ប្រជានេសាទ៖​ ប្រភេទ​ត្រី​ដែល​ត្រូវ​អភិរក្ស​បន្ត​បាត់​បង់​ ដោយសារ​បទល្មើស​នេសាទ​និង​ហេតុផល​ជីវភាព

រូបឯកសារ៖ ត្រីគល់រាំងត្រូវបានចាប់បាននៅទន្លេមេគង្គក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៧។ (រូបថតដោយ Zeb Hogan, Wonders of the Mekong)

ឃុំ​អូរគ្រាង​ស្រុក​សំបូរ ខេត្ត​ក្រចេះ — លោក​ ម៉ម ចេប​ បាន​ឡើង​ទូក​ទៅ​មើល​មង និង​លប​ដាក់​ត្រី​របស់​លោក ​ដែល​ដាក់​នៅ​តាម​ច្រាំង​ទន្លេ​មេគង្គ​ខ្សែ​ទឹក​ខាង​លើ​ នៅ​ចម្ងាយ​ប្រមាណ​ ៥ ​គីឡូ​ម៉ែត្រ ​ពី​ផ្ទះ​របស់​លោក​ ក្នុង​ភូមិ​កោះខ្ញែរ​ ឃុំអូរគ្រាង​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ។​ ត្រី​ដែល​ជាប់មង​និង​លប​ ហើយ​មាន​មិន​ដល់​បី​គីឡូក្រាម​ផង​នោះ​មិនមែន​ជាត្រី​ដែល​កម្រ​ ឬ​រង​ការ​គំរាម​កំហែងផុតពូជ​ទេ។​ វា​ជា​ប្រភេទ​ត្រី​ដែល​អាច​ចាប់​បាន​ នៅ​ក្នុង​ទឹក​រាក់ ​រួមមាន​ដូច​ជា​ត្រី​ឆ្លាំង ​ត្រី​កែ ​ត្រី​រាល ​និង​ត្រី​ក្អែក។​

អង្គុយ​នៅ​ផ្ទះ​របស់​លោក ​ដែល​ស្ថិត​នៅ​ជាប់​ទន្លេ​មេគង្គ ក្រោយ​ពេល​ជិះទូក​ដោះមង​ និង​ចុះ​លើក​លប​នៅ​ក្នុង​ទន្លេ ​អ្នក​នេសាទ​ វ័យ​៣៣​ឆ្នាំ​រូប​នេះ ​និយាយ​ថា ​វា​មិន​ងាយ​ស្រួល​ទេ ​ដើម្បី​ចាប់​ត្រី​កម្រ​ ឬ​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​នោះ។​

«ត្រី​ពិបាក​រក​មាន​ប្រភេទ​ដូច​ថា​ត្រី​ប៉ាវ៉ា​មុខ​ពីរ​ ក្អែក​ពូក​អីអ៊ីចឹង​ទៅណា៎!​ ក្អែក​ពូក​ ត្រី​ត្រសក់​ ត្រី​អី​ហ្នឹង​វា​ពិបាក​រក​ណាស់​ ព្រោះ​វា​នៅ​ទឹកជ្រៅ។​ យើង​មិន​អាច​យក​បាន​ទេ ​លប​ចាន់​ យើង​ដាក់​បាន​តែ​រាក់ៗ​ត្រឹម​ទ្រូង​ត្រឹម​ក​អី​ហ្នុង»។​

លោក ម៉ម ចេប ថ្លែង​ប្រាប់ VOA អំពីការ​ចាប់​ត្រី​ដោយ​ប្រើឧបករណ៍​ខុសច្បាប់​នៅ​ខេត្ត​ក្រចេះ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

លោក ម៉ម ចេប លើក​លបចាប់ត្រី​ ក្នុង​ទន្លេមេគង្គ ខេត្តក្រចេះ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

លោក​ ចេប​ និយាយ​ថា ​មាន​តែ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ហាម​ឃាត់​ប៉ុណ្ណោះ​ ដែល​អាច​ចាប់​ត្រី​ដែល​ជិត​ផុត​ពូជ ​និង​ត្រី​ដែល​រស់​នៅ​ក្នុង​ទឹក​ជម្រៅ​ពី ​៤០ ​ទៅ​ ៥០ ​ម៉ែត្រ។​

«យើង​ដាក់​លប​លែង​ត្រូវ។​ ពួកនោះ​វា​ឆក់​វាស្រូប​ច្រើន​ពេក ​ត្រី​វា​លែង​មក​ខាង​ចូល​លប​ចូល​ចាន់ ​យើង​...​អត់​មាន​ចូល​ទេ។ ​អត់​មាន​ចូល​ទេ វានៅតែ​ទឹកជ្រៅ។ វា​មិន​អាច​ចូល​ខាង​បាន​...​ណាមួយ​វា​ស្រូប​ខ្លាំង​ពេក។ ​វា​ចេះ​តែ​ស្បើយ​បន្តិច​ម្តងៗ»។​

លោក ​ទន បូ​ជា ​អ្នក​នេសាទ​ថ្មី​ថ្មោង​ កំពុង​ឈរ​នៅ​កៀន​ផ្ទះ​របស់​លោក ​ដែល​ស្ថិត​នៅ​ជាប់​នឹង​ទន្លេ​មេគង្គ​ខ្សែ​ទឹក​ខាង​លើ។​

លោក​បាន​ប្តូរ​ពីការ​ធ្វើ​ស្រែ​មក​នេសាទ​ត្រី​ នៅ​ក្រោយ​ការ​រៀប​អាពាហ៍​ពិពាហ៍។​ លោក​និយាយ​ថា​ចាប់​តាំង​ពី​លោក​នេសាទ​ដែល​បាន​ចាប់​ផ្តើម​មក​ប្រហែល​មួយ​ឆ្នាំ​នោះ លោក​មិន​ធ្លាប់​ចាប់​បាន​ត្រី​ដែល​កម្រ​ ហើយ​ប្រភេទ​ត្រី​ដែល​ចាប់​បាន​នោះ ​គឺ​ភាគច្រើន​ជា​ប្រភេទ​ត្រី​រាល​ និង​ត្រី​ក្អែក​ ដែល​អាច​លក់​បាន​ប្រមាណ​ពី​ ៥០០០​រៀល ​ទៅ ​៧០០០​រៀល ​ក្នុង​មួយ​គីឡូ។​

ភូមិ​កោះខ្ញែរ ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ​១០០ ​គីឡូម៉ែត្រ​ ពី​ទីរួម​ខេត្ត​ក្រចេះ។​ ទោះបី​មង​និង​លប​របស់​អ្នក​នេសាទ​លោក ម៉ម ចេប ​និង​លោក ​ទន បូ​ មិន​អាច​ចាប់​បាន​ត្រី​ដែល​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជក្តី​ ក៏​នៅ​ឯ​កន្លែង​លក់​ត្រី​នៅ​ផ្សារ​ផែលើ ​នៃ​ក្រុង​ក្រចេះ ​អ្នក​ដើរ​ទិញ​ត្រី​យក​ទៅ​បរិភោគ​យូរៗ​ម្តង ​នឹង​បាន​ឃើញ​ប្រភេទ​ត្រី​ទាំងអស់​នោះ។​

នៅ​ឯ​ផ្សារ​ផែ​លើ ​ក្នុង​ក្រុង​ក្រចេះ ​អ្នក​សារ​ព័ត៌មាន​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក បាន​ប្រទះ​ឃើញ​ត្រី​ខ្លា​ពីរ​ក្បាល ​ដែល​មួយ​ក្បាលៗ​ មាន​ទម្ងន់​ជាង​មួយ​គីឡូក្រាម​ ត្រូវ​បាន​គេ​យក​មក​ដាក់​លក់​ជា​មួយ​ប្រភេទ​ត្រី​ជា​ច្រើន​ផ្សេង​ទៀត​ កាលពី​ពាក់​កណ្តាល​ខែ​កក្កដា​កន្លង​ទៅ។ ​ក្នុង​នោះ ​ក៏មាន​ត្រីព្រួល​ផង​ដែរ។​ ត្រីព្រួល​ជា​ប្រភេទ​ត្រី​ដែល​ស្ថិត​ក្នុង​ប្រភេទ​ក្រុម​ងាយរង​គ្រោះនិងជិតផុតពូជ។​ ​ត្រី​ខ្លា​ក្នុង​មួយ​គីឡូ ​គឺ​អាច​មាន​តម្លៃ​ប្រមាណ ​៤​ម៉ឺនរៀ​ល។​ នេះ​បើ​តាម​តម្លៃ​ទិញ​ដូរ​នៅ​ផ្សារ​ផែលើ ​ក្នុង​ក្រុង​ក្រចេះ។​

អ្នកស្រី ​នាថ នី វ័យ​អាយុ​ ៥៣ ​ឆ្នាំ​ អ្នក​ដើរ​ទិញ​ត្រី​នៅ​ផ្សារ​ផែលើ និយាយ​ថា ​ត្រី​ដែល​រង​គ្រោះ​ថា្នក់ ឬ​ជិត​ផុត​ពូជ​នោះ​ កម្រ​ត្រូវ​បាន​គេ​ចាប់​បាន​យក​មក​លក់​ណាស់។ ​ហើយ​បើ​បាន​យក​មក​លក់​នោះ​ គឺ​ប្រភេទ​ត្រី​ទាំងអស់​នោះ​ មាន​តម្លៃ​ថ្លៃ​ជាង​ប្រភេទ​ត្រី​ដែល​សំបូរ ​ទោះបី​វា​ងាប់​ក៏​ដោយ។​

«ម៉្លោះ​ហើយ ​យើង​លែង​ម៉េច!​ យក​ទៅ​ឲ្យ​ហើម​ចោល? ​ហើយ​ណា​មួយ ​វា​បាន ​១០​ម៉ឺន។ ​ពូឯង​គិត​មើល​ មួយ​៣​គីឡូ​កន្លះ​...​ប៉ុន្មាន​ ហើយ​ពីរ​គីឡូ​ ៩​ម៉ឺន​ហើយ​នោះ។ ​ហើយ​មួយ​គីឡូ​កន្លះ​ទៀត? ​មិន​ជាង​១០​ម៉ឺន? ហើយ​ទៅ​បោះ​ចោល​ឯ​ណា ​បើ​ត្រី​ងាប់​ហើយ!​ មិនមែន​បន្ទោស​អ្នក​លក់​ទេ​ សំខាន់​អ្នក​រក។​ បើ​អ៊ីចឹងជលផល​គេ​ចុះ​តាម​ទន្លេ​ ទៅ​ហាម​ឃាត់។​ គេចាប់​គេចង​ទៅ​ វា​មិន​ហ៊ាន​រក​ គឺ​វា​អត់​ហើយ»។

«បញ្ហា​ការ​ប្រឈម​ការ​ធ្លាក់​ចុះ​ធនធាន​ជលផល​ដែល​គំហុក ​ពិសេស​គឺ​ប្រើ​ប្រាស់​ឧបករណ៍​បទ​ល្មើស​ ឆក់​ស្រូប​ហ្នឹង​ឯង ​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ធនធាន​របស់​យើង»

អង្គការ​ WWF ប្រចាំ​កម្ពុជា​បាន​រក​ឃើញ​ថា​ ត្រី​សំខាន់ៗ ​ដូច​ជា​ត្រី​គល់រាំង ​និង​ត្រី​ត្រសក់​ក្រហម​ ដែល​ជា​អម្បូរ​ត្រី​ជិត​ផុត​ពូជ​ ត្រូវ​បាន​គេ​បន្ត​ដាក់​លក់​នៅ​ទីផ្សារ​ ក្នុង​ខេត្ត​ក្រចេះ​ និង​ស្ទឹង​ត្រែង​ ហើយនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ​គ្រា​ដែល​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់​មាន​លក្ខណៈ​ធូរ​រលុង។​

អង្គការ​ការពារ​សត្វព្រៃ​មួយ​នេះ​ ទើប​តែ​បាន​បញ្ចប់​ការ​អង្កេត​ថ្មី​មួយ ​នៅ​តាម​ទីផ្សារ​លក់​ដូរ​ត្រី​ក្នុង​ខេត្ត​ក្រចេះ។ ​ការ​អង្កេត​ដែល​បាន​ធ្វើ​ឡើង ​ពីថ្ងៃទី​ ៧​ ដល់​ថ្ងៃទី​ ២៤ ​ខែ​មករា​ ឆ្នាំ​ ២០២០​ នេះ​ បាន​រក​ឃើញ​ថា​ ត្រី​សរុប​ចំនួន ​៣៥ ​ប្រភេទ ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គំរាម​កំហែង​ ដោយ​មាន​រាប់​បញ្ចូល​ត្រី​គល់​រាំង​ ត្រី​ខ្លា ​និង​ត្រី​ត្រចៀក​ដំរី​ មាន​ដាក់​លក់​នៅ​តាម​ផ្សារ​ត្រី ​ក្នុង​ខេត្ត​ក្រចេះ។​

អង្គការ​នេះ​បាន​អត្ថាធិប្បាយ​លើ​លទ្ធផល​អង្កេត​ក្នុង​ន័យ​ដើម​ថា៖​ «ការ​អង្កេត​ដោយ​ប្រើ​ពេល​សរុប​ចំនួន ​១៦ ​ថ្ងៃ​ បាន​កត់​ត្រា​ត្រី​ដែល​មាន​បរិមាណ​សរុប​ ៥៥៩៦ ​គីឡូក្រាម ​(ជា​មធ្យម ​៣១០​ គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ក្នុង​ចន្លោះ​ ៨៣ ​ទៅ ​៥៧៥ ​គីឡូក្រាម)​ មាន​ដាក់​លក់​នៅទីផ្សារ។​

លទ្ធ​ផល​នៃ​ការ​អង្កេត​បាន​បង្ហាញ​ថា​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ការ​ជួញ​ដូរ​ត្រី​នេះ ​គឺ​ចាប់​ផ្តើម​ពី​អ្នក​នេសាទ​ទៅ​កាន់​ឈ្មួញ​កណ្តាល ​បន្ទាប់​មក​ពី​ឈ្មួញ​កណ្តាល​ទៅកាន់​អ្នក​លក់​រាយ​ និង​ពី​អ្នក​លក់​រាយ​ទៅ​កាន់​អតិថិជន។​

ការ​អង្កេត​បាន​ពន្យល់​ទៀត​ថា​ ការ​ជួញ​ដូរ​ត្រីនេះ​ត្រូវ​បាន​គេ​ប្រមូល​ផ្តុំ​នៅ​ទីតាំង​ធំៗ​ចំនួន​បី​រួម មាន​នៅ​កោះ​ខ្ញែរ ​អូរម្រះ ​និង​ត្បូងខ្លា។​ ត្រី​ដែល​ត្រូវ​បាន​គេ​ប្រមូល​ទិញ​ពី​ទីតាំង​ទាំង​នេះ ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ទីផ្សារ ​នៅខេត្ត​ស្ទឹងត្រែង ​បន្ទាប់​មក​បញ្ជូន​ទៅ​ខេត្ត​រតនគិរី​ និង​បន្ត​ទៅ​ប្រទេស​វៀតណាម​ ហើយ​ដឹក​ជញ្ជូន​ទៅកាន់​ប្រទេស​ឡាវ​ ដោយ​កាត់​តាម​អន្លង់​ទឹក​ឈើ​ទាល​ និង​ទៅ​កាន់​ក្រុង​ភ្នំពេញ ​និង​ខេត្ត​សៀមរាប​តាម​រថយន្ត​ឈ្នួល។​

អង្គការ​ការពារ​សត្វព្រៃ​ WWF ​ប្រចាំ​កម្ពុជា ​បាន​ពន្យល់​ថា ​ត្រី​ដែល​ដាក់​លក់​នៅតាម​ផ្សារ​ក្នុង​ទីរួម​ខេត្ត​ក្រចេះ​ ត្រូវ​បាន​កត់​ត្រា​ដោយ​មាន​ទិន្នន័យ​ ដែល​ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​ទៅ​តាម​ស្ថានភាព​សត្វ​ទទួល​រងការ​គំរាម​កំហែង​របស់​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ ​IUCN​ និង​ច្បាប់​របស់​រដ្ឋបាល​ជលផល​កម្ពុជា​ ស្តីពី​ជលផល​និង​បញ្ជី​ប្រភេទ​ត្រី​រង​គ្រោះ។​

លោក​ អាន​ ហ៊ូ​ ប្រធាន​សហគមន៍​នេសាទ​ភូមិកោះ​ខ្ញែរ ផ្តល់​បទសម្ភាសន៍​ឲ្យ​វីអូអេ នៅ​ខេត្ត​ក្រចេះ ថ្ងៃទី​១៧ ខែ​កក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

លោក ​ឯម រ៉េត អាយុ​ ៣២ ឆ្នាំ​ គឺជា​អ្នក​ដើរ​ទិញត្រីនៅភូមិកោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ។ (ហ៊ុល​ រស្មី/វីអូអេ)

លោក ​អាន ហ៊ូ​ ប្រធាន​សហគមន៍​នេសាទ​ភូមិកោះ​ខ្ញែរ​ ធា្លប់​ចាប់​បាន​ត្រី​គល់​រាំង​ទម្ងន់​ប្រមាណ​ ១២​ គីឡូក្រាម​ កាល​ពីខែ​កុម្ភៈ​កន្លង​ទៅ។​ ដោយ​ខ្លាច​បាត់​បង់​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​នោះ​ លោក​បាន​សម្រេច​លែង​ត្រី​នោះ​ភ្លាមៗ​ ចូល​ទៅ​ក្នុង​ទន្លេ​វិញ។​

«ហើយ​ម្យ៉ាង​ក៏​ជាត្រី​ដែល​មេ​ពូជ ​ដែល​យើង​កំពុង​ថែរក្សា​អភិរក្ស​ខ្លាំងមែន​ទែន​ ព្រោះ​អី​ត្រី​គល់​រាំង​ ត្រី​រាជ​ហ្នឹង ​គឺ​ជា​ត្រី​ដែល​សំខាន់​សម្រាប់​គេ​ហៅ​ថា​ មេត្រី​ពូជ​ដែល​វា​ត្រូវ​គ្រប់​គ្រង​កូន​ត្រី​ចម្រុះ​ទាំង​អស់​ ដែលនៅ​ក្នុង​តំបន់​អភិរក្ស​របស់​យើង​ នៅ​ទន្លេ​មេគង្គ​នេះ​តែ​ម្តង»។​

ការ​អភិរក្ស​នៅ​តែជា​កិច្ចការ​លំបាក​មួយ​សម្រាប់​អ្នក​នេសាទ​ ដែល​មិន​ចង់​ឃើញ​ត្រី​ប្រភេទ​ជិត​ផុតពូជ​បាត់​បង់​ ពី​ទន្លេ​មេ​គង្គ​នៅ​កម្ពុជា​ ខណៈ​បទ​ល្មើស​នេសាទ​បន្ត​កើត​មាន ​ទោះបី​ជា​នៅ​ក្នុង​រដូវ​ហាម​ឃាត់​ការ​នេសាទ​ ដែល​ចាប់​ផ្តើម​នៅខែ​មិថុនាក្តី។​

«បញ្ហា​ការ​ប្រឈម​ការ​ធ្លាក់​ចុះ​ធនធាន​ជលផល​ដែល​គំហុក ​ពិសេស​គឺ​ប្រើ​ប្រាស់​ឧបករណ៍​បទ​ល្មើស​ ឆក់​ស្រូប​ហ្នឹង​ឯង ​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ធនធាន​របស់​យើង»។​

លោក​បន្ថែម​ថា​ ការ​អនុវត្ត​ច្បាប់​ជលផល ​មិន​អាច​បន្ត​ស្ថិត​ក្នុង​ភាព​ធូរលង់​តទៅ​បាន​ទេ​ ព្រោះ​ថា​ ប្រជា​ពលរដ្ឋ​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ​នៅ​ពេល​ដែល​ធនធាន​ត្រី​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ ដោយសារ​ការ​នេសាទ​ក្នុង​រដូវ​ហាម​ឃាត់ ​ឬ​ក៏​ការ​បន្ត​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នោះ។​

«សម្រាប់​ត្រី​ធំៗ​ គេ​មាន​ថៅកែ​គេមាន​អី​ សម្រាប់​ទាក់​ទងអ៊ីចឹងៗ ​គឺ​ខ្ញុំ​អត់​ដឹង។ ​ខ្ញុំបាន​តែត្រី​ធម្មតាៗ​ ត្រី​ស្រកា​ ត្រីតូចៗ​ លក់​តាម​ផ្លូវ​ទៅ!​ ណា​មួយ​ដល់​ខែ​ហ្នឹង​ គឺ​រដូវ​គេ​បិទ​នេសាទ»

អ្នក​នេសាទ​រូប​នេះ​ បាន​បន្ត​ថា ​អ្នក​នេសាទ​មួយ​ចំនួន​បាន​ដឹង​អំពី​ការ​អភិរក្ស​ត្រី​ ដែល​ជិត​ផុត​ពូជ​និង​រដូវ​ដែល​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​នេសាទ​ត្រី​ដែរ​ តែ​បញ្ហា​ជីវភាព​របស់​ពួក​គាត់​ ដែល​បាន​ផ្តេកផ្តួល​ខ្លាំង​លើ​ការ​នេសាទ ​ជាង​មុខ​របរ​ផ្សេង​ទៀត​ ដូច​ជា​ការ​ធ្វើ​ស្រែនោះ បាន​ក្លាយ​ជា​សម្ពាធ​មក​លើ​ធនធាន​ត្រី​ដែល​ជិត​ផុត​ពូជ។​

«ធម្មតា​ចង់​មិន​ចង់​លោក​គ្រូ​អើយ​ និយាយ​ឲ្យ​អស់​ គាត់​នៅតែ​បង្ខំ។​ បើ​នេសាទ​បាន​ ហើយ​បើ​មិន​រក​ឈ្មួញ​ យក​បណ្តោះ​ យក​កៀនកោះ​លក់​ចេញ​ទេ​...​គាត់​ត្រូវ​ការ​ចំណូល ​ត្រូវការ​ថវិកា​ សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​ហ្នឹង។​ អ៊ីចឹង​វា​....​វា​តិច​ច្រើន​ នៅតែ​មាន​បញ្ហា​ហ្នឹង»។​

នៅ​ក្នុង​ភូមិកោះខ្ញែរ​ គេ​សង្កេត​ឃើញ​មាន​អ្នក​ដើរ​ទិញ​ត្រី​ជា​លក្ខណៈ​គ្រួសារ​ នៅ​ពេល​ព្រឹក​ព្រលឹម​ដោយ​ដឹក​តាម​ម៉ូតូ​ ហើយ​អ្នក​រត់​តាក់ស៊ី​មួយ​ចំនួន​ក៏​បាន​ទទួល​យក​ត្រី​ទៅ​ចែក​ចាយ​បន្ត​នៅ​តាម​ទីផ្សារ។​

ដោយ​បាន​ផ្តើម​អាជីព​ជាអ្នក​ដើរ​ទិញ​ត្រី​នៅ​ភូមិ​កោះខ្ញែរ​ បាន​ប្រហែល​មួយ​ឆ្នាំ​នោះ​ លោក ​ឯម រ៉េត​ អាយុ​ ៣២ ​ឆ្នាំ ​បាន​និយាយ​ថា​ លោក​កម្រ​ទិញ​បាន​ប្រភេទ​ត្រី​ដែល​ហៀប​នឹង​ផុត​ពូជ។​

«សម្រាប់​ត្រី​ធំៗ​ គេ​មាន​ថៅកែ​គេមាន​អី​ សម្រាប់​ទាក់​ទងអ៊ីចឹងៗ ​គឺ​ខ្ញុំ​អត់​ដឹង។ ​ខ្ញុំបាន​តែត្រី​ធម្មតាៗ​ ត្រី​ស្រកា​ ត្រីតូចៗ​ លក់​តាម​ផ្លូវ​ទៅ!​ ណា​មួយ​ដល់​ខែ​ហ្នឹង​ គឺ​រដូវ​គេ​បិទ​នេសាទ»។​

លោក ​រ៉េត និយាយ​ថា ធនធាន​ត្រី​ខ្សោះ​មិន​ថា​ប្រភេទ​ត្រី​ជិត​ពូជ​ ឬ​ត្រី​ធម្មតា​នោះ​ទេ​ គឺ​បណ្តាល​មក​ពី​សកម្មភាព​នេសាទ​ខុស​ច្បាប់ ​ដូចជា​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ជា​ដើម។​ លោក​យល់​ថា ការ​សាងសង់​ទំនប់​វារី​អគ្គិសនី ​ក្នុង​អាង​ទន្លេ​មេគង្គ​ ក៏​ជា​ហេតុផល​សំខាន់​មួយ ​ដែល​ប៉ះពាល់​ដល់​ការ​បង្ក​បង្កើត​ត្រី​ នៅ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

«គួរតែ​បង្កើន​ការពារ​ឲ្យ​ប្រជាជន​ហ្នឹង ​ឲ្យ​ចេះ​ថែ​រក្សា ​ចេះ​ការពារ​ទាំង​អស់​គ្នា​ គ្រាន់​តែ​ថា ​ប្រជាជន​នៅ​ភូមិ​នេះ​តែ​ផុត​ត្រី​ទៅ ​ក៏​គ្នា​អត់​មាន​ការងារ​ទៅ​...​ត្រូវ​បាន​ផល​អី​មក​វិញ​ដែរ។ ​ខ្លះ​គេ​ពឹង​ផ្អែក​ទៅ​លើ​ការ​រក​ត្រី​អី​តិចតួច»។

ត្រី​ដែលចាប់បានពីទន្លេមេគង្គត្រូវបាន​ដាក់​លក់​នៅ​ជាប់ផ្សារ​សាមគ្គី ខេត្តស្ទឹង​ត្រែង​ ថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ​២០២០​។ (ហ៊ុល​ រស្មី/វីអូអេ)

ត្រី​ដែលចាប់បានពីទន្លេមេគង្គ ត្រូវបាន​ដាក់​លក់​នៅផ្សារ​ផែលើ​ ក្រុង​ក្រចេះ ខេត្តក្រចេះ ថ្ងៃទី​១៦ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

លោក ​អាន ហ៊ូ​ ប្រធាន​សហគមន៍​នេសាទ​ភូមិ កោះ​ខ្ញែរ​ យល់​ស្របថា​ ការកកើត​ទំនប់​វារីអគ្គិសនី​នៅ ក្នុង​តំបន់​ទន្លេ មេគង្គ​ជា​ហេតុផល​មួយ​ដែល​បាន​ធ្វើ​ឲ្យទិន្នផល​ត្រីស្ទើរ​គ្រប់ប្រភេទ​បាន​ថយចុះ​សម្រាប់​ប្រទេស​កម្ពុជា។ ​លោក​ថា ប្រភេទ​ត្រី​ដែល​នៅ​សំបូរ​នៅ​ឡើយ​ ក្នុង​ទន្លេ​មេគង្គ​ក្នុង​ដែន​ប្រទេស​កម្ពុជា​ គឺ​ជា​ប្រភេទ​ត្រី​ក្អែក ​ត្រីខ្យា ​ឯ​ត្រី​ដែល​ពិបាក​រក​បាន​គឺ​ប្រភេទ​ត្រី​កេះ​ ត្រីក្លាំងហាយ​ ត្រី​ត្រចៀក​ដំរី​ និង​ត្រី​ប៉ាវ៉ា​ជាដើម។​

នៅ​ខេត្ត​ស្ទឹងត្រែង ​អ្នក​នេសាទ​មួយ​ចំនួន​កំពុង​ចែវទូក​នេសាទ ​នៅ​លើ​ទន្លេ​មេគង្គ​ និង​ខ្លះទៀត​ធ្វើការ​នេសាទ​នៅ​តាម​ដៃ​ទន្លេ​សេសាន​ក្រោម​មួយ។

នៅ​ភូមិ​ស្រែ​តាចាន់​ ឃុំ​ច្រប​ ស្ថិត​នៅ​ជាប់​នឹង​ទន្លេ​សេសាន​ក្រោម​មួយ​ លោក​ ត្រេះ ណាត​ ជា​អ្នក​នេសាទ​ អះអាង​ថា​ លោក​កម្រ​បាន​ឃើញ​ត្រី​ជិតពូជ​ ដូច​ជា​ប្រភេទ​ត្រី​គល់រាំង ​ដោយ​ថា​ សព្វ​ថៃ្ង​នេះ​លោក​ចាប់​បាន​តែ​ត្រី​អណ្តែង​ កំពត ​ឆ្កែង ​ឆ្ពិន ​រាល​ខែ ​និង​ត្រី​លេញ​ ដែល​សុទ្ធ​តែ​ជា​ប្រភេទ​ត្រី​ដែល​សំបូរ​នៅ​ទីផ្សារ។​

«បួន​ឆ្នាំ​ហ្នឹង​អត់​ដែល​ឃើញ​ផង​បង​ត្រីហ្នឹង! ខ្ញុំ​ស្គាល់​ច្បាស់ ​តើ​ត្រីគល់​រាំង!​ ប៉ុន្តែ​អត់​តា​ហ្មង!​ មានតែ​ត្រី​អណ្តែង​ ត្រី​កំពត​ ត្រី​អី​ធម្មតាៗ​ ត្រីទីផ្សារ​យើង។ និយាយ​រួម​ចឹង​ហ្មង​ត្រី​ទីផ្សារ​ទូទៅ»។​

លោក​ថា ​បើទោះ​លោក​មិន​ដែល​ចាប់​បាន​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​នេះ​ក្តី​ ក៏​ការ​អភិរក្ស​គួរតែ​ត្រូវ​ធ្វើ​ឡើង​ដោយ​ហ្មត់​ចត់​ ដើម្បី​ជា​ប្រយោជន៍​ឲ្យកូន​ខ្មែរ​ជំនាន់​ក្រោយ ​អាច​ឃើញ​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ ដូចជា​ត្រីគល់​រាំង​នោះ​ជា​ដើម។​

«អ្នក​នេសាទ​ត្រី​ អ្នក​ទិញ​ត្រី​ និង​ឈ្មួញ​កណ្តាល​មិន​សូវ​យល់​ដឹង​អំពី​ច្បាប់​ស្តីពី​ជលផល​ និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​នានា ​ពាក់​ព័ន្ធ​នឹង​កិច្ច​ការពារ​និង​ការ​គ្រប់​គ្រង​ធន​ធាន​ជល​ផលទេ ជាពិសេស​ប្រភេទ​ជលផល​កំពុង​ទទួល​រង​ការ​គំរាម​កំហែង ​ដែល​យើង​ត្រូវ​រួម​គ្នា​អភិរក្ស​កុំឲ្យ​បាត់បង់»

បើ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចេញ​ផ្សាយ​ កាលពី​ខែ​សីហា ​ឆ្នាំ​២០១៩ ​ស្តីពី​ការ​កំណត់​ប្រភទ​ផល​ផលិត​ផល​ជលផល​ ដែល​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​ រួមមាន​ត្រី​និង​សត្វ​ក្រពើ​ ៣២​ ប្រភេទ ​ត្រូវ​បាន​កំណត់​ថា​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​កំពុង​រងគ្រោះ​ថ្នាក់។​ ចំពោះ​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​ រួម​មាន​ត្រី​តាពត​ ឬ​ត្រី​នាគ ​ត្រីថ្ក​ ត្រីបី​កំណាត់ ​ឬ​ត្រីខ្លា​ ត្រីកៀតស្រង់ ​ត្រី​គជ្រា​ ផ្សោត​ក្បាល​ត្រឡោក​ ត្រី​រាជ​ត្រីគល់​រាំង​ និង​ត្រី​ត្រសក់​ក្រហម​ ជាដើម។​

បើ​តាម​អនុក្រឹត្យ​ដដែល​«ត្រី​គល់រាំង​»​ ជា​ប្រភេទ​ត្រី​ «ដែល​ត្រូវ​បាន​កំណត់​ជា​និមិត្តរូប​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា»។​ ត្រី​នេះ​រស់​តាម​ដង​ទន្លេធំៗ​ និង​តំបន់​ទំនាប​ទន្លេមេគង្គ។​ វា​ជា​ប្រភេទ​ត្រីមាន​ទំហំធំ​រហូតដល់ ​២០០​ស.ម. ​និង​បម្លាស់​ទីឆ្ងាយ។​ ត្រីប្រភេទ​នេះ​ស៊ី​ស្លែ​វារីរុក្ខជាតិ​ និង​ផ្លែ​រុក្ខជាតិ​លិច​ទឹក​ ហើយ​វា​ពេញ​វ័យ​បន្ត​ពូជ​អាយុ​ ៧​ ឆ្នាំ​ និង​ពង​កូន​ ចាប់ពី​ខែ​មិថុនា​ដល់​ខែ​កក្កដា។​

បើ​តាម​ការ​អង្កេត​របស់​អង្គការ​ការពារ​សត្វព្រៃ​ WWF​ ប្រចាំ​កម្ពុជា ​«ត្រី​គល់​រាំង​និង​ត្រីត្រសក់​ក្រហម​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​ជិត​ផុតពូជ​ជាសកល ​និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ចំណែក​ឯ​ត្រីខ្លា​ ត្រីក្របី​ ត្រី​ត្រចៀក​ដំរី​ សុទ្ធ​សឹង​ជា​ប្រភេទ​កំពុង​រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

លោក​ សេង ទៀក​ នាយក​អង្គការ​ WWF ​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ការិយាល័យ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ ត្រី​ដែល​រក​បាន​ដោយ​កម្រ​គឺ​មាន​តម្លៃ​ខ្ពស់ ​ជាង​ប្រភេទ​ត្រី​ផ្សេង​ទៀត ​ដែល​គេ​អាច​ងាយ​រក​បាន​ពី​ទន្លេ​បឹងបួរ​នៅ​ក្នុង​ប្រទេស។​

«បើ​យើង​ពិនិត្យ​មើល​ជារួម​ ត្រីប្រភេទ​ត្រី​ជិត​ផុត​ពូជ​ហ្នឹង​ តម្លៃ​វា​ថ្លៃ​ដូច​ជា​ត្រី​គល់រាំង​អី​ជាដើម​ មួយ​គីឡូក្រាម វា​ប្រហែល​ជា​ជាង​ប្រាំម៉ឺន​រៀល​ នៅ​ទីផ្សារ​បាទ។​ តម្លៃ​វា​ថ្លៃ​ ហើយ​ខ្ញុំយល់​ថា ​បញ្ហា​ហ្នឹង​គួរ​ត្រូវ​តែ​ដោះ​ស្រាយ​ជា​បន្ទាន់។​ កាលណា​ត្រី​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ហ្នឹង ​វា​មាន​ដោយ​កម្រ​ ចាប់​បាន​ដោយ​កម្រវា​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​កាន់​តែ​ថ្លៃ»។​

លោក​បន្ថែម​ថា ​ទាំង​អ្នក​បរិភោគ​និង​អ្នក​នេសាទ​គួរងាក​មក​ប្រកាន់​ទម្លាប់​អភិរក្ស​ត្រី​ប្រភេទ​ជិតផុត​ពូជ​ទាំង​នេះ។​

«អ្នក​បរិភោគ​ត្រី​ទាំង​អស់​ហ្នឹង​ចាំបាច់​ត្រូវ​តែ​ផ្លាស់​ប្តូរ​អា​ឥរិយាបថ​ហ្នឹង ​អា​ការ​គិតហ្នឹង​ ហើយ​ពិសេស​ហ្នឹង​ គឺ​ប្រភេទ​ត្រី​ធំៗ​ ដែល​ជា​មេត្រី​ណា៎​ ដែល​មាន​ពង​មាន​អី​ហ្នឹង​ណ៎ា​ ហើយ​ដែល​រដ្ឋបាល​ជល​ផល​ហាម​ឃាត់​នៅ​ក្នុង​រដូវ​នេសាទ ​ហ្នឹង​ចាំបាច់​ ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន។​ អ្នកនេសាទ​ទាំង​អស់​ បើសិន​ជា​ចាប់​បាន​ប្រភេទ​ត្រី​ដែល​មាន​ពង​ជា​ត្រី​មេ​ហ្នឹង​ គួរ​តែ​លែង​គ្នា​ទៅ​ដែន​ធម្មជាតិ​វិញ​ ព្រោះ​វា​នឹង​ផ្តល់​ត្រី​រាប់​លាន​ជា​កូន​កូនតូចៗ​ហ្នឹង ​ដើម្បី​ឲ្យ​រីក​ធំ​ធាត់»។​

លោក​ សេង ទៀក នាយក​អង្គការ​ WWF-កម្ពុជា ផ្តល់​បទសម្ភាសន៍​ឲ្យ​វីអូអេ​ នៅទីក្រុងភ្នំពេញ ថ្ងៃទី​២៧ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

ប្រធាន​អង្គការ​នេះ​បាន​ស្តី​បន្ទោស​ថា ​បទ​ល្មើស​នេសាទ​ជា​ហេតុផល​ចម្បង​នាំ​ឲ្យ​អន្តរាយ​ដល់​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ផង​ដែរ។​

សកម្មភាព​នេសាទ​ខុសច្បាប់​បាន​កើន​ឡើង​ នៅ​ក្នុង​ដែន​អភរិក្ស​ដែល​ជា​តំបន់​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ឧបករណ៍​មួយ​ចំនួន។​ នេះ​បើ​តាម​របាយ​ការណ៍​ស្តីពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ​ខេត្ត​ក្រចេះ ​និង​ស្ទឹងត្រែង ​មន្រ្តី​ឆ្មាំ​ទន្លេ​ និង​អង្គការ​ WWF។​ ឧបករណ៍​ហាមឃាត់​ទាំង​នោះ ​រួមមាន​សំណាញ់​ មង​បណ្តែត​ មងកាំង ​សន្ទួច​រនង​ ឧបករណ៍​ឆក់​ និង​ថ្នាំ​បំពុល។​

បើ​តាម​របាយ​ការណ៍​ដដែល​នេះចំនួន ​«មង​នេសាទ» ​ដែល​ក្រុម​ការងារ​ដកហូត​បាន​ពី​ការ​បង្រ្កាប​បទល្មើស​ជល​ផល ​ក្នុង​ចន្លោះ​ខែ​ធ្នូ ​ឆ្នាំ​ ២០១៩ ​ដល់​ខែ​ឧសភា ​ឆ្នាំ​ ២០២០ ​បាន​កើន​ឡើង​ចំនួន ​៣៨ ​ភាគ​រយ​ ដែល​ប្រវែង​មង​ដក​ហូត​បាន​សរុប​មាន​ចំនួន​ «៣៩.១៦២​ម៉ែត្រ»​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​នៅ​ក្នុង​ឆ្នាំ​ ២០១៨​ និង​២០១៩ ​ដែល​មងដក​ហូត​បាន​មាន​ប្រវែង​សរុប​តែ​ «២៨.៤៣៥​ម៉ែត្រ»។​

ដូចគ្នា​នេះដែរ​ ការ​ប្រើ​ប្រាស់ ​«សន្ទួច​រនង»​ បាន​កើន​ឡើង​ចំនួន ​៤៦ ​ភាគ​រយ​ ដែល​ប្រវែង​«សន្ទួច​រនង»​ ដក​ហូត​បាន​ចន្លោះ​ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​ ដល់​ខែ​ឧសភា ​ឆ្នាំ​ ២០២០​ សរុប​មាន​ចំនួន ​«៣៧.០៤០​ម៉ែត្រ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ នៅ​ក្នុង​ឆ្នាំ​ ២០១៨ ​និង​ឆ្នាំ​ ២០១៩ ​មាន​ប្រវែង​ត្រឹម​តែ​ ២៥.៤៣៧​ ម៉ែត្រ​ប៉ុណ្ណោះ»។​

វីអូអេ​បាន​ព្យាយាម​សុំ​ជួប​ធ្វើ​បទ​សម្ភាសន៍​ផ្ទាល់​ពី​ក្រុម​មន្ត្រី​ជលផល​មួយ​ចំនួន​ នៅ​ក្នុង​ខេត្ត​ក្រចេះ ​និង​ស្ទឹងត្រែង​ តែ​ក្រុម​មន្ត្រី​អះអាង​ថា ​ពួក​គាត់​មាន​ធុរៈ។​

វីអូអេ​ក៏​មិន​អាច​សុំការ​អធិប្បាយ​ពី​លោក​ អេង ជាសាន​ ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា​បាន​ដែរ​ដោយសារ​ក្នុង​ពេល​ធ្វើ​សេចក្តី​រាយ​ការណ៍​នេះ អ្នក​យក​ព័ត៌មាន​បាន​ទាក់ទង​លោក​តាម​ទូរស័ព្ទជា​ច្រើនសារ​ តែ​លោក​មិន​លើក​ទូរស័ព្ទ។​

យ៉ាង​ណាក៏​ដោយ ​ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​អង្គការ​ការពារ​សត្វ​ព្រៃ ​WWF ​ប្រចាំ​កម្ពុជា​ ចេញផ្សាយ​កាលពី​ដើម​ខែ​កក្កដា ​ឆ្នាំ​ ២០២០​ លោក ​អេង ជាសាន​ លើក​ឡើង​ថា​ អ្នក​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​ជលផល​នៅ​មិន​ទាន់​បាន​យល់​ច្បាស់​អំពី​ច្បាប់​ការពារ​ធនធាន​ ដែល​កំពុង​ប្រឈម​គ្រោះថ្នាក់​នៅ​ឡើយ។​

ត្រី​ចាប់បាន​ដោយ​អ្នកនេសាទ​លោក ម៉ម​ ចេប​ ពី​ទន្លេមេគង្គ​នៅ​ខេត្ត​ក្រចេះ ថ្ងៃទី​១៧ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

ត្រីខ្លា​ត្រូវបាន​ដាក់​លក់​នៅផ្សារ​ផែលើ​ ក្រុងក្រចេះ ខេត្តក្រចេះ ថ្ងៃទី​១៦ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

លោក​ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖​ «អ្នក​នេសាទ​ត្រី​ អ្នក​ទិញ​ត្រី​ និង​ឈ្មួញ​កណ្តាល​មិន​សូវ​យល់​ដឹង​អំពី​ច្បាប់​ស្តីពី​ជលផល​ និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​នានា ​ពាក់​ព័ន្ធ​នឹង​កិច្ច​ការពារ​និង​ការ​គ្រប់​គ្រង​ធន​ធាន​ជល​ផលទេ ជាពិសេស​ប្រភេទ​ជលផល​កំពុង​ទទួល​រង​ការ​គំរាម​កំហែង ​ដែល​យើង​ត្រូវ​រួម​គ្នា​អភិរក្ស​កុំឲ្យ​បាត់បង់»។​

លោក​បន្ថែម​ថា៖​ «ខ្ញុំ​សូម​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បង្កើន​ការ​អប់រំ​ និង​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត ​ជូន​ដល់​ប្រជា​នេសាទ​និង​សហគមន៍​មូលដ្ឋាន​ ដែល​រស់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​ អំពី​ច្បាប់​ស្តីពី​ជល​ផល​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេង​ទៀត​ជា​ធរមាន​ ក៏ដូច​ជា​បំផុស​ស្មារតី​របស់​ប្រជាជន​ ឲ្យ​ចូលរួម​ការពារ​និង​ថែ​រក្សា​ធន​ធាន​ជលផល​កម្ពុជា​ កុំឲ្យ​បាត់​បង់​ ហើយ​បន្ត​លើក​ទឹកចិត្ត​ប្រជាជន ​ឲ្យ​ចាប់​យក​ជម្រើស​មុខ​របរ​ផ្សេង​ទៀត​បន្ថែម​ពី​លើ​ការ​នេសាទ»។​

អ្នក​ជំនាញ​កសិកម្ម​លោក​ សំ វិទូ​ អតីត​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​ CDAC​ យល់​ថា ការ​រឹត​បន្តឹង​ច្បាប់​ជលផល​និង​បទ​បញ្ញត្តិ​ពាក់ព័ន្ធ​នានា​ ជា​ការ​ចាំបាច់​ដើម្បី​អភិរក្ស​ពូជ​ត្រី​ដែល​ជិត​បាត់បង់។ ប៉ុន្តែ​លោក​ថា​ ការ​អនុវត្ត​ច្បាប់​ជួន​កាល​ប្រឈម​នឹង​ឧបសគ្គ​ ដោយ​សារ​កង្វះ​មធ្យោបាយ ​និង​ធនធាន​មនុស្ស។​

«ការ​អនុវត្ត​ច្បាប់​ ឬ​ការ​ចុះ​ចាប់​ ឬ​ក៏​អីៗ​ហ្នឹង ​វា​រាង​ពិបាក​ក្នុង​ការ​ធ្វើ​ដែរ​ ហើយ​យើង​ក៏​មិន​អាច​បន្ទោស​គាត់​បាន​ដែរ។​ មធ្យោបាយ​ចង់​និយាយ​ថា ​រួមទាំង​មធ្យោបាយ​ រួម​ទាំង​ធនធាន​មនុស្ស​ចំនួន​មនុស្ស​ទៅ​ចុះ​ទៅ​បង្ក្រាប ​ឬ​ក៏​អី​ហ្នឹង​វា​មាន​តិចតួច»។​

លោក​បន្ថែម​ថា៖​ «ជួន​កាល​ខ្ញុំ​ឃើញ​ហើយ​ធ្លាប់​មាន​ការ​បាញ់​ត​គ្នា​រវាង​អ្នក​នេសាទ​ខុស​ច្បាប់​អីហ្នឹង។យើង​មិន​និយាយ​នេសាទ​ជា​លក្ខណៈ​គ្រួសារទេ។ ​អ្នក​នេសាទ​ខុស​ច្បាប់​អីហ្នឹង​ បាញ់​ត​ជា​មួយ​សមត្ថកិច្ច​អី​ហ្នឹង ​អាហ្នឹង​សុទ្ធ​តែ​ជា​ជារឿង ​ដែល​ធ្វើ​ឲ្យមាន​ការ​ពិបាក​ដែរ​ណ៎ា។​ ប៉ុន្តែ​ ខ្ញុំ​មិន​និយាយ​ថា​ទេ​អ៊ីចឹង​យើង​ត្រូវ​បណ្តោយ​ទេ​ យើង​ត្រូវ​មាន​វិធាន​ការ​ អាច​មាន​វិធានការ​ផ្សេង​ទៀត​ ដើម្បី​ធ្វើ​យ៉ាង​ណាកុំ​ឲ្យមាន​ការ​ចរាចរណ៍ ​ឬក៏​ការ​លក់​ដូរ​នូវ​ផលិត​ផល​ទាំង​ហ្នឹង​នៅ​លើ​ទីផ្សារ​អីអ៊ីចឹង​ ព្រោះបើ​អត់​មាន​អ្នក​ទិញ ​ប្រហែល​ជា​អត់​មាន​អ្នក​លក់​ដែរ»។​

«បើ​យើង​ដូច​ថា​លក្ខណៈ​គ្រួសារ ដូចលោក​គ្រូ​ទៅ​មើល​មិញ ​ខ្ញុំ​លើក​លប​មិញ ​បើ​ថា​ កុំ​ឲ្យ​មាន​បទ​ល្មើស​កើត​ឡើង​ រក​ ៣០ ​ឆ្នាំ​ ៤០ ​ឆ្នាំ​ទៀត​ ក៏វា​មិន​ទាន់​ផុតពូជ​ដែរ​ ប្រភេទ​ត្រីយើង​ហ្នឹង​ ព្រោះ​ត្រី​វា​ទឹក​ជ្រៅ​តំបន់​ថ្ម​ មាន​រោង​មាន​រន្ធ»

ទោះ​យ៉ាងណា​ អ្នក​ជំនាញ​កសិកម្ម​រូប​នេះ​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​ដាក់​ទោសទណ្ឌ​ឲ្យ​បាន​ធ្ងន់​ ទៅ​លើ​ជន​ដែល​ល្មើស​ និងការ​ហាម​ឃាត់​តាម​ការ​បន្ត​ចរាចរណ៍​ទិញ​ដូរ​ត្រី​ប្រភេទជិត​ផុតពូជ​ និង​បង្កើន​ការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​ ដោយ​ការ​ដំឡើង​ផ្ទាំង​ប៉ាណូ​ធំៗ​ បង្ហាញ​ពី​ប្រភេទ​ត្រី​ដែល​ត្រូវ​អភិរក្ស​បន្ថែម​ពីលើ​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ ដែល​ពលរដ្ឋ​មិន​សូវ​យក​ចិត្តទុក​ដាក់​ទស្សនា​នោះ។​

«តំបន់​ណា​ខ្លះ​ដែល​ជា​តំបន់​នេសាទ​ ហើយ​មាន​ពពួក​ប្រភេទ​ត្រី​ដែល​នឹង​ត្រូវ​អភិរក្ស​ ត្រីដែល​ជិត​ផុត​ពូជ​អីហ្នឹង​ហើយ​ ហើយ​យើង​អាច​ដាក់​ជា​ធ្វើ​ជា​ប៉ាណូ​ធំៗ​ ហើយ​ផ្សព្វផ្សាយ​ហើយ​យើង​ឧស្សាហ៍​ដាក់​វា​ឲ្យ​ថ្មី​ ព្រោះ​យើង​ឃើញ​ហើយ​ប៉ាណូ​ផ្សព្វ​ផ្សាយ​ខ្លះ​ សម្រាប់​ការ​អភិរក្ស​ត្រី​សម្រាប់​អីៗ​ហ្នឹង​ គឺ​យើង​ឃើញ​វា​ចាស់ៗ​ ពេល​ខ្លះ​មើល​មិន​ឃើញ​ អីចឹង​ទៅណ៎ា!​ អ៊ីចឹង​ទាក់​ទង់​អា​ការណ៍​អស់​ហ្នឹង​ គឺ​អាច​ជួយ​ក្រើន​រំឭក​គាត់»។​

លោក​បន្ថែម​ទៀត​ថា ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ទុន​ដល់​អ្នក​នេសាទ​ដែល​ចាប់​ត្រី​ដែល​កម្រ​បានជា​ថ្នូរ​ទៅ​នឹង​ការ​លែង​ត្រី​កម្រ​នោះ​ចូល​ទៅ​ទន្លេ​វិញ​ អាច​ជា​ជម្រើស​ល្អប្រសើរ​មួយ​ទៀត​ ដើម្បី​អភិរក្ស​ត្រី​ដែល​ជិតផុត​ពូជ​ ដូច​ជា​ត្រី​គល់រាំង​ដែល​លោក​អះអាង​ថា​ ពេល​ខ្លះ​ត្រី​ប្រភេទ​នេះ​មាន​ទង្ងន់​រាប់​រយ​គីឡូក្រាម​ ត្រូវ​គេ​រាយ​ការណ៍​ថា​ បាន​លក់​ឲ្យ​ប្រទេស​ជិត​ខាង។​

«ឧទាហរណ៍​ថា ​យើង​មាន​បិទ​ប្រកាស​ទៅ​ថា​ តំបន់​ដែល​ត្រូវ​នេសាទ​ហើយ​ បើ​សិន​ជា​ចាប់​បាន​ប្រភេទ​ត្រី​នេះ​ ត្រីនោះ​ អាច​រដ្ឋាភិបាល​ ឬ​ក៏​ជល​ផល​នឹង​មាន​ប្រាក់​អីហ្នឹង​ ដើម្បី​ឲ្យ​គាត់​លែង​ទៅវិញ​អីអ៊ីចឹង​ណ៎ា​ អាហ្នឹង​គឺ​អាច​ធ្វើ​បាន ​ឬក៏ពេល​ដែល​វា​បើ​សិន​ជា​វា​ជាប់​សំណាញ់​ តាម​រយៈ​ការ​នេសាទ​ជាលក្ខណៈ​គ្រួសារ ​ហើយ​វា​ងាប់​អាហ្នឹង​ ក៏​យើង​អត់​ដឹង​ធ្វើ​ម៉េច​ដែរ​ ព្រោះ​វា​វា​ជា​ការ​ចៃដន្យ»។​អ្នក​នេសាទ​នៅ​ភូម​កោះ​ខ្ញែរ​ លោក​ ម៉ម ចេប ​និយាយ​ថា ​បើសិន​ជា​មាន​ការ​តាំងចិត្ត​មុតមាំ​របស់​រដ្ឋាភិបាល​ ទប់​ស្កាត់​លែង​ឲ្យមាន​បទ​ល្មើស​នេសាទ​ នោះផលត្រី​ដែល​ជិត​ផុត​ពូជ​និង​ប្រភេទ​ត្រី​ទូទៅ​ នឹង​មាន​កំណើន​ឡើង​វិញ​ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ក៏​មិន​ខ្វះត្រី​ហូប​ទៅ​រយៈ​ពេល​ ៣០ ​ទៅ ​៤០ ឆ្នាំ​ទៀត​ដែរ។​

«បើ​យើង​ដូច​ថា​លក្ខណៈ​គ្រួសារ ដូចលោក​គ្រូ​ទៅ​មើល​មិញ ​ខ្ញុំ​លើក​លប​មិញ ​បើ​ថា​ កុំ​ឲ្យ​មាន​បទ​ល្មើស​កើត​ឡើង​ រក​ ៣០ ​ឆ្នាំ​ ៤០ ​ឆ្នាំ​ទៀត​ ក៏វា​មិន​ទាន់​ផុតពូជ​ដែរ​ ប្រភេទ​ត្រីយើង​ហ្នឹង​ ព្រោះ​ត្រី​វា​ទឹក​ជ្រៅ​តំបន់​ថ្ម​ មាន​រោង​មាន​រន្ធ»៕