ភាគទី ១២៖ ទស្សនវិស័យ​នៃ​សេវា​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា

រូបឯកសារ៖ មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ក្នុង​ពេល​ចុះ ឈ្មោះ​បោះឆ្នោត ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី ​១ ខែ​កញ្ញា ឆ្នាំ​ ២០១៦។​ (ហ៊ាន សុជាតា/វីអូអេ)

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ រដ្ឋបាល​សាធារណៈនៅកម្ពុជា

សម្ភាសដោយ​ ស៊ុន ណារិន ផលិត​ដោយ ​ទែន​ សុខស្រីនិត, និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

ការ​ផ្តល់​សេវា​រហ័សមានប្រសិទ្ធភាព និងក្នុង​តម្លៃ​សមរម្យ គឺ​ជា​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប។ ការ​ផ្តល់​សេវាសាធារណៈនានា​ទៅ​កាន់​ប្រជាពលរដ្ឋ​នេះ គឺ​សំដៅទៅ​លើ​រដ្ឋបាល​សាធារណៈ​តាមរយៈ​ស្ថាប័នរបស់​រដ្ឋាភិបាល ដែល​មាន​តួនាទី​បម្រើ​ផល​ប្រយោជន៍​សាធារណៈ ឬ​ប្រយោជន៍​ទូទៅ។ ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កម្ពុជា​កំពុង​ឆ្លងកាត់​និង​អនុវត្ត​គោលនយោបាយ​កែ​ទម្រង់​ស្ថាប័ន​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​សេវា​រដ្ឋបាល​សាធារណៈ​របស់​ខ្លួន មាន​ភាព​ប្រសើរ​ឡើង។

តើ​សេវា​រដ្ឋបាល​សាធារណៈ​របស់​កម្ពុជា​មាន​គុណភាព​ដល់​កម្រិត​ណា ហើយ​ថា​តើ​កម្ពុជាគួរ​ធ្វើកិច្ចការអ្វី​ខ្លះទៀត ដើម្បី​ធ្វើ​ឲ្យវិស័យរដ្ឋបាល​សាធារណៈ​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​ជឿ​ទុកចិត្ត​បាន?

Your browser doesn’t support HTML5

ភាគទី ១២៖ រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា

ស្តាប់ភាគទី ១២ លើបណ្តាញ Apple Podcasts និង Google Podcasts





លោក​ យ៉ាន់ ឧត្តម ជា​និស្សិត​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ នៅ​សាកល​វិទ្យាល័យ​ជាតិអូស្ត្រាលី និង​អ្នក​និពន្ធ​ម្នាក់​ក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជា​ឆ្នាំ ២០៤០» បាន​ថ្លែង​ថា៖ «រៀបចំ​សេវា​រដ្ឋ ឲ្យ​វា​មាន​ភាព​រហ័ស​អ៊ីចឹង​ទៅ តាម​ប្រព័ន្ធ​ឌីជីថល​ហ្នឹង។ ទី២ គឺ​រៀបចំ​សេវា​ហ្នឹង ឲ្យ​វា​មាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល មាន​តម្លៃ មាន​ពេល​វេលា​ច្បាស់​លាស់។ ហើយ​ទី៣ ហ្នឹង គឺ​រៀបចំ​សេវា​ហ្នឹង ឲ្យ​មាន​គណនេយ្យភាព មាន​ន័យ​ថា មាន​តួអង្គ​រដ្ឋ ស្ថាប័ន​ត្រូវ​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ កែ​តម្រូវ។ បុគ្គលិក​ក៏​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ ការងារ​ក៏​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ ហើយ​កែ​តម្រូវ​ទាំងអស់​ហ្នឹង»។

ក្នុង​ចំណោម​បញ្ហា​ប្រឈម​នានា អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​នៅតែ​ជា​បញ្ហា​មួយ​សម្រាប់​កម្ពុជា។ ការ​វាយ​តម្លៃសម្រាប់ឆ្នាំ ២០២០ របស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញ​ថា ​អំពើ​ពុក​រលួយ​នៅ​កម្ពុជានៅ​តែ​ខ្ពស់ជាង​គេ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍។ ​ក្នុង​ចំណោម​ប្រទេស ​១៨០ កម្ពុជា​ជាប់​លេខ ​១៦០ ទទួល​បាន​ពិន្ទុ​ ២១​ លើ​ពិន្ទុ​ពេញ​ ១០០។

ស្ត្រីម្នាក់ប្រើទូរស័ព្ទស្មាតហ្វូនដើម្បីប្រើសេវាធនាគារ ABA នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

យ៉ាងណាមិញ រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​និង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ដំណើរការ​កំណែ​ទម្រង់​ស្ថាប័ន ដើម្បី​ពង្រឹង​គុណភាព​ស្ថាប័ន​និង​សេវា​រដ្ឋបាល​សាធារណៈ​របស់ខ្លួន។

ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​កំណែង​ទម្រង់​ស្ថាប័ន​មួយ​ចំនួន ដោយ​ផ្តោត​លើ​ការ​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ឬ​ហៅថា E-government រួមមាន​សេវា​ចុះបញ្ជី​អាជីវកម្ម ចុះ​បញ្ជី​អចលទ្រព្យ ការ​បង់​ពន្ធដារ និង​ការ​បង់​ថ្លៃ​អគ្គិសនី​ជាដើម ដែល​ដើរ​ស្រប​ទៅ​តាម​កម្រិត​និង​ចំនួន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។

គិតត្រឹម​ខែ​មករា ឆ្នាំ ២០២១ ពលរដ្ឋ​កម្ពុជា​ប្រមាណ ៨លាន ៨សែន ៦ម៉ឺននាក់ ទទួល​បាន​និង​កំពុង​ប្រើប្រាស់​សេវា​អ៊ីនធឺណិត ហើយ​ប្រមាណ ១២ លាននាក់ បាន​និង​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ទាក់ទង​គ្នា។

ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ E-government កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​៣ ដែល​បាន​នាំ​មុខ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ឌីជីថល​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​តាម​អនឡាញ ប្រព័ន្ធ​បច្ចេកវិទ្យា​និង​ទូរគមនាគមន៍ និង​សមត្ថភាព​ធនធាន​មនុស្ស​ក្នុង​ប្រព័ន្ធ​ឌីជីថល​នេះ។ នេះ​បើ​យោង​តាម​ការស្ទង់​មតិ​ស្តី​អំពី​វិស័យ E-Govenment សម្រាប់​ឆ្នាំ ២០២០ របស់​អង្គការ​សហប្រជាជាតិ។

​អំពី​វាគ្មិន៖ លោក យ៉ាន់ ឧត្តម

ជា​កូន​កសិករ​ម្នាក់​នៅ​ខេត្ត​សៀមរា​ប ដែល​មាន​បង​ប្អូន​ ៥​នាក់ លោក យ៉ាន់ ឧត្តម មាន​ដំណើរ​ជីវិត​វែងឆ្ងាយ ដោយ​លោក​បាន​តស៊ូ​រៀន​សូត្រ​ឲ្យ​ពូកែ រហូត​មាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​រាជ​ធានី​ភ្នំពេញ ទាំង​គ្រួសារ​មាន​ជីវភាព​លំបាក។​ក្នុង​ចំណោមបង​ប្អូន​របស់​លោក លោក​គឺជា​អ្នក​ដែល​បាន​រៀន​ដល់​ថ្នាក់​ឧត្តម​សិក្សា។ លោក​ ឧត្តម យល់​ថា​ការ​អប់រំមាន​សារៈសំខាន់ ហើយ​បានផ្លាស់​ប្តូរជីវិត​របស់​លោក។ នៅ​ឆ្នាំ ២០១៤ លោកបាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្រ្ត​នយោបាយនៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា។ ក្នុង​ចន្លោះ​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៤ លោក​បាន​ទទួល​ឱកាស​ទៅ​ចូលរួម​កម្មវីធី​សិក្សា​មួយ​ចំនួន​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត។ បច្ចុប្បន្នះ​នេះ លោក ឧត្តម​កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ នៅ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី នៅ​ទីក្រុង​កង់បេរ៉ាប្រទេស​អូស្រ្តាលី ដែល​លោក​នឹង​បញ្ចប់​ការ​សិក្សានេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ លោក យ៉ាន់ ឧត្តម គឺជា​យុវជន​កម្ពុជា​មួយ​រូប​ក្នុង​ចំណោម​យុវជនកម្ពុជា​ជា​ច្រើន​នាក់ ដែល​កំពុង​ចូលរួម​ការ​ពិភាក្សា​និង​តស៊ូមតិ​យ៉ាង​សកម្ម​អំពី​បញ្ហា​ក្នុង​សង្គម​កម្ពុជា ដើម្បី​ស្ថាបនា​ប្រព័ន្ធ ស្ថាប័ន​និង​គោលនយោបាយ​ជាតិ​របស់​កម្ពុជា៕