មេធាវី​ការពារក្តី​ឌុច​តតាំង​អំពី​យុត្តាធិការ​នៃ​ការ​ជម្រះ​ក្តី

ឌុច​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​ឧសភា​ឆ្នាំ​១៩៩៩ រួច​ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ទារុណកម្ម និង​ ការ​សម្លាប់​មនុស្ស។

ក្រុម​មេធាវី​ការពារក្ដី​ឲ្យ​ឌុច ​បាន​សំអាង​នៅ​ថ្ងៃ​ចន្ទ័នេះ​ថា កូន​ក្ដី​របស់​ខ្លួន​មិនមែន​ជា​មេ​ដឹកនាំ​ជាន់​ខ្ពស់​ ហើយ​ក៏មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែរ។ ម្យ៉ាង​វិញ​ទៀត ក្រុម​មេធាវី​ការពារក្ដី​បាន​ទាមទារ​ឲ្យ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ដោះលែង ​ឌុច ឲ្យ​មាន​សេរីភាព​ឡើងវិញ។

លោក​កា សាវុធ ​សហមេធាវី​ការពារក្ដី​ឲ្យ​ឌុច ​បាន​លើក​យក​មក​បង្ហាញ​នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី១ ក្នុង​ចំណោម​សវនាការ​ចំនួន​បី​ថ្ងៃ​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​ដើម្បី​សម្រេច​លើ​បណ្ដឹង​ឧទ្ធរណ៍​ករណី​ឌុច​ថា​ ដោយសារ​តែ​ឌុច​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ពីរ​ប្រភេទ​ខាង​លើ ឌុច​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​សម្រាប់​ការ​កាត់ទោស​នេះ​ទេ។ លោក​ កា​ សាវុធ​ ថ្លែង​ថា៖

«ទុក​សាលក្រម​ក្នុង​សំណុំរឿង​០០១ ​ជា​មោឃៈ ​និង​ដោះលែង​ កាំង ​ហ្គិចអ៊ាវ ​ហៅ ឌុច​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។ ទីពីរ​ខ្ញុំ​សុំ​ឲ្យ​កំណត់​ថា​ ការ​ឃុំ​ខ្លួន​កាំង​ ហ្គិចអ៊ាវ​ ហៅ​ ឌុច ​ជា​កិច្ចការ​ថែរក្សា​ការពារ​សាក្សី​មាន​សក្ដានុពល​សម្រាប់​ចង្អុល​បង្ហាញ​អំពី​មេដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ប្រជាធិបតេយ្យ​ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​នៅ​គុក​ទួលស្លែង​តែ​ប៉ុណ្ណោះ»។

លោក​កា សាវុធ ​មាន​សំអាង​លើ​មូលដ្ឋាន​ច្បាប់​ដាក់​ខ្មែរក្រហម​នៅក្រៅ​ច្បាប់​ កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស ​ក្រោម​នីតិវិធី​ព្រហ្មទណ្ឌ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​ ដើម្បី​បង្កើត​សាលាក្តី​ខ្មែរក្រហម​ជា​គោល​សម្រាប់​បង្ហាញ​ថា កូនក្តី​របស់​លោក​ស្ថិតនៅ​ក្រៅ​រង្វង់​សមត្ថកិច្ច​ គួរ​យក​មក​កាត់ទោស។ លោក​ កា សាវុធ ​ក៏​បាន​អះអាង​ដែរ​ថា ឌុច​មិនមែន​ជា​បុគ្គល ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​បួន​ក្រុម​ ដែល​ត្រូវ​តែង​តាំង​ដោយ​សមាជិក​គណបក្ស​កុម្មុនីស្ត​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដើម្បី​មាន​សិទ្ធិ​ចាប់ចង​ និង​កាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ។

ឌុច ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ការ​ប្រព្រឹត្ត​ទារុណកម្ម ​និង​មនុស្សឃាដ។ ឌុចត្រូវ​បាន​ចោទ​ថា​ ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​អ្នកទោស​នៅ​គុក​ទួលស្លែង​យ៉ាង​តិច​១២.៣៨០នាក់។

អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​បាន​ផ្តន្ទាទោស​ឌុច ​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន ​ឲ្យជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ។ ក៏ប៉ុន្តែ​ទោស​នេះ​ ត្រូវកាត់​កង​នៅសល់​ត្រឹមតែ​១៩ឆ្នាំ​តែប៉ុណ្ណោះ។

សហព្រះរាជអាជ្ញា​បាន​ទាមទារ​ឲ្យ​ផ្តន្ទាទោស​នៅ​ក្នុង​បណ្តឹង​សារទុក​ឲ្យឌុច​ជាប់​ពន្ធនាគារ​យ៉ាង តិច​ចំនួន​៤៥​ឆ្នាំ។

លោកស្រី​ ជា​ លៀង​ សហ​ព្រះរាជអាជ្ញា​កម្ពុជា​លើក​ឡើង​ថា​ ​ឌុច ​មិនត្រូវ​ចាត់ទុក​ជា​សាក្សី​សក្តានុពល​នោះទេ។ លោក​ស្រី​ ជា​ លៀង​ មាន​ប្រសាសន៍​ថា៖

«ឌុច ​បាន​ទទួល​ស្គាល់​អំពី​តួនាទី និង​សិទ្ធិ​អំណាច​របស់​ខ្លួន។ ជាពិសេស​ទទួល​ស្គាល់​ចំពោះ​ឧក្រិដ្ឋកម្ម​ ដែល​បាន​កើត​ឡើង​នៅ​មន្ទីរ​ស២១​ក្នុង​នាម​ជា​ប្រធាន​មន្ទីរ​សន្តិសុខ​ស២១។ ដូច្នេះ​ឌុច​ត្រូវ​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ប្រព្រឹត្តិ​ឡើង​ក្នុង​ក្របខ័ណ្ឌ​មន្ទីរ​សន្តិសុខ​ស២១»។

សូម​បញ្ជាក់​ថា​ សវនាការ​នៅ​ថ្ងៃ​ទី១​ នៅ​ក្នុង​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នេះ​ ផ្តោត​ទៅ​លើ យុត្តាធិការ​បុគ្គល ​ហើយ​គឺជា​សវនាការ​ដែល​សួរ​ដេញ​ដោល​ទៅ​លើ​អង្គច្បាប់។

លោក​នង ចាន់ផល ​ដែល​ត្រូវ​ពួក​ខ្មែរក្រហម​ចាប់​ខ្លួន​យក​មក​ដាក់​គុក​ទួលស្លែង ​ជាមួយ​នឹង​ម្តាយ របស់​លោក​ និង​ប្អូនៗ​របស់​លោក​ចំនួន​បីនាក់​ផ្សេង​ទៀត​បាន​យំ​ស្រែក​នៅ​ក្រៅ​បន្ទប់​សវនាការ​បន្ទាប់​ពី​ ការ​កាត់ទោស​ច្រើន​ម៉ោង​ ដោយ​ទំនង​ជា​លោក​ក្តុកក្តួល​យ៉ាងខ្លាំង​នៅ​ពេល​ដែល​ឭ​ក្រុម​មេធាវី​ការពារក្តី​ ទាមទារ​ឲ្យ​ដោះលែង​ ឌុចនោះ។ ម្តាយ​របស់​ នង​ ចាន់ផល​ ត្រូវ​សម្លាប់​នៅ​ក្នុង​គុក​ទួលស្លែង​ក្រោម​ការ​គ្រប់គ្រង​របស់​ឌុច។ លោក​និយាយ​លាយជាមួយ​នឹង​សំឡេង​ទ្រហោរ​យំ​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​និយាយ​ថា​ ឪពុក​ម្តាយខ្ញុំ ​គេ​បោច​សក់ ​គេ​ទាត់​ធាក់​ដួល​លើ​ឥដ្ឋ​នេះ​ គេ​អត់​ជឿ​ខ្ញុំ​ទេ។ គេ​ថា​ ខ្ញុំ​និយាយ​ក្លែង​ក្លាយ។ មក​ធ្វើ​អញ្ចឹង​កាត់ទោស​យូរៗ​ ចង់​រួចខ្លួន​បាត់​ហើយ»។

នៅ​ថ្ងៃ​អង្គារ​នេះ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ និង​ជជែក​ដេញដោល​អំពី​ឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្ស​ជាតិ​ដែល​ត្រូវ​ចោទ​ប្រកាន់​ទៅ​លើ​ឌុច៕