ប្រទេសកម្ពុជាកំពុងបង្កើតច្រករបៀងសេដ្ឋកិច្ចមួយទៅតាមគំនិតផ្តួចផ្តើមរបស់បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គប្រយោជន៍គឺដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានប្រសើរឡើង។ ប៉ុន្តែ ការធ្វើពាណិជ្ជកម្មនិងការវិនិយោគឆ្លងកាត់ព្រំដែននេះបាននាំមកនូវទាំងការអភិវឌ្ឍផងទាំងការព្រួយបារម្ភផងសម្រាប់ប្រជាសហគមន៍ជនបទនៃប្រទេសនេះ។
ប្រទេសកម្ពុជាកំពុងព្យាយាមស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបន្ថែមទៀតជាពិសេសគឺបណ្តាញផ្លូវថ្នល់នៅតាមជនបទ ដើម្បីភ្ជាប់ខ្លួនទៅនឹងបណ្តាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គរួមមានថៃ ឡាវ និងវៀតណាមជាដើម។
ការភ្ជាប់ខ្លួនទៅក្នុងតំបន់នេះគឺដើម្បីបង្កើតច្រករបៀងសេដ្ឋកិច្ចដ៏ធំមួយប្រយោជន៍គឺទាញយកផលចំណេញពីវិស័យទេសចរណ៍ ពាណិជ្ជកម្មនិងការវិនិយោគឆ្លងកាត់ព្រំដែននៅក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ។
តួយ៉ាង ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងស្រុកប្រាសាទសំបូរក្នុងខេត្តកំពង់ធំនេះ កំពុងទទួលបានផលចំណេញនេះជាបណ្តើរៗហើយ បន្ទាប់ពីផ្លូវមួយខ្សែចូលមកកាន់តំបន់រម្មណីយ៍ដ្ឋានទេសចរណ៍នេះ ត្រូវបានកែលម្អឡើងវិញនៅពេលថ្មីៗនេះ។
អ្នកស្រី គង់ សុភី គឺជាម្ចាស់ភោជនីយដ្ឋានមួយនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុហ៍នេះ។
«កាលពីផ្លូវលំបាក ភ្ញៀវអត់សូវមក ដល់ឥឡូវផ្លូវគេធ្វើស្រួលអញ្ចេះទៅ ភ្ញៀវគេមកច្រើន មកច្រើនទៅ ខ្ញុំលក់ដូរក៏ដាច់ដែរ»។
ផលប្រយោជន៍នៃការកសាងឬស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជនបទនេះ ក៏ត្រូវបានបន្ទរផងដែរដោយលោក តែម ប៊ុនតេង ជាអ្នកនាំភ្ញៀវនៅក្នុងតំបន់ទេសចរណ៍នេះ។
«ប្រជាជននៅទីនេះ គំនិតនីមួយៗគឺនៅសហគមន៍ខ្ញុំផ្ទាល់ គាត់ចង់ឲ្យផ្លូវហ្នឹងល្អ ពីព្រោះបើផ្លូវហ្នឹងគ្រលុក វាធ្វើឲ្យភ្ញៀវជួនកាលគាត់ចង់មកអត់បានមក ហើយទី២ អ្នកដែលមកទីនេះ ជិះឡានមក វាកោសឡានគាត់ឬក្រុមហ៊ុនឡានធំៗ កោសឡានគាត់ក្រពិតអស់អីទៅ គាត់ត្រូវការបកត្រឡប់ទៅវិញ ម្ល៉ោះហើយបើផ្លូវកាន់តែល្អ ភ្ញៀវមកកាន់តែច្រើន សហគមន៍របស់ខ្ញុំក៏ទទួលផលបានច្រើន»។
អ្នកស្រី អ៊ីនហ្គ្រីដ អូវស្តេហ្គិន(Ingrid Overstegen) គឺជាអ្នកទេសចរណ៍មកពីប្រទេសហុល្លង់ មានប្រសាសន៍ថា៖
«វាមានសារៈសំខាន់ណាស់ ដោយសារទីនេះគឺជាកន្លែងទេសចរណ៍ដ៏គួរឲ្យទាក់ទាញបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ អ្នកទេសចរណ៍ចង់មកមើលទីនេះ ហើយពួកគេនាំយកលុយចូលមកប្រទេសរបស់អ្នក ។ អញ្ចឹង វាជាការប្រសើរណាស់សម្រាប់សេដ្ឋកិច្ចប្រទេសរបស់អ្នក»។
ក្រុមអ្នកសេដ្ឋកិច្ចលើកឡើងថា ការភ្ជាប់បណ្តាញផ្លូវជនបទទៅទីក្រុងនិងឆ្លងកាត់ព្រំដែននេះ នឹងសម្រួលដល់ការចេញចូលរបស់ប្រជាជននៅក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ។ ជាលទ្ធផល ចលនានេះនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ឋរបស់ប្រទេសនៅក្នុងតំបន់នេះទាំងមួល។
លោក អាជុន ហ្គោសស្វាមី(Arjun Goswami) នាយកផ្នែកសហការនិងប្រតិបត្តិការនៃធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយVOA ផ្នែកខេមរភាសានៅឯសន្និសីទមហាអនុតំបន់ទន្លេមេគង្គសម្រាប់ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដែលធ្វើក្នុងទីក្រុងភ្នំពេញ កាលពីសប្តាហ៍មុន។
«មានសក្តានុពលយ៉ាងធំធេងខាងវិស័យទេសចរណ៍និងកសិកម្ម។ ឥឡូវវិស័យទាំងពីរនេះទាក់ទងនឹងបម្លាស់ទីរបស់ប្រជាជនឬបម្លាស់ទីនៃទំនិញនិងផលិតផលកសិកម្មឆ្លងកាត់ព្រំដែនពីប្រទេសមួយទៅប្រទេសមួយគឺអាស្រ័យទៅលើការគ្រប់គ្រងធនធានធម្មជាតិឲ្យបានល្អប្រសើរ»។
ប៉ុន្តែ ទន្ទឹមនឹងផលវិជ្ជមានទាំងនេះ ពាណិជ្ជកម្មនិងការវិនិយោគឆ្លងកាត់ព្រំដែនក្នុងច្រករបៀងសេដ្ឋកិច្ចរបស់មហាអនុតំបន់ទន្លេមេគង្គនេះ ក៏នាំមកនូវទុក្ខកង្វល់សម្រាប់ប្រជាសហគមន៍មូលដ្ឋានមួយចំនួនផងដែរ ជាពិសេសទាក់ទងទៅនឹងបញ្ហារំលោភយកដីធ្លីនិងការផ្តល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍដំណាំកសិឧស្សាហកម្មជាដើម។
ជាក់ស្តែង ប្រជាពលរដ្ឋប្រមាណ៥០០នាក់មកពីខេត្តចំនួន៤ដែលព័ទ្ធជុំវិញតំបន់ព្រៃឡង់រួមមានខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ធំនេះ បានប្រមូលផ្តុំគ្នានៅក្នុងវេទិការសាធារណៈមួយក្នុងស្រុកសណ្តាន់កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីសម្តែងក្តីព្រួយបារម្ភរបស់ពួកគេចំពោះការកាប់ព្រៃឈើដែលពួកគេពឹងអាស្រ័យសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេអស់រយៈពេលជាច្រើនជំនាន់មកហើយនោះ។
លោក រស់ សៀនវ័យ៧៧ឆ្នាំ គឺជាអ្នកភូមិម្នាក់នៅទីនេះ មានប្រសាសន៍ថា៖
«នៅសល់២០ក្រុងខេត្តទៀត ក៏ស្គាល់ច្បាស់ដែរថាដីនេះចុះក្នុងប្រវត្តិសាស្ត្រថានៅស្រុកខ្មែរគ្មានព្រៃឯណាទៀតទេ មានតែព្រៃឡង់ហ្នឹងហើយដែលសេសសល់បន្តិច តើអ្នកលោកចង់បំផ្លាញឲ្យអស់ឬអី ហើយឲ្យរាស្ត្រនៅឯណា? យកទៅឲ្យក្រុមហ៊ុនសុទ្ធតែរាប់លានហិកតា ប្រជារាស្ត្រជាម្ចាស់ និងកូនចៅរបស់ឯងអត់ៗចុះ ឲ្យបានគេពីក្រៅមកអភិវឌ្ឍ អភិវឌ្ឍយកទៅណាទៀត បើរាស្ត្រយំថ្ងូរដូចនៅបឹងកក់ អា៤.២០០គ្រួសារកំពុងហូរទឹកភ្នែកនេះ»។
យ៉ាងតិចមានក្រុមហ៊ុនវិនិយោគទុនវៀតណាមចំនួន២ដែលទទួលបានសម្បទានព្រៃឡង់នេះពីរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងយកដីដាំដំណាំកៅស៊ូ។
លោក Arjun Goswami នៃធនាគារអភិវធ្ឍន៍អាស៊ីមានប្រសាសន៍ថា៖
«ជាការណ៍ពិតណាស់ប្រទេសដែលមានធនធានធម្មជាតិតែងតែចង់ប្រើប្រាស់ធនធានទាំងនោះដើម្បីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយប្រទេសដទៃទៀតក៏ចង់ទទួលបានសិទ្ធិប្រើប្រាស់ធនធានទាំងនោះដែរ។ បញ្ហាគឺមិនមែនជាការព្យាយាមបញ្ឈប់ប្រទេសទាំងនោះទេ តែជាការធ្វើយ៉ាងណាឲ្យប្រាកដថាហានិភ័យទាំងឡាយត្រូវបានកាត់បន្ថយឲ្យបានល្អបំផុត»។
ជាការណ៍ពិតណាស់ ប្រសិនបើការព្រួយបារម្ភរបស់ប្រជាជនត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព នោះច្រករបៀងសេដ្ឋកិច្ចក្នុងមហាអនុតំបន់ទន្លេមេគង្គនឹងក្លាយជាពរជ័យសម្រាប់ប្រជាពលរដ្ឋទាំងនេះ។ តែផ្ទុយទៅវិញ ប្រសិនបើកង្វល់របស់ពួកគេត្រូវគេធ្វើមិនដឹងមិនឮនោះការភ្ជាប់បណ្តាញផ្លូវដើម្បីជំរុញវិនិយោគឆ្លងព្រំដែននេះ នឹងប្រែក្លាយទៅជាបណ្តាសាសម្រាប់សហគមន៍មូលដ្ឋានជាក់ជាពុំខាន៕