ប្រទេសកម្ពុជាត្រូវបានសន្យាផ្តល់ជំនួយរាប់រយលានដុល្លារអាមេរិកពីសហគមន៍ផ្តល់ជំនួយអន្តរជាតិសម្រាប់ធ្វើការកែទម្រង់ និងការអភិវឌ្ឍ។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
សហគមន៍ផ្តល់ជំនួយអន្តរជាតិបានសន្យាផ្តល់ជំនួយ១១០០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ ដែលបានកើនឡើងជាង១០០លានដុល្លារអាមេរិក។
លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយកិច្ចប្រជុំថា ជំនួយទាំងនេះបានផ្តោតការយកចិត្តទុកដាក់ទៅលើកំណែទម្រង់ និងគម្រោងអភិវឌ្ឍន៍នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០០៩-២០១៣ ដែលមានតម្លៃទឹកប្រាក់ជាង៦០០០លានដុល្លារអាមេរិក។
"ប្រទេសជប៉ុនគឺជាប្រទេសផ្តល់ជំនួយលេខ១ដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១០នេះ។ ជំនួយនេះបានឆ្លើយតបទៅនឹងតម្រូវការសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំរបស់រដ្ឋាភិបាលកម្ពុជា"។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះសំដៅធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ការគ្រប់គ្រងដីធ្លី កំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោក Masafumi Kuroki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយប្រមាណ១៣៦លានដុល្លារអាមេរិក ដោយផ្តោតទៅលើតម្លាភាព។
លោកគាត ឈន់ បានហៅកិច្ចប្រជុំផ្តល់ជំនួយនេះថា ជាជោគជ័យសម្រាប់កម្ពុជា និងដៃគូអភិវឌ្ឍន៍។
លោក Qimiao Fan ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាលើកទី៣នេះបានបញ្ជាក់ថា យើងសង្ឃឹមយ៉ាងខ្លាំងថា ការដឹកនាំរបស់រដ្ឋាភិបាលនឹងធ្វើការចាត់ចែងជំនួយឱ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលនឹងធ្វើឱ្យទម្រង់នេះលែងចាំបាច់តទៅទៀត។
លោក Qimiao Fan បានបន្ថែមថា បញ្ហាសំខាន់មួយចំនួន រួមមានការពង្រឹងតម្លាភាព និងគណនេយ្យភាពនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងធនធានធម្មជាតិនានា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃពុធថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់ធនធានសហប្រតិបត្តិការទាំងអស់នោះឱ្យបានប្រកបដោយប្រសិទ្ធិភាព និងភាពស័ក្តិសិទ្ធិបំផុត ដើម្បីជំរុញកំណើន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសូមផ្តល់នូវការធានាម្តងហើយម្តងទៀតចំពោះការប្រើប្រាស់ធនធានសហប្រតិបត្តិការដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ឱ្យបានប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។
នៅក្នុងឆ្នាំ២០០៩ ប្រទេសកម្ពុជាបានទទួលជំនួយជិត១០០០លានដុល្លារអាមេរិកពីសហគមន៍អន្តរជាតិនេះ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សំឡេង ស.រ.អ.៕