«កម្ពុជាសម្លឹងទៅមុខ»៖ ប្រព័ន្ធគាំពារសង្គម
សម្ភាសដោយ អ្នកស្រី ស៊ូ ពេជ្រចិន្តា, ផលិតដោយ ទែន សុខស្រីនិត, និពន្ធនាយក Chris Decherd និង ចាប ចិត្រា
សម្រាប់ភាគទី ៣ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីថា «តើប្រព័ន្ធគាំពារសង្គមរបស់រដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរដល់ណា និងអំពីកិច្ចការសេសសល់ដែលត្រូវធ្វើបន្ថែមទៀត ដើម្បីពង្រីកនិងពង្រឹងគុណភាពនៃប្រព័ន្ធគាំពារសង្គមដ៏សំខាន់មួយនេះ» តាមរយៈការពិភាក្សារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងកញ្ញា យូ សុធារី អ្នកស្រាវជ្រាវ និងសកម្មជនគាំពារ សមភាពយេនឌ័រ និងយុត្តិធម៌សង្គមនៅកម្ពុជា ដែលបានចូលរួមស្រាវជ្រាវ និងនិពន្ធអត្ថបទមួយជំពូក អំពីប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា នៅក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០»។
Your browser doesn’t support HTML5
«កម្ពុជាសម្លឹងទៅមុខ» ភាគទី ៣៖ ប្រព័ន្ធគាំពារសង្គម
ស្តាប់ភាគទី ៣ លើបណ្តាញ Apple Podcasts និង Google Podcasts
កម្លាំងសេដ្ឋកិច្ចខ្លាំង មិនមែនមានន័យថា ជីវភាពពលរដ្ឋទាំងអស់របស់ប្រទេសមួយ មានភាពប្រសើរធូរធារទាំងស្រុងនោះទេ។
ទោះបីជាមានអត្រាកំណើនសេដ្ឋកិច្ចវិជ្ជមាន ក៏ពលរដ្ឋមួយភាគតូចក្នុងប្រទេសខ្លះ ឬមួយភាគធំក្នុងប្រទេសខ្លះទៀត នៅតែអាចរស់នៅក្រោមបន្ទាត់ភាពក្រីក្រដោយអ្នកខ្លះមិនមានលទ្ធភាពទាំងបង់ថ្លៃសេវាព្យាបាលពេលមានជំងឺ រីឯខ្លះទៀតត្រូវរស់នៅជាមួយភាពអត់ឃ្លានជាដើម។ សម្រាប់ក្រុមពលរដ្ឋទាំងនេះ ពួកគេត្រូវការជំនួយពីរដ្ឋាភិបាលរបស់ពួកគេ ហើយជំនួយពីរដ្ឋនោះគឺហៅថា ប្រព័ន្ធគាំពារសង្គម។
កញ្ញា យូ សុធារី ដែលកញ្ញាគឺជាអ្នកស្រាវជ្រាវ និងសកម្មជនគាំពារសមភាពយេនឌ័រ ដែលបានស្រាវជ្រាវ និងបោះពុម្ពអត្ថបទស្រាវជ្រាវរបស់កញ្ញា នៅក្នុង «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040» ថ្លែងថា៖
«មនុស្សគ្រប់រូបគាត់មានសិទ្ធិរស់នៅ ដោយទទួលបានសេវាការគាំពាររស់នៅដោយសុខសុវត្ថិភាព។ បើសួរថាអ្នកណាដែលអាចទទួលបានកិច្ចគាំពារសង្គមហ្នឹង គឺអ្នកណាក៏ដោយ ឲ្យតែរស់នៅក្នុងសង្គមមួយនេះ គួរតែទទួលបានកិច្ចគាំពារសង្គម»។
ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ដោយចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់ មានចំនួនកើនដល់ប្រមាណ ១ពាន់ ៣រយដុល្លារអាមេរិក ក្នុងមួយឆ្នាំ យើងឃើញថា ចំនួនពលរដ្ឋដែលកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ មានអត្រាជិត ១៤ភាគរយ ហើយពលរដ្ឋដែលងាយនឹងធ្លាក់ក្នុងភាពក្រីក្រ ប្រមាណ ៤លាន ៥សែននាក់ ដែលជិតស្មើនឹង៣០ភាគរយ នៃចំនួនពលរដ្ឋសរុបរបស់កម្ពុជាជាង ១៦លាននាក់។
កុមារអនាថាម្នាក់ដេកនៅក្នុងសួនកម្សាន្តមួយកន្លែង ខណៈភ្ញៀវទេសចរពីរនាក់ដើរកាត់ នៅកណ្តាលក្រុងរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ស្ត្រីម្នាក់កំពុងអង្គុយនៅមុខផ្ទះរបស់អ្នកស្រី ដែលសង់នៅក្បែរផ្នូរកប់សពមួយកន្លែង នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។ ប្រជាពលរដ្ឋក្រីក្រជាច្រើននាក់បានមកតាំងទីស្នាក់នៅតាមតំបន់ផ្នូរកប់សពនៅតំបន់ជាយក្រុងរាជធានីភ្នំពេញនេះ។
ដើម្បីជួយទ្រទ្រង់ជីវភាពរបស់ក្រុមពលរដ្ឋក្រីក្រនិងងាយរងគ្រោះទាំងនេះ នៅឆ្នាំ២០១៧ រដ្ឋាភិបាលបានអនុវត្តគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦ - ២០២៥។ គោលនយោបាយនេះ ត្រូវបានអនុវត្តទៅជា ប្រព័ន្ធគាំពារសង្គម ដោយរួមមានប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
១) ប្រព័ន្ធជំនួយសង្គម ផ្តល់ជំនួយជាថវិកា ការបណ្តុះបណ្តាលជំនាញ និងការទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃជាដើម ដល់ក្រុមពលរដ្ឋក្រីក្រនិងងាយរងគ្រោះ។
២) ប្រព័ន្ធសន្តិសុខសង្គមវិញ ធានាថា ពលរដ្ឋកម្ពុជាដែលធ្វើការក្នុងវិស័យក្នុងប្រព័ន្ធ ទទួលបានអត្ថប្រយោជន៍នានាពីនិយោគជក ដូចជាប្រាក់សោធន សេវាកម្មព្យាបាលជំងឺ និងប្រាក់អតីតភាពជាដើម។
ក្នុងរយៈពេលមួយឆ្នាំៗ រដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាច្រើន លើប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដោយប្រើប្រាស់ថវិកាជាតិ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ។ ការចំណាយនេះ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយគាំពារជាតិ ឆ្នាំ២០១៦ - ២០២៥ របស់រដ្ឋាភិបាល។
ក្នុងគ្រាវិបត្តិជំងឺកូវីដ១៩នាអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ ចន្លោះខែមីនា ដល់ខែកក្កដា ពលរដ្ឋប្រមាណ ៥សែន ២ម៉ឺនគ្រួសារ ឬ ជាង ២លាននាក់ បានទទួលជំនួយជាថវិកាពីរដ្ឋាភិបាលដែលក្នុងមួយគ្រួសារ ទទួលបានទឹកប្រាក់ប្រមាណ ១២ម៉ឺនរៀល សម្រាប់ក្រុមគ្រួសារក្រីក្រដែលមានបណ្ណសមធ៌ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម ។
ក៏ប៉ុន្តែ ទោះបីជាទទួលបានជោគជ័យមួយកម្រិតក្តី ជាពិសេសខាងផ្នែកសេវាគាំពារសុខភាពដល់ក្រុមប្រជាពលរដ្ឋក្រីក្រនិងពលរដ្ឋដែលធ្វើការក្នុងប្រព័ន្ធ ក៏ពលរដ្ឋមួយចំនួន ដូចជាអ្នកស្រី ពុំ ចាន់ថន ពលរដ្ឋក្រីក្រនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនបានដឹងអំពីកម្មវិធីឧបត្ថមជាសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ក្នុងគ្រាវិបត្តិកូវីដ១៩ ដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គមរបស់រដ្ឋាភិបាលនេះទេ។
អ្នកស្រី ពុំ ចាន់ថន ដែលទទួលបានបណ្ណក្រីក្រកម្រិត២ កំពុងអង្គុយក្នុងផ្ទះជាមួយកូនប្រសាស្រី និងចៅស្រី ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី ពុំ ចាន់ថន ពលរដ្ឋក្រីក្រដែលមានបណ្ណសមធម៌ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្លែងថា៖ «ខ្ញុំឮគាត់[មេឃុំ]ថាទៅពេទ្យអត់អស់លុយអីៗ អ៊ីចឹងអត់មានអ្នកណាយកលុយយកកាក់ទេ។ អានេះ តេជោគាត់ជួយអ៊ីចឹងៗ។ ខ្ញុំឮតាមគេដែរព្រោះអីខ្ញុំទៅក្រោយគេ។ កូនអើយខ្ញុំអត់ដឹង។ អត់ដឹងបានលុយបានអី។ អ៊ុំអត់ដឹងទេ»។
ដោយសារតែការខ្វះខាតនូវការរក្សាទុកថវិកាសម្រាប់ប្រព័ន្ធគាំពារសង្គម គុណភាពទន់ខ្សោយនៃផ្នែកគ្រប់គ្រងរដ្ឋបាលរបស់ប្រព័ន្ធគាំពារសង្គម និងបញ្ហាប្រឈមមួយចំនួនផ្សេងទៀត កម្ពុជាយើងកំពុងស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ ដើម្បីឆ្ពោះទៅកាន់ការសម្រេចបាននូវប្រព័ន្ធគាំពារសង្គមមួយ ដែលប្រកបដោយសមភាព ចីរភាព និងប្រសិទ្ធភាព។ នេះបើយោងតាមរបាយការណ៍អង្គការពលកម្មអន្តរជាតិ ILO និងរបាយការណ៍របស់ទីភ្នាក់ងារ UNDP ចុះផ្សាយឆ្នាំ២០១៧។
ដើម្បីពង្រីកនិងពង្រឹងគុណភាពនៃប្រព័ន្ធគាំពារសង្គមនេះ អ្នកជំនាញជាច្រើន ដូចជាអង្គការសេដ្ឋកិច្ចសាកល OECD បានណែនាំថា កម្ពុជា ត្រូវធ្វើកិច្ចការសេសសល់ជាច្រើន ដូចជាធ្វើយ៉ាងណាឲ្យមានកញ្ចប់ថវិកាគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ផ្នែកទាំងអស់នៃសេវាគាំពារសង្គម យកចិត្តទុកដាក់បន្ថែមលើការពង្រឹងសមត្ថភាពផ្នែករដ្ឋបាលនៃប្រព័ន្ធគាំពារសង្គម និងពង្រីកសេវាគាំពារសង្គមរបស់ខ្លួន ឲ្យដល់ក្រុមពលរដ្ឋ ដែលរស់នៅគៀកនឹងភាពក្រីក្រជាដើម៕
អំពីវាគ្មិន៖ កញ្ញា យូ សុធារី
ជាកូនច្បងក្នុងគ្រួសារដែលមានម្តាយជាជំហរ នៅតំបន់ជនបទនៃខេត្តកំពង់ធំ កញ្ញា យូ សុធារី ទទួលបានបទពិសោធន៍ក្នុងជីវិតដែលជំរុញឲ្យកញ្ញាយកចិត្តទុកដាក់លើបញ្ហាកិច្ចគាំពារសង្គម និងយុត្តិធម៌ក្នុងសង្គម តាំងពីពេលកញ្ញាបានធំដឹងក្តីមក។ ដោយបានឆ្លងកាត់ជីវិតរស់នៅក្នុងជីវភាពលំបាក តាំងពីរៀនថ្នាក់វិទ្យាល័យរហូតដល់បានអាហាររូបករណ៍ មកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅរាជធានីភ្នំពេញ កញ្ញា សុធារី បានប្រឡូកក្នុងវិស័យសង្គមស៊ីវិលជាច្រើនឆ្នាំទាំងក្នុងប្រទេសនិងក្រៅប្រទេស ដោយចូលរួមតស៊ូនិងគាំពារមតិជូនដល់ក្រុមសហគមន៍ដែលមិនសូវមានសំឡេងនៅក្នុងសង្គម ដូចជាក្រុមស្ត្រីជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារជាដើម។ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច កញ្ញា យូ សុធារី បានទទួលអាហារូបករណ៍មួយទៀតទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយអភិវឌ្ឍ នៅសាកលវិទ្យាល័យ Duke ក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក។ សព្វថ្ងៃនេះ កញ្ញា សុធារី គឺជាអ្នកស្រាវជ្រាវ និងសកម្មជនគាំពារមតិដ៏សកម្មម្នាក់ ដោយធ្វើការលើកកម្ពស់សមភាពយេនឌ័រ និងគោលនយោបាយកិច្ចគាំពារសង្គម៕