ភាគទី ១១៖ អនាគត​របស់​ទន្លេ​មេគង្គ​ក្រោម​កិច្ច​សហប្រតិបត្តិការ​អនុ​តំបន់​មេគង្គ

រូបឯកសារ៖ ទិដ្ឋភាពដងទន្លេមេគង្គមើលពីលើអាកាស មើលពីស្រុកប៉ាកជុម ខេត្តឡូអ៊ី ប្រទេសថៃ ដែលកំពុងរីងស្ងួតហួតហែងគួរឲ្យព្រួយបារម្ភ។

«កម្ពុជា​សម្លឹង​ទៅ​មុខ»៖ កិច្ច​សហប្រតិបត្តិការ​អនុ​តំបន់​ទន្លេ​មេគង្គ

សម្ភាសដោយ​ ផន បុប្ផា ផលិត​ដោយ ​ទែន​ សុខស្រីនិត, និពន្ធ​នាយក Chris Decherd​ និង​ ចាប ​ចិត្រា

ទន្លេ​មេគង្គ​ដែល​ហូរ​កាត់​ប្រទេស​ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម កំពុង​ក្លាយជា​តំបន់​ប្រកួត​ប្រជែង​ឥទ្ធិពល​នយោបាយ​រវាង​សហរដ្ឋអាមេរិក ចិន និង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ បន្ថែម​លើ​នេះ ការ​ប្រែប្រួល​អាកាសធាតុ ការ​សាងសង់​និង​បន្ត​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​លើ​ដងទន្លេ​និង​ដៃ​ទន្លេ​មេគង្គ ការ​ស្តុក​ទឹក​ទុក ដែល​បង្ក​ភាព​រអាក់​រអួល​ដល់​លំហូរ​ទឹក​ទន្លេ​និង​ប្រព័ន្ធ​អេកូឡូស៊ី និង​គម្រោង​អភិវឌ្ឍ​នានា​នៅ​តាម​តំបន់​ក្បែរ​ទន្លេ​មេគង្គ នៅតែ​ជា​បញ្ហា​ដ៏​តានតឹង​រវាង​ប្រទេស​ចិន ថៃ ឡាវ កម្ពុជា និងវៀតណាម។

តើ​អនាគត​ទន្លេ​មេគង្គ​ដ៏​ធំ​ល្វឹងល្វើយ​នេះ​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា បើសិន​បញ្ហា​ទាំងអស់​នេះ​មិន​ត្រូវបាន​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា?

Your browser doesn’t support HTML5

ភាគទី ១១៖ កិច្ច​សហប្រតិបត្តិការ​អនុ​តំបន់​មេគង្គ



ស្តាប់ភាគទី ១១ លើបណ្តាញ Apple Podcasts និង Google Podcasts






កញ្ញា ពេជ្រ ចារ៉ាឌីន នាយក​ប្រតិបត្តិរង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព (CICP) បាន​លើក​ឡើង​ថា៖ «ហើយ​បើ​ទន្លេ​មេគង្គ​ដែល​ឆ្លងកាត់​ទន្លេ​នៅ​កម្ពុជា​ហ្នឹង រដូវ​ប្រាំង គឺ​យើង​ឃើញ​ថា កន្លែង​ខ្លះ​ទឹក​គឺ​ដល់​បាត បែក​ក្រហែង។ ពេល​រដូវ​វស្សា ដោយសារ​តែ​វា​ហូរ​លើស ហើយ​អត់​មាន​ហូរ​ត្រឡប់​មក​វិញ អ៊ីចឹង វា​ធ្វើ​ឲ្យ​ជន់​អ៊ីចឹង​ទៅ។ ជួនកាល ក្នុង​រយៈពេល​តែមួយ​ខែពីរ​ខែ មាន​ពេល​ស្ងួត​រីង​ហួត​ខ្លាំង ហើយ​ក៏​មាន​ពេល​លិច​ខ្លាំង​ដែរ»។

ដី​ល្បាប់ ជលផល​ត្រី និង​ទឹកសាប ដែល​ជា​ប្រភព​ធនធាន​ដ៏​សំខាន់​របស់​ប្រទេស​មេគង្គ​ក្រោម កំពុង​បន្ត​ខ្សត់​ខ្សោយ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ពលរដ្ឋ​កម្ពុជា​នៅតាម​ដង​ទន្លេមេគង្គ​បាន​ត្អូញត្អែរ​អំពី​កង្វះ​ទឹក​ធ្វើស្រែ ពេល​រដូវ​វស្សា និង​ខ្វះ​ត្រី ពេល​រដូវ​ប្រាំង ។ ហើយ​ពលរដ្ឋ​មួយ​ភាគ​ធំ​នៅ​តាម​តំបន់ដី​សណ្តរ​នៃ​ប្រទេស​វៀតណាម​វិញ កំពុង​ប្រឈម​កំណើន​ជាតិ​អំបិល​ក្នុង​ទឹក​ដែល​ហូរ​ចេញ​ពី​ទន្លេមេគង្គ ហើយ​ពួកគេ​ភាគច្រើន​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់។ បញ្ហា​ទាំងអស់​នេះ​ត្រូវបាន​បង្កឡើង​មួយ​ផ្នែក ដោយ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ ជាពិសេស​ទន្លេមេគង្គ​លើ។

គិតត្រឹម​ឆ្នាំ ២០២០ ទំនប់វារី​អគ្គិសនី​យក្ស​ចំនួន ១១ ត្រូវបាន​សាងសង់​ឡើង​នៅលើ​ដង​ទន្លេ​មេគង្គ​ដោយ​ចិន និង​ទំនប់​ប្រមាណ ១២០ ទៀត ត្រូវបាន​សង់​និង​គ្រោង​សាងសង់​លើ​ដៃ​ទន្លេ​មេគង្គ​រហូត​ដល់​ឆ្នាំ ២០៤០ ដែល​ហូរ​កាត់​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។

រូបឯកសារ៖ អ្នកនេសាទម្នាក់បង់បានត្រីមួយក្បាលពីដងទន្លេមេគង្គដែលហូរកាត់ស្រុកសាំងខុម ខេត្តណុងខៃ ប្រទេសថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

បើ​គម្រោង​សាងសង់​ទំនប់​ទាំងអស់​នេះ​នឹង​កើត​ឡើង​មែន នោះ​លំហូរ​ដីល្បាប់​ដ៏​មាន​ជីវជាតិ​ដល់​ដំណាំ​កសិកម្ម​សម្រាប់​ប្រទេស​ទន្លេ​មេគង្គ​ក្រោម នឹង​ធ្លាក់ចុះ​ដល់​ទៅ ៩៧% ទិន្នផល​ត្រី​ប្រចាំ​ឆ្នាំនឹង​ធ្លាក់​ចុះ​ពី ៤០%ទៅ៨០% ក្នុង​នោះ​ប្រទេស​ថៃ ៥៥% ឡាវ ៥០% កម្ពុជា ៣៥% និង​វៀតណាម ៣០%។ នេះ​បើយោង​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ International Rivers

ដោយឡែក ការ​ស្តុក​ទឹក​ទុក​ដោយ​ប្រទេស​ចិន នៅ​ភាគ​ខាង​លើ​ទន្លេ​មេគង្គ ដោយ​មិនបាន​ផ្តល់​ព័ត៌មាន​ដល់​បណ្តា​ប្រទេស​នៅ​ភាគ​ខាង​ក្រោម កំពុង​បង្ក​ក្តី​បារម្ភ និង​ត្រូវបាន​ដៃគូ​អភិវឌ្ឍន៍​របស់​បណ្តា​ប្រទេស​មេគង្គ​ក្រោម ដូចជា​សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និង​ឥណ្ឌា លូកដៃ​ចូល​ក្នុង​បញ្ហា​តានតឹង​នៃ​លំហូរ​ទឹក​ទន្លេ​មេគង្គ​ដ៏​ធំ​ល្វឹងល្វើយ​មួយ​នេះ។

​អំពី​វាគ្មិន៖ កញ្ញា ពេជ្រ ចារ៉ាឌីន

កញ្ញា ពេជ្រ ចារ៉ាឌីន គឺជា​អ្នក​ស្រាវជ្រាវ​វ័យក្មេង​មួយ​រូប​របស់​កម្ពុជា ដែល​កំពុង​លេចធ្លោ​ក្នុង​វិស័យ​ទំនាក់​ទំនង​អន្តរជាតិ និង​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​តំបន់។ កើត​នៅ​រាជធានី​ភ្នំពេញ កញ្ញា ចារ៉ាឌីន បាន​ដឹង​និង​បាន​ចាប់​អារម្មណ៍​លើ​មុខវិជ្ជា​ទំនាក់​ទំនង​អន្តរជាតិ នៅ​ថ្នាក់​វិទ្យាល័យ​មក​ម្ល៉េះ។ កញ្ញា​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកល​វិទ្យាល័យ Zaman ដោយ​ចាប់​យក​មុខវិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់​ទំនង​អន្តរជាតិ។ នៅឆ្នាំ ២០១៥ កញ្ញា​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នេះ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​កិត្តិយស។ ហើយ​នៅ​ឆ្នាំ ២០១៦ កញ្ញា​ក៏​បាន​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទំនាក់​ទំនង ដោយ​ផ្តោត​លើ​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកល​វិទ្យាល័យ Keele នៃ​ចក្រភព​អង់គ្លេស។ កញ្ញា ចារ៉ាឌីន ផ្តោត​ការ​ស្រាវជ្រាវ​របស់​កញ្ញា លើ​វិស័យ​គោល​នយោបាយ​ការបរទេស ទំនាក់​ទំនង​រវាង​អាស៊ាន​និង​ចិន កិច្ច​សហប្រតិបត្តិការ​របស់​អាស៊ាន និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​អនុ​តំបន់​ទន្លេ​មេគង្គ។ សព្វថ្ងៃនេះ កញ្ញា ពេជ្រ ចារ៉ាឌីន កំពុង​ដឹកនាំ​សំឡេង​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង ក្នុងការ​ចូលរួម​ដល់​ការ​អភិវឌ្ឍ​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា តាមរយៈ​ការងារ​របស់​កញ្ញា​ក្នុងនាម​ជា​នាយក​ប្រតិបត្តិរង​នៃ​វិទ្យាស្ថានខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព និង​តាមរយៈ​ការ​ចូលរួម​វេទិកា​ពិភាក្សា​សាធារណៈ​នានា​នៅក្នុង​សង្គម​កម្ពុជា​និង​ក្នុង​តំបន់៕