សិស្សពូកែផ្នែកគណិតវិទ្យាចំនួន៦រូបបានសម្តែងការខកចិត្តចំពោះក្រសួងអប់រំ ដែលបានប្រកាសលប់ចោលផែនការបញ្ជូនសិស្សកម្ពុជាទៅចូលរួមប្រឡងសិស្សពូកែផ្នែកគណិតវិទ្យាលំដាប់ថ្នាក់ពិភពលោកនៅប្រទេសហូឡង់ (Netherlands)។
«ខកចិត្តហើយពួកខ្ញុំ និយាយទៅដល់ឥឡូវឡើងចង់បាក់ទឹកចិត្តទាំងអស់គ្នាដឹងឆ្នាំក្រោយរៀនទៅម៉េចទៀតផង»។
សិស្សសុខុន រ៉េនី ជាសិស្សពូកែមួយរូបនៅក្នុងចំណោមសិស្សពូកែផ្នែកគណិតវិទ្យាចំនួន៦រូបផ្សេងទៀត ដែលខកខានមិនបានទៅចូលរួមប្រកួតប្រជែងផ្នែកគណិតវិទ្យាលំដាប់ថ្នាក់ពិភពលោកនៅប្រទេស ហូឡង់។
កម្មវិធីប្រឡងផ្នែកគណិតវិទ្យាលំដាប់ថ្នាក់ពិភពលោកនេះ និងប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែកក្កដានេះ ដោយមានសិស្សពូកែផ្នែកគណិតវិទ្យាមកពីប្រទេសចំនួន១០០ ចូលរួមសម្រាប់ដណ្តើមពានរង្វាន់មេដាយផ្នែកគណិតវិទ្យាលំដាប់ថ្នាក់ពិភពលោកសម្រាប់សិស្សផ្នែកមធ្យមសិក្សា។
ប្រទេសកម្ពុជាគ្រោងនឹងបញ្ជូនសិស្សចំនួន៦រូប មកពីខេត្តកណ្តាល កំពង់ចាម បាត់ដំបង ពោធិ៍សាត់ និងទីក្រុងភ្នំពេញ ដើម្បីទៅចូលរួមការប្រកួតប្រជែងនេះ។ ក៏ប៉ុន្តែកាលពីថ្ងៃទី២៨ខែមិថុនាកន្លងទៅនេះ ក្រសួងអប់រំបានប្រកាសលុបចោលក្នុងការបញ្ជូនសិស្សកម្ពុជាទៅចូលរួមប្រកួតប្រជែង។
មន្រ្តីក្រសួងអប់រំនៅថ្ងៃអង្គារនេះ មិនបានធ្វើអត្ថាធិប្បាយឲ្យបានពិស្តារអំពីមូលហេតុក្នុងការមិនបញ្ជូនសិស្សពូកែផ្នែកគណិតវិទ្យាទៅចូលរួមប្រកួតប្រជែងនេះទេ គ្រាន់តែបានបញ្ជាក់ថា ក្រសួងអប់រំបានជូនដំណឹងទៅប្រទេសហូឡង់រួចហើយ អំពីការខកខានមិនបានបញ្ជូនសិស្សកម្ពុជាទៅចូលរួមប្រឡងនោះ។
លោក អ៊ូ អេង អគ្គនាយកនៃអគ្គនាយកដ្ឋានវាយតម្លៃគុណភាពអប់រំមិនបានធ្វើអត្ថាធិប្បាយទេ។ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះ៖
«ខ្ញុំអត់បានដឹងផង ថ្នាក់ដឹកនាំសម្រេចម៉េច ខ្ញុំអត់បានដឹងផង»។
សិស្សពូកែទូទាំងប្រទេសចំនួន៦រូប ដែលត្រូវបានជ្រើសរើសឲ្យទៅចូលរួមប្រកួតប្រជែងផ្នែកគណិតវិទ្យាលំដាប់ថ្នាក់ពិភពលោកនេះ រួមមាន យុវជនសុខុន រ៉េនី ហែម សុភីរ៉ាត់ ហំ ស៊ីវម៉េង ឈួន សហធន ទៀង ចាន់សុជាតិ និងអៀង ទិត្យា។
យុវជន សុខុន រ៉េនី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ បាន និយាយថា ក្រសួងអប់រំមិនបានបញ្ជាក់ហេតុផលឲ្យបានប្រាកដប្រជាទេ។ ដូច្នេះអ្វីដែលពួកគេ បានខិតខំប្រឹងប្រែង គឺគ្មានតម្លៃសម្រាប់សិស្ស ដែលតំណាងមកពីប្រទេសកម្ពុជា។
«និយាយទៅ បាក់ទឹកចិត្តទាំងអស់គ្នា ម្នាក់ៗគិតទៅខាត ព្រោះយើងអត់បានរៀន អត់បានអ្វី ហើយនិយាយទៅ ទោះបីយើងទៅរៀនវិញចាប់ផ្តើមពីដំបូងវិញ អត់បានរៀនទី១១ផង និយាយទៅពួកខ្ញុំវេទនា»។
ចំណែកសិស្សហែម សុភីរ៉ាត់ ជាសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម បានធ្លាក់ទឹកចិត្តនៅពេលដែលក្រសួងអប់រំបានលុបចោលមិនឲ្យទៅចូលរួមការប្រឡងនេះ។
«សំខាន់ យើងចង់ដឹងអំពីមូលហេតុច្បាស់លាស់ បានយើងដឹងថា អស់ចិត្តយើងថា ក្រសួងមានបញ្ហាអ្វី ដែលថាមិនឲ្យយើងទៅ។ អាហ្នឹង យើងទទួលយកបាននូវបញ្ហាហ្នឹង ដល់យើងអត់ដឹងសោះអញ្ចឹង យើងសោកស្តាយដែរ ពីព្រោះយើងអត់បានទៅ»។
លោក រឿង សោភណ្ឌ គ្រូបណ្តុះបណ្តាលផ្នែកគណិតវិទ្យាបន្ថែមដល់សិស្សទាំង៦រូបនេះ បាននិយាយថា ក្រសួងអប់រំ បានធ្វើឲ្យសិស្សបាក់ទឹកចិត្តក្នុងការសិក្សា។ លោកបាននិយាយទៀតថា នៅឆ្នាំក្រោយៗទៀត សិស្សពូកែផ្នែកគណិត្យវិទ្យា និងត្រូវប៉ះពាល់។
«ទីមួយវាធ្វើឲ្យអារម្មណ៍ក្មេង លែងចង់រៀន ហើយវាខូចទឹកចិត្ត វានឹងអាចធ្វើឲ្យវិស័យអប់រំខាងផ្នែកគណិតវិទ្យាអន់ វាអន់ធាក់ថយទៅវិញ »។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានស្តីបន្ទោសថា យុវជនកម្ពុជានឹងអស់ជំនឿទៅលើវិស័យសិក្សានៅកម្ពុជា។
«វាជាផ្នែកមួយប៉ះពាល់ដល់ការសិក្សាគុណភាពអប់រំផង បើសិនអន្តរជាតិ ពិភពលោកគេបានផ្តល់ឱកាសឲ្យយើងហើយ យើងគួរតែបញ្ជូននូវយុវជន ដែលគាត់ពូកែខាងគណិតវិទ្យា បានទៅចូលរួមប្រកួត»។
ក្រសួងអប់រំធ្លាប់បានបញ្ជូនសិស្សពូកែនៅទូទាំងប្រទេស ផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងផ្នែក វិទ្យាសាស្រ្តទៅចូលរួមប្រកួតប្រជែងនៅឯក្រៅប្រទេស ចាប់តំាងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១០។
សិស្សពូកែ ដែលបានទៅចូលរួមប្រកួតប្រជែងនៅឯក្រៅប្រទេស ធ្លាប់បានទទួលមេដាយមាសចំនួនពីរ (មេដាយ)ប្រាក់ចំនួន១៥ និងសំរិទ្ធចំនួនជាង៣០៕