អ្នក​ធ្វើ​ការ​ក្នុងវិស័យ​ទេសចរ​ណ៍​​​​​​ក្នុង​ពេល​រីករាល​ដាល​កូវីដ​១៩​ ជួប​​វិបត្តិសេដ្ឋ​កិច្ច​និង​ស្នើរ​សូម​ជំនួយ​ពី​រដ្ឋាភិបាល

សណ្ឋាគារ​កូន​ដំរី​ ដែល​នៅ​បន្ត​ដំណើរ​ការ​នៅ​ក្នុងអំឡុងពេលនៃ​វិបត្តសេដ្ឋកិច្ច​ដែល​កើតឡើង ​ដោយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅខេត្ត​សៀមរាប​។​ (ខាន់ សុគុំមនោ​/វីអូអេ) ​

នៅ​ពេល​ព័ត៌មាន​អំពី​ជំងឺ​កូវីដ១៩​ ដែល​ផ្ទុះ​ឡើង​នៅ​ក្នុង​ទី​ក្រុង​វូហាន​នៃ​ប្រទេស​ចិន​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ខែ​មករា​ សហ​ស្ថាបនិក​របស់​សណ្ឋាគារ​កូនដំរី​ អ្នក​ស្រី​ Ilana ​Tulloch​ មិន​បាន​គិត​ថា ​ជំងឺ​នោះ​អាច​រាលដាល​មក​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ។​

អ្នកស្រី​ដែល​ជា​ប្រធាន​ផ្នែក​ទីផ្សារ​ផង​ដែរ​នោះ​និយាយ​ថា៖​ «នៅ​ក្នុង​ខែ​កុម្ភៈ​ស្រាប់​តែ​មាន​ការ​លុប​ចោល​ការ​កក់​បន្ទប់។​រហូត​ដល់​ក្រដាស​កក់​ទទេ​ស្អាត។ ​ហើយ​ភ្ញៀវ​របស់​យើង​ដែល​ស្នាក់​នៅ​សណ្ឋាគារ​នៅ​ក្នុង​ចុង​ខែ​កុម្ភៈ​ចាប់​ផ្តើម​និយាយ​ថា៖​ អូ...ខ្ញុំ​ត្រូវ​ទៅ​ស្រុក​វិញ។ ​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​ទី​នេះ»។​

អ្នក​ស្រី​ Ilana Tulloch ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​អស់​រយៈ​ពេល​ប្រាំឆ្នាំ​មក​ហើយ​នោះ​បន្ថែម​ថា៖​ «មុន​ខែ​មីនា​ ខ្ញុំ​មិន​ដែល​ឃើញ​ក្រុង​សៀមរាប​មាន​សភាព​ស្ងប់ស្ងាត់​បែប​នេះ​ទេ»។​

ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ នៅ​លើ​ពិភពលោក​ និង​វិធាន​ការ​របស់​រដ្ឋាភិបាលខ្មែរ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ ​បាន​ប៉ះពាល់​វិស័យ​ទេសចរណ៍​ដែល​ផ្តល់​កម្រៃ​ដល់​ប្រជាជន​រាប់​ម៉ឺន​គ្រួសារ​នៅ​ខេត្ត​សៀមរាប។​

ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​សៀមរាប​យ៉ាចហោច​ណាស់​ចំនួន​២៤៤​ត្រូវ​បាន​បិទ​ទ្វារ​ ហើយ​ជីវភាព​របស់​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​នេះ​ចំនួន​ជិត​៧​ពាន់​នាក់ ​ក៏​រង​ការ​ប៉ះពាល់​ផង​ដែរ។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា។​

អ្នក​ស្រី​ Ilana ​Tulloch​ សហ​ស្ថាបនិក និងប្រធាន​ផ្នែក​ទីផ្សារ​ របស់​សណ្ឋាគារ​កូន​ដំរី​ ដែល​នៅ​បន្ត​ដំណើរ​ការ​នៅ​ក្នុងអំឡុងពេលនៃ​វិបត្តសេដ្ឋកិច្ច​ដែល​កើតឡើង​ដោយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅខេត្ត​សៀមរាប​។​ (ខាន់ សុគុំមនោ​/វីអូអេ)

អ្នកស្រី​ Ilana Tulloch ​និយាយ​ថា៖​ «រឿង​មួយ​គឺ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ការ​មិន​យក​ពន្ធ​ អាហ្នឹង​វា​ជួយ​យើង​ច្រើន​ឲ្យ​យើង​អាច​មាន​លទ្ធភាព​ដក​ដង្ហើម»។

អ្នក​ស្រី​បន្ត​ថា៖​ «ប្រសិន​បើ​អគ្គិសនី​កម្ពុជា​អាច​ជួយ​ផ្តល់​ការ​ឧបត្ថម្ភ​ខ្លះ​ឬ​មធ្យោបាយ​លើក​ទឹក​ចិត្ត​ផ្សេងៗ​ឲ្យ​ពួក​យើង​បន្ត​ដំណើរ​ការ​បាន​ ដោយសារ​អគ្គិសនី​នៅ​កម្ពុជា​ថ្លៃ​ណាស់»។

សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ និង​ម្ចាស់​សណ្ឋាគារ​ថា​ ពួក​គេ​ត្រូវ​ការ​ជំនួយ​សម្រាល​ការ​ចំណាយ​ខ្លះ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ឆ្លង​កាត់​ពេល​លំបាក​នេះ​បាន។​ស្របពេល​ជា​មួយ​គ្នា​នេះ​ដែរ​ពួកគេ​ក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ទេសចរណ៍​នៅ​ក្នុង​ស្រុក​ចូល​រួម​គាំទ្រ​វិស័យ​នេះ។​

លោកស្រី​ឆាយ​ ស៊ីវលីន​ ដែល​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​ប្រាប់​វីអូអេ​កាល​ពី​ខែ​សីហា​ថា៖ ​«ខាង​សមាគម​អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​ជួយ​ប្រូម៉ូត​(ផ្សព្វផ្សាយ)​ ជួយ​ចង​ជា​កញ្ចប់​ទេសចរណ៍​ហ្នឹង​ ឲ្យ​ដាក់​តម្លៃ​ធូរៗ​ទៅ !​ប្រម៉ូត​ទាំង​អស់​គ្នា​អ៊ីចឹង​ទៅ​ណា៎។ ​ហើយ​សមាគម​យើង​ក៏​យើង​បាន​ចេញ​ការ​អំពាវនាវ​ទៅ​ដល់​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ក្នុង​ស្រុក​ហ្នឹង​ឲ្យ​ជួយ​ទិញ​កញ្ចប់​អ៊ីចឹង​ទៅ​ណា៎ឲ្យ​ជួយ​ដើរ​ជាពិសេសេ​ជួយ​ទៅ​ខាង​សៀមរាប​ហ្នឹង​ដោយសារ​ខាង​សៀមរាប​វា​មាន​សេវា​ផ្គត់ផ្គង់​ហ្នឹង​ច្រើន​ដោយ​សារ​ថា​ទេសចណ៍​កន្លង​មក​ហ្នឹង​ច្រើន»។​

លោក​ស្រី​បន្ថែម​ថា៖ ​«រដ្ឋាភិបាល​គួរ​ឲ្យ​កម្ចី​ទៅ​ដល់​ពួក​គាត់​ដើម្បី​ឲ្យ​គ្នា​ខ្ចី​ទៅ​ ​នៅ​ក្នុង​ប្រាក់​ការ​មួយ​ដែល​ថោក​មែនទែន​ដើម្បី​ឲ្យ​គ្នា​រស់​បាន​នៅ​ក្នុង​អំឡុង​អន្តរកាល​នេះ»។​

មុន​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​រង​ផល​ប៉ះពាល់​ខ្លះ​រួច​ទៅ​ហើយ​ ដោយសារ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ទាំង​នៅ​ក្នុង​ស្រុក​ និង​មក​ពីក្រៅ​ប្រទេស។​

ជំងឺ​កូវីដ១៩​បាន​បង្អាក់​ជើង​យន្តហោះ​ក្នុង ​និង​ក្រៅ​ស្រុក ​ហើយ​ការ​រអាក់រអួល​នៃ​ជើងយន្ត​ហោះ​ដែល​ចេះ​តែ​អូស​បន្លាយ​ពេល​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ការ​ និង​រក​ស៊ី​នៅ​ក្នុង​វិស័យ​នេះ​គ្រប់​ស្រទាប់។​

នៅ​ក្នុង​ខែ​មិថុនា​ និង​ខែ​កក្កដា​ ចំនួន​អ្នក​ទេសចរណ៍​បាន​ធ្លាក់​ចុះ​ជាង​ ៩៥ ​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​ពេល​វេលា​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៩។​

នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច កម្ពុជា ​ក្នុង​ពេល​នៃ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​នេះ​ ​ធនាគារ​ពិភពលោក​ World Bank ​បាន​ឲ្យ​ដឹង​ថា​វិស័យ​សំណង់​ ​វិស័យ​វាយនភណ្ឌ​ និង​វិស័យ​ទេសចរណ៍​ រួម​ចំណែក​ ៧០​ ភាគរយ​នៃ​ការ​កើន​ឡើង​សេដ្ឋកិច្ច​ និង​៣៩,៤​ភាគ​រយ​នៃ​ការងារ​ទាំង​អស់​នៅ​ឆ្នាំ​២០១៩។​

របាយ​ការណ៍​នេះ​រៀបរាប់​ទៀត​ថា៖​ «ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​នេះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​ខ្លាំង​បំផុត​តាំង​ពី​ឆ្នាំ​១៩៩៤​ ពី ​១ ​ភាគ​រយ​ ទៅ ​២,៣​ ភាគរយ»។​

សណ្ឋាគារ​ជា​ច្រើនបាន​បិទ​ទ្វារ​ ផ្អាក​ដំណើរ​ការ​ក្នុង​អំឡុង​វិបត្តិ​សេដ្ឋកិច្ច ដែល​កើតឡើង​ដោយ​សារ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នៅខេត្ត​សៀមរាប​។​ (ផន​ បុប្ផា/វីអូអេ)

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ខែ​កក្កដា​ថា​ សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់​ចុះ ​៥,៥​ ភាគរយ​នៅ​ឆ្នាំ​២០២០​ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​វិស័យ​ខាងលើ។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​សរសេរ​ថា៖​ «ការ​ធ្លាក់​ចុះ​នេះ​នាំ​ឲ្យ​ប្រជាជន​ចំនួន​១,៣​លាន​នាក់​ទៀត​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ»។

ក្រុង​សៀមរាប​ដែល​ជា​ទិស​ដៅ​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា ​និង​ពិភពលោក​ ឥឡូវ​នេះ​ ពោរពេញ​ទៅ​ដោយ​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​ដែល​ដាក់​លក់​ឬ​ជួល។​

សណ្ឋាគារ​ដែល​ធ្លាប់​តែ​មាន​បុគ្គលិក​ ២៦​នាក់​នោះ​ ​ឥឡូវ​អាច​មាន​លទ្ធភាព​ផ្តល់​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​តែ​ពី ​៥​ ទៅ ​៦ ​នាក់​ប៉ុណ្ណោះ។ ​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ​ភាគ​ច្រើន​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត។​ ហើយ​អ្នក​ដែល​នៅ​មាន​ការងារ​ បាន​ទទួល​ប្រាក់​ខែ​តែ​៣០​ទៅ​៥០​ភាគ​រយ​ប៉ុណ្ណោះ​នៃ​ប្រាក់​ខែ​ដើម​របស់​ពួក​គេ។​

អ្នកស្រី​គឹម វើក​ដែល​ធ្វើការ​នៅ​សណ្ឋាគារ​កូន​ដំរី​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ​នោះ​ ​ប្រាប់​វីអូអេ​ថា៖ ​«ដំបូង​ឡើយ​ គ្រួសារ​(ប្តី)​ខ្ញុំ​ គាត់​បាត់​បង់​ការងារដល់​ពេល​ខ្ញុំ ​ខ្ញុំ​នៅ​មាន​ការងារ​មែន​តែ​ចំណូល​អត់​បាន​ទាំង​ស្រុង​ទេ​បង។​ដោយសារ​អី?​ដោយ​សារ​ខ្ញុំត្រូវ​ធ្វើការ​ពាក់​កណ្តាល​ម៉ោង​ part-time។​ ជួន​កាល​តិច​ជាង​ពាក់​កណ្តាល​ទៀត​ ដោយសារ​ស៊ីសង​លើ​យើង​សារ៉េ​បុគ្គលិក​ ចែក​ម៉ោង​គ្នា​ ធ្វើការ។ ជួនកាល​មួយ​ខែ​ យើង​ធ្វើ​បាន​តែ​១០​ថ្ងៃ​ទេ។​ យើង​អត់​ធ្វើ​បាន​ពាក់​កណ្តាល​ ១៥​ ថ្ងៃ​ទេ»។

ឥឡូវ​នេះ​អ្នកស្រី​គឹម​ វើក​គឺ​ជា​អ្នក​រក​លុយ​តែ​ម្នាក់​ប៉ុណ្ណោះ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ និង​បង់​ធនាគារ​ប្រចាំ​ខែ។​

អ្នកស្រី​ គឹម វើក ​បុគ្គលិក​សណ្ឋាគារ​កូន​ដំរី​ ដែល​ធ្វើការ​អស់រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ នៅខេត្ត​សៀមរាប​។​ (ផន​ បុប្ផា​/វីអូអេ)

អ្នកស្រី​និយាយ​ថា៖​ «ដោយសារ​តែ​ពួកខ្ញុំ​ជំពាក់​ធនាគារ​ ដល់​ពេល​អ៊ីចឹង​ទៅ​ (ចំណូល)​ ៣០%​ (នៃ​ចំណូល​មុន​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច) ​គឺ​អត់​គ្រប់​ថ្លៃ​ធនាគារ​ទេ​បង។​អ៊ីចឹង​ហើយ​ និយាយ​រួម​ពិបាក។​យើង​មាន​លុយ​សល់​ខ្លះ​សន្សំ។ ​អ៊ីចឹង​ ក្រៅ​ពី​ប្រាក់​ខែ​ខ្ញុំ​ខ្លះ​ អត់​គ្រប់​យើង​ដក​លុយ​សន្សំ។ ប៉ុន្តែ​យើង​អត់​ដឹង​ថា​ ស្ថាន​ភាព​ហ្នឹង​យើង​នៅ​បាន​ប៉ុណ្ណា​ទេ​ព្រោះ​លុយ​យើង​សន្សំ​ខ្លះ​ គឺ​អត់​មាន​ច្រើន​ទេ»។​ ​

អ្នកស្រី ​Ilana ​Tulloch​ ថា​ ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ទេសចរណ៍​នេះធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ផ្សេង​ទៀត​បើ​ទោះ​ពួក​គេ​មិន​ស្ថិត​ក្នុង​វិស័យ​នេះ​ដោយ​ផ្ទាល់​ក៏ដោយ។​

អ្នក​ស្រី​និយាយ​ថា៖​ «ដោយសារ​ថា​ នៅ​ពេល​អ្នក​គិតពី​សណ្ឋាគារ​វា​ជា​ប្រព័ន្ធ​អេកូឡូស៊ី​មួយ​ ហើយ​មាន​មនុស្ស​ជាច្រើន​ដែល​ពឹង​ផ្អែក​លើ​សណ្ឋាគារ​នោះ​ ដើម្បី​រក​ប្រាក់​ចំណូល។​ ដូច្នេះ​អ្នក​ទាំង​នោះ​រួម​បញ្ចូល​ទាំង​អ្នក​រត់​រ៉ឺម៉ក​កង់​បី​អ្នក​ផ្តល់​សេវា​បោក​គក់​ អ្នក​ផ្គត់ផ្គង់​ផ្លែ​ឈើ​ អ្នក​ដុត​នំ​ ជាង​ជួសជុល​ និង​ថែ​រក្សា​គ្រឿង​បរិក្ខា​ដូច​ជា​ម៉ាស៊ីន​ត្រជាក់​ជាដើម»។​

អ្នកស្រី​បន្ត​ថា៖​ «ដូច្នេះ​វា​មាន​ន័យថាអាជីវកម្ម​ខ្នាតតូច​ជា​ច្រើន​បាត់បង់​ប្រាក់​ចំណូល​របស់​ពួក​គេ​ផង​ដែរ។​ វាមិន​ត្រឹមតែ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ​ទេ​ ដែល​បាត់​ចំណូល​ក៏​ប៉ុន្តែ​អ្នក​ដែល​ពឹង​ផ្អែក​លើ​សណ្ឋាគារ​សម្រាប់​ជីវភាព​ពួកគេ​ក៏​បាត់បង់​ប្រាក់​ចំណូល​ផង​ដែរ។​ ដូច្នេះ​ចំនួន​មនុស្ស​ ដែល​ប៉ះពាល់​ ដោយសារ​ការ​បិទ​សណ្ឋាគារ​គឺ​ពិត​ជា​ធំ​ណាស់»។​

ឥឡូវ​នេះ​ដើម្បី​ឲ្យ​សណ្ឋាគារ​នេះ​នៅ​បន្ត​ដំណើរ​ការ​ដែល​អាច​ផ្តល់​ការងារ​ដល់​បុគ្គលិក​មួយ​ចំនួន​នោះ ប្រធាន​ផ្នែក​ទីផ្សារ​អ្នកស្រី​ IlanaTulloch ​ឈប់​យក​ប្រាក់​ខែ​ផ្ទាល់​ខ្លួន​ ហើយ​ងាក​ទៅ​រក​ចំណូល​តាម​រយៈ​ការងារ​ក្រៅ​ម៉ោង​ផ្សេង​ទៀត។​

អ្នក​ស្រី​និយាយ​ថា​ បុគ្គលិក​គ្រប់គ្រង​បាន​ស្ម័គ្រ​ចិត្ត​កាត់​ប្រាក់​ខែ​៥០​ភាគ​រយ។ ចំណែក​ បុគ្គលិក​មួយ​ចំនួន​ទៀត​ធ្វើ​ការ​ត្រឹមតែ​ពី​៥០%​ ទៅ​៨០%​នៃ​ម៉ោង​ការងារ។​

អ្នក​ស្រី​លើក​ឡើង​ថា៖​ «ការ​ធ្វើ​ឲ្យ​បុគ្គលិក​ទទួល​បាន​ម៉ោង​ធ្វើការ​និង​ប្រាក់​ខែ ​១០០%​ វិញ​គឺ​ជា​អាទិភាព​ខ្ពស់​បំផុត»។ ​

បុគ្គលិក​ខ្លះ​អាច​ធ្វើ​ការ​បាន​ត្រឹម​ពី​៣០​ ទៅ​៥០​ ភាគរយ​នៃ​ពេល​វេលា​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ពី​មុន ​ដើម្បី​ទ្រទ្រង់​សណ្ឋាគារ​កុំ​ឲ្យ​បិទទ្វារ​ និង​ដើម្បី​ពួក​គេ​អាច​ទទួល​បាន​ប្រាក់​ខែ​បន្តិច​បន្តួច​ពី​ការងារ​នៅ​ទី​នេះ។​

កញ្ញា​ពេជ្រ កាន់ដាវ៉ាស៊ី​ដែល​ជា​បុគ្គលិក​ម្នាក់​ទៀត​នៃ​សណ្ឋាគារ​កូន​ដំរី​ និយាយ​ថា៖«សព្វ​ថ្ងៃ​នេះ​ អត់​ទេ​បង​ ខ្ញុំ​(ធ្វើការ)​ តែ​កន្លះ​ខែ​ទេ។ ​ ប្រាក់​ខែ​គោល​ខ្ញុំ​ ១៨០​ដុល្លារ​ កាត់​ពាក់​កណ្តាល​ នៅ​សល់​តែ​៩០ ​ដុល្លារ​ទេ​បង។​ប៉ះពាល់​ខ្លាំង​មែនទែន!​ ហើយ​ណា​មួយ​ពួក​ខ្ញុំ​ជំពាក់​អង្គការ!​ទើប​ចាប់​ផ្តើម​ជំពាក់​ ហើយ​ជំពាក់​ច្រើន​ទៀត។​ ពិបាក​មែនទែន!​ អត់​មាន​រក​វិធី​ណា​បាន​ដើម្បី​ដោះស្រាយ។ ​ប្រសិន​បើ​ អូតែល​នេះ​បិទ​គឺ​អស់! ​អស់​រលីង​ ហើយ​ចំណូល»។​

កញ្ញា​ ពេជ្រ កាន់ដាវ៉ាស៊ី ជា​បុគ្គលិកនៃ​សណ្ឋាគារ​កូន​ដំរី​ ដែល​នៅ​បន្ត​ដំណើរ​ការ​នៅ​ក្នុងអំឡុងពេលនៃ​វិបត្តសេដ្ឋកិច្ច​ដែល​កើតឡើង​ដោយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅខេត្ត​សៀមរាប​។​ (ខាន់ សុគុំមនោ​/វីអូអេ)

កញ្ញា​បន្ត​ថា៖ ​«អូតែល​នេះ​ បើ​និយាយ​ឲ្យ​ចំ​ទៅ​ មាន​ន័យ​សម្រាប់​ជីវិត​ខ្ញុំ​ខ្លាំង​បំផុត​ ​ ព្រោះ​អូតែល​ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​ដែល​គ្រួសារ​ខ្ញុំមាន​ចំពោះ។ ​ បើសិន​ជា​អូតែល​នេះ​បិទ​ គឺ​អស់​ហើយ។​ខ្ញុំ​អត់​មាន​ក្តី​សង្ឃឹម​អី​ទៀត​ទេ​បង​ គឺ​អត់​ដឹង​ធ្វើ​អី​ទេ»។​

នៅ​ពេល​ប្រឈម​មុខ​វិបត្តិ​កូវីដ១៩​នេះ​រដ្ឋាភិបាល​បាន​បន្ធូរ​បន្ថយ​ពន្ធ​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ដូច​ជា​សណ្ឋាគារ​ និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជា​ប្រាក់​ឈ្នួល​តិចតួច​ដល់​បុគ្គលិក​មួយ​ចំនួន​ប៉ុណ្ណោះ។​

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ លោក​ មាសសុខសេនសាន​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​លើក​លែង​ពន្ធ​ដល់​អាជីវ​កម្ម​មួយ​ចំនួន​រួច​ហើយ​ដើម្បី​ជា​ការ​សម្រាល​ក្នុង​ការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ពេល​នៃ​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩។​លោក​ថា​ សហគ្រាស​ធុនតូច​ និង​មធ្យម​ដែល​ចង់​បន្ត​អាជីវកម្ម​របស់​ខ្លួន​ នោះ​ ​អាច​ខ្ចី​ប្រាក់​មាន​អត្រា​ការ​ប្រាក់​សមរម្យ​ ដែល​ពួក​គេ​អាច​ឆ្លង​កាត់​ព្យុះ​ភ្លៀង​នេះ​បាន។​

បើ​ទោះ​បីជា​មាន​ការ​គាំទ្រ​ខ្លះ​ពី​រដ្ឋាភិបាល​ក្តី ​ក៏​ម្ចាស់​សណ្ឋាគារ​ និង​អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​នេះ​និយាយ​ថា​ ពួក​គេ​ត្រូវ​ការ​ការ​ជួយ​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល​ និង​អ្នក​ពាក់​ព័ន្ធ​ដើម្បី​ឲ្យ​ពួក​គេ​អាច​នៅ​បន្ត​អាជីវកម្ម​បាន ​ក្នុង​លក្ខខណ្ឌ​ត្រឹមតែ​អាច​រួច​ខ្លួន​ទប់​ទល់​ការ​ចំណាយ​ថ្លៃ​ដើម​ រហូត​ដល់​បញ្ហា​កូវីដ​ត្រូវ​បាន​ដោះ​ស្រាយ។​

វីអូអេ​ពុំអាច​ទាក់ទង​អគ្គិសនី​កម្ពុជា​បាន​ទេ​សប្តាហ៍​នេះ។

អ្នកស្រី​ IlanaTulloch​ មិន​ដឹង​ថា​អ្នកស្រី​អាច​ទប់ទល់​នឹង​ការ​ខាតបង់​បាន​យូរ​ប៉ុណ្ណា​ទៀត​នោះ​ទេ​ព្រោះ​សណ្ឋាគារ​កូន​ដំរី​ បាន​ប្រថុយ​ប្រថាន​បន្ត​ដំណើរ​ការ​ជា​ច្រើន​ខែ​មក​ហើយ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​ឆ្លង​សាកល​មួយ​នេះ។ ​

អ្នកស្រី​Ilana Tulloch ​និយាយ​ថា៖​ «ឥឡូវ​នេះ​ វា​កាន់តែ​ពិបាក​ទៅៗ។ ​ឥឡូវ​ យើង​ត្រូវតែ​ជំនះ​ និង​ត្រៀម​ជំនះ​ឧបសគ្គ​ផ្សេងៗ​ម្តង​ហើយ​ម្តង​ទៀត​ ដើម្បី​រស់។​ ខ្ញុំ​សង្ឃឹម​ថា ​ មិន​ដល់​ប្រាំ​មួយ​ខែ​ទៀត​ ​អ្វីៗ​នឹង​ចាប់​ផ្តើម​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ។​ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​យល់​ស្រប​ថា​យើង​កំពុង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ផ្សេង​ទៀត លុះណា​តែ​វ៉ាក់សាំង​ត្រូវ​បាន​រក​ឃើញ»៕​