ជំងឺ​ផ្តាសាយ​បក្សី​កើត​មាន​នៅ​ខេត្ត​ទិស​ពាយ័ព្យ

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​បន្ទាយ​មានជ័យ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ អង្គារ៍​នេះ​ថា​ មន្ត្រី​បសុព្យា​បាល​បាន​ធ្វើ​សំណាក​វិភាគ​លើ​សត្វ​ទា​នៅ​ក្នុង​ភូមិ​កុមារី ​រងគ្រោះ​ហើយ​បាន​រក​ឃើញ​ថា​សត្វ​ទា​ចំនួន​បី​ក្បាល​មាន​ផ្ទុក​ជំងឺ​គ្រុន​​ផ្តាសាយ​បក្ស

យ៉ាង​តិច​មាន​សត្វ​ទា​ចំនួន​បី​ក្បាល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ផ្តាសាយ​បក្សី​ H5N1 ​បន្ទាប់​ពី​កុមារី​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កាល​ពី​ថ្ងៃ​ទី​២០​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​បញ្ចាក់​របស់​មន្រ្តី​ជំនាញ​បសុព្យាបាល។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​បន្ទាយ​មានជ័យ​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ៍​នេះ​ថា​ មន្ត្រី​បសុព្យា​បាល​បាន​ធ្វើ​សំណាក​វិភាគ​លើ​សត្វ​ទា​នៅ​ក្នុង​ភូមិ​កុមារី​រងគ្រោះ​ហើយ​បាន​រក​ឃើញ​ថា​សត្វ​ទា​ចំនួន​បី​ក្បាល​មាន​ផ្ទុក​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី។

លោក​បាន​បញ្ជាក់​ថា យ៉ាង​តិច​មាន​សត្វ​មាន់​ទា​ចំនួន​ជិត​៥០០​ក្បាល​នៅ​ក្នុង​ភូមិ​ដូនមូល និង​ភូមិ​ព្រែក​សំរោង​ ឃុំ​រហាត់​ទឹក​ ត្រូវ​បាន​សម្លាប់ ប៉ុន្តែ​ពុំ​មាន​សំណង​ដល់​កសិករ​ទេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ក្រុម​ការងារ​យើង​នៅ​តែ​បន្ត​សង្កេត​តាម​ដាន​ឃ្លាំ​មើល​ក្នុង​រយៈ​ពេល​មួយ​ខែ​ប្រសិន​បើ​មាន​មាន់​នៅ​ក្នុង​ភូមិ​នោះ​មាន​ចរាចរណ៍​សត្វ​គឺ​យើង​នៅ​អនុវត្ត​វិធានការណ៍​ច្បាប់​ដដែល»។

កាល​ពី​ថ្ងៃ​ទី​២០​ខែកក្កដា​កន្លង​ទៅ​នេះ​កុមារី​ម្នាក់​អាយុ​៤ឆ្នាំ​នៅ​ស្រុក​មង្គល​បុរី​បាន​ស្លាប់​បាត់​បង់​ជីវិត​បន្ទាប់​ពី​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ H5N1 ​រយៈពេល​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ។ ការ​ស្លាប់​បាត់​បង់​ជី​វិត​របស់​កុមារីនេះ​បាន​ធ្វើ​ឲ្យ​ករណី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​បាន​កើន​ឡើង​ដល់​១៧​ករណី​ដែល​ក្នុង​នោះ​មាន​អ្នកស្លាប់ចំនួន​១៥​នាក់​ចាប់​តាំង​ពី​ជំងឺ​នេះ​បាន​ផ្ទុះ​កាល​ពី​ខែ​មករា​ឆ្នាំ​២០០៥។

លោក​វេជ្ជបណ្ឌិត​ លី​ សុវណ្ណ​ អនុ​ប្រធាន​នាយកដ្ឋាន​ទប់​ស្កាត់​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា​ ក្រសួង​បាន​ធ្វើ​តេស្ត​ឈាម​លើ​មនុស្ស​ចំនួន​ជិត​២០​នៅ​ក្នុង​ភូមិ​ដែល​កុមារី​រង​គ្រោះ​រស់​នៅ​ក៏​ប៉ុន្តែ​ពុំ​បាន​រក​ឃើញ​ថា​មាន​មេរោគ​នៃ​ជំងឺ​នេះ​ឆ្លង​ទៅ​មនុស្ស​ទេ។​ ក៏ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍​ថា ក្រសួងនៅ​បន្ត​តាម​ដាន​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នេះ​តទៅ​ទៀត។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«គ្រាន់​តែ​ដើម​ឆ្នាំ​ពី​ខែ​មករា​រហូត​ដល់​ខែ​កក្កដា​ យើង​មាន​ប្រាំពីរ​ករណី ​ហើយ​ភាគ​ច្រើន​ជា​កុមារា​និង​កុមារី។ ដូច្នេះ​ក្រសួង​សុខាភិបាល​បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​ឡើង​វិញ​ដល់​អ្នក​ស្ម័គ្រចិត្ត​ភូមិ​ គ្រូ​ពេទ្យ​ទាំងអស់​ទូទាំង​ប្រទេស​ឲ្យ​ស្គាល់​ពី​រោគសញ្ញា​និង​ករណី​សង្ស័យ​ជំងឺ​ផ្តាសាយ​បក្សី»។

លោក​លី សុវណ្ណ បាន​មាន​ប្រសាន៍​ទៀត​ថា​ សម្រាប់​គ្រូពេទ្យ​ទាំង​សេវា​ឯកជន និង​រដ្ឋ នៅ​ពេល​ណា​មាន​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម សុំ​ឲ្យ​សាក​សួរ​ពី​ប្រវត្តិ​នៃ​ការ​ប៉ះ​ពាល់​ជាមួយ​សត្វ​បក្សី ហើយ​សម្រាប់​ពលរដ្ឋ​ពេល​ណា​មាន​កម្តៅ​លើស​ពី​៣៨​អង្សា​ ឈឺក ឬ​ក៏​ហត់​ សូម​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរ​ពេទ្យ​បង្អែក​ដែល​នៅ​ជិត​បំផុត។

អង្កការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០០៣​ ជំងឺ​នេះ​បានសម្លាប់​មនុស្ស​ចំនួន​៣២០​នាក់​ក្រុង​ចំណោម​១២​ប្រទេស៕