មូលនិធិ​ Knight International ​for Journalism​ បាន​ប្រកាស​រង្វាន់​ដល់​អ្នក​សារ​ព័ត៌មាន​ខ្មែរ

បងធំទី២ នួន ជា អង្គុយ​ក្បែរ​​​អ្នក​យក​ព័ត៌មាន​លោក ថេត សម្បត្តិ នៅ​ក្នុង​​រូបថត​នេះ​ដែល​យក​ពី​ភាពយន្ត​ឯកសារ​ «សត្រូវ​ប្រជាជន»។

មូលនិធិ​ Knight International for Journalism​ បាន​ប្រកាស​រង្វាន់​ដល់​អ្នក​សារ​ព័ត៌មាន​ ដែល​រួមមាន​អ្នក​សារ​ព័ត៌មាន​ខ្មែរ​គឺ​លោក​ថេត សម្បត្តិ​ និង​អ្នក​ស្រី​ Chistiane Amanpour ​អតីត​អ្នក​យក​ព័ត៌មាន​ CNN​ របស់​អាមេរិក​ដ៏​ល្បី​ផង​ដែរ។

កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ អ្នកស្រី ​Joyce Bernathan​ ប្រធាន​មូលនិធិ ​Knight​ International​ for​ Journalism​ បាន​ប្រកាស​ប្រាប់​អ្នក​ចូលរួម​ជិត​១០០​នាក់​នៅ​ Newseum ​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា​ មូលនិធិ ​Knight International for Journalism​ ដែល​ជា​អង្គការ​លើក​ស្ទួយ​វិស័យ​សារ​ព័ត៌មាន​ដ៏​ធំ​ដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា.​បាន​សម្រេច​ប្រគល់​រង្វាន់​ដល់​អ្នក​សារ​ព័ត៌មាន​ចំនួន​៤​នាក់​ដែល​រួមមាន​អ្នក​សារ​ព័ត៌មាន​ខ្មែរ​គឺ​លោក​ថេត សម្បត្តិ​សហ​ផលិតករ​ខ្សែ​ភាពយន្ត​សត្រូវ​ប្រជាជន ​(Enemies​ of ​The​ People)​ និង​អ្នកស្រី​ Christiane​ Amanpour​ អតីត​អ្នក​យក​ព័ត៌មាន ​CNN ​ដ៏​ល្បី​របស់​អាមេរិក​ហើយ​បច្ចុប្បន្ន​បម្រើការ​នៅ​ទូរ​ទស្សន៍​ ABC​ ហើយ​នឹង​ស្ត្រី​អ្នក​សារព័ត៌មាន​ជន​ជាតិ​ម៉ិចស៊ីកូ​ពីរ​នាក់​ទៀត​ សម្រាប់​ព័ត៌មាន​ស៊ើប​អង្កេត​របស់​គេ។

អ្នកស្រី ​Joyce Bernathan ​បាន​ប្រាប់​វីអូអេ​ សំឡេង​ស.រ.អា.​ថា​ មូលនិធិ ​Knight International for Journalism បាន​សម្រេច​ប្រគល់​រង្វាន់​ដល់​លោក​ថេត សម្បត្តិ​សម្រាប់​ការ​ខិត​ខំ​តស៊ូ​ព្យាយាម​ អត់​ធ្មត់​ប្រកប​ដោយ​លក្ខណៈ​អាជីវៈ​ ឥត​លម្អៀង​ជាច្រើន​ឆ្នាំ​ ទម្រាំ​នួន ជា ​មេ​ដឹកនាំ​ខ្មែរក្រហមព្រម​សារភាព​អំពី​ការ​កាប់​សម្លាប់​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។

នៅ​ឯ​ពិធី​ប្រកាស​រង្វាន់​នៅ​សារមន្ទីរ ​Newseum​ ដ៏​ល្បី​នេះ​ អ្នកស្រី​ Joyce​ Bernathan​បាន​ប្រាប់​វីអូអេ​អំពី​ការ​សម្រេច​របស់​គណៈ​កម្មការ​ប្រគល់​រង្វាន់ ​Knight International for Journalism​ យ៉ាង​ដូច្នេះ​ថា៖

«ឆ្នាំ​នេះ​មជ្ឈមណ្ឌល​សម្រាប់​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ​សម្រេច​ប្រគល់​រង្វាន់ ​Knight International Journalism ​ឲ្យ​លោក​ថេត សម្បត្តិ ​ពីព្រោះ​គណៈ​កម្មការ​ប្រគល់​រង្វាន់​យល់​ថា​ គាត់​ជា​អ្នក​សារ​ព័ត៌មាន​លេច​ធ្លោ​បំផុត​ដែល​យើង​មិន​ធ្លាប់​ឃើញ​យូរ​មក​ហើយ។​ ការ​ដែល​គាត់​អាច​បញ្ចុះ​បញ្ចូល​ឲ្យ​នួន ជា​ បងធំ​ទីពីរ​ក្នុង​របប​ខ្មែរក្រហម​ ហើយនឹង​ឃាតករ​ផ្សេង​ទៀត​សារ​ភាព​នោះ​គឺ​ជា​សមិទ្ធិផល​ដ៏​អស្ចារ្យ។ ​ហើយ​គណៈ​កម្មការ​ប្រគល់​រង្វាន់​យល់​ឃើញ​ថា​ ក្រៅពី​គាត់​ជា​អ្នក​កាសែត​ស៊ើប​អង្កេត​ដ៏​ពូកែ​នោះ​ ព័ត៌មាន​របស់​គាត់​នេះ​គឺ​ជា​ភាគទាន​ដ៏​សម្បើម​អស្ចារ្យ​ធ្វើ​ឲ្យ​ពិភព​លោក​យល់​ពី​សោកនាដ​កម្ម​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក»។

អ្នកស្រី​ឲ្យ​ដឹង​ថា​ មូលនិធិ​ Knight International for Journalism ផ្តល់​រង្វាន់​ដល់​អ្នក​រាយ​ការណ៍​ស្ម័គចិត្ត​ និង​អ្នក​យក​ព័ត៌មាន​អាជីព​ ពីព្រោះ​ព័ត៌មាន​ក្តៅៗ​បាន​ពី​អ្នក​រាយ​ការណ៍​ស្ម័គចិត្ត​ និង​ព័ត៌មាន​ស៊ើប​អង្កេត​សំខាន់​គឺ​ដូច​គ្នា​ ហើយ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់។ ​អ្នក​ស្រី​ឲ្យ​ដឹង​ថា៖

«ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ ពេល​យើង​ពិនិត្យ​ មាន​បេក្ខជន​ជាង​១៦០​នាក់ ​ដូច្នេះ​នេះ​ជា​ដំណើរ​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់ ​ព្រោះ​ក្នុង​ចំណោម​១០​នាក់​ចុង​ក្រោយ​ មាន​អ្នក​រាយ​ការណ៍​ស្ម័គចិត្ត​ និង​អ្នក​យក​ព័ត៌មាន​អាជីពពូកែៗ​ដូច​គ្នា​ ហើយ​ទី​បំផុត​គណៈ​កម្មការ​រង្វាន់​សម្រេច​ថា​ បួន​នាក់​នេះ​លេច​ធ្លោ​ជាង​គេ​ក្នុង​ឆ្នាំ​នេះ»។

ឃាតករ​របស់​ខ្មែរ​ក្រហម​ម្នាក់​សារភាព​អំពី​ឧក្រិដ្ឋកម្ម​ នៅ​ក្នុងរូបថត​នេះ​ដែល​យក​ពី​ភាពយន្ត​ឯកសារ​ «សត្រូវ​ប្រជាជន»។

លោក​ថេត សម្បត្តិ ​អ្នក​សារ​ព័ត៌មាន​ Phnom Penh Post​ បាន​ប្រាប់​វីអូអេ​សំឡេង​ស.រ.អា.​តាម​ទូរស័ព្ទ​ពី​រាជធានី​ភ្នំពេញ​ថា​ លោក​ភ្ញាក់​ផ្អើល​ដែល​បាន​ទទួល​រង្វាន់​ដ៏​សំខាន់​បែប​នេះ​ទេ។ ​លោក​និយាយ​ថា៖

«ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ខ្ញុំ​បាន​ទទួល​រង្វាន់​ប្រភេទ​នេះ​ទេ ​ដោយ​សារថា​ ខ្ញុំ​មិន​ដែល​បាន​ចូល​រៀន​សាលា​ណា​ដ៏​ត្រឹមត្រូវ​អំពី​សារ​ព័ត៌មាន​ទេ​ គឺ​គ្រាន់​តែ​ទៅ​ធ្វើ​ការ​ ចេះ​តែ​សរសេរ​ទៅ​ ចេះ​តែ​ព្យាយាម​ទៅ​ ហើយ​ទីបំផុត​គេ​ផ្តល់​កិត្តិយស​ឲ្យ»។

លោក​ថេត សម្បត្តិ​ឲ្យ​ដឹង​ថា ​ពេល​លោក​មក​ទទួល​រង្វាន់ ​Knight International for Journalism​ ដែល​គ្រោង​ធ្វើ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ លោក​និង​លោក​ Rob​ Lemkin​ សហ​ផលិតករ​ខ្សែ​ភាពយន្ត​«សត្រូវ​ប្រជាជន» ​(Enemies of The People)​ ក៏​គ្រោង​ចាប់​ផ្តើម​ផ្សព្វផ្សាយ​ឌីវីឌី​ខ្សែ​ភាព​យន្ត​នេះ​ដែរ។​ លោក​ឲ្យ​ដឹង​ទៀត​ថា​ នេះ​ជា​គម្រោង​ផ្សព្វផ្សាយ​បន្ថែម​ពី​លើ​ឌីវីឌី​សត្រូវ​ប្រជាជន​ ដែល​មាន​ខ្លឹម​សារ​ និង​គុណ​ភាព​ខ្ពស់​ចំនួន​១.០០០​ច្បាប់​ដែល​ផលិត​សម្រាប់​បណ្ណាល័យ​ និស្សិត​ អ្នក​ស្រាវជ្រាវ​ប្រើប្រាស់​ជា​ឯកសារ។

លោក ​Rob Lemkin ​បាន​ចេញ​សេចក្តី​ប្រកាស​អបអរ​ និង​បាន​កោត​សរសើរ​លោក​ថេត សម្បត្តិ​អំពី​ភាព​អត់ធ្មត់​មិន​ធម្មតា​ និង​ប្រកប​ដោយ​យុទ្ធ​សាស្ត្រ​ និង​ដែល​នាំ​ឲ្យ​លោក​អាច​កសាង​ទំនុក​ចិត្ត​ពី​មេ​ដឹកនាំ​ខ្មែរក្រហម​គឺ​នួន ជា​ ហើយ​នឹង​ឃាតករ​ដៃ​ដល់​ដែល​បាន​សារភាព​អំពី​ការ​សម្លាប់​មនុស្ស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

អ្នកស្រី​ Diane Hodges ​អ្នក​យក​ព័ត៌មាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កោត​សរសើរ​លទ្ធផល​របស់​លោក​ថេត សម្បត្តិ ​ពីព្រោះ​ខ្មែរក្រហម​ដ៏​ដូច​ជន​កម្មុយនិស្ត​ដទៃ​ដែរ​ មិន​ចង់​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​សេរី និង​ឯករាជ្យ​ទេ។​ លោកស្រី​ធ្លាប់​ធ្វើ​ជា​អ្នក​កាសែត​នៅ​ប្រទេស​ថៃ​ ហើយ​បាន​ព្យាយាម​ជួប​សម្ភាសន៍​ប៉ុល ពត​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​ថៃ​ ក្នុង​ឆ្នាំ​១៩៩០ ​តែ​មិន​បាន​សម្រេច។​ លោកស្រី​ប្រាប់​វីអូអេ​ក្នុង​ពិធី​ប្រការ​រង្វាន់​នោះ​ថា៖

«យើង​ជិះ​ឡាន​ទៅ​ភាគ​ខាង​កើត​ប្រទេស​ថៃ​ ទៅ​កន្លែង​ដែល​យើង​បាន​ឮ​ថា​ ប៉ុល ​ពត​កំពុង​រស់នៅ។​ យើង​ស្វេង​រកប៉ុល ពត​ដើម្បី​សម្ភាសន៍​តែ​ពេល​យើង​ទៅ​ដល់​ មាន​ទាហាន​ថៃ​ការ​ពារ​តំបន់​នោះ​ ហើយ​គេ​ប្រាប់​យើង​ថា ទី​នោះ​ជា​តំបន់​ត្រូវ​ការពារ។​ គេ​ឆែក​កាត​យើង ​ហើយ​គេ​មិន​ឲ្យ​យើង​ចូល​ទេ​ ព្រោះ​យើង​មិនមាន​លិខិត​អនុញ្ញាត​ចូល​តំបន់​ការពារ​នោះ»។

លោក​ Ayman Salah ​ជា​សមាជិក​របស់ ​Knight International​ ឆ្នាំ​២០១១​ និង​ជា​អ្នក​បង្កើត ​Hacks/Hackers ​គឺ​គម្រោង​សមាហរណ​កម្ម​រវាង​អ្នក​សារ​ព័ត៌មាន​និង​អ្នក​បច្ចេក​វិទ្យា​ព័ត៌មាន​នៅ​មជ្ឈិមបូព៌ា​ ដែល​ជា​គម្រោង​សំខាន់​ក្នុង​ការ​ពង្រីក​សកម្មភាព​ព័ត៌មាន​ពី​អ្នក​រាយ​ការណ៍​ស្ម័គ្រ​ចិត្ត។​ ដោយ​បាន​ឃើញ​តែ​ឈុត​សំខាន់ៗ​នៃ​ខ្សែ​ភាពយន្ត​សត្រូវ​ប្រជាជន​ លោក​និយាយ​ថា៖

«ខ្ញុំ​ចង់​មើល​រឿង​នេះ​ ហើយ​ខ្ញុំ​នឹង​រក​ទិញ​ឌីវីឌី​រឿង​សត្រូវ​ប្រជាជន​នេះ​ យក​មក​មើល។ ​លោក​ថេត​ សម្បត្តិ​ស៊ើប​អង្កេត​រឿង​នេះ​បាន​ល្អ​ណាស់»។

ដូច​លោក ​Ayman Salahដែរ​ លោកNadeem Hotiana​ មន្ត្រី​ព័ត៌មាន​ស្ថានទូត​ប៉ាគីស្ថាន​ក៏​ចង់​មើល​ខ្សែ​ភាពយន្ត​នេះ​ដែរ។

អ្នកស្រី ​Joyce Bernathan ​ឲ្យ​បានបន្ថែម​ថា​ ក្នុង​កម្ម​វិធី​ប្រគល់​រង្វាន់​សារ​ព័ត៌មាន​របស់​មូលនិធិ​ Knight International Journalism​ ដល់​ជ័យ​លាភី​ទាំង​បួន​នាក់​ក្នុង​ខែ​វិច្ឆិកា​នោះ​នឹង​មាន​អ្នក​ចូល​រួម​យ៉ាង​តិច​៥០០​នាក់​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នេះ៕