យុទ្ធនាការ​ចាក់​វ៉ាក់សាំង Sinopharm បង្ការ​ជំងឺ​កូវីដ​១៩ ចាប់ផ្ដើម​នៅ​ភ្នំពេញ

ក្រុម​គ្រូពេទ្យ​ ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ ​ដល់​ឥស្សរជន​ជាន់​ខ្ពស់​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ​/វីអូអេ)

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ បាន​ទទួល​វ៉ាក់សាំង​ចិន Sinopharm ដំបូង​គេ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ពេល​ដែល​កម្ពុជា​ផ្ដើម​ពង្រាយ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ជា​លើក​ដំបូង។

ក្រោម​ពន្លឺ​ភ្លើង​កាមេរ៉ា​បាញ់​ចាំង​រាប់​ភ្លេច​ដង​ក្នុងអគារ​វិទ្យាសាស្ត្រប្រព័ន្ធ​ប្រសាទនៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ កូនៗរបស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​តម្រង់​ជួរ​ឱ្យ​គ្រូ​ពេទ្យ​បាញ់បញ្ចូល​នូវ​វ៉ាក់សាំង​ផលិត​ដោយ​ចិន​ ​ទៅ​ក្នុង​ដៃ​ស្ដាំ​របស់ពួក​គេ​ម្នាក់​ម្ដងៗ។

​លោក​ឧត្ដមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​លោក​ ហ៊ុន សែន និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ទទួល​វ៉ាក់សាំង​ជា​ផ្លូវ​ការ។​

​«សូម​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​ជឿ​ទុក​ចិត្ត បើ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ដែល​សម្រេច​ចិត្តនិង​មា​នការ​ទុក​ចិត្ត​ទៅ​លើ​វ៉ាក់សាំង​ដើម្បី​យើង​ចាក់​ការពារ​សុខភាពរបស់​យើង និង​សុខភាពសង្គម​ជាតិ​របស់​យើង​នេះ​ សូម​បងប្អូន​ទាំង​អស់​ជឿ​ទុកចិត្ត​លើ​ការ​ចាក់​វ៉ាក់សាំង​នេះ»។

​លោក​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ថ្លែង​ថា​ ទោះ​លោក​ចាក់​វ៉ាក់​សាំង​ Sinopharm ​នេះ​មិន​ទាន់​បាន ដ្បិត​មាន​វ័យ​លើស៥៩​ឆ្នាំ​ ដែល​តម្រូវ​ដោយ​វ៉ាក់សាំង​នេះ​ ក៏​កូនៗ​របស់​លោក​នឹង​ចាក់​មុន។​

នាយក​រដ្ឋមន្ត្រី​វ័យ​៦៨​ឆ្នាំ​របស់​កម្ពុជា​ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា៖​

«ច្បាស់​ណាស់​ថ្ងៃ​នេះ​កូន​ប្រុស​របស់​ខ្ញុំ​បាន​ទទួល​វ៉ាក់សាំង​មុនគេ​ជំនួស​អោយ​ឪពុក ដែល​នេះ​ក៏​បញ្ជាក់ច្បាស់ពី​ការ​ទទួលខុសត្រូវ​របស់​យើង​ចំពោះ​មុខ​ជន​រួម​ជាតិ​យើង»។

ក្រុម​អ្នកសារព័ត៌មាន​ ផ្តិត​យក​រូបភាពនៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)

នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ​ពេល​អ្នក​សារព័ត៌មានសួរ​ទៅ​កាន់​ លោក ហ៊ុន ម៉ាណែត​ថា​ការ​ចាក់​នេះ​ជា​ការ​ស្ម័គ្រ​ចិត្ត​ ឬ​ជា​បញ្ជា​ពី​លោក​ ហ៊ុន សែន ជា​ឪពុក​ លោក ​ម៉ាណែត​ ថ្លែងថា៖ «បើ​មិន​ស្ម័គ្រ​ចិត្ត​ អត់មក​ទេ»។

វ៉ាក់សាំង​ Sinopharm ​របស់​ចិន ត្រូវ​បាន​ក្រុមហ៊ុន​ផលិតប្រកាស​ថា មាន​ប្រសិទ្ធភាព​ក្នុង​អត្រា ៧៩,៣៤% ​ក្នុង​ការ​សាកល្បង​ដំណាក់​កាល​ទី​បី (Phase 3) ដែល​ទិន្នន័យ​លម្អិត​នៃ​ការ​សិក្សា​នេះមិន​ទាន់​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ។​

នៅ​ពេល​ត្រូវ​បាន​វីអូអេ​សួរ​ថា ភាគី​ចិន​បាន​ចែក​រំលែក​ទិន្នន័យ​នៃ​ការ​សាកល្បង​ដំណាក់​កាល​ទី​បី (Phase 3) និង​ទិន្នន័យ​ចាំបាច់​នានា​ បាន​ពេញលេញ​គ្រប់​ជ្រុងជ្រោយ​ ជូន​ភាគី​កម្ពុជា​ដែរ​ឬ​ទេ​អ្នកស្រី​ ​ឱ​ វណ្ណ​ឌីន​ រដ្ឋ​លេខាធិការ​នៃ​ក្រសួង​សុខាភិបាល​ មិន​បាន​ផ្ដល់​ចម្លើយ​ជាក់​លាក់​នោះ​ទេ។

យ៉ាងណាក៏​ដោយ​អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន ថា​ខាង​ភាគី​កម្ពុជា​បាន​ពិចារណារួចរាល់​អស់​ហើយ មុន​នឹង​មាន​ការ​អនុញ្ញាត​ដាក់​ឱ្យ​ប្រើប្រាស់​ជាបន្ទាន់​តាំង​ពី​សប្ដាហ៍​មុន។​

«ការ​សម្រេច​របស់​យើង​មិន​មែន Compromise មិន​មែន​ចេះ​តែ​ធ្វើ ដោយ​មិន​មាន​ការ​សិក្សា​នោះ​ទេ»។​

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ ដែល​បាន​ទទួល​វ៉ាក់សាំង Sinopharm ដូស​ទី​មួយ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ពុធដែរ​នេះ​បាន​បន្ថែម​ថា៖

​«មុន​នឹង​មាន​ការ​សម្រេច យើង​មាន​ការ​សិក្សា​រួច​មក​ហើយ បើ​មិន​អ៊ីចឹង ខ្ញុំ​អត់​ហ៊ាន​ចាក់​ទេ អាហ្នឹង​និយាយឱ្យ​ស្មោះ​ត្រង់។ ឥលូវ​ខ្ញុំ​ចាក់​រួច​ហើយ។​ ហេតុអ្វី​ខ្ញុំ​ហ៊ាន​ចាក់ ព្រោះ​ខ្ញុំ​បាន​សិក្សា ខ្ញុំ​បាន​មើល ហើយ​បញ្ហា​វ៉ាក់សាំង​នេះ គឺ​យើង​បាន​សិក្សា​ទៅ​ឃើញ​ថា​គេ​ធ្វើ​ល្អិត​ល្អន់​ណាស់ មួយ​ដំណាក់ៗៗ​ គេ​មាន​សិក្សា​របស់​គេ​ត្រឹមត្រូវ មិន​មែន​គេ​ចេះ​តែ​ធ្វើ​ទេ»។

ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)

លោក​អភិបាល​រាជធានី​ភ្នំពេញ ឃួង ស្រេង ដែល​មក​ទទួល​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដែរ បាន​លើក​ឡើង​ថា លោក​ទុក​ចិត្ត​លើ​លោក ហ៊ុន សែន​ រឿង​វ៉ាក់​សាំង​នេះ។​

«ទោះ​បី​ជា​ជន​អគតិ​មួយ​ចំនួនបានលើក​ឡើងបញ្ហា​ផ្សេងៗ​ជុំវិញ​បញ្ហា​វ៉ាក់សាំង​យ៉ាងណា​ក៏​ដោយ ក៏​លោក​នៅ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ប្រជា​ពលរដ្ឋ​របស់​លោក។ ប៉ុន្តែ​ប្អូន​ត្រូវ​ចងចាំ​ថា​លោក​បាន​រំដោះ​ពួក​យើង​ឲ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់ គ្មាន​ទឡ្ហីករណ៍​ណា​ដែល​លោក​សម្លាប់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ នេះ​ជា​បញ្ហា​មួយ​សំខាន់​ត្រូវ​ចាំ​ជាប់​ជានិច្ច»។ ​

កាល​ពី​ពាក់ក​ណ្ដាល​ខែ​មករា លោក ហ៊ុន សែន បាន​ប្រកាស​ទទួល​ជំនួយ​វ៉ាក់​សាំង Sinopharm មួយ​លាន​ដូស ផ្ដល់​ដោយ​រដ្ឋ​ចិន ជា​ការ​ផ្លាស់ប្ដូរ​ជំហរ​ដែល​លោក​ប្រកាស​កាល​ពី​ដំណាច់​ខែ​ធ្នូ ថា​កម្ពុជាទទួល​យក​តែ​វ៉ាក់សាំង​ណា​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ប៉ុណ្ណោះ។

អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនរដ្ឋចិន Sinopharm នៅរាជធានីភ្នំពេញ ខែកុម្ភៈ ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

អ្នកស្រី​ ឱ វណ្ណឌីន​ បាន​ថ្លែងកាល​ពីថ្ងៃច័ន្ទ ប្រាប់ពលរដ្ឋថា ពលរដ្ឋ​ពុំគួរបារម្ភថាវ៉ាក់​សាំង Sinopharm នេះ​ មាន​ការ​ទទួលស្គាល់ ឬ​អត់ពីអង្គការសុខភាពពិភព​លោក​ តែគួរ​បារម្ភ​ថា​ធ្វើ​ដូចម្ដេច​បាន​ទទួលវ៉ាក់​សាំង។​

ការិយា​ល័យ​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​សុខភាពពិភពលោក​មិន​បាន​ឆ្លើយតប​នឹង​សារ​អេឡិច​ត្រូនិក​សុំ​ការ​បំភ្លឺ​របស់​វីអូអេ​នោះ​ទេ ទៅ​លើ​សំណួរ​សំខាន់ៗ ដូច​ជា​តើ​អង្គការ​នេះ​ត្រូវ​បាន​មន្ត្រី​កម្ពុជា​សុំ​យោបល់​ឬ​អត់ មុនពេល​ផ្ដល់​ការ​អនុញ្ញាត​ប្រើប្រាស់​បន្ទាន់​នៃ​វ៉ាក់សាំង Sinopharm។​

ការិយាល័យ​ប្រចាំ​ប្រទេស​កម្ពុជានៃ​អង្គការ​សុខភាព​ពិភពលោក មិន​បាន​បញ្ចេញ​ជំហរ​អ្វី​ទេ​ តាំង​ពី​ទីក្រុងភ្នំពេញ​បាន​សម្រេច​ប្ដូរ​ចិត្ត​មក។ ​អង្គការ​នេះ​បាន​ធ្លាប់​ព្រមាន​ពី«ជាតិ​និយម​វ៉ាក់​សាំង»​ នៃ​ហានិភ័យ​សម្រាប់​ប្រទេស​ក្រីក្រ​ ដែល​ដណ្ដើម​ទិញ​វ៉ាក់សាំង​មិនទាន់ ​ឬ​មិន​ឈ្នះ​គេ។

ស្ថាប័ន​មន្ទីរ​ពិសោធន៍​សំខាន់​ៗ​ចំនួន​ពីរ​ដែល​ទទួល​បន្ទុក​ចម្បង​ក្នុង​ការ​ធ្វើ​តេស្ដ​រក​វីរុស​កូវីដ​១៩ និង​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ឆ្លើយតប​នឹង​មេរោគ​នេះ រួម​មាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (IPC) របស់ បារាំង និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ (NIPH) របស់រដ្ឋ។

វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​(IPC) បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នឹង​ដំណាក់កាល សម្រេច​យល់ព្រម​ទទួល​វ៉ាក់សាំង Sinopharm នោះ​ទេ ដ្បិត​ខ្លួន​ទទួល​បន្ទុក​តែ​រឿង​ធ្វើ​តេស្ដ។

នាយក​វិទ្យាស្ថាន​បាស្ទ័រ​កម្ពុជា​ អ្នកស្រី​ Laurence Baril បាន​សរសេរ​ក្នុង​សារអេឡិចត្រូនិក​ក្នុង​ន័យ​ដើម​ថា៖

«មិន​មាន​ការ​ចាំបាច់​ក្នុង​ការ​ពិគ្រោះ​ជាមួយ​ IPC ​ទេ​ព្រោះ​យើង​មិន​បានរួម​ចំណែក​ក្នុង​ដំណើរ​ការ​ផ្តួចផ្តើម​នៃការ​ចាក់​វ៉ាក់សាំង​នោះ​ទេ​ ប៉ុន្តែ​យើង​ផ្តោត​លើ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ​(ការ​ធ្វើ​តេស្ត PCR)​ និង​សកម្មភាព​ស្រាវជ្រាវ​ដែល​មិន​ទាក់ទង​នឹង​ការឆ្លើយតប​ប្រតិបត្តិការ​នៃ​វ៉ាក់​សាំង»។​ ​

លោក​វេជ្ជ​បណ្ឌិត​ ឈា ឆវណ្ណ នាយក​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ​(NIPH) ​ក៏​មិន​បាន​បញ្ជាក់​នោះ​ទេ ​ថា​លោក​ទទួល​បាន​ព័ត៌មាន​ទិន្នន័យ​អំពី​វ៉ាក់សាំង​យក​មក​សិក្សា ​មុន​ពេល​រដ្ឋ​សម្រេច​កាល​ពី​ ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ថា​កម្ពុជា​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​បន្ទាន់។​ ​

ទោះ​ជា​យ៉ាង​ណា លោកវេជ្ជ​បណ្ឌិត​ ឈា ឆវណ្ណ និយាយ​ថា​ព័ត៌មាន​អំពី​ប្រតិកម្ម​ថ្នាំ​វ៉ាក់សាំង​ជាក់​លាក់​របស់​វ៉ាក់​សាំង​ណា​មួយ​ មិន​មែន​ជា​មូលហេតុ​តែមួយ ​ដើម្បី​កំណត់​ការ​ប្រើប្រាស់​ក្នុង​ករណីអាសន្ន​នោះ​ទេ។​

រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនរដ្ឋចិន Sinopharm នៅរាជធានីភ្នំពេញ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ ទៀ បាញ់​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បាន​ថ្លែង​ថា លោក​បាន​ទទួល​វ៉ាក់សាំង​ Sinopharm នេះ​នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុ​មាលា ដែល​ចាក់​ដោយ​គ្រូ​ពេទ្យ​ចិន​ប្រចាំការ​នៅ​ទី​នោះ តាំង​ពី​ថ្ងៃ​ទី​២០​ ខែ​មករា​ មុន​ពេល​ក្រសួង​សុខាភិបាល​ប្រកាស​អនុញ្ញាត​ឱ្យ​ចាក់​ទៅ​ទៀត។​

ថ្លែង​នៅ​មន្ទីរពេទ្យ​យោធា រដ្ឋមន្ត្រី​វ័យ​៧៥​ឆ្នាំ​រូប​នេះ ​ប្រកាស​ថា​ទោះ​លើស​អាយុ​ដែល​មាន​ការ​ធានា​ឱ្យ​ចាក់​ក៏​ដោយ លោក​បាន​ទទួល​វ៉ាក់សាំង Sinopharm ដោយ«មិន​មាន​បញ្ហា» ​ហើយ​ថា​អ្នក​ក្រោម​បង្គាប់​លោក​ប៉ុន្មាន​នាក់ ​ក៏​បានទទួល​ក្នុង​ពេល​ជាមួយ​គ្នា​ដែរ កាល​ពី​ខែ​មករា។

ក្រសួង​ការពារ​ជាតិ​ដែល​ទទួល​បាន​វ៉ាក់សាំង​៣០​ម៉ឺន​ដូស នឹង​ដឹកវ៉ាក់​សាំង​នេះ​ចាក់​ជូន​កង​ទ័ព​តាម​អង្គភាព​នៅ​បណ្ដោយ​ព្រំដែន នា​ពេល​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​លោក ទៀ បាញ់៕