អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ថា​ទឹក​ខ្មៅ​លាងជ្រះ​មិន​បង្ក​បញ្ហា​ធំដុំ​ដល់​ការបោះឆ្នោត

ព្រះសង្ឈ​បង្ហាញ​​ម្រាម​ដៃ​ដែល​ប្រឡាក់​ទឹកថ្នាំ​នៅ​ក្រោយ​ពេល​បោះឆ្នោត​រួច​នៅ​ក្នុង​ឆ្នាំ​២០០៨។

អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឯករាជ្យ​នៅ​កម្ពុជា​បាន​អះអាង​ថា​ការ​រកឃើញ​ទឹកខ្មៅ​ដែល​អាច​លាងជ្រះ​គឺ​ដើម្បី​តម្លាភាព​នៃ​ការ​បោះឆ្នោត។ ក្រុម​អង្គការ​ឃ្លាំមើល​បោះឆ្នោត​គឺ​អង្គការ​ខុមហ្វ្រែល​និង​និចហ្វិច​បាន​ទទូច​ឲ្យ​មាន​វិធានការ​ជា​បន្ទាន់​មួយ​ដើម្បី​ទប់ស្កាត់​ការលួច​បន្លំ​សន្លឹកឆ្នោត​ក្រោយពី​បាន​រក​ឃើញ​ថា ទឹកថ្នាំ​ខ្មៅ​សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​បោះឆ្នោត​អាច​លាង​ជ្រះ​ផង​និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ប៉ោង​និង​មាន​ឈ្មោះ​ស្ទួន​ផង​នោះ។

ការ​រក​ឃើញ​ទឹកថ្នាំ​ដែល​អាច​លាង​ជ្រះ​នេះ​កើត​ឡើង​កាលពី​ម្សិលមិញ ក្រោយពី​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) បាន​ហៅ​តំណាង​គណបក្ស​នយោបាយ​និង​អ្នក​សង្កេតការ​ដើម្បី​ចូលរួម​ធ្វើ​តេស្ត​ទឹកថ្នាំ​ជាផ្លូវការ ថា​តើ​មាន​គុណភាព​កម្រិតណា ដោយ​សុំ​ឲ្យ​អង្គការ​សង្កេតការណ៍​និងបក្ស​នយោបាយ​ឆ្លើយតប​មក​វិញ​បើ​រកឃើញ​យ៉ាងណា​ក្រោយរយៈ​ពេល​បី​ម៉ោង។ ខុមហ្វ្រែល​បាន​រក​ឃើញ ​ហើយ​បាន​ជូន​ដំណឹង​ទៅ​គជប​វិញ​ភ្លាម។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​រួម​មួយ​នៅថ្ងៃ​សៅរ៍​នេះ​លោក​ ធុន សារាយ ​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​អង្គការ​ខុមហ្វ្រែល​បាន​អះអាង​ថា៖ ការ​បង្ហាញ​នេះ​គឺ​ដើម្បី​តម្លាភាព​នៃ​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «យើង​គ្មាន​គោល​បំណង​ណា​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នេះ​មិនល្អ​ទេ។ យើង​ចង់ ឲ្យ​ការ​បោះឆ្នោត​នេះ​កាន់​តែ​មាន​ការ​ជឿជាក់​ កាន់​តែ​មាន​ការ​ទុកចិត្ត ​កាន់​តែ មាន​ការ​គាំទ្រ​ ហើយ​នឹង​មាន​ភាព​យុត្តិធម៌​ច្រើន​ជា​អតិប្បរមា​តាម​ដែល​អាច ធ្វើទៅ​បាន»។

កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា​នេះ​ដើម្បី​ជ្រើសរើស​គណបក្ស​មួយ​ដឹកនាំ​រដ្ឋាភិបាល។​ ពលរដ្ឋជាង​៩លាន​៦សែននាក់​មានសិទ្ធិ​ទៅ​បោះ​ឆ្នោត។​ ការ​រកឃើញ​ទឹកខ្មៅ​អាចលុប​ជ្រះ​កៀកថ្ងៃ​បោះឆ្នោត ការ​រកឃើញ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ប៉ោង​និង​លើស​ចំនួន​ក្នុង​បញ្ជី​ ការចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណជា​ច្រើន​ និង​ការ​ដែល​មិន​ឲ្យ​មានការ​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​និង​ផ្ទៀងផ្ទាត់​ជាចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ ចំពោះ​ការ​បោះឆ្នោត​និងភាព​សេរី​និង​យុត្តិធម៌។

លោក ធុន សារាយ បាន​អះអាង​ថា គណបក្ស​នយោបាយ​គួរ​ជួបគ្នា​ដើម្បី​ ស្វែង​រក​ដំណោះស្រាយ​ក្នុង​កា​រទប់​ស្កាត់​ការ​បន្លំ​បោះឆ្នោត​និង​បញ្ហា​នានា។

«យើង​ស្នើ​ឲ្យ​គជប​ជួប​ជាមួយ​តំណាង​គណបក្ស​សំខាន់ៗ​ឬ​គណបក្ស​ទាំងអស់ ដែល​ប្រកួត​ក្នុង​ពេល​បោះឆ្នោត​ ដើម្បី​រកវិធានការ​ទប់ស្កាត់​បញ្ហា​នេះ​ដើម្បី​កុំ​ឲ្យ​អ្នក​បោះឆ្នោត​ហ្នឹង​បោះ​បាន​ពីរ​បី​ដង​កើត។ ជា​ការ​ពិត​យើង​មិន​ចង់​ធ្វើ​អ្វី​តក់ ក្រហល់​អញ្ចឹង​ទេ​ព្រោះថា​យើង​បាន​ស្នើ​សុំ​គជប​ហ្នឹង​១០​ថ្ងៃ​មុន​ហើយ​ដើម្បី​សុំឲ្យ​មាន​ការ​ធ្វើ​តេស្ត​ទឹក​ខ្មៅ​ហ្នឹង។ តែ​គជប​ទើប​តែ​មក​ឲ្យ​យើង​ធ្វើ​ពី​ម្សិលមិញ (ថ្ងៃ​សុក្រ)»។

លោក​បាន​បញ្ជាក់​ថា​មាន​បញ្ហា​ថា​ទោះ​ជា​រក​ឃើញ​ថា មាន​ភាពមិន​ប្រក្រតី​រឿង ទឹក​ថ្នាំ​នេះ​មែន​តែ​រឿង​នេះ​មិនមែន​ជា​ការ​ធ្វើ​ឲ្យ​ខូច​ដំណើរ​ការបោះឆ្នោត​ទាំង មូល​ទេ។
លោក ​អ៊ឹម សួស្តី​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គជប)​ នៅតែ ប្រកាន់​ជំហរ​ថា ទឹកខ្មៅ​សម្រាប់​ប្រើជ្រលក់​ម្រាមដៃ​ក្នុងការ​បោះឆ្នោត​នេះ​មាន គុណភាព​ដដែល។​

«ដូចខ្ញុំ​និយាយ​ហើយ​គឺថា​បើ​ជ្រលក់​ហើយ​ត្រូវ​ថ្ងៃ​ត្រូវ​ទឹក​គឺ​ថា​មិន​អាច​លុប​ងាយ​ស្រួល​ទេ។ យើង​ខ្ញុំ​នៅ​តែ​រក្សា​ជំហរ​ដដែល​ហ្នឹង​គឺថា​ដើម្បី​ជៀសវាង​បញ្ហា​ដែល​អាច​កើត​មាន​នៅ​ថ្ងៃ​ស្អែក​ហ្នឹង (ថ្ងៃអាទិត្យ) ​សូមកុំ​ឲ្យ​យក​ទៅ…​ហើយ​សុំ​ឲ្យ​តាម​ដាន​មើល​ទៅ​ កត់ត្រា​ទៅ។ បើមាន​បញ្ហា​អី​មិន​ប្រក្រតី អាច​តវ៉ា​ជាមួយ​នឹង​ប្រធាន​ការិយាល័យ​បោះឆ្នោត»។

លោក​ក៏​ទទួល​ស្គាល់​ថា មាន​ឈ្មោះ​ស្ទួន​ខ្លះ​ផងដែរ​ តែ​គជប​បាន​លុប​ចោល​និង លុប​ជា​ច្រើន​លើក​ហើយ​ក្នុងពេល​ធ្វើបច្ចុប្បន្នភាព​បញ្ជីបោះ​ឆ្នោត។

លោក​ទេព នីថា ​អគ្គ​លេខា​ធិការ​នៃគជប​បាន​បន្ថែមថា ការ​រកឃើញ​ទឹកថ្នាំ​អាច លាងជ្រះ​នេះ​គឺ​គ្រាន់តែ​ជាវិធី​ម៉្យាង​ប៉ុណ្ណោះ​បើ​មាន​ការ​លួច​បន្លំ​ទៅ​បោះ​ឆ្នោត​តែនៅ​មិនអាច​ធ្វើបានទេ​ដោយសារ​ត្រូវការ​ឯកសារ​ឯទៀតដែរ។

«តាម​នីតិវិធី​នៃការ​បោះឆ្នោត​និងច្បាប់​បោះឆ្នោត​មិនមែន​មានតែ​ទឹកខ្មៅ​លុប​លាង​មិន​ជ្រះ​មួយ​ទេ​ដែល​ការពារ​មិនឲ្យ​បោះឆ្នោត​ច្រើនដង​នោះ។ វា​មាន​បញ្ជី​បោះឆ្នោត​មួយទៀត​ បើសិន​ជាយើង​មាន​ឈ្មោះ​តែមួយ​ក្នុងបញ្ជី​បោះឆ្នោត។ យើង​ទៅ​លាង​ទឹក​ភ្លាមជ្រះ​ភ្លាមមក​បោះទៀត​ក៏បោះអត់​កើតដែរ។​ វាមាន​អត្តសញ្ញាណបណ្ណ​សញ្ជតិ​ខ្មែរ​ទៀត ​បើយើង​មាន​ឈ្មោះពីរ​បី ​តើ​យើង​មាន​អត្តសញ្ញាញ​បណ្ណ​ប៉ុន្មាន​ដើម្បី​ទៅ​បោះ​ ទៅ​លួច​បោះឈ្មោះ​គេ​ យើងមាន​ទៅ​បោះ​កើតទេ។ អញ្ចឹង​ទឹក​ខ្មៅ​លុប​លាង​មិនជ្រះ​ក៏​គ្រាន់តែ​ជា​ចំណែក​មួយ​ប៉ុណ្ណឹង​ទេ កុំបារម្ភ​ពេកបញ្ហា​ហ្នឹង»។

លោក​គល់បញ្ញា​ នាយក​ប្រតិបត្តិ​នៃអង្គការ​ខុមហ្រែល​បាន​អះអាង​ថា ខុមហ្រ្វែល មិន​អាច​ប្រាប់​ពី​វិធីលាង​បាន​ទេ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​ការ​បោះឆ្នោត។

លោក ​ពុទ្ធា ហង្ស​ បាន​អះអាង​ថា ជារឿង​លឿន​ពេក​ក្នុងការ​វាយតម្លៃ​ការបោះ ឆ្នោត​ពេលនេះ​ទោះជា​រកឃើញ​ថា ទឹកថ្នាំ​ខ្មៅ​អាច​លាងជ្រះ​មែន​។

«អ្វីដែល​យើងរក​ឃើញ​គឺជា​ផ្នែក​មួយៗ​ ហើយអ្វី​ដែលយើង​កំពុង​តែធ្វើ​គឺ​ដំណើរការ​បាន​ពាក់កណ្តាល​ហើយ។​ សូមអស់​លោក​ លោកស្រី​ទាំងអស់​ទុក​ឱកាស​ឲ្យ យើងខ្ញុំ​បន្តរ​ការងារ​សង្កេត​ការណ៍​នេះ​តទៅ​ទៀត។​ ហើយ​ចុងក្រោយ​យើង​អាច ធ្វើការ​វាយតម្លៃ​បានដើម្បី​ជម្រាប​ចែកជូន​សារធារណៈ​ជនហើយ​បាទ»។

ទោះជា​យ៉ាងណា​ក៏​ដោយ​អ្នក​សង្កេតការណ៍​ឯករាជ្យ​បានទទូច​ឲ្យគជប​អនុញាត​ឲ្យ​ពួកគេ​ផ្ទៀងផ្ទាត់​បញ្ជីឈ្មោះ​បោះឆ្នោត ​ក្រោយការ​បោះឆ្នោត​ថាតើ មានឈ្មោះ​ស្ទួន​ប៉ុន្មាន​ អ្នក​មាន​ឈ្មោះ​ស្ទួន​បោះឆ្នោត​ប៉ុន្មាន​ដង៕

រូបភាព​នៃ​ការ​បោះឆ្នោត៖