សមាជិក​សភា​កូរ៉េ​ខាងត្បូង​កំពុង​សិក្សា​គម្រោង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា

ទូកទេស​ចរណ៍​សមុទ្រ​កោះកុង។​

សមាជិក​សភា​កូរ៉េ​ខាងត្បូង​កំពុង​ទស្សនា​ការ​សិក្សា​គម្រោង​អេកូ​ទេសចរណ៍​នៅ​ក្នុង​ប្រទេសកម្ពុជា​ដែល​មាន​សក្តានុ​ពល​ធម្មជាតិ​ស្រាប់។

លោក​ ជន សក្តា ​ជូន​សេចក្តី​រាយ​ការណ៍​ដូច​ត​ទៅ៖

លោក​ Lee ​Seung ​Chul​ សមាជិក​សភា​កូរ៉េ​ខាងត្បូង​ បាន​ជួប​ជាមួយ​លោក​ហេង សំរិន​ ប្រធាន​ រដ្ឋ​សភា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​រដ្ឋ​សភា​កម្ពុជា ​លើ​ការ​សិក្សា​គម្រោង​អេកូទេស​ចរណ៍​នៅ​តាម​តំបន់​សមុទ្រ ​ទន្លេ ​និង​ព្រៃភ្នំ។

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ នៅ​ក្នុង​ឆ្នាំ​២០០៩ ​បាន​ជម្រាប​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ ត្បូង​អំពី​សក្តានុ​ពល​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា ​សម្រាប់​វិស័យ​អេកូទេស​ចរណ៍​ ហើយ​លោក​ ប្រធានាធិបតី ​បាន​យល់​ព្រម​ឱ្យ​ធ្វើ​ការ​សិក្សា​លើ​គម្រោង​នេះ។

លោក​Lee ​Seung ​Chul​បាន​ថ្លែង​ថា​ លោក​នឹង​ទៅ​សិក្សា​គម្រោង​អេកូ​ទេស​ចរណ៍​នៅ​តាម​ តំបន់​មួយ​ចំនួន​ដែល​មាន​សក្តានុ​ពល​ធម្មជាតិ​ស្រាប់ ​និង​ជួប​ជាមួយ​ក្រុម​មន្ត្រី​ខេត្ត​កោះកុង​ ខេត្ត​កំពត​ ខេត្ត​សៀមរាប ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ និង​បណ្តា​ខេត្ត​ភូមិ​ភាគ​ឦសាន​ អំពី​ការ​សិក្សា​គម្រោង​ អេកូទេស​ចរណ៍។

លោក​គាំម ​កុសល​ ប្រធាន​ខុទ្ទកា​ល័យ​របស់​លោក ​ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​ បាន​បញ្ជាក់​ថា​លោក​ Lee ​Seung​ Chul​ក៏​ស្វែង​យល់​ពី​សារៈ​ប្រយោជន៍​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម​ និង​ស្វែង​រក​ដៃគូ​វិនិយោគ​ចម្រុះ។

"គោល​បំណង​ដែល​លោក​មក​ជួប​នេះ​គឺ​ដើម្បី​សុំ​ការ​គាំទ្រ​ពី​សម្តេច ​ហេង ​សំរិន ​និង​ពី​រដ្ឋ​ សភា​របស់​យើង​ ​ហើយ​សម្តេច​បាន​ឯកភាព​ (ការ​សិក្សា​លើ​គម្រោង​អេកូទេស​ចរណ៍) ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឱ្យ​កម្ពុជា​មាន​ផ្នែក​អេកូទេស​ចរណ៍"។

លោក​ស៊ូ ភិរិន ​អភិបាល​ខេត្ត​សៀមរាប​ បាន​ថ្លែង​ថា​ ​យើង​បាន​រៀបចំ​គម្រោង​យុទ្ធ​សាស្ត្រ​គន្លឹះ​ សម្រាប់​ការ​អភិវឌ្ឍន៍​ផ្នែក​អេកូទេស​ចរណ៍។​ យើង​បាន​ត្រៀម​បង្ហាញ​លោក​ Lee ​Seung ​Chul​ អំពី​គម្រោង​អេកូទេស​ចរណ៍ ​និង​សក្តានុ​ពល​របស់​វា។

"យើង​ដាក់​ជូន​គម្រោង​ពិភាក្សា​ក្នុង​ន័យ​ការ​ភិវឌ្ឍន៍​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​របស់​យើង​នៅ​ក្នុង​អេកូ​ -ទេស​ចរណ៍​នេះ។​ យើង​ទទួល​ស្វាគមន៍​ចំពោះ​គណៈ​ប្រតិភូ​ដែល​ធ្វើ​អេកូទេស​ចរណ៍​យ៉ាង​រាក់​ទាក់​ និង​ការ​គោរព​គ្នា​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ និង​ប្រជា​ពលរដ្ឋ​របស់​យើង​ទាំង​២"។

លោក​ ប៉ាវ ហមផាន​ អភិបាល​ខេត្ត​រតនគីរី​បាន​បញ្ជាក់​ថា ​ ​យើង​ត្រូវ​ការ​ដៃគូ​អភិវឌ្ឍន៍​គម្រោង​អេកូទេស​ចរណ៍។ ​យើង​មិន​ទាន់​មាន​ពិសោធន៍​ក្នុង​ការ​រៀបចំ​អេកូទេស​ចរណ៍​នេះ​ទេ។​ យើង​មិន​ទាន់​បាន​រៀបចំ​គម្រោង​សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​អេកូ​ទេស​ចរណ៍​នៅ​ឡើយ​ទេ ​ ​ប៉ុន្តែ​ យើង​ខិតខំ​រៀបចំ​បង្កើត​គម្រោង​អេកូ​ទេស​ចរណ៍​តាម​លទ្ធភាព។

"យើង​ត្រៀម​ពិភាក្សា​ជាក់​ស្តែង​ជាមួយ​លោក ​Lee ​Seung Chul ​អំពី​គម្រោង​អេកូ​ទេសចរណ៍​នេះ។​ យើង​មាន​រមណីយ​ដ្ឋាន​ធម្មជាតិ ​ដែល​យើង​សង្ឃឹម​ថា​ ​អាច​ធ្វើត​គម្រោង​អេកូ​ទេស​ចរណ៍​បាន"។

លោក ​ស៊ុន តារា ​អភិបាល​រង​ខេត្ត​កោះកុង​បាន​ថ្លែង​ថា ​យើង​មិន​ទាន់​បាន​សិក្សា​លម្អិត​ពី​ទីតាំង​អេកូ​ទេសចរណ៍​ ដោយ​សារ​យើង​ខ្វះខាត​លទ្ធភាព​ខាង​ថវិកា​ និង​សមត្ថភាព​ជំនាញ​ សម្រាប់​អេកូ​ទេស​ចរណ៍​នេះ។

"យើង​មិន​សិក្សា​លម្អិត​ ប៉ុន្តែ​យើង​នៅ​មាន​ទឹក​ធ្លាក់ ​និង​ឆ្នេរ​សម្រាប់​ទុន​ល្មម"។

ក្នុង​អំឡុង​ទស្សន​កិច្ច​រយៈ​ពេល​៥​ ថ្ងៃ ​លោក ​Lee​ Seung​ Chul ​នឹង​ទស្សនា​តំបន់​សក្តានុ​ពល​ ផ្នែក​អេកូ​ទេស​ចរណ៍​នៅ​កម្ពុជា។

ពី​ទី​ក្រុង​ភ្នំពេញ ​ ខ្ញុំ​ ជន សក្តា ​VOA​ សំឡេងស.រ.អ.៕