អង្គការ​ជាតិ​និង​អន្តរជាតិ​បន្ត​ទាមទារ​ឱ្យ​ប្តូរ​ច្បាប់​គ្រប់គ្រង​អង្គការ

People reach out to take fruits and vegetables freely distributed by farmers during a protest against high production costs outside the Agriculture Ministry in Athens, Greece.

ដោយ​ប្រាថ្នា​ចង់ឃើញ​សេចក្តី​ព្រាងច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស ​ត្រូវកែ​ប្រែ​ឲ្យបាន​សមរម្យ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ អន្តរជាតិ​មួយចំនួន​ នៅ​សហរដ្ឋ​អាមេរិក​និងក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ សេចក្តីព្រាង​ច្បាប់​អង្គការ​ ដែល​កម្ពុជា​កំពុង​តាក់តែង​មិនមែន​ជា​ច្បាប់​ដែលចាំ​បាច់ទេ​ ហើយ​បាស​ជំរុញ​ថា​សេចក្តី​ព្រាង​ចុង​ក្រោយ​ ត្រូវកែ​ប្រែ​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស។

នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​តាម​ប្រព័ន្ធ​ទូរស័ព្ទ​រួម​មួយ​ដែល​រៀបចំ​ដោយ​អង្គការ ស.រ.អា​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឈ្មោះ​ថា​ Oxfam ​America​ នោះ​ ក្រុម​មេដឹកនាំ​អង្គការ​អន្តរជាតិ​មួយចំនួន​បាន​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ មិន​ត្រូវ​បង្កើត​ច្បាប់​រិតត្បិត​ តែត្រូវ​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូលរួម ​ពី​អង្គការ​ក្រៅ​ រដ្ឋាភិបាល​ដើម្បី​ធ្វើ​កិច្ចការ​ជា​ដៃគូ​ជាមួយ​នឹង​រដ្ឋាភិបាល​លើ​ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ដូចជា​អប់រំ​ បញ្ហា​សុខភាព​ ផ្តល់​សេរីភាព​ធ្វើ​កិច្ចការ​ដល់ក្រុម​សង្គម​ស៊ីវិល ទាំង​ជាតិ​និង​អន្តរជាតិ។

លោកស្រី​ ណូរ៉ា អូ ខុនណែល (Nora ​O’Connell) ​នាយិកា​ជាន់ខ្ពស់​នៃ​អង្គការ​គាំពារ​កុមារ​ (Save the Children)​ បានថ្លែង​ថា​ លោកស្រី​ចូលរួម​ផ្តល់​សំឡេង​បារម្ភ​ជាមួយ​អង្គការ​ ដទៃ​អំពី​សេចក្តី​ព្រាងច្បាប់​អង្គការ​នេះ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែលអាច​បន្ត​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​អ្នក​ជំនួយ​ និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​ក្នុង​គោលដៅ​កាត់​បន្ថយ​ភាពក្រីក្រ។

«ប្រទេស​មួយ​ដែល​ព្យាយាម​អភិវឌ្ឍ​ដោយ​គ្មាន​ការចូលរួម​ពីក្រុម​អង្គការ​ក្រៅ​ រដ្ឋាភិបាល​ដ៏​ខ្លាំងក្លា​ គឺហាក់​ដូចជា​ការ​ជិះកង់​ដែល​មាន​កង់​តែមួយ​អញ្ចឹង។ លោកអ្នក​ប្រហែលជា​អាច​រុញ​វាតាមផ្លូវ​បានតែ​វាត្រូវ​ប្រើពេល​វេលា​យូរ។ លោកអ្នក​ត្រូវការ​ ទាំងពីរ​គឺ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ធ្វើ​កិច្ចការ​ជាមួយ​គ្នា ដើម្បី​ធ្វើ​ឲ្យជឿន​លឿនពិតៗ។​ ហើយ​សង្គម​ស៊ីវិល​ក្នុងស្រុក​គឺ​ជាដៃគូ​ដ៏​សំខាន់​ ហើយ​ស្ថាប័ន​ទាំងពីរ​ គឺជាអ្នក​ផ្តល់​សេវាកម្ម​ដូចជា​សុខាភិបាល​ ប្រាក់កម្ចី​ខ្នាត​ តូច​ជួយ​ឲ្យ​គ្រួសារ​ជាច្រើន​ឲ្យរួច​ផុតពី​ភាព​ក្រីក្រ។​ ដូច្នេះ​ប្រសិនបើ​លោកអ្នក​ធ្វើ ឲ្យ​សង្គម​ស៊ីវិល​ចុះខ្សោយ​ នោះជា​ការ​បញ្ជាក់ថា​ប្រទេស​ទាំងមូល​និង​ខាតបង់ ប្រយោជន៍»។

លោក ​ប៊ីល ផេនីងតុន (Bill Penington)​ ជំនួយការ​នាយក​អង្គការ​ Care​ ក្នុង​ទីក្រុង​ភ្នំពេញ​ដែល ​ជំទាស់ទៅ​នឹង​សេចក្តី​ព្រាងច្បាប់​ អង្គការ​បាន​អះអាង​ថា ​ប្រសិនបើ​អង្គការ​សង្គម​ស៊ីវិល​មិនអាច​ប្រតិបត្តិការ​បាន​ដូចមុន​ ទៅថ្ងៃ​អនាគត​កម្ពុជា​នឹង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រទេស។

ក្រុមអង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ដែល​បន្ទរ​តាម​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ នោះបាន​ចាត់ទុកថា​សេចក្តី​ព្រាងច្បាប់​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​តាក់តែង​នេះ ​ជាច្បាប់​មិនចាំ​បាច់​ ហើយ​ជា​ការ​រិតត្បិត​សេរីភាព​ពួកគេ​មិនឲ្យ​ប្រតិបត្តិ​កិច្ចការ​បាន​ដោយ​មាន​សេរីភាព។ ការ​ថ្លែង​យ៉ាងដូច្នេះ​ដោយ​យោង​ទៅលើ​ការ​ចុះឈ្មោះ​ឡើងវិញ​មាន​លក្ខណៈ​ស្មុគស្មាញ​សម្រាប់​អង្គការ​ឯករាជ្យ​ដែល​មិន​គាំទ្រ​នយោបាយ​រដ្ឋាភិបាល​ទាំងស្រុង ​ការរិត​បន្តឹង​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ ការធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​ពីសកម្មភាព​របស់​ពួកគេ​ជាដើម។

លោកស្រី​ ស៊ូ គុណាវ៉ាដេណា វ៉ូន (Sue ​Gunawardena ​–Vaughn) ​នាយិកា​ជាន់ខ្ពស់​ផ្នែកកិច្ចការ​អាស៊ី ​នៃអង្គការ​ស.រ.អា ​មួយ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​ហៅថា ​Freedom House ​បាន​ថ្លែងថា ​សេចក្តីព្រាង​ច្បាប់​អង្គការ​មាន​លក្ខណៈ​មិនច្បាស់​លាស់​ហើយ​ងាយ​នឹង​បកស្រាយ​ខុស​ក៏បាន​ត្រូវ​ក៏​បាន​ ជាពិសេស​ប៉ះពាល់​ដល់​ក្រុម​អ្នកគាំទ្រ​ផ្នែក​ខាង​ការគាំទ្រ​ការបញ្ចេញ​មតិ​ដោយ​សេរី។​ លោកស្រី​ចាត់ទុក​ថា​ជាច្បាប់​ដែល​មិនចាំបាច់។

«សម្រាប់​ក្រុមអ្នក​ធ្វើការ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​ ឬក្រុម​អ្នកគាំទ្រ​ការ​បញ្ចេញ​មតិ​ ដោយ​សេរី​ដែលជា​ទូទៅរិះគន់​រដ្ឋាភិបាល​ មិនថា​ជា​រដ្ឋាភិបាល​កម្ពុជា​ មិន​ថា​ ស.រ.អា​នោះទេ។​ តែ​លោកអ្នក​ដឹងទេ​ប្រសិនបើ​លោកអ្នក​ ប្រាប់​រដ្ឋាភិបាល​អំពី​អ្វី​ដែល​លោកអ្នក​ធ្វើ​ ធ្វើការ​រិះគន់​រដ្ឋាភិបាល​ជាផ្លូវការ ​នោះ​លោកអ្នក​នឹងមិន​អាច​ ត្រូវគេ​អនុញ្ញាត​ឲ្យមាន​សកម្មភាព​ទាំងនោះ​ទេ​ បើតាម​ស្មារតី​នៃច្បាប់​នេះ។​ ដូច្នេះ​ នោះ​ជា​ការ​រារាំង​ដ៏​សំខាន់​មិនមែន​តែទៅ​លើ​សេរីភាព​ខាង​ការចូលរួម​ដែល​ជា​គោលការណ៍​គ្រឹះ​ទេ​ តែវា​រារាំង​ដល់​សិទ្ធិ​បញ្ចេញ​មតិ​ផងដែរ»។ លោក​ ប្រាយអឹន លុន (Brian Lund) ​នាយក​អង្គការ​ Oxfam America​ ប្រចាំ​តំបន់​អាស៊ី​ខាងកើត​បាន​អះអាង​ថា​ ច្បាប់​កម្ពុជា​មាន​គ្រប់គ្រាន់​ហើយ​ មិន​ចាំបាច់​មាន​ច្បាប់​អង្គការ​ទេ​ គឺ​រាប់​ទាំង​សកម្មភាព​ផ្សេងៗ​ទាំង​ការ​ការពារ​នានា។

«ដូច្នេះ ​ក្រម​រដ្ឋប្បវេណី​ ច្បាប់​រដ្ឋធម្មនុញ្ញ​ ឬច្បាប់​ផ្សេងៗ​ទៀត​ ជា​ការណ៍ពិត​បាន គ្របដណ្តប់​រាល់​ទិដ្ឋភាព​ហើយ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​៣.០០០​ទាំងជាតិ​នឹង​អន្តរជាតិ​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ដើម​ទសវត្សរ៍​១៩៩០​មកលើ​វិស័យ​ផ្សេងៗ​គ្នា​គឺ​ផ្នែក​អប់រំ ​សុខភាព​ សិទ្ធិមនុស្ស​ កសិកម្ម ​ជាដើម​ ដើម្បីរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ ដែល​ទើប​រួចពី​សង្គ្រាម​ស៊ីវិល​រាប់សិប​ទសវត្សរ៍។

លោក​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា ​ការ​ធ្វើច្បាប់ នេះ​គឺ​ដើម្បី​រៀបចំ​ក្រុមអង្គការ​សង្គម​ស៊ីវិល​ឲ្យមាន​របៀប​រៀបរយ​ មិនមែន​ក្នុង បំណង​បិទ​សេរីភាព​ទេ។​ លោក​អះអាង​ថា​ពេលណា​សេចក្តី​ព្រាងច្បាប់​នេះ​មក​ ដល់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នោះ​នឹង​មាន​ការត្រួត​ពិនិត្យ​មើល​បន្ថែម​ពី​ផលប៉ះពាល់​នានា​និង​ទិដ្ឋភាព​ច្បាប់ជា​មិនខាន។

«ដូច្នេះ​ការងារ​ទាំងសង​ខាង​នឹង​ផ្តល់​ យើង​សង្ឃឹមថា​នឹងផ្តល់​បានភាព​ប្រសើរ​ ហើយ​ជា​ច្បាប់​មួយ​មិនមែន​ជាច្បាប់​ដែលប្រឆាំង​នឹង​អ្នកណា​មួយទេ​គឺ​ច្បាប់ ដើម្បី​ការពារ​ផលប្រយោជន៍​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះឯង»។

ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បានអះអាង​ថា​រដ្ឋាភិបាល​បានបើក​ទូលាយ​ក្នុង​ការ​ផ្តល់​អនុសាសន៍​ដែរ​តែ​ពេលខ្លះ​មាន​ដាក់​ក្នុង​សេចក្តីព្រាង​ ហើយ​ពេល​ខ្លះ​ចេញ​ក្រោយ​មក​ទៀត​ អនុសាសន៍​ទាំងនោះ​ក៏ត្រូវ​លប់ចោល​វិញ​ដែរ៕