វ៉ាស៊ីនតោន៖ តំណាងសហគមន៍អឺរ៉ុបប្រចាំកម្ពុជាចង់ឃើញមេដឹកនាំគណបក្សជំទាស់លោក សមរង្ស៊ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសចូលរួមក្នុងឆាកនយោបាយកម្ពុជាដោយបានសង្កត់ធ្ងន់ពីសារៈប្រយោជន៍ដល់នយោបាយរបស់ប្រទេស។
ក្តីក្តាំតុលាការរឿងពាក់ព័ន្ធនឹងការដកបង្គោលព្រំដែនដែលឈានទៅដល់ការកាត់ទោសកំបាំងមុខឲ្យលោក សម រង្ស៊ីជាប់គុក១២ឆ្នាំនោះបានរារាំងមិនឲ្យ លោក សម រង្ស៊ីចូលមកកាន់ប្រទេសកម្ពុជា ដើម្បីរៀបចំការបោះឆ្នោតនានា ប្រកួតប្រជែងនឹងគណបក្សគ្រប់គ្រងប្រទេសគឺគណបក្សប្រជាជនកម្ពុជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក រ៉ាហ្វាអែល ដូចាវ ម៉ូរ៉េណូ (Rafael Dochao Moreno) ភារៈធារីនៃគណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជាបានថ្លែងប្រាប់វីអូអេតាមរយៈសារអេឡិចត្រូនិកថា៖
«យើងជឿថានយោបាយកម្ពុជានឹងមានផលប្រយោជន៍ពីការបន្តចូលរួមពាក់ព័ន្ធរបស់គាត់(សម រង្សី)នៅថ្ងៃអនាគត»។
ការថ្លែងយ៉ាងដូច្នេះដោយបញ្ជាក់ថាលោក សម រង្ស៊ីមានតួនាទីយ៉ាងលេចធ្លោ ក្នុងនយោបាយកម្ពុជាតាំងពីប្រទេសនេះបានវិលត្រឡប់ទៅកាន់របបនយោបាយប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩៣ម្ល៉េះ។
លោក ម៉ូរ៉េណូអះអាងថា៖
«រាល់អ្នកនយោបាយដែលបំពេញតាមលក្ខណៈ សម្បត្តិច្បាប់ដើម្បីក្លាយជាបេក្ខ ជនក្នុងពេលបោះឆ្នោតនានា ជាការណ៍ពិតគួរត្រូវអនុញ្ញាតឲ្យមានការចូលរួម»។
ក្រុមអ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាបានអះអាងថាការបោះឆ្នោតមួយនឹង មិនមានដំណើរទៅមុខតាមលក្ខណៈគតិយុត្តិពេញលេញទេប្រសិនបើគ្មានមេដឹកនាំគណបក្សជំទាស់ចូលរួមតាមដំណើរការប្រជាធិបតេយ្យ។
លោក ស្រី ជា វណ្ណាតអ្នកវិភាគក្នុងប្រទេសកម្ពុជានិងជាអតីតនាយិការមជ្ឈ មណ្ឌលអភិវឌ្ឍន៍សង្គមបានថ្លែងថាទោះជាការបោះឆ្នោតមានភាពត្រឹមត្រូវ សុចរិត យុត្តិធម៌យ៉ាងណាក៏ដោយក៏ឃើញថា មិនពេញលក្ខណៈដោយសារមិនមានវត្តមានរបស់មេដឹកនាំគណបក្សសម រង្ស៊ីផងហើយការបោះឆ្នោតនោះនឹងត្រូវបង្ហាញថាគណបក្សមួយមានប្រៀបជាងគណបក្សមួយ។
«ហើយបើកាលណាក្នុងការឃោសនាបោះឆ្នោត គណបក្សមួយមានប្រៀបជាង គណបក្សមួយ ម្ល៉ោះហើយលទ្ធផល អាចថាមានលទ្ធផលខុសគ្នាដោយសារ ដំណើរការឃោសនាបោះឆ្នោតហ្នឹងមិនស្មើភាពគ្នា»។
គណបក្សសម រង្ស៊ីជាគណបក្សជំទាស់ធំជាងគេក្នុងប្រទេសកម្ពុជា ដែលទទួល បានអាសនៈ២៦ក្នុងរដ្ឋសភាកាលពីការបោះឆ្នោតឆ្នាំ២០០៨ បើប្រៀបធៀបនឹង
គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ៩០ ក្នុងចំណោមអាសនៈសរុបក្នុង រដ្ឋសភាចំនួន១២៣។
លោក សម រង្ស៊ីត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក១២ឆ្នាំក្រោយពេលដែល លោកបានដកបង្គោលព្រំដែនកម្ពុជា-វៀតណាមដែលពលរដ្ឋបានមកប្តឹងរូបលោកថាអាជ្ញាធរ វៀតណាមបានដាំបង្គោលនៅលើដីស្រែរបស់កសិករ។ ប៉ុន្តែប្រទេសវៀត ណាម បានបដិសេធហើយបានស្នើសុំឲ្យចាត់វិធានការផ្លូវច្បាប់ចំពោះលោកសម រង្ស៊ី។
តាមច្បាប់បោះឆ្នោតជនដែលមានបទល្មើសមិនអាចឈរឈ្មោះជាបេក្ខជនបានទេ ក៏ប៉ុន្តែលោក សម រង្ស៊ីបានអះអាងថាក្តីក្តាំលោកជាករណីនយោបាយអាចនឹងដោះស្រាយតាមផ្នែកនយោបាយមុនការបោះឆ្នោតឈានមកដល់។
លោក ជៀម យាប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានិងជាអ្នកតំណាង រាស្ត្របានអះអាងថាករណីលោកសម រង្សីគឺច្រកចេញអាចមាន គឺត្រូវធ្វើតាមច្បាប់អាចនាំទៅដល់ការលើកលែងទោសដែលសភាត្រូវធ្វើ និងតាមសំណើនាយករដ្ឋមន្ត្រីទៅកាន់ព្រះមហាក្សត្រលើកលែងទោស។
«យើងមិនមែនចង់ឲ្យខ្មែរបែកបាក់គ្នានោះទេ ឲ្យខ្មែរមើលមុខគ្នាមិនត្រង់នោះទេ ប៉ុន្តែក្នុងកាលៈទេសៈខ្លះគឺថាយើងត្រូវតែសម្របសម្រួលមិន ថាឲ្យទៅធ្វើខុសនោះទេ»។
លោក ជៀម យាបបានចាត់ទុកការដកបង្គោលព្រំដែននិងការផ្សព្វផ្សាយ ឯកសារព្រំដែនជាទង្វើធ្ងន់ធ្ងរក្រៅពីបានបញ្ជាក់ថាលោក សម រង្ស៊ីគួរជ្រើស យករបៀបប្រឆាំងផ្សេងវិញ ក៏ប៉ុន្តែលោក សម រង្ស៊ីធ្លាប់អះអាងថាលោកគ្រាន់ តែបំពេញតួនាទីរបស់លោកក្នុងកិច្ចការការពារបូរណភាពដែនដីនិងជួយប្រជាពលរដ្ឋដែលមកប្តឹងលោក។
លោក ហង្ស ឆាយានាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានអះអាងថាដៃគូនយោបាយគួរត្រូវពិភាក្សាគ្នាតាមបែបប្រជាធិបតេយ្យដើម្បីឲ្យមេដឹកនាំប្រឆាំងដែលពលរដ្ឋបោះឆ្នោតជូនផងនោះបានចូលរួមក្នុងការបោះឆ្នោត។ លោកឆៃយាបានអះអាងថាបើពុំដូច្នោះទេមិនអាចចាត់ទុកថាកម្ពុជាជាប្រទេសប្រជាធិបតេយ្យទេ។
«ហើយអ្នកដឹកនាំទាំងអស់ដែលបានជ្រើសទៅបោះឆ្នោតនោះគឺថាត្រូវធ្វើការរួមគ្នាដើម្បីដឹកនាំប្រទេស បើមួយបែកនៅក្រៅប្រទេសធ្វើការហ្នឹងម៉េចបាន? ម្ល៉ោះហើយ រឿងនេះហើយដែលហៅថាលទ្ធិប្រជាធិបតេយ្យដែលយើងចង់ឲ្យបាន មានការពេញលេញ មានការពិគ្រោះគ្នា មានការពិភាក្សាគ្នា បើមួយជាគណបក្សប្រឆាំងដែលប្រជាជនស្រឡាញ់ ប្រជាពលរដ្ឋបានបោះឆ្នោតឲ្យ ហើយគាត់ នៅក្រៅប្រទេសគាត់ធ្វើការម៉េចកើត»។
លោក ឆៃយាបានបន្តថាអ្នកនយោបាយគួរចាប់ផ្តើមធ្វើឲ្យស្ថានការណ៍ប្រសើរវិញហើយពុំគួរទុកឲ្យស្ថានការណ៍បាក់បែកបន្តអូសបន្លាយពេលយូរតទៅទៀតទេ។
«ត្រូវតែមានការយោគយល់គ្នាទៅវិញធ្វើយ៉ាងណាដើម្បីឲ្យបានប្រទេសកម្ពុជាយើងហ្នឹងផ្នែកដឹកនាំហ្នឹងផ្នែកនយោបាយហ្នឹងឲ្យបានមានស្ថេរភាពឡើងដើម្បី ឲ្យការបោះឆ្នោតទៅក្នុងពេលឆាប់ៗនេះ មិនយូរប៉ុន្មានទេហ្នឹងឲ្យមានប្រសិទ្ធ ភាពឡើង ហើយសហគមន៍អន្តរជាតិនិងមើលមកឃើញថាប្រទេសកម្ពុជាវា លែងមានជម្លោះដូចមុនជាប្រវត្តិសាស្ត្រនោះ មានន័យថាយើងអាចធ្វើការ ជាមួយគ្នាបានជាមួយគណបក្សទាំងអស់ដើម្បីប្រទេសជាតិ វាសនាប្រទេស ជាតិ»។
លោក រ៉ាហ្វាអែល ដូចាវ ម៉ូរ៉េណូ មានជំនឿថាសង្គមកម្ពុជានិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពនឹងនរហើយនឹងមានភាពចាស់ទុំល្មមក្នុងការដោះស្រាយការខ្វែងយោបល់គ្នាទាក់ទងនឹងករណីលោក សម រង្ស៊ីដែលបញ្ហានោះគឺការពិភាក្សាផ្នែកនយោបាយជាការតម្រូវយ៉ាងចាំបាច់។ លោកបន្ថែមសេចក្តីថាសហគមន៍អឺរ៉ុបមិនដើរតួរសម្របសម្រួល នយោបាយក្នុងស្រុករបស់កម្ពុជាទេ គឺសម្រេចលើប្រព័ន្ធយុត្តិធម៌របស់ប្រទេស។ លោកម៉ូរ៉េណូគ្រាន់តែអះអាងថា៖
«ទោះជាយ៉ាងណាក៏ដោយ, មានឱកាសជាច្រើន, យើងបានបញ្ជូនសារ ទៅកាន់គណបក្សទាំងអស់ ក្នុងប្រទេសកម្ពុជាអំពីជំនឿរបស់យើងថាកិច្ចសន្ទនា ប្រកបដោយស្ថាបនា និង បើកចំហរគឺជាចំណុចសំខាន់ដើម្បីការពិភាក្សានយោបាយក្នុងប្រទេសនានា»។
ក្រៅពីរំពឹងថានឹងមានការធ្វើឲ្យប្រសើរចំពោះប្រព័ន្ធបោះឆ្នោត តុល្យភាពនៃ ប្រព័ន្ធផ្សព្វផ្សាយ ការក្លែងបន្លំឯកសារបោះឆ្នោតជាដើមនៅពេលបោះឆ្នោតខាង មុខនោះ លោកម៉ូរ៉េណូបានកោតសរសើរពីប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ថា បានបោះជំហានទៅមុខក្នុងរយៈពេល១៨ឆ្នាំចុងក្រោយ។ លោកបានចង្អុលបង្ហាញពីការបំបាត់ អំពើហិង្សាពីដំណើរការនយោបាយនិងការកើនឡើងនូវវិជ្ជាជីវៈនៃអ្នកនយោបាយកម្ពុជាក្នុងការទទួលខុសត្រូវរបស់ពួកគេចំពោះពលរដ្ឋរបស់ខ្លួន៕