កម្ពុជា​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដើម្បី​គ្រប់គ្រង​ថ្នាំ​និង​សម្ភារៈកសិកម្ម​និង​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​កសិកម្ម​នៅ​ក្នុង​ប្រទេស​

រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​មួយ ​ស្ដី​ពី​ថ្នាំ​កសិកម្ម​និង​សម្ភារៈ​កសិកម្ម​ដើម្បី​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​និង​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​កសិកម្ម​នៅ​ក្នុង​ប្រទេស។​ ពង្រាង​ច្បាប់​ថ្មី​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ ខណៈ​ពេល​ដែល​ថ្នាំ​គីមី​កសិកម្ម​ប្រកប​ដោយ​គ្រោះថ្នាក់​ជាច្រើន​ប្រភេទ​ កំពុងចរាចរ​នៅ​លើ​ទី​ផ្សារ​នៃ​ប្រទេស​កម្ពុជា។

ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ ទើបតែ​បាន​រៀបចំ​សេចក្តី​ព្រាងច្បាប់​មួយ​ស្តីពី​ថ្នាំ​កសិកម្ម​និង​សម្ភារៈ​កសិកម្ម​ ដើម្បី​ធានា​នូវ​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ និង​សម្ភារៈ​កសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ ខណៈ​ដែលថ្នាំ​គីមី​ដែល​ប្រើ​ក្នុង​វិស័យ​កសិកម្ម​ប្រកប​ដោយ​គ្រោះថ្នាក់​ជា​ច្រើន​មុខកំពុង​ត្រូវ​បាន​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ពុំ​ទាន់​មាន​ការ​ត្រួត​ពិនិត្យឲ្យ​បាន​ត្រឹម​ត្រូវនៅ​ឡើយ។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ថ្នាំ​កសិកម្ម​និង​សម្ភារៈ​កសិកម្មកម្រាស់​ ៤៦​ ទំព័រ​នេះ​ មាន​ ១២​ ជំពូក​ ចែក​ចេញ​ជា​ ១០០​ មាត្រា។

ច្បាប់​នេះ​ចែង​អំពី​ការ​គ្រប់គ្រង​លើ​សារធាតុ​គីមី​ ឬ​ ហៅ​ថា​ ថ្នាំ​កសិកម្ម​ដែល​គេ​ប្រើ​ប្រាស់​ដើម្បី​កម្ចាត់​ប្រភេទ​រុក្ខជាតិ​ដែល​គ្មាន​ប្រយោជន៍​ ដូចជាស្មៅ​និង​សត្វល្អិត​ចង្រៃ​ និង​គ្រប់គ្រង​ទៅលើ​ការ​ប្រើប្រាស់​ជី​កសិកម្ម​ ចំណីសត្វ​ និង​ថ្នាំ​ដែល​គេ​ប្រើប្រាស់​ជា​សារ​ធាតុ​បញ្ចូល​ក្នុង​ផលិតកម្មកសិកម្ម​ ឬ​ហៅថា​សម្ភារៈ​កសិកម្ម។

នៅក្នុង​ប្រទេស​កម្ពុជា​ ការ​ប្រើប្រាស់​ថ្នាំ​គីមី​និង​សម្ភារៈ​កសិកម្ម​នេះកាន់តែ​មាន​ការ​កើនឡើង​នៅក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ដោយសារ​ប្រជា​កសិករ​ខ្មែរ​នៅតែ​មិនទាន់​យល់ដឹង​គ្រប់​គ្រាន់​អំពី​ផលប៉ះពាល់​នៃ​សារធាតុ​គីមី​កសិកម្ម​ទាំងនោះ។​ នេះ​បើ​យោង​តាម​របាយការណ៍​វិភាគ​សេដ្ឋកិច្ច​លើ​ថ្នាំពុល​កសិកម្ម​ឆ្នាំ២០១០​ របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​និង​ក្រសួង​បរិស្ថាន​កម្ពុជា។

របាយការណ៍​ដដែល​នោះ​បាន​បង្ហាញ​ថា​ នៅ​ត្រឹម​ឆ្នាំ​២០០៧​ មាន​ថ្នាំ​គីមី​កសិកម្ម​ខុសៗ​គ្នា​ចំនួន​១៣៣​ មុខ​ ត្រូវបាន​ដាក់​លក់​នៅ​តាម​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោម​ឈ្មោះ​ពាណិជ្ជកម្ម​ចំនួន​ ៥២២​ ឈ្មោះ​ ដោយ​ថ្នាំ​សម្លាប់​សត្វល្អិត​ខ្លះ​មាន​លាយ​ថ្នាំ​គីមី​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្ពស់​បំផុត។

មាត្រា​ ៩២​ នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ចែង​ថា​ ជន​ណា​ដែល​បាន​ក្លែង​ឬ​កែច្នៃ​សារធាតុ​គីមី​គ្រោះថ្នាក់​ ឬ​ធ្វើ​អាជីវកម្ម​ថ្នាំ​កសិកម្ម​ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ពុល​ខ្ពស់ដែល​ត្រូវ​ហាម​ឃាត់​ដោយ​ក្រសួង​កសិកម្ម​ ជន​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៣​ ទៅ​ ៥​ ឆ្នាំ​ និង​ឬ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ពី​ហាសិប​លាន​រៀល​ទៅ​ប៉ែត​សិប​លាន​រៀល។

លោក​ យ៉ង់ សាំងកុមារ​ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ហៅ​កាត់​ថា​ CEDAC​ បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់គ្រប់គ្រង​ថ្នាំ​កសិកម្ម​នេះ​ ទោះបីលោក​យល់ថា​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​ដ៏​មាន​សារៈសំខាន់​នេះ​ រាង​យឺតយ៉ាវ​បន្តិច​ក៏​ដោយ។​ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​ច្បាប់​នេះ​ចូល​ជាធរមាន​នោះ​ រដ្ឋាភិបាល​គួរតែ​អនុវត្ត​វា​ឲ្យ​មាន​ប្រសិទ្ធិភាព​ ជា​ពិសេស​ទៅ​លើ​ក្រុមហ៊ុន​នាំ​ចូល​ថ្នាំ​គីមី​កសិកម្ម​ក្លែងក្លាយ​និង​ប្រកប​ដោយ​សារជាតិ​ពុល​ខ្ពស់​ដែល​កំពុង​មាន​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា។

"ឧទារហណ៍​ ជុំវិញ​រឿង​ការ​ចាប់ការ​រឹបអូស​ ឬ​ក៏​ការ​ដាក់​ពិន័យ​អី​ផ្សេងៗ​ដល់​ឈ្មួញ​ អ្នក​ជំនួញ​ណា​ដែល​ប្រើប្រាស់​ថ្នាំពុល​ខុសច្បាប់​ ឬ​ក៏​ក្រុមហ៊ុន​ណា​ដែល​ផ្សព្វផ្សាយ​ថ្នាំ​ហ្នឹង​ខុស​ច្បាប់"។

លោក​ យ៉ង់ សាំងកុមារ​ មាន​ប្រសាសន៍​បន្ថែម​ថា​ រដ្ឋាភិបាល​ក៏​គួរ​តែ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ផងដែរ​នូវ​ច្បាប់​នេះ​ ដើម្បី​លើក​កម្ពស់​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ថ្នាំ​ទាំងនោះ​ផង​និង​អ្នក​ទទួលទាន​កសិផល​ដែល​មាន​បាញ់​ថ្នាំ​គីមី​នោះ​ផង។

របាយការណ៍​វិភាគ​សេដ្ឋ​កិច្ច​លើ​ថ្នាំ​ពុល​កសិកម្ម​ឆ្នាំ​២០១០​ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​កម្ពុជា​ត្រូវ​ខាតបង់​ប្រាក់​ប្រមាណ​ ១៤​ ដុល្លារ​អាមេរិក​ទៅលើ​សុខភាព​មនុស្ស​និង​បរិស្ថាន​ នៅ​រាល់​ពេល​ដែល​ទឹក​ថ្នាំគីមី​កសិកម្ម​ចំនួន​ ១​លីត្រ​ត្រូវបាន​ប្រើប្រាស់។​ ហើយ​ថ្នាំ​គីមី​កសិកម្ម​ទាំង​នោះ ត្រូវនាំចូល​ដោយ​គេច​ពន្ធ​ពី​ប្រទេស​វៀតណាម​និង​ថៃ។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ថ្នាំ​កសិកម្ម​និង​សម្ភារៈ​កសិកម្ម​ក៏​បានកំណត់​ផងដែរ​អំពី​ការដឹកជញ្ជូន​ថ្នាំ​កសិកម្ម​ឆ្លង​កាត់​ប្រទេស​កម្ពុជា​ ពោលគឺ​ត្រូវ​ជូន​ដំណឹង​ដល់​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ក្នុង​រយៈពេល​យ៉ាង​តិច​ ១៥​ថ្ងៃ​ មុន​ពេល​ថ្នាំ​កសិកម្ម​ត្រូវ​នាំ​ចូល​មកដល់​ច្រក​ទ្វារ​ព្រំដែន។

យ៉ាង​ណាក៏​ដោយ​លោក​ អ៊ុក ស៊ីផាន​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​ មាន​ប្រសាសន៍​ថា​ សេចក្តី​ព្រាង​ច្បាប់នេះ​ត្រូវការ​ការ​ពិគ្រោះ​យោបល់​បន្ថែម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ​ដើម្បី​ឲ្យ​ច្បាប់​នេះ​មាន​លក្ខណៈ​សុក្រិត​ គ្រប់​ជ្រុង​ជ្រោយ​។

“បញ្ហា​សំខាន់ហ្នឹង​គឺ​យើង​ប្រមួល​យោបល់​ពី​អ្នក​ពាក់​ព័ន្ធ​ទាំងអស់​ ទាំង​ស្ថាប័ន​រដ្ឋ​និង​ផ្នែក​ឯកជន​និង​សង្គម​ស៊ី​វិល​ ប្រមូល​មតិយោបល់​ហ្នឹង​យក​ទៅ​ពិចារណា​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នឹង​បន្ថែម​ទៀត”។

នៅ​ថ្ងៃ​ពុធ​ទី​ ១៤​ ខែ​កក្កដា​ឆ្នាំ​២០១០​នេះ​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​នៅក្នុង​សិក្ខា​សាលា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ប្រមូល​យោបល់​បន្ថែម​ចុងក្រោយ​ពី​ស្ថាប័ន​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នានា​ មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី​ដើម្បី​អនុម័ត​នៅ​ត្រឹម​ចុង​ឆ្នាំ​២០១០​នេះ៕