ថៅកែរោង​ចក្រ​ស្នើ​ឲ្យ​ក្រសួង​ការងារ​ពិនិត្យ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ

រូបឯកសារ៖ កម្មករ​ធ្វើ​បាតុកម្ម​នៅ​ខាងមុខ​សមាគម​រោង​ចក្រ​កាត់​ដេរ​​នៅ​កម្ពុជា​ហៅកាត់​ថា​ GMAC នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៣។

ក្នុង​លិខិត​នោះ​ លោក ខេន លូ​​ អគ្គលេខាធិការ​សមា​គម​​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​​បញ្ជាក់​ថា ខាង​និយោជក​មាន​លទ្ធភាព​តម្លើង​ប្រាក់​ឈ្នួល​ត្រឹម​តែ​​ ៤,២​ ដុល្លា​បន្ថែម​តែ​ប៉ុណ្ណោះ។ ពោល​គឺ​តម្លើង​ពី១៤០ ដុល្លា​ក្នុង​ឆ្នាំ២០១៦​នេះ ​ឲ្យ​បាន​ដល់​១៤៤,២​ ដុល្លា​សម្រាប់​ឆ្នាំ២០១៧។

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់ថា​ ​GMAC ​កាល​ម្សិលមិញ​នេះ​ បាន​ផ្ញើរ​លិខិត​មួយ​ច្បាប់​ជូនលោកអ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ដោយ​បាន​បង្ហាញ​ពី​គោល​ជំហរ​របស់​ថៅកែ​រោងចក្រ​ថា​ អាច​មាន​លទ្ធ​ភាព​ផ្តល់​ឲ្យ​កម្មករ​នូវប្រាក់​ឈ្នួល​អប្បបរមា​ត្រឹម​តែ​១៤៤,២ដុល្លារ​ប៉ុណ្ណោះ។​

ការ​បញ្ជាក់​ពី​ជំហរ​នេះកើត​មានឡើង​ ក្រោយ​ពី​ក្រុម​សហជីព​តំណាង​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ និងស្បែក​ជើង​បាន​បង្ហាញ​ចំនួន​ប្រាក់​ខែ​អប្បបរិមា១៧៩,៦​ដុល្លារសម្រាប់​ការ​ចរចានៅ​ថ្ងៃ​ស្អែក​ជាមួយ​ភាគី​រដ្ឋាភិបាល​និង​ភាគី​ម្ចាស់​រោងចក្រ។​

លិខិត​របស់​សមាគម​រោងចក្រ​ត្រូវ​បាន​ផ្ញើរ​ចេញ​ពីរ​ថ្ងៃ​ មុន​ថ្ងៃ​ប្រជុំ​ត្រី​ភាគី​ចរចា​អំពី​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់​ឆ្នាំ​២០១៧ ​ដោយមាន​ភាគី​តំណាង​កម្មករ រាជរដ្ឋាភិបាល​ និង​តំណាង​និយោជក។​

ក្នុង​លិខិត​នោះ​ លោក​ខេន លូ អគ្គលេខាធិការ​សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជាបញ្ជាក់​ថា​ ខាង​និយោជក​មាន​លទ្ធភាព​ដំឡើងប្រាក់​ឈ្នួល​ត្រឹម​តែ៤,២​ដុល្លារបន្ថែម​តែ​ប៉ុណ្ណោះ​ ​ពោល​គឺ​ដំឡើងពី​១៤០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​នេះ ​ឲ្យ​បាន​ដល់​១៤៤,២ដុល្លារ​សម្រាប់​ឆ្នាំ​២០១៧។​

ការ​ដំឡើង​នេះ​គឺមាន​ចំនួន​តិច​ជាង​ចំនួន​ដែល​តំណាង​កម្មករ​ធ្វើការ​ទាមទារ​ប្រមាណ៣៥​ដុល្លារ។​

លិខិត​នោះ​បញ្ជាក់​ហេតុផល​ថា ​វិស័យ​កាត់​ដេរ​កំពុង​តែ​ប្រឈម​នឹង​ស្ថានភាព​មិន​ល្អ ​ដូចជា​ការ​ធ្លាក់​ចុះ​នៃ​អ្នក​បញ្ជា​ទិញ អាត្រា​កំណើន​នៃ​ទឹក​ប្រាក់​ ការនាំ​ចេញ​ធ្លាក់​ចុះ​ និង​ការ​ប្រឈម​នឹង​កំណើន​នៃ​ការ​បិទ​រោង​ចក្រ​ជាដើម។​

ប៉ុន្តែ​លោក​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ខាង​និយោជក​តែង​តែ​បង្ហាញឆន្ទៈ​មិន​ចង់​ដំឡើងប្រាក់​ឈ្នួល​តាម​តម្រូវ​ការ​របស់​កម្មករ​ ព្រោះ​ទឡ្ហីករណ៍​ដែល​លើក​ឡើងដោយ ​GMAC ​ពុំ​បាន​បង្ហាញ​នូវ​ភាព​ជាក់​ស្តែង​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​នោះឡើយ។​

រីឯ​លោក​ប៉ាវ ស៊ីណា ​ជា​ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា ​និង​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​១៦​រូប​ក្នុង​គណៈ​កម្មការ​ពិសេស​សម្រាប់​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​២០១៧​ បាន​ប្រាប់​ VOA ថា​ ការ​សម្តែង​នូវ​ចេតនា ​និង​ឆន្ទៈ​ក្នុង​ការ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​ពី​សំណាក់​ថៅកែ​រោង​ចក្រ​ មុន​ការ​ចរចា​នេះ​ ជាសញ្ញាវិជ្ជ​មាន​មួយ​ ​ពីព្រោះ​ជា​រៀងរាល់​ឆ្នាំ ​ខាងថៅ​កែ​រោង​ចក្រ​មិន​ដែល​បង្ហាញ​គោល​ជំហរ​ក្នុង​ការ​ដំឡើង មុនពេលចរចា​ និង​ប្រជុំ​ត្រី​ភាគី​បែប​នេះឡើយ។​

លោក​បន្ថែម​ថា ​បើ​ទោះ​ជា​សហជីព​មួយ​ចំនួន​បង្ហាញ​ពី​គោល​ជំហរ​ផ្សេង​ពី​ ១៧៩,៦​ដុល្លារ​ ដូចជា​១៨៣​ដុល្លារ​ជាដើម​ ក៏​ការ​ចរចាថ្ងៃ​ស្អែក​នេះ​ ចំនួន​១៧៩,៦​ដុល្លារ​នោះ​ជា​ចំនួន​សម្រេច​មួយ​ពី​តំណាង​សហ​ជីព។​ លោក​អះអាង​ថា​ ចំនួន​នេះ​ជា​ចំនួនដែល​ជាក់លាក់​តាម​ការ​ស្រាវ​ជ្រាវ​ពី​ទិន្នន័យ​រដ្ឋាភិបាល។​

កំណើន​នៃ​ការ​កើនឡើង​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​ការ​កើនឡើង​ជា​លំដាប់។​

មុនឆ្នាំ​២០១៣ ​ប្រាក់​ឈ្នួល​អប្បបរិមា​របស់​កម្មករ​រោងចក្រ​មាន​ចំនួន​១០០​ ដុល្លារ។​ ប្រាក់​ឈ្នួល​បាន​កើនឡើង​ បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា​ និង​អហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​ និង​រង​របួស។ យ៉ាង​ហោចណាស់​មាន​កម្មករ​៥​នាក់​ស្លាប់​ក្នុង​បាតុកម្ម​ធំ​មួយ​នា​ឆ្នាំ​២០១៣​ ក្នុង​កំឡុង​ពេល​បាតុកម្ម​ទាម​ទារ​ការ​ដំឡើងប្រាក់​ឈ្នួល។​ ​ក្រោយ​ការ​ចរចា​ឆ្នាំ​២០១៤ ​និង​២០១៥ ​ប្រាក់​ឈ្នូល​អប្បបរមា​កម្មករ​ត្រូវបាន​ដំឡើងមួយ​កម្រិត​ទៀត​គឺពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ។​ កម្មករ​នៅ​តែ​ត្អូញ​ត្អែរ​ថា​ ចំនួន​នេះមិន​អាច​ឲ្យ​ពួក​គេ​រស់​បាន​ក្នុង​សេចក្តី​ថ្លៃថ្នូរ​ និង​សមរម្យ​នោះ​ទេ៕​