ ដោយ​បាន​លើក​ឡើង​អំពី​ការ​ប្រើប្រាស់​ជាតិ​គីមី​កាន់តែ​ខ្លាំង ក្នុង​ដំណើរការ​ដាំ​ដំណាំ​កសិផល​និង​ការ​ចិញ្ចិម​សត្វ​ជា​ដើម។

ដោយ​ទទួល​ស្គាល់​អំពី​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា កាលពី​ឆ្នាំ ២០១៥ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​សេចក្តីព្រាង​ច្បាប់​មួយ ស្តី​អំពី​សុវត្ថិភាព​ម្ហូប​អាហារ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២១ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា ទីភ្នាក់ងារ​ស្បៀង​អាហារ​ពិភពលោក World Food Program (WFP) ទីភ្នាក់ងារ​អភវិឌ្ឍន៍ USAID និង​អង្គការ​ស្បៀង​អាហារ​ប្រចាំ​អង្គការ​សហប្រជាជាតិ ហៅ​កាត់ថា FOA។

សេចក្តី​ព្រាង​ច្បាប់​នេះ ដែល​មាន ១១ ជំពូក ៥៣ មាត្រា គ្រប​ដណ្តប់​លើ​ម្ហូប​អាហារ​ទាំង​កែច្នៃ និង​មិន​កែច្នៃ​ដែល​មាន​កំណត់​ក្នុង​ច្បាប់ ព្រម​ទាំង​លើខ្សែ​ចង្វាក់​ផលិតកម្ម​ម្ហូប​អាហារ​ទាំង​មូល ស្រប​តាម​គោលការណ៍​សុវត្ថិភាព​ម្ហូប​អាហារ ចាប់ពី​កសិដ្ឋាន​ដល់​តុ​បរិភោគ។ ក្រៅ​ពី​នេះ កាលពីឆ្នាំ ២០២០ រដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្កើន​ថវិកាជាតិ​សម្រាប់​វិស័យ​សន្តិសុខ​សង្គម​ដល់ ៣៧,៤ ភាគរយ គឺ ៨,៩ ភាគរយ​ច្រើន​ជាង​ឆ្នាំ ២០១៩ ដើម្បី​ពង្រីក​និង​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារ​និង​ផលិតផល​នៅកម្ពុជា។

​អំពី​វាគ្មិន៖ កញ្ញា ហ៊ុយ សុខគា

មាន​ដើមកំណើត​នៅ​រាជធានី​ភ្នំពេញ ក្នុង​គ្រួសារ​មាន​ប្រាក់​ចំណូល​មធ្យម​ដែល​មាន​មុខរបរ​ជា​អ្នក​ជួញដូរ​ខ្នាត​តូច​ក្នុង​ផ្សារ​ធំថ្មី កញ្ញា ហ៊ុយ សុខគា តែងតែ​សង្កេត​មើល​លើ​ការ​លក់​ម្ហូប​ចំណី​អាហារ​គ្រប់ប្រភេទ​ក្នុង​ទីផ្សារ​តាំង​ពី​វ័យ​កុមារ។ ជា​អ្នក​ដែល​មិន​មាន​ភាព​ធន់​នឹង​ចំណី​អាហារ​សុខគា ចាប់ផ្តើម​ចាប់​អារម្មណ៍​ទៅលើ​របៀប​រៀបចំ​ទុកដាក់​អាហារ​ឲ្យ​មាន​ប្រសិទ្ធភាព។ នៅ​ពេល​ធំ​ដឹង​ក្តី សុខគា បាន​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​គោលនយោបាយ​នៅ​មហាវិទ្យាល័យ​ Williams College ស្ថិតក្នុងទីក្រុង Williamstown រដ្ឋ Massachusetts​សហរដ្ឋ​អាមេរិក​។ សុខគា បាន​សិក្សា​យ៉ាង​ស៊ីជម្រៅ​លើ​គោលនយោបាយ​សន្តិសុខ​សង្គម ដើម្បី​ដោះស្រាយ​បញ្ហា​ក្រីក្រ​តាមរយៈ​គោលនយោបាយ​រដ្ឋាភិបាល ដែល​ផ្តោត​ទៅលើ​សុខមាលភាព​ចំណី​អាហារ និង​សុខភាពទូទៅ។ ដោយមានបទ​ពិសោធន៍​ធ្វើការ​នៅ​តាម​អង្គការ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​អស់​រយៈពេល​ជាង​១០ ​ឆ្នាំ​កន្លង​មក​នេះ សុខគា មាន​គោល​បំណង​ដោះស្រាយ​បញ្ហា​សង្គម​ទាក់ទង​នឹង​ចំណី​អាហារ​នៅ​កម្ពុជា​តាមរយៈ​ការ​សិក្សា​ស្រាវជ្រាវ៕