នួន ជា​ ចោទ​វៀតណាម​សម្លាប់​ខ្មែរ ​ហើយ​អះអាង​ថា​ខ្មែរ​ក្រហម​គ្មាន​កំហុស​ទេ

នៅ​ក្នុង​ចម្លើយ​ទៅ​នឹង​ការ​ចោទ​សួរ​របស់​លោកស្រី​ចៅក្រម ​Sylvia Cartwright ​នួន ​ជា​បាន​ទទួល​ស្គាល់​ថា ​ខ្លួន​បាន​ទៅ​រៀន​នយោបាយ​នៅ​ប្រទេស​វៀតណាម​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ក្នុង​សម័យ​តស៊ូ​ មុន​ពេល​ក្រុម​ខ្មែរក្រហម​ឡើង​កាន់​អំណាច។ ​ប៉ុន្ដែ​បាន​បដិសេធ​ថា​ មិន

អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម​ គឺ​នួន​ ជា ​បាន​អះអាង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ក្លាយ​ខ្លួន​ជា​ជន​កុម្មុយនីស្ដរបស់​គាត់​គឺ​ដោយសារ​ការ​ឈឺ​ចាប់​និង​ការ​ជិះជាន់​ក្នុង​សង្គម ​ ហើយ​លោក​បន្ដ​បកស្រាយ​ថា​ ខ្មែរក្រហម​គ្មាន​កំហុស​នោះ​ទេ។

នៅ​ក្នុង​ការ​កាត់ក្ដី​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ដោយ​ផ្ដោត​លើ​ប្រវត្តិ​សាវតារ​នៃ​កំណើត​បក្ស​កុម្មុយនីស្ដ​កម្ពុជា ​អតី​ប្រធាន​សភា​ខ្មែរក្រហម​នេះ​បាន​រៀបរាប់​ថា ​ខ្លួន​បាន​បណ្ដុះ​គំនិត​តស៊ូ​ក្រោម​ការ​ជិះជាន់​ពី​បារាំង​ និង​ពី​ខ្មែរ​ដូច​គ្នា​ក្រោម​របប​អាណានិគម​និយម​បារាំង។

«ដូច្នោះ​ហើយ​បាន​ជា​ខ្ញុំ​ស្អប់​ខ្ពើម​នូវ​ការ​ជិះជាន់ ​សង្កត់សង្កិន​របស់​អាណានិគម​និយម​បារាំង ​និង​របស់​ពួក​ម្ចាស់​ដី ​អ្នក​មាន​អំណាច ​ជា​ខ្មែរ​ដូច​គ្នា»។

នៅ​ក្នុង​សវនាការ​ នួន ​ជា​បាន​រៀបរាប់​ពី​ការ​យល់​ឃើញ​របស់​គាត់​ក្នុង​ការ​ចូលរួម​ក្នុង​ចលនា​កុម្មុយនីស្ដ​ដែល​ថា ​ចលនា​នេះ​នឹង​ជួយ​ប្រឆាំង​ និង​ផ្ដួល​រំលំ​នូវ​របប​ដែល​គាត់​ស្អប់​ខ្ពើម​នោះ។

ទោះ​ជា​យ៉ាង​ណា ​នួន​ ជា​បន្ដ​ការ​រិះគន់​លើ​ប្រទេស​វៀតណាម​ថា ​ប្រទេស​វៀតណាម​បាន​គ្រប់គ្រង​ចលនា​បក្ស​កុម្មុយនីស្ដ​កម្ពុជា ​ហើយ​នួន​ ជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​នានា​មក​លើ​មេដឹកនាំ​ខ្មែរក្រហម ​និង​ទាមទារ​ឲ្យ​តុលាការ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

«ដូច្នេះ​ទម្លាក់​ឧក្រិដ្ឋកម្ម​សង្រ្គាម​ សង្រ្គាម​ប្រល័យ​ពូជសាសន៍​ទាំង​អស់​នេះ​(ពីព្រោះ) ​វា​មិនមែន​ខ្មែរ​និង​ខ្មែរ​ទេ។ ​យួន​អ្នក​សម្លាប់​ខ្មែរ។ ​កុំ​ច្រឡំ។ ​កុំ​យល់​ថា ​ខ្មែរ​ក្រហម​អាក្រក់ ​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍​ ខ្មែរ​ក្រហម​ជា​ឧក្រិដ្ឋ​កម្ម​សង្រ្គាម។ ​វា​អត់​សោះ»។

នួន​ ជា ​និង​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បី​នាក់​ផ្សេង​ទៀត​ គឺ​ អៀង ​សារី ​អតីត​ឧប​នាយករដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស ​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ​និង​អៀង​ ធីរិទ្ធ ​ប្រពន្ធ​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​បទ​ប្រល័យ​ពូជសាសន៍​ សម្រាប់​សំណុំរឿង​០០២។ ​ប៉ុន្ដែ​អៀង ​ធីរិទ្ធ​ មិន​ត្រូវ​តុលាការ​សម្រេច​ថា ​ពុំ​មាន​កាយ​សម្បទា​គ្រប់គ្រាន់​សម្រាប់​ចូលរួម​ការ​កាត់ទោស​នោះ​ទេ។

អតីត​ជន​កុម្មុយនីស្ដ​ម៉ៅនិយម​ទាំង​នេះ​បាន​កាន់អំណាច​ពី​ខែ​មេសា ​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​ ដែល​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​ដោយ​ការ​សម្លាប់ ​ដោយ​ការ​បង្អត់​អាហារ ​និង​ដោយ​ពលកម្ម​ធ្ងន់ធ្ងរ​ អស់​យ៉ាង​តិច​ចំនួន​១,៧​លាន​នាក់​ ក្នុង​អំឡុង​ពេល​ពួក​គេ​កាន់​អំណាច​ជិត​បួន​ឆ្នាំ​នេះ។

នួន ​ជា ​ដែល​មាន​អាយុ​៨៥​ឆ្នាំ​ទៅ​ហើយ​នៅ​ឆ្នាំ​នេះ ​ធ្លាប់​ចូលរួម​ក្នុង​ចលនា​បក្ស​កុម្មុយនីស្ដ​នៅ​ប្រទេស​ថៃ​ មុន​មក​ចូលរួម​ដឹក​នាំ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​នៅ​ស្រុក​ខ្មែរ។

នៅ​ក្នុង​ចម្លើយ​ទៅ​នឹង​ការ​ចោទ​សួរ​របស់​លោកស្រី​ចៅក្រម ​Sylvia Cartwright ​នួន ​ជា​បាន​ទទួល​ស្គាល់​ថា ​ខ្លួន​បាន​ទៅ​រៀន​នយោបាយ​នៅ​ប្រទេស​វៀតណាម​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ក្នុង​សម័យ​តស៊ូ​ មុន​ពេល​ក្រុម​ខ្មែរក្រហម​ឡើង​កាន់​អំណាច។ ​ប៉ុន្ដែ​បាន​បដិសេធ​ថា​ មិន​បានរៀន​ក្បួន​សឹក​ពី​ប្រទេស​វៀតណាម​ទេ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​ធ្លាប់​បាន​ហៅ​សេចក្ដី​អះអាង​របស់​នួន​ ជា​ដែល​ថា​វៀតណាម​ជាប់​ពាក់ពន្ធ័​នឹង​ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា​នោះ​ថា​ គឺ​ជា​ភូតកុហក។

ជន​រងគ្រោះ​មួយ​ចំនួន​ ដែល​បាន​ចូលរួម​សវនាការ​នៅ​ថ្ងៃនេះ​បាន​ប្រតិកម្ម​ដោយ​កំហឹង​ទៅ​នឹងការ​លើក​ឡើង​របស់​នួន ​ជា ​ដោយ​សំអាង​ថា ​គាត់​មិន​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ ដែល​បាន​កើត​ឡើង។ ​ដោយឡែក ​លោក​ហុង ​គឹមសួន ​មេធាវី​មួយ​រូប​ តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ មាន​ប្រសាសន៍​ថា ​នួន​ ជា​មិនទាន់​និយាយ​ការណ៍​ពិត​នៅ​ឡើយ៕